Fresh Exclusive: ២៤ កញ្ញា ១៩៩៨៖ អព្ភូតហេតុធ្លាក់ភ្លៀង ដែលថែរក្សាជីវិតសម្តេចតេជោ និងសន្តិភាពកម្ពុជា (Video inside)
24-09-2025 11:22
(ភ្នំពេញ)៖ បើគ្មានមេឃធ្លាក់ភ្លៀងដ៏ធំនាវេលាយប់មួយកាលពីខែកញ្ញានា២៧ឆ្នាំមុនក្នុងក្រុងអង្គរ ខេត្តសៀមរាបនោះទេ ម្ល៉េះគេមិនទាន់ដឹងថា តើវាសនាកម្ពុជាដែលមានសង្គ្រាមស៊ីវិលរ៉ាំរ៉ៃ រហូតមកទល់នឹងពេលនេះអាចមានភាពវិវត្តន៍យ៉ាងណាឡើយ។ នេះគឺជាការពិតនៃដំណើររឿងនយោបាយរបស់កម្ពុជា ដែលមនុស្សមួយចំនួនស្ទើរតែភ្លេចអស់ទៅហើយ ពីព្រោះបានកន្លងផុតរយៈពេល២៧ឆ្នាំរួចមកនេះ។
Fresh Exclusive សូមរំលឹកឡើងវិញនូវព្រឹត្តិការណ៍មួយដែលមានការប៉ុនប៉ងធ្វើឃាតមកលើរួបសម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន ប៉ុន្តែមិនអាចសម្រេចបានឡើយ ដោយសារតែអព្ភូតហេតុធ្លាក់ភ្លៀងដ៏ធំ ដែលបានជួយថែរក្សាជីវិតសម្តេចតេជោ និងសន្តិភាពកម្ពុជា៖
បើគ្មានភ្លៀងធំនៅរាត្រីមួយនៅក្រុងអង្គរ កាលពី២៧ឆ្នាំមុននោះទេ ប្រវត្តិនយោបាយកម្ពុជានឹងមិនអាចដើរចូលក្នុងរបត់សន្តិភាពជាង២ទសវត្ស និងការឯកភាពទឹកដីទាំងស្រុងដូចពេលនេះបានឡើយ។ គឺរាត្រីធ្លាក់ភ្លៀងដ៏ធំនោះហើយ ដែលបានជួយរក្សាជីវិតសម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន ដែលបានបើកផ្លូវធ្វើឲ្យនយោបាយឈ្នះ-ឈ្នះ ក្លាយជាគន្លឹះជោគជ័យរបស់ជាតិដ៏ពិតប្រាកដ។
ឯកឧត្តម ខៀវ កាញារីទ្ធ អតីតអ្នកនាំពាក្យរដ្ឋាភិបាល និងបច្ចុប្បន្នគឺជាសមាជិករដ្ឋសភា បានថ្លែងថាអភិនិហា ពិតជាមានប្រាកដមែន ហើយអភិនិហាធ្លាក់ភ្លៀងដ៏ធំកាលពី២៧ឆ្នាំមុននោះហើយ ដែលបានជួយថែរក្សាជីវិតសម្តេចតេជោ និងសន្តិភាពកម្ពុជា៖ «គិតមើល! សម្តេចមិនដែលស្គាល់សោះ វត្តព្រះអង្គខ្មៅ ហើយឃើញម្តាយ (បានសុបិន្ត មកប្រាប់! និយាយរួម យើងឃើញថា ស្រុកខ្មែរ ចង់មិនចង់ ខ្ញុំជឿថាតែងតែមានព្រះអង្គតាមថែរក្សា ដែលធ្វើឲ្យខ្មែរយើងបានសុខសន្តិភាពដូចសព្វថ្ងៃ ហើយមនុស្សដែលមានគំនិតអាក្រក់មិនដែលបានរីកចម្រើនទេ»។
គួរបញ្ជាក់ថា ឯកឧត្តម ខៀវ កាញារីទ្ធ កាលពី២៧ឆ្នាំមុននោះ លោកក៏បានរួមដំណើរជាមួយសម្តេច ហ៊ុន សែន និងសមាជិកជាន់ខ្ពស់របស់គណៈប្រតិភូគណបក្សប្រជាជនកម្ពុជាដទៃទៀត ដែលបានឃើញនូវអព្ហូតហេតុចម្លែក ដែលវិទ្យាសាស្ត្រមិនអាចបកស្រាយបានឡើយ។
* តើមានព្រឹត្តិការណ៍អ្វីកើតឡើងពិតប្រាកដកាលពី២៧ឆ្នាំមុន?
២៧ឆ្នាំមុនគឺនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៨, គ្រាប់បេសែសិបបង្កប់ចំនួន៤គ្រាប់ ត្រូវបានគេលួចដាក់បង្កៃតាមប្រព័ន្ធបញ្ជាពីចម្ងាយ ដើម្បីធ្វើការបំផ្ទុះប៉ុនប៉ងយកជីវិតសម្តេច ហ៊ុន សែន ដែលពេលនោះ សម្តេចបានស្ថិតក្នុងក្បួនរថយន្តគណៈប្រតិភូរបស់គណបក្សប្រជាជនកម្ពុជា ដែលធ្វើដំណើរតាមដងផ្លូវមួយនាកណ្តាលក្រុងអង្គរ ដើម្បីចូលក្រាបបង្គំគាល់អតីតព្រះមហាក្សត្រខ្មែរ សម្តេចព្រះ នរោត្តម សីហនុ ក្នុងព្រឹត្តិការណ៍ដែលមានការរៀបចំកិច្ចប្រជុំរដ្ឋសភា លើកដំបូងនីតិកាលទី២ នៅក្នុងព្រះរាជដំណាក់ព្រះកុសមៈ ក្នុងខេត្តសៀមរាប និងការធ្វើពិធីស្បថសច្ចានៅប្រាសាទអង្គរវត្ត ដើម្បីឱ្យមន្ត្រីតំណាងរាស្ត្រជាប់ឆ្នោតទាំងឡាយក្លាយជាសមាជិកសភាស្របច្បាប់។
ប៉ុន្តែនៅថ្ងៃដដែលនោះ ក៏ជាថ្ងៃដែលមានការរៀបចំនូវឧបាយកលទុច្ចរិតមួយ ជាមួយការដាក់បង្កប់គ្រាប់បេសែសិបចំនួនបួនគ្រាប់បញ្ជាឱ្យមានការផ្ទុះពីចម្ងាយដោយបុគ្គលម្នាក់ឈ្មោះ សុខ យឿង ដែលគេស្គាល់ថាគឺជាសកម្មជនរបស់គណបក្ស សម រង្ស៊ី។
សម្តេចតេជោ ហ៊ុន សែន ក្នុងប្រសាសន៍បញ្ជាក់នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ បានរំលឹកនូវហេតុការណ៍ដែលកើតឡើងនាគ្រានោះ៖ «រឿងនេះមិនតូចទេ ប្រសិនបើពេលនោះខ្ញុំស្លាប់ សៀមរាបនឹងក្លាយទៅជាវាលពិឃាតថ្លុកឈាម នឹងកើតពេញក្រុងសៀមរាបតែម្តង។ សូម្បីតែខ្ញុំគ្មានគ្រោះថ្នាក់ ក៏មានមេទ័ពមួយចំនួនទាមទារវាយប្រហារតែម្តង រ៉ឺក្កែតបួនគ្រាប់ ផ្ទុះមួយគ្រាប់ នេះជាព្រឹត្តិការណ៍អណោចអធម៌»។
* តើថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៨ គឺជាថ្ងៃអ្វី?
ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៨ គឺជាថ្ងៃជួបជុំគ្នាដំបូង នៃគណបក្សនយោបាយធំៗទាំងបីដែលបានឈ្នះ ឆ្នោត និងត្រូវបានចាត់ទុកថា ជាថ្ងៃដើម្បីបញ្ចប់វិបត្តិផ្ទៃក្នុងក្រោយការតវ៉ារបស់គណបក្សចូលរួមបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី២។ លទ្ធផលនៃការបោះឆ្នោតថ្ងៃទី២៧ ខែកក្កដា ឆ្នាំ១៩៩៨ នាពេលនោះបានបង្ហាញថា គណបក្ស ដែលមានសំឡេងគាំទ្រក្នុងអាសនៈរដ្ឋសភា មានចំនួន៣គណបក្ស គឺគណបក្សប្រជាជនកម្ពុជា ដែលទទួលបានអាសនៈ៦៤, គណបក្សហ៊្វុនស៊ិនប៉ិច ទទួលបាន៤៣ និងគណបក្ស សម រង្ស៊ី ទទួលបាន១៥អាសនៈ។
ប៉ុន្តែក្រោយការប្រកាសលទ្ធផលតាមរយៈគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត គឺមិនទាន់បានប៉ុន្មានម៉ោងផង ស្រាប់តែគេឃើញគណបក្ស ដែលមានសម្លេងតិចជាងគណបក្សប្រជាជនកម្ពុជា បានប្រមូលផ្តុំគ្នាផ្ទុះការតវ៉ា ដែលជាចរឹតមួយនៃវិធីផ្តួលរំលំតាមបែបចលនាបដិវត្តន៍ពណ៌។ ព្រឹត្តិការណ៍ពាក់ព័ន្ធទាំងនោះហើយ បានឈានដល់ការប៉ុនប៉ងរៀបចំគម្រោងការណ៍ដើម្បីប្រល័យជីវិតសម្តេចតេជោ ហ៊ុន សែន។
* ពីបដិសេធលទ្ធផលបោះឆ្នោត ឈានដល់អំពើហិង្សា
ថ្ងៃទី៥ ខែសីហា ឆ្នាំ១៩៩៨ ខណៈគណបក្សចំនួន១៥ បានប្រកាសថា ពួកគេនឹងមិនចូលរួមតវ៉ា និងបានយល់ព្រមទទួលយកលទ្ធផលបោះឆ្នោតវិញនោះ គឺមានតែគណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្ស សម រង្ស៊ី តែ២នេះប៉ុណ្ណោះ នៅបន្តការតវ៉ាប្រឆាំង។ គណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្ស សម រង្ស៊ី ទាមទារឱ្យធ្វើការរាប់សន្លឹកឆ្នោតសាឡើងវិញ ទោះបីជាសហគមន៍អន្តរជាតិ បានប្រកាសទទួលស្គាល់ថា ការបោះឆ្នោតនោះ អាចជឿទុកចិត្តបានយ៉ាងណាក៏ដោយ។ គណបក្សតវ៉ាទាំងពីរ បានយកកំហុសតូចតាចមកធ្វើជាលេសដើម្បីបង្កហេតុថា ការបោះឆ្នោតមិនស្របតាមដំណើរការប្រជាធិបតេយ្យឡើយ។ ការតវ៉ាក្រោយមកត្រូវបានក្រុមប្រឆាំង បានបម្លែងទៅជាចលនាបដិវត្តន៍ពណ៌ ដោយគោលបំណងពិតប្រាកដ គឺការចង់ផ្តួលរំលំអ្នកឈ្នះឆ្នោតទៅវិញ។ ពួកគេបានទាមទារឱ្យសម្តេច ហ៊ុន សែន ចុះចេញពីអំណាច ដែលជាការទាមទារខុសបែបបទលទ្ធិប្រជាធិបតេយ្យ ដែលតម្រូវឱ្យសម្លេងភាគតិច ត្រូវគោរពសម្លេងភាគច្រើន។
នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ១៩៩៨ សម្តេចព្រះ នរោត្តម សីហនុ បានអំពាវនាវឱ្យគណបក្សធំៗជួបពិភាក្សាសន្តិភាពនៅសៀមរាប។ គណបក្សប្រជាជនកម្ពុជា បានទទួលយកនិងត្រៀមបញ្ជួនសម្តេច ជា ស៊ីម និងសម្តេច ហ៊ុន សែន ដើម្បីចូលរួម។ ប៉ុន្តែមេដឹកនាំគណបក្សប្រឆាំងធំទាំងពីរ បានបដិសេធព្រះរាជបន្ទូល ដោយបញ្ជូនឈ្មោះតែមន្ត្រីតំណាងថ្នាក់ក្រោម ដែលមិនមានសិទ្ធិនយោបាយសម្រចឡើយ។ អ្វីទាំងនេះបង្ហាញថា គោលបំណងពិតប្រាកដ គឺបដិសេធការស្វែងរកដំណោះស្រាយសន្តិភាព។ ដូច្នេះការគ្រោងប្រជុំនាពេលនោះ មិនបានប្រព្រឹត្តឡើងឡើយ។
* ក្រុមតវ៉ាបង្កភេរវកម្មគប់គ្រាប់បែក
ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ១៩៩៨ ភូមិគ្រឹះសម្តេច ហ៊ុន សែន នៅកណ្តាលរាជធានីភ្នំពេញ ក្បែរវិមានឯករាជ្យ ត្រូវបានវាយប្រហារដោយគ្រាប់បែកដៃចំនួន២គ្រាប់។ ក្រុមភេរវករជិះម៉ូតូ បានគ្រវែងគ្រាប់បែកដៃទាំងនោះពីខាងក្រៅចូលទៅក្នុងភូមិគ្រឹះ ហើយពួកគេបានគេចខ្លួនបាត់ស្រមោល។ ជាសំណាងល្អ គឺនៅថ្ងៃ ដែលមានការគប់គ្រាប់បែកចូលក្នុងភូមិគ្រឹះក្បែរវិមានឯករាជ្យនោះ សម្តេចនាយករដ្ឋមន្ត្រី នាពេលនោះ មិនមានវត្តមាននៅក្នុងផ្ទះឡើយ។ ព្រឹកថ្ងៃទី៧ ខែកញ្ញា ដែលមានការគប់គ្រាប់បែកដៃនោះ សម្តេចតេជោ បានស្ថិតនៅខេត្តសៀមរាប ហើយលោកបានត្រឡប់មកភ្នំពេញវិញនាពេលរសៀល និងបានធ្វើធ្វើសន្និសីទសារព័ត៌មាន ថ្កោលទោសអំពើឃោរឃៅនេះ និងចាត់ទុកថាជាទង្វើភេរវកម្មនយោបាយ។
ក្នុងសម័យនោះ មិនទាន់មានកាមេរ៉ាសុវត្ថិភាព និងបច្ចេកវិទ្យាទំនើបដូចសព្វថ្ងៃ ក្នុងការធ្វើជាតម្រុយតាមដានឡើយ។ ទោះជាយ៉ាងណាក្តី សមត្ថកិច្ចបានចាត់វិធានការតាមស្វែងរក ប៉ុន្តែគ្មានលទ្ធផលបញ្ជាក់ជាផ្លូវការឡើយ។
ព្រឹត្តិការណ៍កើតឡើងទាំងនេះ បានបង្ហាញថា ប្រទេសកម្ពុជានាពេលនោះ បានស្ថិតនៅចំណុចគ្រោះថ្នាក់ខ្លាំងណាស់។ ដើម្បីតាមចាប់ឃាតកបោះគ្រាប់បែកចូលក្នុងបរិវេណផ្ទះនាយករដ្ឋមន្ត្រី, អាជ្ញាធរពេលនោះ បានដាក់បទបញ្ជា ការហាមឃាត់ចាកចេញពីប្រទេស ជាពិសេសក្រុមបង្កបាតុកម្មខុសច្បាប់ទាំងឡាយដែលចង់បង្កការផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។ ទោះយ៉ាងណាក្តី សម រង្ស៊ី មេដឹកនាំចលនាបាតុកម្ម ពេលនោះស្រាប់តែបានរត់ចូលទៅស្នាក់នៅការិយាល័យតំណាងអង្គការសហប្រជាជាតិ ក្នុងសណ្ឋាគារកាំបូឌីយ៉ាណា ដើម្បីសុំរកការការពារពីបរទេស។ ចំណុចនេះ បានបង្កសំណួរធំគួរឱ្យសង្ស័យថា៖ បើមិនបានប្រព្រឹត្តខុស តើហេតុអ្វីបានជា សម រង្ស៊ី ទៅស្វែងរកការជួយពីមន្ត្រីបរទេសទៅវិញ? តើអ្វីទាំងនេះ ដូចពាក្យចាស់ដែលនិយាយថា «ស៊ីលាស រអៀសខ្លួន» ដែរ ឬ ទេ?
