រដ្ឋមន្ដ្រីក្រសួងទេសចរណ៍កម្ពុជា និងស្នងការទីភ្នាក់ងារទេសចរណ៍ជប៉ុន ឯកភាពគ្នាសហការផ្សព្វផ្សាយសក្តានុពលទេសចរណ៍ប្រទេសទាំងពីរ
27-09-2025 09:44
(ជប៉ុន)៖ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានជួបពិភាក្សាការងារកម្រិតខ្ពស់ជាមួយលោក Shigeki Murata ស្នងការនៃទីភ្នាក់ងារទេសចរណ៍ជប៉ុន (The Commissioner of the Japan Tourism Agency-JTA) និងសហការីអំពី ការបង្កេីតនូវកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងកម្ពុជា និងស្នងការនៃទីភ្នាក់ងារទេសចរណ៍ជប៉ុន នាថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ នៅទីក្រុងណាហ្គូយ៉ា ប្រទេសជប៉ុន។
ក្នុងជំនួបនេះ រដ្ឋមន្រ្តី ហួត ហាក់ បានគូសបញ្ជាក់ពីកត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ និងសង្គម សណ្តាប់ធ្នាប់សាធារណៈល្អប្រសើរ សុវត្ថិភាពភ្ញៀវទេសចរអន្តរជាតិដែលត្រូវបានផ្តល់កិច្ចធានា ដោយរាជរដ្ឋាភិបាលកម្ពុជា។
រដ្ឋមន្រ្តី ហួត ហាក់ បានជម្រាបជូន លោកស្នងការនៃទីភ្នាក់ងារទេសចរណ៍ជប៉ុនពី សក្តានុពលទេសចរណ៍កម្ពុជាដែលជាទីផ្សារថ្មី ប្រកបដោយសក្តានុពល និងពោរពេញដោយកាលានុវត្តវិនិយោគ ដែលត្រូវការការវិនិយោគលើ វិស័យទេសចរណ៍យ៉ាងច្រើនពីវិនិយោគិនបរទេស និងការចុះអនុស្សារណៈនៃការយោគយល់គ្នារវាងក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា។
ជាពិសេស ការរៀបចំជា Famtrip មកប្រទេសកម្ពុជា និងការជួបពិភាក្សាគ្នារៀបចំជា Roadshow ពីគោលដៅទេសចរណ៍នៃប្រទេសទាំងពីរ។ គូភាគី បានឯកភាពសហការផ្សព្វផ្សាយសក្តានុពលទេសចរណ៍នៃប្រទេសទាំងពីរ ដើម្បីជំរុញ និងបង្កើនចំនួនភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនាប្រទេសទាំងពីរឲ្យបានកាន់តែច្រើនឡើង រួមទាំងការអញ្ជើញចូលរួមព្រឹត្តការណ៍ជំរុញទេសចរណ៍ធំៗ និងជាលក្ខណៈអន្តរជាតិនាពេលខាងមុខនេះ។
សូមបញ្ជាក់ថា ស្នងការនៃទីភ្នាក់ងារទេសចរណ៍ជប៉ុន (The Commissioner of the Japan Tourism Agency-JTA) ជាទីភ្នាក់ងារមួយនៅចំណុះក្រោមក្រសួងរៀបចំដែនដី ហេដ្ឋារចនាសម័ន្ធ ដឹកជញ្ជូន និងទេសចរណ៍របស់ប្រទេសជប៉ុន ដែលមានភារកិច្ចជំរុញផ្សព្វផ្សាយទេសចរណ៍ជប៉ុន៕









