FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋមន្ដ្រី ហួត ហាក់ លើកឡើងអំពីបទពិសោធន៍ និងការចូលរួមចំណែករបស់កម្ពុជា ក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីទេសចរណ៍នៅប្រទេសជប៉ុន

27-09-2025 09:16

(ជប៉ុន)៖ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអញ្ជើញថ្លែងសុន្ទរកថា គន្លឹះក្នុងកិច្ចប្រជុំតុមូលរដ្ឋមន្រ្តីទេសចរណ៍លើកទី៨ (The 8th TEJ Ministerial Round Table) ក្រោមប្រធានបទ «ការជំរុញបរិវត្តកម្មក្នុងតំបន់-ការធ្វើពិពិធកម្មគោលដៅទេសចរណ៍ និងការអភិវឌ្ឍ Driving Regional Transformation - Destination Diversification and Human Resource Development» នាថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ នៅទីក្រុងណាហ្គូយ៉ា ក្នុងប្រទេសជប៉ុន។

កិច្ចប្រជុំនេះ មានការចូលរួមជាថ្នាក់រដ្ឋមន្រ្តីទេសចរណ៍ និងនិយ័តករទេសចរណ៍ពី ៧ប្រទេស តំណាងអង្គការទេសចរណ៍ពិភពលោក (UN Tourism), World Travel & Tourism Council (WTTC), Pacific Asia Travel Association (PATA), European Travel Commission (ETC), Adventure Travel Trade Association (ATTA) និង Economic Research Institute of ASEAN and East Asia (ERIA) និងថ្នាក់ដឹកនាំក្រុមហ៊ុនទេសចរណ៍ជប៉ុន និងអន្តរជាតិជាច្រើន។

ក្នុងសុន្ទរកថាគន្លឺះ រដ្ឋមន្រ្តី ហួត ហាក់ បានចែករំលែកបទពិសោធនៃការអភិវឌ្ឍវិស័យទេសចរណ៍ ដោយផ្អែកលើសក្តានុពលទេសចរណ៍ បេតិកភណ្ឌដ៏ច្រើន វប្បធម៌ ទំនៀមទំលាប់ប្រពៃណី កត្តាអំណោយផល នៃទីតាំងភូមិសាស្រ្ត ជាពិសេសគឺកត្តាសុខសន្តិភាពដ៏ពេញលេញ ដែលកម្ពុជាឆ្លុះបញ្ចាំងដល់ពិភពលោកពី តម្លៃមិនអាចកាត់ថ្លៃបាននៃសន្តិភាព និងទំនាក់ទំនងមិនអាចកាត់ផ្តាច់បាន រវាងសន្តិភាព និងទេសចរណ៍ ដូចពាក្យស្លោកប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី «ទេសចរណ៍រីកលូតលាស់ក្នុងសន្តិភាព»។

ទន្ទឹមនេះ លោករដ្ឋមន្រ្តី បានលើកជាអនុសាសន៍ចំនួន៣ ក្នុងសុន្ទរកថាគន្លឹះ ដើម្បីសម្រេចបាននូវកិច្ចសហប្រតិបត្តិការជំរុញលំហូរភ្ញៀវទេសចរក្នុងតំបន់ ត្រូវបានទទួលការសាទរគាំទ្រ និងត្រូវបានយកជាធាតុចូល និងបទពិសោធចែករំលែកបន្តទៀត៕