* បាតុកម្មប្រឆាំង និងបាតុកម្មគាំទ្រប៉ះទង្គិចគ្នា
ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ១៩៩៨ ក្រុមបាតុកររបស់ពួក សម រង្ស៊ី ប្រមូលផ្តុំនៅមុខសណ្ឋាគារកាំបូឌីយ៉ាណា ដើម្បីសុំការការពារពីអង្គការសហប្រជាជាតិ។ ក្រុមបាតុករទាំងនេះ បានប៉ះទង្គិចជាមួយសមត្ថកិច្ច បណ្ដាលឲ្យមានការផ្ទុះអាវុធ និងមានមនុស្សស្លាប់។ ការប្រើហិង្សាដាក់មកលើអាជ្ញាធរ បានបង្ខំឱ្យកម្លាំងរក្សាសន្តិសុខ ត្រូវប្រើកម្លាំងបង្ក្រាបចាប់ពីមុខរដ្ឋសភាចាស់រហូតដល់ក្រសួងព័ត៌មាន។
នៅថ្ងៃទី១១ ខែកញ្ញា គេបានឃើញកម្លាំងក្រុមបាតុករគាំទ្រគណបក្សប្រជាជនកម្ពុជា បានធ្វើដំណើរពីបណ្តាខេត្តនានាមករាជធានី ដើម្បីបង្ហាញការគាំទ្រលទ្ធផលឆ្នោត។ ក្រុមគាំទ្រនិងក្រុមប្រឆាំង បានប្រឈមមុខគ្នា ដំបូងចាប់ផ្តើមពីពាក្យសម្តី និងឈានទៅដល់ការប្រើអំពើហិង្សា ប៉ុន្តែមិនធ្ងន់ធ្ងរឡើយ។ ការប៉ះទង្គិចនេះ មានរយៈពេល៣ថ្ងៃ រហូតដល់សម្តេច ជា ស៊ីម អំពាវនាវសុំឱ្យមានការបញ្ចប់បាតុកម្មនានា និងស្នើឱ្យមានកិច្ចប្រជុំកំពូលរវាងគណបក្សធំទាំង៣។
* គណបក្សប្រឆាំងទទួលស្គាល់លទ្ធផលបោះឆ្នោត
សម្តេចព្រះនរោត្តម សីហនុ បានអំពាវនាវឱ្យគណបក្សហ្វុនស៊ិនប៉ិច និងគណបក្ស សម រង្ស៊ី ចូលរួមប្រជុំសភាលើកទីមួយ នីតិកាលទី២ នៅសៀមរាបនា ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៨ ដើម្បីទទួលយកអភ័យឯកសិទ្ធិ។ មេដឹកនាំគណបក្សជំទាស់ ដោយការមើលឃើញថា មិនអាចប្រើចលនាបដិវត្តន៍ពណ៌ក្នុងការផ្តួលរំលំបាន ក៏បានព្រមព្រៀងទទួលយកលទ្ធផលបោះឆ្នោត និងចូលរួមកិច្ចប្រជុំសភានៅក្នុងខេត្តសៀមរាប។
សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ នៅថ្ងៃទី១៦ ខែកញ្ញា បានយាងមកចូលគាល់ព្រះមហាក្សត្រ នៅព្រះរាជដំណាក់ខេត្តសៀមរាប និងសម រង្ស៊ី បានចូលមកគាល់ព្រះអង្គ នៅថ្ងៃទី១៧ ខែកញ្ញា និងមេដឹកនាំគណបក្សប្រឆាំងទាំងពីរ បានបញ្ជាក់ការយល់ព្រមចូលរួមប្រជុំសភានិងកិច្ចប្រជុំ កំពូលក្រោមព្រះរាជាធិបតីរបស់អង្គព្រះមហាក្សត្រខ្មែរ សម្តេចព្រះ នរោត្តម សីហនុ។
បើទោះបីជាពួកគេ បានយល់ព្រមចូលរួមប្រជុំសភាក៏ដោយ ក៏គ្មានអ្នកណាដឹងថា ពួកគេនឹងព្យាយាមប្រើល្បិចកលអ្វីជាបន្តទៀតដែរ។ ប៉ុន្តែរួបភាពជាក់ស្តែងនោះគឺថា គណបក្សប្រឆាំងទាំងពីរ ពេលនោះ បានបរាជ័យក្នុងការប្រើកម្លាំងបាតុកម្មរបស់ខ្លួន ដើម្បីផ្លាស់ប្តូរនយោបាយ តាមចលនាបដិវត្តន៍ពណ៌ទៅហើយ។
* អំពើប៉ុនប៉ងធ្វើឃាតសម្តេច ហ៊ុន សែន កើតឡើងនៅសៀមរាប
បញ្ហាកកស្ទះក្នុងការរៀបចំរាជរដ្ឋាភិបាលអាណត្តិទី២ បានអូសបន្លាយជិត៤ខែ។ ព្រះមហាក្សត្រ នរោត្តម សីហនុ ត្រូវបានគេរាយការណ៍ថា ព្រះអង្គបានព្យាយាមរកវិធីសម្របសម្រួល ដើម្បីឲ្យស្ថានការណ៍នយោបាយត្រឡប់មករកភាពស្ថិតស្ថេរ។ ទោះយ៉ាងណា បន្ទាប់ពីអំពើគប់គ្រាប់បែកក្នុងបរិវេណភូមិគ្រឹះសម្តេច ហ៊ុន សែន នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ១៩៩៨ គឺប្រមាណ១៧ថ្ងៃក្រោយមកទៀត ការប៉ុនប៉ងធ្វើឃាតមួយទៀត ក៏បានកើតឡើងវិញនៅថ្ងៃទី២៤ ខែកញ្ញា។
ថ្ងៃនោះគឺជាថ្ងៃសំខាន់ ដែលគណបក្សធំៗបីគណបក្សឈ្នះឆ្នោត ក្នុងអាសនៈសភា បានកំណត់ជាកិច្ចប្រជុំដំបូង ដើម្បីបញ្ចប់វិបត្តិនយោបាយ។ ប៉ុន្តែការជួបប្រជុំនេះ ត្រូវបានគេចងចាំថា មិនត្រឹមតែជាថ្ងៃសំខាន់សម្រាប់ប្រជាធិបតេយ្យទេ។ ប៉ុន្តែថែមទាំងជាថ្ងៃដែលមានការរៀបចំគម្រោងក្នុងការប៉ុនប៉ងសម្លាប់សម្តេច ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលនាពេលនោះផងដែរ។ អ្វីដែលត្រូវបានកត់ត្រាទុកជាប្រវត្តិសាស្ត្រនោះ គឺថាគណបក្សប្រឆាំង បានធ្វើដំណើរទៅដល់សៀមរាប តាំងពីថ្ងៃទី១៧ ខែកញ្ញា ខណៈគណៈប្រតិភូនៃគណបក្សប្រជាជនកម្ពុជាដឹកនាំដោយសម្តេច ហ៊ុន សែន បានទៅដល់នៅថ្ងៃទី២៣ ខែកញ្ញា។ កម្មវិធីនៅថ្ងៃទី២៤ កញ្ញានោះ មានការចូលគាល់ព្រះមហាក្សត្រនៅព្រះរាជដំណាក់កុសុមៈផង, កិច្ចប្រជុំដំបូងរបស់សភាផង និងពិធីស្បថនៅប្រាសាទអង្គរវត្តផង។ សម្តេច ហ៊ុន សែន និងគណៈប្រតិភូ បានស្នាក់នៅសណ្ឋាគារ «គោកធ្លក» របស់លោក សៀង ណាំ ខណៈគណបក្សប្រឆាំងស្នាក់នៅសណ្ឋាគារក្បែរនោះ ចម្ងាយប្រមាណពី២០០-៣០០ម៉ែត្រ។
