FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រថយន្តបុកបន្តកន្ទុយគ្នា៤គ្រឿង បណ្ដាលឲ្យខូចខាតរថយន្តយ៉ាងដំណំ និងមនុស្សរងរបួសស្រាល

25-09-2025 12:37

(ស្វាយរៀង)៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់! រថយន្តចំនួន ៤គ្រឿង បានបើកបុកបន្តកន្ទុយគ្នាទិសដៅស្របទិសគ្នាពីកើតទៅទិសខាងលិច បណ្ដាលឲ្យមនុស្សរងរបួសស្រាល និងរថយន្តខូចខាតយ៉ាងដំណំ។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១៥៖៤៨ នាទីរសៀល ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ នៅលើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រ ១១១/១១២ ស្ថិតនៅត្រង់ចំណុចភូមិព្រែកទប់ ឃុំស្វាយជ្រំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

សមត្ថកិច្ចនគរបាលស្រុកស្វាយជ្រំ បានឲ្យដឹងថា រថយន្តបង្កម៉ាក ហ៊ីយ៉ានដាយ ពណ៌ទឹកប្រាក់ ស្លាកលេខភ្នំពេញ៣D ៤៩៩៩ បើកបរដោយឈ្មោះ ហៀម សង្ហា ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរបើកបររថយន្ត មានទីលំនៅ ភូមិត្រពាំងគរ ឃុំត្រពាំងគរ ស្រុកជើងព្រៃ ខេត្តកំពង់ចាម អ្នកបើកបរគ្មានរបួស រថយន្តខូចខាតស្រាល។ សមត្ថកិច្ចបាននាំអ្នកបើកបរនោះ​ មកអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំដើម្បីសួរនាំ និងបាន ត្រួតពិនិត្យវាស់ជាតិអាកុល (គ្មានជាតិអាកុល0.00mg/L) និងធ្វើតេស្តរកសារជាតិញៀនអវិជ្ជមាន។

នៅពេលរថយន្តហ៊ីយ៉ាន់ដាយ បើកមកដល់ចំណុចកើតហេតុក៏បានបុករថយន្តម៉ាក LEXUS LX ៥៧០ ពណ៌ទឹកប្រាក់ ស្លាកលេខកម្ពុជា H.H.0919 អ្នកបើកបរដោយឈ្មោះ ហៀង រ៉ាវី ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរបើកបរ អ្នកបើកបរគ្មានរបួសរថយន្តខូចខាតធ្ងន់ ហើយរថយន្ត LEXUS LX ៥៧០ បានទៅបុករថយន្តម៉ាកស្តារិច ពណ៌ស ស្លាកលេខភ្នំពេញ2Z-1922 បន្ថែមទៀត បើកបរដោយឈ្មោះ ធំ ធៀង ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរកសិករ រស់នៅភូមិគោករុន ឃុំមុខប៉ែន ស្រុកពូក ខេត្តសៀមរាប អ្នកបើកបរគ្មានរបួស អ្នករួមដំណើរ ឈ្មោះ វង សាវីន ភេទស្រី អាយុ ៤០ឆ្នាំ មុខរបរបុគ្គលិក រងរបួសស្រាលរស់នៅភូមិ៣ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ រួចហើយរថយន្តម៉ាករថយន្តLEXUS LX៥៧០ ទៅបុករថយន្តម៉ាក LEXUS RX ៣៣០ ពណ៌ទឹកប្រាក់ ស្លាកលេខភ្នំពេញ២AX.៦២៧៩ បន្តទៀតអ្នកបេីកបរដោយឈ្មោះ សន វុត្ថា ភេទប្រុស អាយុ៣៣ ឆ្នាំ មុខរបរកសិករ រស់នៅភូមិត្រពាំងឆ្លូញ ឃុំញរ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង អ្នកបើកបរគ្មានរបួស រថយន្តខូចខាតស្រាល។

សមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍នេះឡើង ដោយសាររថយន្តម៉ាកហ៊ីយ៉ានដាយ ពណ៌ទឹកប្រាក់ ស្លាកលេខភ្នំពេញ៣D.៤៩៩៩ ប្រើប្រាស់ល្បឿនលឿន។

ជាមួយគ្នានេះ លោកអធិការនគរបាលស្រុកស្វាយជ្រំបានរាយការណ៍ជូនស្នងការ និងដោយមានការឯកភាពពីលោក ខាំ សុផារី ព្រះរាជាអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង សមត្ថកិច្ចបានឃាត់អ្នកបើករថយន្តយកទៅ អធិការនគរបាលស្រុកស្វាយជ្រំដើម្បីអនុវត្តនីតិវីធី។ រីឯមធ្យោបាយទាំង៤ បានយកមករក្សាទុកនៅអធិការនគរបាលស្រុកស្វាយជ្រំរួចហើយ៕