FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អាស៊ានស្ថិតក្នុងហានិភ័យ​ដោយសារ​​ជម្លោះ​​កម្ពុជា-ថៃ (Video inside)

22-09-2025 16:29

(ភ្នំពេញ)៖ ជម្លោះព្រំដែនរវាងកម្ពុជា និងថៃដែលបានចាប់ផ្តើមឡើងវិញនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ បន្ទាប់ពីទាហានថៃបានបាញ់សម្លាប់ទាហានកម្ពុជាមួយរូបនៅមុមបីទឹកដីខេត្តព្រះវិហារកំពុងគំរាមកំហែងដល់អាស៊ានដែលមានអាយុ៥៨ឆ្នាំ និងបង្កើនក្តីបារម្ភថា អរិភាពនេះបើនៅតែបន្តអូសបន្លាយទៅមុខទៀតវានឹងបំផ្លាញស្ថិរភាពក្នុងតំបន់តែម្តង។

ទង្វើរបស់ទាហានថៃមកលើព្រំដែន និងលើជនស៊ីវិលកម្ពុជាដោយកំរោលបែបនេះនឹងនាំទៅដល់ការបាត់បង់ភាពជឿជាក់របស់អាស៊ានក្នុងនាមជា “សហគមន៍រួមមួយ” ដែលត្រូវបានកសាងឡើងភ្ជាប់ដោយពាក្យថា “ជាតំបន់កិច្ចសហប្រតិបត្តិការ តំបន់ប្រកបដោយការជឿទុកចិត្តគ្នា និងជាតំបន់សន្តិភាព”។

សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានផ្ញើសារទៅកាន់មេដឹកនាំពិភពលោក រួមទាំងប្រធានាធិបតី ដូណាល់ ត្រាំ និងលោក ស៊ី ជីនពីង ដោយបរិយាយថា ទាហានថៃបានពង្រីកការឈ្លានពានហួសពីតំបន់ជម្លោះក្នុងខេត្តព្រះវិហារ និងឧត្តរមានជ័យ ទៅកាន់ដែនដីនៃខេត្តដទៃទៀត។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ក្រសួងការបរទេសកម្ពុជានៅថ្ងៃទី១៧ ខែកញ្ញា​ ឆ្នាំ២០២៥។ ​

លោក បានថ្លែងថា “ចាប់តាំងពីថ្ងៃទី១២ ខែសីហា កម្លាំងយោធាថៃបានពង្រីកតំបន់ជម្លោះ តាមរយៈការរាយលួសបន្លា ដាក់របាំងឃាំង ចេញឱសានវាទបណ្ដេញពលរដ្ឋខ្មែរចេញពីដីលំនៅឋានដែលពួកគេបានរស់នៅដ៏យូរលង់មកហើយនៅក្នុងភូមិជោគជ័យ និងភូមិព្រៃចាន់នៃខេត្តបន្ទាយមានជ័យដែលស្ថិតនៅភាគពាយព្យនៃប្រទេសកម្ពុជា និងស្ថិតក្នុងចម្ងាយប្រមាណ២០០គីឡូម៉ែត្រ ពីតំបន់ជម្លោះដូចរៀបរាប់ខាងលើ។ ប្រជាពលរដ្ឋខ្មែរចំនួន២៥ គ្រួសារត្រូវបានរារាំងមិនឱ្យចូលផ្ទះសំបែង និងស្រែចម្ការរបស់ពួកគេ ហើយថ្មីៗនេះអ្នកនាំពាក្យយោធាថៃក៏បានគំរាមកំហែងធ្វើការបណ្តេញចេញថែមទៀតនាពេលដ៏ខ្លីខាងមុខដែលនឹងប៉ះពាល់ដល់អ្នកភូមិរាប់រយគ្រួសារដែលមានសមាជិកសរុបប្រមាណជាង១០០០ នាក់”

ក្នុងសារលិខិតក៏បានបន្ថែមថា “ផ្អែកលើប្រភពគួរឱ្យទុកចិត្តបាន យោធាថៃមានបំណងប្រើប្រាស់កម្លាំងដើម្បីដណ្តើមយកទឹកដីនៅទីតាំងចំនួន១៧ ផ្សេងទៀត ចាប់ពីខេត្តពោធិ៍សាត់ រហូតដល់ខេត្តកោះកុង ដែលស្ថិតនៅប៉ែកខាងលិច និងប៉ែកនិរតីនៃប្រទេសកម្ពុជា”។

អំពើរបស់ថៃជាការបង្ហាញឯកភាពប្រជាជាតិអាស៊ានដែរ ឬទេ?

អស់ជាច្រើនទស្សវត្សរ៍មកហើយ ដែលអាស៊ានបានលើកកម្ពស់ចក្ខុវិស័យ "សហគមន៍តែមួយ"។ ប៉ុន្តែនៅពេលប្រទេសពីរដែលជាសមាជិកឈ្លោះគ្នា​ គោលការណ៍មិនជ្រៀតជ្រែកផ្ទៃក្នុងរបស់ប្លុកនេះបានរួញ “ខ្វិន” រួចទៅហើយ ពោលគឺមិនអាចធ្វើការសម្រេចចិត្តជាគ្រួសាររួមគ្នាមួយបានឡើយ។

