FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រតិភូខេត្តយូណាន់ និងក្រុមអ្នកសរសេរមាតិកាល្បីៗរបស់ចិន មកទស្សនកិច្ចនៅខេត្តសៀមរាប ដើម្បីជួយផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍របស់កម្ពុជា

27-09-2025 14:45

(សៀមរាប)៖ លោក ឆាយ សៀងរ៉ុង អនុរដ្ឋមន្ត្រីឃោសនាការ នៃគណៈកម្មាធិការគណបក្សកុម្មុយនិស្តចិន ខេត្តយូណាន នៅយប់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥នេះ បានដឹកនាំគណៈប្រតិភូ ខេត្តយូណាន់ និងក្រុមអ្នកសរសេរមាតិកា (Influencers) មកទស្សនកិច្ចនៅខេត្តសៀមរាប ដើម្បីជួយផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍របស់កម្ពុជា។

ក្នុងដំណើរទស្សនកិច្ចនេះ លោកអនុរដ្ឋមន្ត្រី និងគណៈប្រតិភូ ព្រមទាំង Influencers នឹងអញ្ជើញទៅទស្សនាប្រាសាទមួយចំនួន នៅក្នុងខេត្តសៀមរាប រួមមាន៖ ប្រាសាទអង្គរវត្ត, ប្រាសាទបាយ័ន, ប្រាសាទតាព្រហ្ម និងប្រាសាទបន្ទាយស្រីផងដែរ។

ការអញ្ញើញមកដល់របស់លោកអនុរដ្ឋមន្ត្រីឃោសនាខេត្តយូណាន និងគណៈប្រតិភូខេត្តយូណាន់ ព្រមទាំងInfluencers នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ដោយមានការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់លោក ហង្ស សណ្តាប់ អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ និងលោក ធិម សេរីវុឌ្ឍ ប្រធានមន្ទីរទេសចរណ៍ ខេត្តសៀមរាបស្តីទី ព្រមទាំងលោក លោកស្រី មកពីក្រសួង និងមន្ទីរទេសចរណ៍ខេត្ត ចូលរួមទទួលស្វាគមន៍ផងដែរ។

ក្នុងឱកាសនោះដែរ លោក ធិម សេរីវុឌ្ឍ បានឱ្យដឹងថា គណៈប្រតិភូ ខេត្តយូណាន់ មកទស្សនាខេត្តសៀមរាបនាពេលនេះ គឺដើម្បីចូលរួមឆ្នាំទស្សនាទេសចរណ៍កម្ពុជា-ចិន ២០២៥ ដើម្បីជំរុញការផ្សព្វផ្សាយវិស័យទេសចរណ៍ វប្បធម៌ និងប្រពៃណីដ៏ល្អផូរផង់របស់ប្រទេសទាំងពីរ ទៅកាន់ពិភពលោក។

លោកបានបន្តថា គណៈប្រតិភូក៏បាននាំ Influencers ដ៏ល្បីរបស់ចិន មកផ្តិតរូបភាពពីតំបន់ទេសចរណ៍របស់យើង ដើម្បីផ្សព្វផ្សាយពីសក្តានុពលពីទេសចររបស់កម្ពុជា ជាពិសេសគឺខេត្តសៀមរាប ដែលជាតំបន់ទេសចរណ៍ដ៏សំខាន់របស់កម្ពុជា ទៅផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋចិនបានឃើញនឹងមកទស្សនាកម្សាន្តកាន់តែច្រើនថែមទៀត។

លោក ធិម សេរីវុឌ្ឍ បញ្ជាក់ថា នៅរសៀលថ្ងៃទី២៧ ខែកញ្ញា គណៈប្រតិភូនឹងអញ្ជើញទៅភ្នំពេញ ដើម្បីចូលរួមក្នុងព្រឹត្តការណ៍ «ពពកកំដរក្បែរព្រះច័ន្ទ/With Colourful Clouds Chasing the Moon» នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥។

ជាមួយនេះ លោកសង្ឃឹមថា ដំណើរទស្សនកិច្ចនេះរបស់អនុរដ្ឋមន្ត្រីឃោសនា ខេត្តយូណាន ដឹកនាំគណៈប្រតិភូ ខេត្តយូណាន់និងInfluencers នឹងជួយជំរុញភ្ញៀវទេសចរចិនមកទស្សនាខេត្តសៀមរាបកាន់តែច្រើនឡើងផងដែរ៕