សារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុរបស់ធនាគារជាតិនៃកម្ពុជា ក្នុងខេត្តបាត់ដំបង គ្រោងនឹងបើកដំណើរការនាពេលឆាប់ៗ! នេះជាផ្នែកថ្មីមួយទៀតក្នុងការពង្រីកបន្ថែមចំណេះដឹង ផ្នែកប្រវត្តិសាស្ត្ររបស់ខេត្តបាត់ដំបង និងប្រទេសកម្ពុជា
19-09-2025 08:18
(ភ្នំពេញ)៖ សារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុថ្មីមួយទៀត របស់ធនាគារជាតិនៃកម្ពុជា ស្ថិតនៅក្នុងខេត្តបាតដំបង នឹងលេចវត្តមានជាផ្លូវការ នាពេលឆាប់ៗខាងមុខនេះ។ សារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ថ្មីនេះក៏នេះជាផ្នែកថ្មីមួយទៀតប្រចាំខេត្ត ក្នុងការពង្រីកបន្ថែមចំណេះដឹង ពីប្រវត្តិសាស្ត្ររបស់ខេត្តបាត់ដំបង និងប្រទេសកម្ពុជា។
ថ្មីៗនេះលោកស្រីបណ្ឌិត ជា សិរី បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការកសាងសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ របស់ធនាគារជាតិនៃកម្ពុជា ក្នុងខេត្តបាត់ដំបង។ លោកស្រីបណ្ឌិត ជា សិរី បានឲ្យដឹងថា សារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ របស់ធនាគារជាតិនៃកម្ពុជាខេត្តបាត់ដំបង នឹងត្រូវដាក់ឲ្យដំណើរការជាផ្លូវការនាពេលឆាប់ៗខាងមុខ។
ការលេចវត្តមានរបស់សារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ របស់ធនាគារជាតិនៃកម្ពុជាខេត្តបាត់ដំបង នឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងការផ្តល់ចំណេះដឹងផ្នែកសេដ្ឋកិច្ច និងរូបិយវត្ថុ និងលើកកម្ពស់ការយល់ដឹងពីប្រវត្តិសាស្ត្ររបស់ខេត្តបាត់ដំបង និងប្រទេសកម្ពុជា។
សូមបញ្ជាកថា កាលពីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៩ កន្លងទៅសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ «ព្រះស្រីឦសានវរ្ម័ន» ត្រូវបានដាក់ដំណើរការជាផ្លូវការ។ សារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ «ព្រះស្រីឦសានវរ្ម័ន» មានពិព័រណ៍ចំនួន ១២ម៉ូឌុល ដែលពិពណ៌នាអំពីប្រវត្តិសាស្ត្ររបស់កម្ពុជា ដោយរំលេចនូវប្រព័ន្ធសេដ្ឋកិច្ច និងរូបិយវត្ថុក្នុងសម័យហ្វូណនរហូតដល់បច្ចុប្បន្ន។ ផ្នែកខាងក្នុងនៃសារមន្ទីរ មានភាពទំនើប និងត្រូវបានបំពាក់ដោយភាពយន្តឯកសារ ល្បែងកម្សាន្ត និងផ្ទាំងប៉ះ (Touch Screens) ដែលផ្តល់ភាពសប្បាយរីករាយ និងចំណេះដឹងដល់សាធារណជន៕