តួនាទីសម្របសម្រួលអាស៊ានខ្សោយ

ខណៈពេលដែលកម្ពុជាបានប្តឹងទៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ប្រទេសមហាអំណាចធំៗរួមទាំងសហរដ្ឋអាម៉េរិក និងប្រទេសចិន និងទៅកាន់ប្រធានអាស៊ានឆ្នាំ២០២៥ ថៃនៅតែប្រកែកថា បញ្ហានេះទុកដោះស្រាយដោយទ្វេភាគី។ ការដែលមិនអាចទប់ស្កាត់ទង្វើរបស់ថៃបានបែបនេះ បានបង្ហាញឱ្យឃើញថា “សន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការ និងធម្មនុញ្ញអាស៊ាន” គ្មានប្រសិទ្ធភាពឡើយ។

អាស៊ានមុខសំប៉ែត

ថៃបានប្រើយន្តហោះចម្បាំង F-16 ​ យន្តហោះគ្មានមនុស្សបើក និងកាំភ្លើងធុនធ្ងន់ដើម្បីសម្លាប់មនុស្ស បង្ករបួស និងបង្កើតវិនាសកម្មដទៃទៀតដល់ជនស៊ីវិល និងជនភៀសសឹកយ៉ាងច្រើននៅក្នុងប្រទេសកម្ពុជា។ ក្រុមអ្នកសង្កេតការណ៍ព្រមានថា អំពើហឹង្សាបែបនេះអាចធ្វើឲ្យខូចកេរ្តិ៍ឈ្មោះអាស៊ានដែលតែងប្រកាសថាជាតំបន់មានស្ថិរភាពនិងសន្តិភាព និងធ្វើឱ្យប៉ះពាល់ដល់ទំនុកចិត្តវិនិយោគិនបរទេស។

ការងារអាស៊ានត្រៀមក្រៀមស្វិត

ជំនួសឱ្យការជំរុញសមាហរណកម្មសេដ្ឋកិច្ច គម្រោងហេដ្ឋារចនាសម្ព័ន្ធ ឬក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង មេដឹកនាំអាស៊ានមួយចំនួននឹងលែងទុកចិត្តគ្នាដោយសារតែជម្លោះរវាងទីក្រុងភ្នំពេញ និងទីក្រុងបាងកក។ អ្នកវិភាគព្រមានថា ភាពតានតឹងរយៈពេលយូរនៃជម្លោះ អាចពន្យឺតដំណើរការសមាហរណកម្មសេដ្ឋកិច្ចតំបន់ និង “ផ្តល់ឱកាសឱ្យមហាអំណាចខាងក្រៅអាចបំបែកបំបាក់ផ្ទៃក្នុងអាស៊ាន” ដែលពេលនោះថៃជាអ្នកទទួលខុសត្រូវចំពោះមុខអាស៊ានដែលមានអាយុជាងកន្លះសតវត្សរ៍មកនេះ។

ផលប៉ះពាល់ហួសឆ្ងាយពីសមរភូមិ

ពាណិជ្ជកម្ម​និង​ទេសចរណ៍​រវាង​កម្ពុជា​និង​ថៃ​ត្រូវ​បាន​រំខាន​រួច​ទៅហើយ​។ ការកើនឡើងនូវជាតិនិយមរវាងប្រទេសទាំងពីរកំពុងរឹតបន្តឹងទំនាក់ទំនងឆ្លងព្រំដែន និងធ្វើឱ្យអន្តរាយដល់ការជំរុញសហគមន៍អាស៊ាន គឺទំនាក់ទំនងរវាងប្រជាជន និងប្រជាជនក្នុងតំបន់។

ជាពេលវេលាដែលអាស៊ានត្រូវកែទម្រង់ ឬយ៉ាងណា?

វិបត្តិនេះបានធ្វើឱ្យមានការជជែកដេញដោលជាថ្មីអំពីសមត្ថភាពគ្រប់គ្រងជម្លោះរបស់អាស៊ាន។ អ្នកវិភាគនិយាយថា ប្រសិនបើគ្មានយន្តការខ្លាំងជាងនេះទេ អាស៊ាននឹងប្រឈមការបាត់បង់ "មជ្ឈភាព" របស់ខ្លួនលើសន្តិសុខក្នុងតំបន់។ ប៉ុន្តែ​អ្នក​ខ្លះ​អះអាង​ថា ការ​ប៉ះ​ទង្គិច​កម្ពុជា-ថៃ អាច​ជា​ការ​ដាស់​តឿន​មួយ ដោយ​បង្ខំ​អាស៊ាន​ឱ្យ​ពង្រឹង​ស្ថាប័ន និង​ប្ដេជ្ញា​ចិត្ត​ឡើង​វិញ​ក្នុង​ការ​ដោះស្រាយ​ជម្លោះ​ដោយ​សន្តិវិធី។

សរុបមក ផលវិបាកនានា និងក្តីកង្វល់ទាំងអស់ខាងលើគួរតែសៀតចូលទៅក្នុង​កិច្ច​ប្រជុំកំពូល​អាស៊ាន និង​កិច្ចប្រជុំកំពូល​ពាក់ព័ន្ធ​ដទៃទៀតនៅ​ទីក្រុង​គូឡាឡាំពួ ប្រទេស​ម៉ាឡេស៊ី​នៅ​ប៉ុន្មានសប្តាហ៍ខាងមុខនេះ។ ប៉ុន្តែភាពមិនប្រាកដប្រជានៃអំណាចពីរក្នុងប្រព័ន្ធនយោបាយថៃ រវាងរដ្ឋាភិបាល និងយោធា តើអាស៊ានគួរធ្វើការជាមួយថៃយ៉ាងដូចម្តេច? ហើយគួរពិចារណាចាត់ទុកថៃ ជាប្រទេសមីយ៉ាន់ម៉ាទីពីរដែលដឹកនាំដោយរបបយោធា ឬយ៉ាងណា?

ដោយ៖ ពុយ​​ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា