អ្នកជំនាញសេដ្ឋកិច្ច៖ ការដំឡើងប្រាក់ឈ្នួលគោលដល់កម្មករក្នុងវិស័យកាត់ដេរ ២១០ដុល្លារ សម្រាប់ឆ្នាំ២០២៦ គឺជាការឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់រដ្ឋាភិបាលទៅលើកម្មករនិយោជិត (Video inside)
17-09-2025 16:33
(ភ្នំពេញ)៖ អ្នកជំនាញសេដ្ឋកិច្ចបានលើកឡើងថា ការដំឡើងប្រាក់ឈ្នួលដល់កម្មករនិយោជិតក្នុងវិស័យកាត់ដេរ វាយនភ័ណ្ឌ ពី២០៨ដុល្លារ ដល់ ២១០ដុល្លារ សម្រាប់ឆ្នាំ២០២៦ គឺជាការឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់រដ្ឋាភិបាលទៅលើកម្មករនិយោជិត ខណៈបច្ចុប្បន្ននេះ ស្ថានភាពសេដ្ឋកិច្ចនៅកម្ពុជា និងសាកលកំពុងស្ថិតក្នុងភាពមិនច្បាស់លាស់។
បន្ទាប់ពីក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាបើកកិច្ចប្រជុំអស់ជាច្រើនលើកច្រើនសារមក តំណាងភាគីកម្មករនិយោជិត និងតំណាងភាគីនិយោជក បានសម្រេចរក្សាអត្រាប្រាក់ឈ្នួលសម្រាប់កម្មករនិយោជិតក្នុងវិស័យកាត់ដេរក្នុងឆ្នាំ២០២៦ ក្នុងកម្រិតដដែល គឺ២០៨ដុល្លារក្នុងមួយខែ ដោយសារផលប៉ះពាល់ ដែលកើតមានឡើងដោយសារការកំណត់ពន្ធគយបដិការរបស់សហរដ្ឋអាម៉េរិក ភាពប្រកួតប្រជែង ស្ថានភាពប្រាក់ឈ្នួលអប្បបរមារបស់កម្ពុជា ធៀបនឹងបណ្តាប្រទេសមួយចំនួន និងស្ថានភាពជាក់ស្តែងនៃទីផ្សារការងារ សម្រាប់ឆ្នាំ២០២៥ និងឆ្នាំ២០២៦។ យ៉ាងនេះក្តីដោយសារការយកចិត្តទុកដាក់ទៅលើកម្មករ កម្មការិនី ក្នុងវិស័យនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចបន្ថែម ២ដុល្លារអាម៉េរិក លើតួលេខ ២០៨ដុល្លារអាម៉េរិក របស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ដែលធ្វើឱ្យប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៦ មានចំនួន ២១០ ដុល្លារអាម៉េរិក ក្នុងមួយខែ ដែលនឹងត្រូវអនុវត្តចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ តទៅ។
លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃរាជ្យបណ្ឌិតសភាកម្ពុជា បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥នេះថា ក្នុងខណៈដែលស្ថានភាពសេដ្ឋកិច្ចមិនល្អ ហើយស្របពេលដែលកម្ពុជា កំពុងមានជម្លោះព្រំដែនជាមួយថៃ ការដំឡើងប្រាក់ឈ្នួល២ដុល្លារបន្ថែមនេះ គឺជាបង្ហាញពីការខិតខំ និងការយកចិត្តទុកដាក់របស់រដ្ឋាភិបាលទៅលើកម្មករនិយោជិត បើទោះបីជាស្ថិតក្នុងដំណាក់កាលដ៏លំបាកក្តី។
