សូមបង្កើនការប្រុងប្រយ័ត្ន! កម្ពុជានឹងរងឥទ្ធិពលព្យុះទី២០ ប៊ូឡូយ ចាប់ពីថ្ងៃទី២៦ ខែកញ្ញាដល់ថ្ងៃទី២ ខែតុលា អាចធ្វើឱ្យមានបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់ និងភ្លៀងធ្លាក់ស្ទើរគ្រប់ទីកន្លែង
24-09-2025 16:50
(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពី ស្ថានភាពព្យុះទី២០ ឈ្មោះ ប៊ូឡូយ (Bualoi) T2520 ដែលព្យុះនេះនឹងមានឥទ្ធិពលខ្លាំង លើរបបខ្យល់មូសុងនិរតី ដែលបក់លើសមុទ្រអានដាមម៉ែន ឈូងសមុទ្រថៃ អាងទន្លេមេគង្គ សមុទ្រចិនខាងត្បូង និងលើព្រះរាជាណាចក្រកម្ពុជា ដែលនឹងធ្វើឱ្យកម្ពុជាមានបាតុភូតផ្គររន្ទះ និងខ្យល់ កន្ត្រាក់ និងភ្លៀងធ្លាក់ខ្លាំងស្ទើរគ្រប់ទីកន្លែង។
នៅក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥នេះ បានបញ្ជាក់ឱ្យដឹងថា សម្ពាធទាបដែលកើតនៅមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច បានវិវត្តទៅជាព្យុះទី២០ ឈ្មោះ ប៊ូឡូយ (Bualoi) T2520 នឹងដើរចូលសមុទ្រចិនខាងត្បូង ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៩ ខែកញ្ញា ដោយដើរស្របនឹងគន្លងព្យុះទី១៨ ឈ្មោះ រ៉ាហ្គាសា (Ragasa) T2518។ ដោយឡែក ព្យុះទី១៩ ឈ្មោះ នេហ្គោរី (Neoguri) T2519 កំពុងស្ថិតនៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក។
ព្យុះទាំងនេះ ពិសេសព្យុះទី១៨ និងព្យុះទី២០ នឹងមានឥទ្ធិពលខ្លាំងលើរបបខ្យល់មូសុងនិរតី ដែលបក់លើសមុទ្រអានដាមម៉ែន ឈូងសមុទ្រថៃ អាងទន្លេមេគង្គ សមុទ្រចិនខាងត្បូង និងលើព្រះរាជាណាចក្រកម្ពុជា។ គន្លងផ្លូវដើររបស់ព្យុះទាំង៣នេះ ពុំមានឥទ្ធិព ខ្លាំងមកលើព្រះរាជាណាចក្រកម្ពុជានោះទេ។
ស្ថានភាពបែបនេះនឹងធ្វើឱ្យចាប់ពីថ្ងៃទី២៦ ខែកញ្ញា ដល់ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥៖
១. តំបន់វាលទំនាប៖ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កណ្តាល តាកែវ ស្វាយរៀង និងរាជធានីភ្នំពេញ មានបរិមាណទឹកភ្លៀងកើនឡើងយ៉ាងខ្លាំង និងមានខ្យល់បោកបក់ខ្លាំង ជាមួយបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី៧០%។
២. តំបន់ខ្ពង់រាប៖ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ជួរភ្នំដងរែក និង តំបន់ជួរភ្នំក្រវាញ មានបរិមាណទឹកភ្លៀងកើនឡើងយ៉ាងខ្លាំង និងមានខ្យល់បោកបក់ខ្លាំងជាមួយបាតុភូតផ្គររន្ទះ និងខ្យល់ កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី៨០%។
៣. តំបន់មាត់សមុទ្រ៖ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ មានបរិមាណទឹកភ្លៀងកើនឡើងយ៉ាងខ្លាំង និងមានខ្យល់បោកបក់ខ្លាំងជាមួយបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី៧០%។ រលកសមុទ្រមានកម្ពស់ ខ្ពស់ជាងធម្មតា ដែលមានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ២,៥០ម៉ែត្រ។
យោងលើការព្យាករដូចបានជម្រាបជូនខាងលើ សូមសាធារណជនមេត្តាប្រុងប្រយ័ត្នខ្ពស់ ជាពិសេសបងប្អូនដែល ធ្វើដំណើរតាមផ្លូវគោគ និងផ្លូវទឹក។ ក្រសួងធនធានទឹក និងឧតុនិយម នឹងបន្តធ្វើការតាមដាន និងវិភាគអំពីស្ថានភាពធាតុ អាកាសដើម្បីជម្រាបជូនជាបន្តបន្ទាប់ ក្នុងករណីមានការប្រែប្រួល៕