* អព្ពូតហេតុ មុនថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៨
រឿងអភិនិហា គឺធ្លាប់តែមានការនិយាយដំណាលគ្នាតៗតាមមាត់មនុស្សពីបុរាណ ដោយផ្អែកជំនឿលើអព្ភូតហេតុ ប៉ុន្តែអ្វីដែលគេមិនបកស្រាយបានតាមកត្តាវិទ្យាសាស្ត្រនោះ គឺនៅមុនថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៨ នៅក្នុងក្រុងសៀមរាប ពិតជាមានព្រឹត្តិការណ៍ចម្លែកមួយដែលបានកើតឡើងដោយពិតប្រាកដមែន ហើយព្រឹត្តិការណ៍នោះហើយ បានជួយសង្គ្រោះជីវិតសម្តេច ហ៊ុន សែន ក្នុងពេលនោះ។
នៅយប់ថ្ងៃចន្ទ ទី២១ ខែកញ្ញា ឆ្នាំ១៩៩៨ សម្តេច ហ៊ុន សែន បានសុបិនឃើញទេវតាប្រែកាយជាយាយមហាឧបាសិកា ឌី ប៉ុក ដែលត្រូវជាម្តាយរបស់សម្តេច។ ទេវតា បានបង្គាប់ឲ្យសម្តេចទៅអុជធូបបន់ស្រន់សុំសេចក្តីសុខនៅវត្តព្រះអង្គខ្មៅ ក្នុងខេត្តសៀមរាប។ ក្រោយភ្ញាក់ពីដំណេក សម្តេចមានអារម្មណ៍ថា នេះមិនមែនជាសុបិនធម្មតាទេ ប៉ុន្តែជាការប្រាប់ដ៏អស្ចារ្យពីអង្គទេវតាដែលថែរក្សាប្រទេសជាតិ។
សម្តេច ហ៊ុន សែន ដែលទាំងមិនដឹងនូវទីតាំងព្រះអង្គខ្មៅនៅកន្លែងណាផងនោះ ទើបតែបានសួរទៅមន្ត្រីអាជ្ញាធរ ហើយក្រោយមកទើបលោកដឹងថា វត្តនេះ ស្ថិតជិតប្រាសាទអង្គរធំ។ តាមរឿងរ៉ាវសាសនាបុរាណ ព្រះពុទ្ធបដិមាត្រូវបានដុតឲ្យខ្មៅ ដូចអង្គនិល ហើយគេបានដាក់ឈ្មោះថា «ព្រះអង្គខ្មៅ»។
* អាកាសធាតុប្រែប្រួលក្រោយពេលបួងសួង
នារសៀលថ្ងៃទី២៣ ខែកញ្ញា សម្តេចនិងគណៈប្រតិភូ បានធ្វើដំណើរទៅវត្តព្រះអង្គខ្មៅ ដោយមិនបានគ្រោងទុកជាមុន ហើយបានធ្វើពិធីអុជធូបបន់ស្រន់ និងចាក់គម្ពីរ។ មុនចាក់គម្ពីរ សម្តេចបានសូមបារមីជួយបង្ហាញផ្លូវថា តើនៅថ្ងៃស្អែកទី២៤ ខែកញ្ញា នឹងមានអ្វីកើតឡើង និងតើជោគវាសនាប្រទេសជាតិ នឹងក្លាយទៅជាយ៉ាងណា?
ឯកឧត្តម ខៀវ កាញារីទ្ធ បានរំលឹកបន្ថែមនូវព្រឹត្តិការណ៍ក្នុងពេលនោះប្រាប់ Fresh Exclusive៖ «យើងអាចថាជឿបានដែរ ប្រទេសខ្មែរយើង ដូចថាមានទេវត្តាតាមថែរក្សា ដែលធ្វើឲ្យយើងរីកចម្រើនបាន ពីព្រោះមុននៅថ្ងៃដែលគេប្រជុំនេះ គឺមុនសម្តេច ហ៊ុន សែន ទៅសៀមរាប ម្តាយរបស់លោក គឺយើងដឹងហើយថា ម្តាយរបស់លោកបានទទួលមរណភាព ក្រោយពីការបាញ់ប្រហារគ្នានៅភ្នំពេញនេះ៩៧… អញ្ចឹងធ្វើឲ្យលោកមានជំងឺធ្ងន់ ហើយទទួលមរណភាព។
អញ្ចឹងមុននឹងមួយយប់…និងស្អែកមុនលោកទៅ គឺលោកបានយល់សប្តិឃើញម្តាយរបស់លោកមកពន្យល់សប្តិប្រាប់ថា បើទៅសៀមរាប សូមកុំភ្លេចចូលអុជធូបវត្តព្រះអង្គខ្មៅ។ ពេលសម្តេចភ្ញាក់ឡើង និងសម្តេចអត់ដែលស្គាល់ទេ វត្តព្រះអង្គខ្មៅនៅឯណា? អត់ស្គាល់ទេ… អញ្ចឹងបានទូរស័ព្ទ សួរចុះឡើងទៅ គេប្រាប់ថា វត្តព្រះអង្គខ្មៅនៅជិតប្រាសាទបាយ័ន អញ្ចឹងបានសម្តេចពេលមកហ្នឹង គឺយើងទៅចាំសម្តេចមុនមួយថ្ងៃ…ហើយគឺពេលសម្តេចមកក៏យើង គឺឲ្យជិះឡានធំទាំងអស់គ្នា សម្តេចថាមកជិះឡានធំទាំងអស់គ្នា គឺសប្បាយរីករាយ…ហេតុអី្វបានសប្បាយ? សម្តេចលោកសប្បាយណាស់ ព្រោះយើងបានរួបរួមគ្នាហើយ យើងសម្រេចបានបង្កើតសភាហើយ អ្នកទាំងអស់គ្នាព្រមចូលរួមសភា អញ្ចឹងលោកសប្បាយណាស់ អញ្ចឹងលោកទៅព្រះអង្គខ្មៅទៅ ហើយលោកបានចាក់គម្ពី»។
ក្រោយពេលចាក់គម្ពីរ លោកតាអាចារ្យ បានអានចំណុចនោះថា៖ «ព្រះពោធិសត្វ ប្រសូត នៅក្នុងរាជវង្ស តែព្រះអង្គមិនមានបន្ទូលអ្វីទាំងអស់ ដូចជាធ្វើ គ ថ្លង់ រហូតដល់ព្រះបិតា ទ្រាំលែងបានក៏បញ្ជាឱ្យពេជ្ជឃាតយកទៅសម្លាប់ចោល ប៉ុន្តែមិនសុគត បែរជាឡើងសោយរាជ្យសម្បត្តិជា ស្តេចផែនដី»។
លោកតាអាចារ្យ បានបកស្រាយថា៖ «បើតាមទំនាយនេះ ទាយថាល្អណាស់ គឺមានការលំបាកមុនបន្តិច តែនឹងល្អ នៅពេលបន្ទាប់មក»។
ចំពោះសម្តេចតេជោ ក្រោយបានទទួលចម្លើយបកស្រាយនោះរួច ចំណុចដែលសម្តេចមានក្តីព្រួយបារម្ភនោះ គឺថាតើនឹងមានរឿងអ្វីកើតឡើងនៅព្រឹកស្អែក? ហើយបើសិនមានរឿងហេតុ អាចកើតឡើងមែន តើមានប៉ះពាល់ដល់អាយុជីវិត និងសុវត្ថិភាពឬយ៉ាងណា?
ដើម្បីរំឭកគុណបារមី សម្តេចបានចាត់ឲ្យប្រគំភ្លេងពិណពាទ្យថ្វាយ៧បទ សុំសេចក្តីសុខ សន្តិភាព និងការពារព្រះរាជាណាចក្រកម្ពុជា ឲ្យជៀសផុតគ្រោះថ្នាក់ និងក្លាយជាជាតិរឹងមាំ។
ខណៈមានពិធីបួងសួងថ្វាយភ្លេងពិណពាទ្យនោះ ស្រាប់តែមានអព្ហូតហេតុចម្លែកកើតឡើង៖ «ហេតុការណ៍ប្រែប្រួលរបស់អាកាសធាតុនាពេលនោះ មិនមែនជារឿងចៃដន្យនោះទេ ដោយសារតែនារសៀលថ្ងៃទី២៣ ខែកញ្ញានោះ មេឃដែលស្រឡះសោះ ស្រាប់តែប្រែប្រួល ដោយមានពពកមីរដេរដាស ហើយភ្លៀងក៏បង្អុរចុះមកដូចគេចាប់ហែកមេឃ។ នៅយប់ថ្ងៃនោះ ភ្លៀងបានធ្លាក់ពេញមួយយប់ ដែលគេមិននឹកស្មានដល់ឡើយ ពីព្រោះប្រមាណ៣ថ្ងៃមុននេះ មិនមានការធ្លាក់ភ្លៀងឡើយ។ ប៉ុន្តែអ្វីដែលចម្លែក ខណៈពេលមានពិធីបួងសួងថ្វាយភ្លេងពិណពាទ្យ គឺនៅល្ងាចនោះ ហើយភ្លៀងស្រាប់តែបានធ្លាក់ខ្លាំងចាប់ពីក្បាលល្ងាចជាមួយនឹងស្នូរផ្គរ និងរន្ទះលាយឡំគ្នា។
* អព្ហូតហេតុជួយបញ្ចៀសគម្រោងធ្វើឃាតថ្ងៃទី២៤ ខែកញ្ញា
យោងតាមកម្មវិធីដែលរៀបចំទុក ក្បួនរថយន្តគណបក្សធំៗបី ត្រូវកំណត់មកដល់ព្រះរាជដំណាក់តាមលំដាប់លំដោយ៖ គណបក្សប្រជាជនកម្ពុជា ដែលឈ្នះអាសនៈ៦៤ ត្រូវមកដល់មុនគេម៉ោង៩ព្រឹក, បន្ទាប់មកគណបក្សហ្វុនស៊ិនប៉ិច ដែលឈ្នះអាសនៈ៤៣ ត្រូវមកដល់ម៉ោង៩៖១៥ និងគណបក្ស សម រង្ស៊ី ដែលឈ្នះអាសនៈ១៥ ត្រូវមកដល់ម៉ោង៩៖៣០។ នេះជាការរៀបចំដ៏ចម្លែក ព្រោះគណបក្សឈ្នះឆ្នោត ត្រូវឱ្យមករង់ចាំគណបក្សដែលមានសម្លេងតិចជាង។
ឯកឧត្តម ខៀវ កាញារីទ្ធ បញ្ជាក់ថា យោងតាមកម្មវិធីររៀបចំនេះសម្តេច ហ៊ុន សែន ត្រូវចេញមុនគេ ហើយជិះរថយន្តទី២ ក្នុងក្បួន។ នៅម៉ោង៨៖៥៥ ក្បួនរថយន្តបានដល់ក្លឹប «យាឡិប» ក្បែរភោជនីយដ្ឋានបន្ទាយស្រី ប្រហែល៦០០ម៉ែត្រពីសណ្ឋាគារ។ ឯកឧត្តម ខៀវ កាញារីទ្ធ បានថ្លែងថា ពេលនោះ ខណៈគណៈប្រតិភូ កំពុងសើចជជែកគ្នាក្នុងរថយន្តស្រាប់តែគេឮសំឡេងផ្ទុះខ្លាំង «ក្ឌាំង» បានលាន់ឡើង។
ឯកឧត្តម ខៀវ កាញារីទ្ធ បានរំលឹកប្រាប់ Fresh Exclusive នៅក្នុងហេតុការណ៍កើតឡើងពេលនោះ៖ «សូមជម្រាបថា នៅយប់នោះ គឺមានភ្លៀងខ្លាំងមែនទែន ភ្លៀងខ្លាំងរហូតតែម្តង នៅមួយយប់ពេញរហូតដល់ម៉ោង៦ព្រឹក ទើបបានរាំង។ រាំងហើយតែនៅម៉ោង៧ភ្លៀងទៀត ហើយដូចខ្ញុំបាននិយាយហើយថា ភ្លៀងនេះហើយ ដែលបានជួយសម្តេចតេជោ ហ៊ុន សែន ។
នៅពេលដែលយើងចេញទៅ គឺបានកំណត់ម៉ោងថា អ្នកទៅមុនអ្នកណាទៅក្រោយ ដូច្នេះកម្មវិធីនេះ សម្តេចតេជោ ហ៊ុន សែន ត្រូវទៅមុនគេ, សម្តេច ហ៊ុន សែន លោកជិះឡានតូច ទាំងអស់មាន៤ គឺសម្រាប់សម្តេច ហ៊ុន សែន លោកជិះម្នាក់ឯង និងសម្តេច ទៀ បាញ់ សម្តេច សុខ អាន, ប៉ុល សារឿន និងប៉ុន្មាននាក់ ដែលជាសមាជិកការិយាល័យនយោបាយ។ ហើយបន្ទាប់មកគឺពួកយើងនេះជិះ Minivan ។ ដោយសារខ្ញុំជាអ្នកចូលចិត្តថតរូប ដូច្នេះហើយ (ខ្ញុំ) ទៅអង្គុយនៅខាងមុខគេបំផុតជាមួយនឹងតៃកុងឡាន ប៉ុន្តែយើងក៍រីករាយណាស់ មិនបានថតអ្វីច្រើនទេ គ្រាន់តែជជែកគ្នាសប្បាយ។
ប្រហែលជាមួយគីឡូ ពីសណ្ឋាគារដែលយើងចេញនោះ ក៍ឮសូរសម្លេងផ្ទុះខ្លាំង ហើយយើងគ្រាន់តែឃើញនូវពណ៌ផ្សែងខៀវស្រអាប់នៅឯខាងស្តាំដៃ ហើយយើងក៏មិនបានចាប់ភ្លឹកដែរ។ នៅពេលដែលជិះទៅដល់កន្លែងហ្នឹងទៀត យើងឃើញផ្ទះបាក់បែកៗ ប៉ុន្តែនៅកន្លែងម្តុំនោះ វាមានកន្លែងប៉ះកង់…ដូច្នេះក៏បានគិតថាប្រហែលជាផ្ទុះធុងបំពង់ហ្គាស។ នៅពេលដែលយើងទៅដល់កន្លែងសាលប្រជុំ គឺទៅដល់ព្រះរាជដំណាក់ហើយនោះ ក៏យើងនៅតែមិនទាន់ដឹងនៅឡើយ។ បន្ទាប់មកក៏ពួកយើងចូលប្រជុំ គណៈប្រតិភូក៏បានអញ្ជើញមកជាបណ្តើរៗទៀត ដោយប្រធានបក្ស គឺអង្គុយនៅខាងមុខខ្ញុំ និងឯកឧត្តម ស ខេង អង្គុយស្មើជាប់ជាមួយគ្នា ហើយនៅពេលនោះ គឺយើងទើបបានទទួលទូរស័ព្ទមកថា គឺមានគ្រាប់បែកគ្រាប់បង្កៃ»។