លោកបានកត់សម្គាល់ថា ចាប់តាំងពីការរីករាលដាលនៃជំងឺកូវីដ១៩មក និងការកើតឡើងនូវវិបត្តិនានា ដូចជាសង្រ្គាមភូមិសាស្រ្តនយោបាយ សង្រ្គាមពាណិជ្ជកម្មរវាងចិននិងអាម៉េរិក និងការដាក់សម្ពាធពន្ធរបស់អាម៉េរិកមកលើបណ្តាប្រទេសនានា កម្ពុជា ក៏ដូចជាប្រទេសក្នុងតំបន់ និងពិភពលោក បានជួបនូវវិបត្តិផ្សេងៗ ប៉ុន្តែយ៉ាងនេះក្តីប្រាក់ឈ្នួលគោលនៅកម្ពុជា មិនដែលដើរថយក្រោយឡើយ ដោយរាជរដ្ឋាភិបាល នៅតែបន្តព្យាយាម និងខិតខំសម្របសម្រួលធ្វើយ៉ាងណាឱ្យកម្មករ កម្មការិនី ទទួលបាននូវកំណើនប្រាក់ខែគោលជារៀងរាល់ឆ្នាំ ដើម្បីធ្វើឱ្យកម្មករនៅតែអាចទ្រទ្រង់ជីវភាពរបស់ខ្លួនបាន និងទទួលបានផលប្រយោជន៍ជាបន្តបន្ទាប់។
លោកបានគូសបញ្ជាក់បន្ថែមថា បើទោះបីជាការដំឡើងនេះ មានកម្រិតតិចតួចក៏ដោយ ប៉ុន្តែនិយោជកដែលជាម្ចាស់រោងចក្រ សហគ្រាសក៏មានការលំបាកដូចគ្នា។ ហើយបើធៀបជាមួយនឹងប្រាក់ខែគោលជាមួយនឹងប្រទេសមួយចំនួនទៀត ដូចជា មីយ៉ាន់ម៉ា បង់ក្លាដេសជាដើម កម្ពុជានៅមានកម្រិតខ្ពស់ជាង។ បន្ថែមពីនេះ ពួកគេក៏អាចមានលទ្ធភាពទទួលបានប្រាក់បន្ថែម តាមរយៈការធ្វើការបន្ថែមម៉ោង និងប្រាក់អត្ថប្រយោជន៍ផ្សេងៗផងដែរ។
លោកមានប្រសាសន៍បន្តថា «ក្នុងកាលៈទេសៈនេះ គឺជាកាលៈទេសៈមួយលំបាកណាស់ ដែលយើងទទួលដឹង និងមើលឃើញជាក់ស្តែង ហើយចំណុចមួយទៀតដែលយើងគិតថាពិបាកដែរនោះគឺថាកម្ពុជាយើង ដៃម្ចាងកំពុងតែជួបភោគសព្វជាមួយនឹងប្រទេសថៃដែលបង្កនូវជម្លោះព្រំដែន។អ៊ីចឹងនេះគឺជាការលំបាកមួយរបស់រាជរដ្ឋាភិបាល»។
ទន្ទឹមគ្នា លោកគូសបញ្ជាក់បន្ថែមថា បើទោះបីជាការដំឡើងប្រាក់ខែគោលដល់កម្រិត២១០ដុល្លារក្នុងមួយខែក៏ដោយ ប៉ុន្តែនឹងមិនប៉ះពាល់ដល់លំហូវិនិយោគិនពីក្រៅប្រទេស(FDI) ឬភាពប្រកួតប្រជែងរបស់កម្ពុជាឡើយ ដោយប្រាក់ឈ្នួលគោលក្នុងកម្រិតនេះ គឺជាកម្រិតសមរម្យដែលអាចធ្វើឱ្យវិនិយោគិនបន្តវិនិយោគនៅកម្ពុជាបាន។
ថ្លែងប្រាប់អ្នកសារព័ត៌មាន នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥នេះ លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា ការវិវត្តថ្មីៗនៃព្រឹត្តិការផ្សេងៗ ក៏ដូចជាភាពមិនប្រកដប្រជា នៃសេដ្ឋកិច្ចពិភពលោកដែលកើតចេញពីការកំណត់ពន្ធបដិការរបស់សហរដ្ឋអាមេរិក អាចនឹងធ្វើឱ្យតម្រូវការទៅលើសម្លៀកបំពាក់ ភាពមិនប្រាកដប្រជា ដូច្នេះហើយទើបគ្រប់ភាគីទាំងអស់ស្នើសុំតួលេខ២០៨ដុល្លារ ហើយសម្តេចធិបតីសម្រេចបន្ថែម២ដុល្លារបន្ថែមទៀត។
