FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មហាអយ្យការអមតុលាការកំពូល បង្ហាញលទ្ធផលនៃការចូលរួមក្នុងសន្និសីទអគ្គព្រះរាជអាជ្ញា ចិន-អាស៊ានលើកទី១៥ នៅទីក្រុងហុងកុង

26-09-2025 14:24

(ភ្នំពេញ)៖ មហាអយ្យការអមតុលាការកំពូលកម្ពុជា បានឲ្យដឹងថា គណៈប្រតិភូជាន់ខ្ពស់របស់កម្ពុជា ដឹកនាំដោយ លោកស្រី ជា លាង អគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមតុលាការកំពូល បានចូលរួមដោយជោគជ័យ ក្នុងសន្និសីទអគ្គព្រះរាជអាជ្ញាចិន-អាស៊ានលើកទី១៥ (CAPGC) ដែលបានប្រព្រឹត្តទៅនៅតំបន់រដ្ឋបាលពិសេសហុងកុង សាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥។

សេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន បញ្ជាក់ថា សន្និសីទនេះត្រូវបានរៀបចំឡើងក្រោមប្រធានបទ៖ «ការប្រយុទ្ធប្រឆាំងនឹងការសំអាតប្រាក់ និងអំពើពុករលួយ ព្រមទាំងការប្រមូលមកវិញនូវទ្រព្យសម្បត្តិដែលជាផលនៃបទល្មើសនៅក្នុងយុគសម័យបច្ចេកវិទ្យាឌីជីថល»។

សន្និសីទ CAPGC នេះ ជាវេទិកាពហុភាគីដ៏សំខាន់មួយសម្រាប់អគ្គព្រះរាជអាជ្ញា និងតំណាងជាន់ខ្ពស់មកពីបណ្ដារដ្ឋជាសមាជិកអាស៊ាន និងចិន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកយុត្តិធម៌ព្រហ្មទណ្ឌ និងកំណែទម្រង់ការអនុវត្តច្បាប់ក្នុងតំបន់។

តាមរយៈការពិភាក្សាស៊ីជម្រៅ និងការផ្លាស់ប្តូរបទពិសោធន៍ គ្រប់ភាគីទាំងអស់បានឯកភាពគ្នាលើការប្តេជ្ញាចិត្តរួមដូចខាងក្រោម៖

*ការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម៖ ការចាត់វិធានការផ្លូវច្បាប់រួមគ្នាដើម្បីប្រយុទ្ធប្រឆាំងនឹងការសំអាតប្រាក់ និងអំពើពុករលួយ។
*ការចែករំលែក៖ ការចែករំលែកចំណេះដឹង និងបទពិសោធន៍លើផ្នែកកោសល្យវិច័យឌីជីថល ការស៊ើបអង្កេតហិរញ្ញវត្ថុ និង ព័ត៌មានស៊ើបអង្កេតឆ្លងដែន។
*ការកែលម្អប្រព័ន្ធ៖ ការធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធថ្នាក់តំបន់សម្រាប់ការដកហូតទ្រព្យសម្បត្តិ ដែលស្របតាមស្តង់ដារច្បាប់អន្តរជាតិ។
*ការលើកកម្ពស់នីតិរដ្ឋ៖ ការជំរុញវប្បធម៌នីតិរដ្ឋ តម្លាភាព និងគណនេយ្យភាពក្នុងយុគសម័យឌីជីថល។

ក្នុងសន្និសីទនេះដែរ លោកស្រី ជា លាង បានជួបប្រជុំទ្វេភាគីជាមួយលោក យីង យុង អគ្គរដ្ឋអាជ្ញានៃអយ្យការប្រជាជនកំពូលរបស់ចិន។

ភាគីទាំងពីរបានពិភាក្សាលើចំណុចសំខាន់ៗដូចជា៖

*កិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីប្រយុទ្ធប្រឆាំងនឹងការបោកប្រាស់តាមអ៊ីនធឺណិត ល្បែងស៊ីសងឆ្លងដែន និងការឆបោកតាមទូរស័ព្ទ។
*ការពង្រឹងកិច្ចសហប្រតិបត្តិការ ផ្នែកបច្ចេកទេស និងស្ថាប័ន រួមទាំងការបណ្តុះបណ្តាលព្រះរាជអាជ្ញា និងការកសាងសមត្ថភាពផ្នែកច្បាប់។ ភាគីទាំងពីរមានគោលដៅរួមគ្នាក្នុងការជំរុញសន្តិភាព សន្តិសុខ និងយុត្តិធម៌នៅទូទាំងតំបន់តាមរយៈកិច្ចសហប្រតិបត្តិការប្រកបដោយទំនុកចិត្ត។

សន្និសីទបានបញ្ចប់ដោយការអនុម័តជាផ្លូវការនូវ សេចក្តីថ្លែងការណ៍រួម ដូចខាងក្រោម៖

*ការពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកតុលាការ តាមរយៈឧបករណ៍ជាក់ស្តែង និងនវានុវត្តន៍ឌីជីថល។
*ការលើកកម្ពស់ការអនុវត្ត ក្នុងការចោទប្រកាន់ឧក្រិដ្ឋកម្មហិរញ្ញវត្ថុ និងការដកហូតទ្រព្យសម្បត្តិខុសច្បាប់។
*ការលើកកម្ពស់យន្តការជំនួយផ្នែកច្បាប់ ពហុភាគីនៅទូទាំងតំបន់ចិន-អាស៊ាន។
*ការគាំទ្រការបង្កើតគេហទំព័រ CAPGC ដើម្បី ទទួលបានព័ត៌មាន និងសម្របសម្រួលក្រុមការងារបច្ចេកទេស។

ការគាំទ្រយ៉ាងសកម្មរបស់កម្ពុជា ក្នុងការគំនិតផ្តួចផ្តើមនេះ បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះកិច្ចសហប្រតិបត្តិការផ្នែកច្បាប់ឆ្លងដែន និងការធ្វើទំនើបកម្មការអនុវត្តច្បាប់ជាបន្តបន្ទាប់៕