* ទង្វើបង្កប់គ្រាប់បែក ប្រើបច្ចេកវិទ្យាបំផ្ទុះពីចម្ងាយ
បើផ្អែកតាមប្រសាសន៍របស់សាក្សីម្នាក់ គឺលោក មាស សុខុន ដែលពេលនោះ លោកជាអ្នកបើករថយន្តសម្តេចដោយផ្ទាល់ បានបញ្ជាក់ថា «ឃាតករ» បានបង្កប់គ្រាប់បេសែសិបក្នុងគុម្ពផ្កាក្រដាសតាមផ្លូវ ហើយបញ្ជាបំផ្ទុះ តាមប្រព័ន្ធអេឡិចត្រូនិក។ គ្រាប់បេសែសិប ចំនួន៤ ត្រូវបានចុចបំផ្ទុះ ប៉ុន្តែផ្ទុះតែមួយគ្រាប់ ចំណែក៣គ្រាប់ដទៃទៀតមិនដំណើរការឡើយ ព្រោះខ្សែត បានជ្រាបទឹកចូលក្នុងប្រព័ន្ធបញ្ជា។ ដូច្នេះ ភ្លៀងធ្លាក់យប់ថ្ងៃទី២៣ ខែកញ្ញា និងបន្តដល់ព្រឹកថ្ងៃទី២៤ គឺជាមូលហេតុធ្វើឱ្យប្រព័ន្ធបំផ្ទុះខូចអស់ទាំងស្រុង។ យប់ថ្ងៃទី២៣ ខែកញ្ញានោះ បើសិនជា គ្មានភ្លៀងធ្លាក់ដ៏ធំ និងបន្តមកដល់ព្រឹកថ្ងៃទី២៤ ខែកញ្ញានោះទេ សម្តេច ហ៊ុន សែន នឹងមិនអាចគេចរួចពីការប៉ុនប៉ងធ្វើឃាតនោះបានឡើយ។ ដូច្នេះការធ្លាក់ភ្លៀងដ៏ធំនាយប់ថ្ងៃទី២៣ និងបន្តដល់ព្រឹកថ្ងៃទី២៤ ខែកញ្ញានោះ មិនមែនត្រឹមជាភ្លៀងធ្លាក់ធម្មតានោះទេ វាជាអព្ភូតហេតុមួយ ដែលមិនអាចបកស្រាយបានឡើយ ហើយអព្ភូតហេតុនោះ បានក្លាយជាកត្តារក្សាជីវិតសម្តេច និងការពារព្រះរាជាណាចក្រកម្ពុជា។
ទីតាំងដែលមានបង្កប់គ្រាប់បេសែសិប មានទីតាំងស្ថិតនៅមុខរង្គសាលដែលតែងមានការរាំ រែក រហូតដល់ជិតភ្លឺ។ នៅកន្លែងទល់មុខគ្នានោះ រួមទាំងកន្លែងដាក់បង្កៃគ្រាប់ ដែលស្ថិតនៅ ឆ្ងាយពីគ្នាបន្តិច គឺជាកន្លែងដែលមានម៉ូតូឌុបនៅរង់ចាំភ្ញៀវ ដែលកន្លែងទាំងនេះហើយ ត្រូវ បានគេគិតថាថាអាច បង្កលក្ខណៈងាយស្រូលដល់ក្រុមភេរវកម្មទាំងនេះ ក្នុងការអាចសម្ងំបង្កៃ គ្រាប់បានយ៉ាងងាយស្រួល។ អំពើធ្វើឃាតមិនបានសម្រេចដាក់លើសម្តេចហ៊ុន សែន ដោយ ការបញ្ជាបំផ្ទុះគ្រាប់បេសែសិប តាមរយៈប្រព័ន្ធបញ្ជាចម្ងាយនោះ ត្រូវបានផ្សាយតិចតួចណាស់ពីក្រុមសារព័ត៌មានអន្តរជាតិ។
សម្តេច តេជោ ហ៊ុនសែន ក្នុងសំណេរមួយនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ បានសរសេរបញ្ជាក់ ដោយការដឹងគុណដល់ទេពតា ដែលបណ្តាលឱ្យមានមេឃធ្លាក់ភ្លៀងដ៏ធំក្នុងពេលនោះ។ សំណេររបស់សម្តេច បានបញ្ជាក់ថា៖ «សូមអរព្រះគុណគ្រប់អង្គបារមីដែលតាមការពារខ្ញុំ, អរព្រះគុណព្រះពិរុណ ដែលបានបង្អុរធ្លាក់មកស្ទើរបាក់មេឃតាំងពីម៉ោង៣ទៀបភ្លឺរហូតម៉ោង៨ព្រឹក ដែលធ្វើឱ្យខ្សែភ្លើងបញ្ជាគ្រាប់ ត្រូវឆ្លងមិនអាចផ្ទុះទាំង៤គ្រាប់បាននៅពេលដែលគេបញ្ជាបាញ់ខ្ញុំ នៅម៉ោង៨និង៥៥នាទី តាមខ្សែភ្លើងបញ្ជាពីចម្ងាយ»។
* ឃាតក ត្រូវបានគេជួយជម្លៀសចេញ ក្រោយហេតុការណ៍សម្លាប់មិនបានសម្រេច
ក្រោមការស៊ើបអង្កេតរបស់អាជ្ញាធរ ឃាតកដែលបំផ្ទុះគ្រាប់បេសែសិបប៉ុនប៉ងសម្លាប់សម្តេច ហ៊ុន សែន នៅសៀមរាប ត្រូវបានកំណត់អត្តសញ្ញាណថាឈ្មោះ សុខ យឿង ដែលជាមនុស្សស្និទ្ធនឹង សម រង្ស៊ី។ បន្ទាប់ពីការបំផ្ទុះបរាជ័យ សុខ យឿង បានរត់គេចខ្លួនទៅប្រទេសថៃភ្លាមៗ ហើយក្រោយមកត្រូវបានក្រុមដែលលាក់ខ្លួនក្រោមស្លាកសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ បានជួយជម្លៀសចេញទៅប្រទេសហ្វាំងឡង់។
នេះជាហេតុការណ៍ដែលបង្កសំណួរធំថា តើប្រទេសមួយដែលអះអាងថា គោរពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ហេតុអ្វីបានជាមកជួយគាំទ្រមនុស្សដែលពាក់ព័ន្ធនឹងអំពើឃាតកម្មមិនបានសម្រេចលើមេដឹកនាំរបស់ជាតិមួយ ដែលជាសមាជិករបស់អង្គការសហប្រជាជាតិ?
សេចក្តីរាយការណ៍បានបង្ហាញដែរថា ក្រោយការជួយជម្លៀសឱ្យមានការចាកចេញរបស់ឃាតកសង្ស័យឈ្មោះ សុខ យឿង នោះមក សម រង្ស៊ី ក៏បានប្រញាប់ចាកចេញពីកម្ពុជាផងដែរនៅថ្ងៃទី២៤ ខែកញ្ញានោះ បន្ទាប់ពីកិច្ចប្រជុំដំបូងរបស់រដ្ឋសភា និងពិធីស្បថសច្ចានៅសៀមរាបបានបញ្ចប់។ ដំណើរចាកចេញរបស់ សម រង្ស៊ី ត្រូវបានរៀបចំតាមព្រលានយន្តហោះខេត្តសៀមរាប តាមរយៈការកក់សំបុត្រយន្តហោះទុកជាមុន។ ការចាកចេញរបៀបនេះ បន្ថែមការសង្ស័យនានាចំពោះទំនាក់ទំនង និងភាពពាក់ព័ន្ធរវាងអ្នកដឹកនាំបាតុកម្ម និងការប៉ុនប៉ងធ្វើឃាតកម្មនយោបាយ ក្នុងព្រឹត្តិការណ៍ទាំងឡាយ ដែលបានធ្វើឱ្យស្ថានការណ៍ក្នុងស្រុក បានរងការរង្គោះរង្គើជាខ្លាំងរួចមកនោះ។
* សម រង្ស៊ី ប្រើព័ត៌មានបំពុលព្រឹត្តិការណ៍
នៅក្នុងហេតុការណ៍លួចស្ទាក់បាញ់ប្រហារមិនបានសម្រេចនោះ គឺក្បួនរថយន្តរបស់គណៈប្រតិភូគណបក្ស សម រង្ស៊ី បានមកដល់ក្រោយហេតុការណ៍កើតឡើងប្រមាណ២០នាទីរួចមក។ លោក សម រង្ស៊ី ត្រូវគេឃើញក្នុងពេលនោះ បានចុះពីលើរថយន្តផ្នែកខាងស្តាំ និងមិនបានទៅថ្វាយបង្គំគាល់ព្រះមហាក្សត្រខ្មែរ ដូចអ្វីដែលបានរំពឹងទុកក្នុងពេលដែលព្រះអង្គ កំពុងឈររង់ចាំស្វាគមន៍គណៈប្រតិភូឡើយ។
លោក សម រង្ស៊ី បែរជាដើរទៅខាងឆ្វេងដៃតម្រង់អ្នកសារព័ត៌ មានជាតិនិងអនុ្តរជាតិ ដោយនិយាយប្រាប់ពួកគេថា មានគ្រាប់បែសែសិបចំនួន៤គ្រាប់ បាញ់សម្តៅដាក់មកលើក្បួនរថយន្តរបស់គាត់ បើទោះបីជាការផ្ទុះពេលនោះ សូម្បីតែស្រមោលក្បួនរថយន្តរបស់គាត់មិនដឹងស្ថិតនៅទីណាផងនោះ។ លើសពីនោះទៀត សម រង្ស៊ី បែរជានិយាយចោទថា ការបំផ្ទុះគ្រាប់បេសែសិបទាំង៤នោះ គឺជាទង្វើរបស់សម្តេច ហ៊ុន សែន នោះទៅវិញ។
សំណួរដ៏ឆ្ងល់មួយទីវិញនោះ គឺថាហេតុអ្វីបានជា សម រង្ស៊ី ដឹងច្បាស់ដល់គ្រាប់បេសែសិប មានចំនួន៤គ្រាប់ និងនិយាយថា មានការបាញ់ដល់ទៅបួនគ្រាប់ ឬមួយក៏គាត់មិនដឹងថា គ្រាប់ចំនួន៣ដទៃទៀត ដែលគាត់ប្រាប់ឱ្យមនុស្សរបស់គាត់ឱ្យបំផ្ទុះទាំងអស់នោះ បែរជាមិនបានផ្ទុះតាមគម្រោងដែលដាក់ចេញមកនោះទេ?
តាមពិតក្នុងហេតុការណ៍ដែលបានកើតឡើងភ្លាមៗមកនោះ មិនមានរបាយការណ៍ជាក់លាក់ណាមួយត្រូវបានគេដឹងឡើយ សូម្បីតែអាជ្ញាធរមូលដ្ឋានក៏មិនទាន់បានដឹងថាមានការបង្កប់គ្រាប់បេសែសិបចំនួន៤គ្រាប់នៅទីនោះឡើយ។ ហើយហេតុអ្វីបានជា សម រង្ស៊ី មានព័ត៌មាននេះច្បាស់ល្អម្ល៉េះ បើសិនជាខ្លួន មិនបានដឹងនូវគម្រោងនោះជាមុននោះទេ?
ហើយអ្វីដែលគួរឱ្យហួសចិត្តនោះគឺ សម រង្ស៊ី បែរជានិយាយប្រាប់អ្នកសារព័ត៌មានថា គឺក្រុមគណៈប្រតិភូរបស់គាត់នោះទេ ដែលរងនឹងការបាញ់ពីគ្រាប់បេសែសិបចំនួន៤គ្រាប់ បើទោះបីជាមានគ្រាប់បេសែសិប បានផ្ទុះតែមួយគ្រាប់ ហើយហេតុការណ៍នោះទៀត បានកើតឡើងប្រមាណ៣០នាទី រួចទៅហើយនោះ។
* ការស្បថនៅអង្គរវត្ត នៅតែបន្តទោះបីក្រោមរូបភាពគំរាមកំហែង
បន្ទាប់ពីកិច្ចប្រជុំរដ្ឋសភាលើកដំបូងនៅព្រះរាជដំណាក់ ក៏មានសំណួរដ៏ធំមួយទៀតត្រូវបានលេចឡើង នោះគឺ៖ តើសម្តេច ហ៊ុន សែន ដែលទើបនឹងរួចផុតពីការប៉ុនប៉ងឃាតកម្ម ត្រូវអញ្ជើញទៅស្បថនៅប្រាសាទអង្គរវត្តដែរឬទេ?
ការដាក់ចេញនូវសំណួរត្រូវធ្វើដំណើរទៅស្បថនេះ គឺដោយសារតាមផ្លូវទៅកាន់តំបន់ប្រាសាទអង្គរវត្ត គឺសុទ្ធសឹងជាព្រៃក្រាស់ និងគ្មានការរៀបចំកម្លាំងសន្តិសុខទុកជាមុនឡើយ។ ប៉ុន្តែប្រសិនបើមិនទៅស្បថ នោះមានន័យថា អ្នកជាប់ឆ្នោតរបស់គណបក្សប្រជាជនកម្ពុជា នឹងមិនទទួលសិទ្ធិពេញលេញក្លាយជាតំណាងរាស្ត្រទេ។
ក្នុងពេលដែលកំពុងប្រឈមមុខនឹងស្ថានការណ៍នេះ, សម្តេច ហ៊ុន សែន បន្ទាប់ពីបានគិតមួយសន្ទុះ បានឆ្លើយតបទៅវិញថា៖ «ទៅ»។ សម្តេចបានពន្យល់ថា៖ «នៅពេលបាញ់ទី១ គេអាចធ្វើបានព្រោះគេកំណត់ម៉ោងឱ្យយើងដើរ ប៉ុន្តែពេលទៅស្បថ អត់មានកំណត់ថា អ្នកណាទៅមុន ឬទៅក្រោយនោះទេ ហេតុនេះ លទ្ធភាពវាយប្រហារមានតិចបំផុត»។ ឯកឧត្តម ខៀវ កាញារីទ្ធ បានបញ្ជាក់ត្រង់ចំណុចនេះថា ក្រោយមានការវាយប្រហារតាម គ្រាប់បង្កៃមិនបានសម្រេចនោះមក សម្តេចក្រឡាហោម ស ខេង ដែលពេលនោះជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានស្នើឱ្យឯកឧត្តម ខៀវ កាញារីទ្ធ សាកសួរសម្តេចតេជោ ដើម្បីចង់ដឹងថាតើគណប្រតិភូគណបក្សប្រជាជនកម្ពុជា និងសម្តេច ត្រូវធ្វើ ដំណើរទៅស្បថនៅប្រាសាទអង្គវត្តដែរឬទេ?