លោកបន្ថែមថា ក្នុងពេលពិភាក្សាពីការកំណត់ប្រាក់ឈ្មួលគោលសម្រាប់ឆ្នាំ២០២៦ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាក៏គិតគូរផងដែរទៅលើបញ្ហាប្រឈមដែលអាចកើតមានឡើងចំពោះកម្មករនិយោជិត និងការរកយន្តការដោះស្រាយរួមគ្នា លើការគ្រប់គ្រងចំណាយរបស់កម្មករបាន ដើម្បីធ្វើយ៉ាងឱ្យកម្មករនិយោជិត រស់នៅបានសមរម្យ។
លោកគូសបញ្ជាក់យ៉ាងដូច្នេះថា«ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមារបស់យើងក៏បានពិភាក្សាគ្នាបន្ថែម អំពីយន្តការនៃការគ្រប់គ្រងចំណាយនៃការរស់នៅរបស់បងប្អូនកម្មករនិយោជិតរបស់យើង ហើយយើងនឹងរួមគ្នាតាមដាន ដើម្បីធ្វើម៉េចឱ្យការគ្រប់គ្រងថ្លៃឈ្នួលផ្ទះ ការចំណាយទៅលើថ្លៃទឹក ថ្លៃភ្លើង ឱ្យវាសមស្របហើយ កុំឱ្យមានកំណើនជាពិសេសថ្លៃភ្លើង ថ្លៃទឹក រាជរដ្ឋាភិបាលនឹងផ្តល់នូវអត្រាពិសេសដដែល ហើយក្នុងករណីដែលគាត់គិតលើស យើងនឹងសហការគ្នា ដើម្បីចុះទៅពិនិត្យដល់កន្លែង ហើយនឹងធ្វើការជាមួយរដ្ឋបាលថ្នាក់ក្រោម និងតួអង្គពាក់ព័ន្ធ ដើម្បីចុះទៅពិនិត្យជាក់ស្តែង»។
យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក្នុងរយៈពេល៨ខែឆ្នាំ២០២៥នេះ កម្ពុជាបាននាំចេញផលិតផលសម្លៀក ក្នុងតម្លៃ ៧.៧៣ពាន់លានដុល្លារ កើនឡើងប្រមាណ២០% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៤ ដែលមានតម្លៃជាង៦.៤៨ពាន់លានដុល្លារ។ ចំណែកការនាំចេញស្បែកជើងវិញ មានតម្លៃជាង១.៤ពាន់លានដុល្លារ កើនឡើង២៨.៦%។ ក្នុងនោះទីផ្សារអាមេរិក គឺជាទីផ្សារចម្បង ដែលស្រូបយកផលិតផលកាត់ដេរកម្ពុជា។
យ៉ាងនេះក្តី ក្នុងខណៈដែលកម្ពុជា ត្រូវបានអាមេរិកកំណត់ពន្ធបដិកាក្នុងកម្រិត១៩%ក្តី លោកបណ្ឌិត ហុងវណ្ណៈ មានសុទិដ្ឋនិយមថា វិស័យកាត់ដេរនៅកម្ពុជា នៅតែមានភាពប្រកួតប្រជែង និងបន្តទាក់ទាញលំហូរវិនិយោគពីក្រៅប្រទេស ព្រោះប្រទេសផ្សេងទៀតក៏ជាប់ពន្ធបដិកាដូចគ្នា ហើយប្រទេសខ្លះមានអត្រាលើសកម្ពុជាទៅទៀត ដូច្នេះហើយវិនិយោគិននឹងពិចារណាថា ការមកបណ្តាក់ទុនវិនិយោគនៅកម្ពុជាលើវិស័យនេះ នៅតែធ្វើឱ្យពួកគេមានឱកាសទទួលបាននូវប្រាក់ចំណេញ៕