ឯកឧត្តម ខៀវ កាញារីទ្ធ៖ «កាលពេលនោះគាត់នៅជាឯកឧត្តម ស ខេង…ឯកឧត្តម ស ខេង ឱ្យខ្ញុំទៅសួរសម្តេចតេជោ ហ៊ុន សែន… តើយើងគួរបន្តស្បត់នៅអង្គរវត្តទៀតដែរ ឬអត់? ហើយខ្ញុំបានឡើងទៅជួបសម្តេចនៅខាងមុខគណៈអធិបតីជួរមុខ…សម្តេចលោកបានគិតមួយសន្ទុះ លោកថាយើង «ទៅ» ព្រោះពេលយើងមក គេបានកំណត់ម៉ោង អញ្ចឹងនៅពេលទៅអង្គរទៅស្បថ គេអត់មានកំណត់អ្នកណាទៅមុន ទៅក្រោយទេ។ លោកឆ្លាតណាស់!»។
នៅថ្ងៃដដែល ដែលធ្វើដំណើរទៅស្បថក្នុងបរិវេណអង្គរវត្តនោះ មិនមានអ្វីបានកើតឡើងឡើយ ប៉ុន្តែនៅពេលវិលត្រឡប់មកភ្នំពេញវិញ សម្តេចតេជោ ត្រូវបានរៀបចំឱ្យធ្វើដំណើរតាមឧទ្ធម្ភាគចក្រវិញ នោះគឺមិនអាចឱ្យធ្វើដំណើរតាមរថយន្តវិលត្រឡប់មកវិញបានឡើយ។
ក្រោយការស្បថសច្ចានៅក្នុងខេត្តសៀមរាបនោះរួច, ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ និងសម រង្ស៊ី មិនបានវិលត្រឡប់មកភ្នំពេញឡើយ ដោយមេដឹកនាំគណបក្សទាំង២ បានប្រញាប់ចាកចេញទៅក្រៅប្រទេសតាមការទិញសំបុត្រកក់ទុកជាស្រេចនាព្រលានយន្តហោះខេត្តសៀមរាប។
* សម្តេចតេជោ ហ៊ុន សែន៖ តួអង្គសំខាន់មិនអាចខ្វះបាននៃសន្តិភាពកម្ពុជា
ស្ទើរពេញមួយជីវិត សម្តេចតេជោ ហ៊ុន សែន មិនសូវបានសុខសាន្តក្នុងជីវិតផ្ទាល់ខ្លួនឡើយ បើប្រៀបធៀប នឹងទំហំនៃកិច្ចការដ៏ធំធេងក្នុងការជួយរំដោះជាតិ។ ចាប់ពីអាយុ១៨ឆ្នាំបានចូលតស៊ូក្នុងព្រៃ រហូតដល់អាយុ២៥ឆ្នាំ សម្តេចបានឃើញច្បាស់ពីអំពើកុហក និងការបោកប្រាស់របស់អ្នកនយោបាយជាច្រើន ដែលប្រើប្រាស់ប្រជាភិថុតិ ដើម្បីបំផ្លាញប្រជាជនខ្លួនឯង។ នេះហើយបានធ្វើឱ្យសម្តេច ប្តេជ្ញាចិត្តបោះបង់ជំនឿលើនយោបាយកុហក និងសម្រេចចិត្តក្លាយជាមេដឹកនាំដ៏ល្អក្នុងការបម្រើប្រជាជនកម្ពុជា តាំងពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧។
ក្នុងសតវត្សទី២០ និងទី២១ សម្តេចតេជោ ហ៊ុន សែន គឺជាឥស្សរជននយោបាយខ្មែរដ៏កំពូល ដែលបានបញ្ចប់សង្គ្រាមស៊ីវិលរយៈពេលជិត៣០ឆ្នាំ តាមរយៈយុទ្ធសាស្ត្រ DIFID នៃនយោបាយឈ្នះ-ឈ្នះ។ យុទ្ធសាស្ត្រនេះ បាននាំមកនូវសន្តិភាព និងការឯកភាពទឹកដីពេញលេញ ដែលកម្ពុជាមិនធ្លាប់មានក្នុងរយៈពេលជាង៥០០ឆ្នាំ។
សត្រូវរបស់សម្តេច គឺក្រុមនយោបាយជ្រុលនិយម ដែលបំផ្លាញឯកភាព និងចង់ទាញប្រទេសកម្ពុជា ឱ្យធ្លាក់ចូលក្នុងអំពើសង្គ្រាមសារឡើងវិញ។ ម្យ៉ាងទៀតតាមរយៈការឆ្លងកាត់ដោយ ផ្ទាល់នូវអម្ពូតហេតុធ្លាក់ភ្លៀងដ៏ធំនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៨ នោះមកទៀតជំនឿអភិនិហារ និងបារមីសក្តិសិទ្ធិ ត្រូវគេជឿថា តែងតែថែរក្សាសម្តេច ឱ្យឆ្លងកាត់គ្រោះថ្នាក់នានា ព្រោះសម្តេចគឺជាតួអង្គសំខាន់បំផុតនៃសន្តិភាពកម្ពុជា។ ប្រសិនបើគ្មានសម្តេចនោះ សន្តិភាពដ៏មានតម្លៃនេះមិនអាចកើតមានឡើយ។ សម្តេចតេជោ តែងតែដាស់តឿនដល់ពលរដ្ឋឲ្យចងចាំថា សន្តិភាពគឺជាគ្រឿងសម្បត្តិសំខាន់បំផុត ដែលមិនអាចឱ្យបាត់បង់បានឡើយ។
ក្នុងការសន្និដ្ឋានជារួម៖
ប្រវត្តិសាស្ត្រនយោបាយកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានបង្ហាញឱ្យឃើញយ៉ាងច្បាស់ថា សន្តិភាពមិនមែនជាផលិតផលដែលទទួលបានមកដោយចៃដន្យទេ ប៉ុន្តែជាលទ្ធផលនៃការតស៊ូ ការប្តេជ្ញាចិត្ត និងការការពារជាតិដោយឈាម និងជីវិត។ ពេលណាដែលជីវិតសម្តេច បានរងនឹងការគំរាមកំហែង គឺពេលនោះឯង ដែលគេបានមើលឃើញថា សន្តិភាព ក៏រងការគំរាមកំហែងផងដែរ។ ជំនឿអភិនិហាររបស់ជាតិខ្មែរ ដែលថែរក្សាសម្តេចឱ្យរួចផុតពីគ្រោះថ្នាក់ គឺជាការបញ្ជាក់ថា ប្រវត្តិសាស្ត្រនិងអតីតបារមីអង្គព្រះមហាក្សត្រខ្មែរ ដែលតែងថែរក្សាប្រទេសកម្ពុជា បានជ្រើសរើសមេដឹកនាំម្នាក់នេះ ដើម្បីធ្វើជាគន្លឹះនៃសន្តិភាពសម្រាប់កម្ពុជារួចមកហើយ។
ក្នុងសតវត្សដែលកម្ពុជាបានឈានមកដល់សេចក្តីសុខសាន្ត និងការអភិវឌ្ឍ។ សង្គមខ្មែរត្រូវរំលឹកនិងថែរក្សាមេរៀនមួយ សន្តិភាពគឺជាគ្រឿងសម្បត្តិដ៏ថ្លៃថ្នូរ ដែលត្រូវការការពារ មិនអាចឱ្យបាត់បង់ឡើយ។ ប្រសិនបើគ្មានសម្តេចតេជោ ហ៊ុន សែន សន្តិភាពដែលកម្ពុជាកាន់កាប់បានសព្វថ្ងៃនឹងមិនកើតមានឡើយ។ ដូច្នេះភារកិច្ចរបស់ជំនាន់ក្រោយ គឺត្រូវគោរពបន្តនិងថែរក្សាស្នាដៃនេះឱ្យបានរឹងមាំស្ថិតស្ថិរ ចិរកាលជានិច្ច៕
















