ព្រះគ្រូចៅអធិកា វត្តមុនីវណ្ណារាម ដឹកនាំប្រជាពលរដ្ឋជួសជុលស្ពានឈើមួយកន្លែង ប្រើបណ្ដោះអាសន្នសម្រួលការធ្វើដំណើរ ក្នុងស្រុកចិត្របុរី
17-09-2025 15:02
(ក្រចេះ)៖ កម្លាំងសាមគ្គីរបស់ប្រជាពលរដ្ឋនៅភូមិអន្ទង់វៀន ឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះ បានប្រមូលផ្ដុំដើម្បីធ្វើការជួសជុលស្ពានឈើមួយកន្លែងដែលរងការទ្រុនទ្រម មិនអាចធ្វើដំណើរឆ្លងកាត់បាន ខណៈផ្លូវវាងនៅចំណុច ទីតាំងនោះត្រូវបានជន់លិច ដោយសារទឹកភ្លៀងជាបន្តបន្ទាប់ពិបាកប្រជាពុទ្ធបរិស័ទរធ្វើដំណើរឆ្លងកាត់ទៅវត្ត។ ការជួសជុលស្ពានឈើមួយនេះក្រោមការដឹកនាំ និងស្នើសុំផ្ទាល់ពេលព្រះគ្រូ វុទ្ធី ព្រះគ្រូចៅអធិកា វត្តមុនីវណ្ណារាម (ហៅវត្តអន្ទង់វៀន) ដោយចំណាយថវិការបស់វត្តនិង និងសប្បុរសជនមួយចំនួនផងដែរ។
ប្រជាពលរដ្ឋនៅតំបន់នោះ បានបញ្ជាក់ថា ស្ពានឈើមួយនេះរោងការខូចខាតទ្រទ្រង់យូរឆ្នាំដែរហើយ និងបានជួសជុលប្រើប្រាស់បណ្ដោះអាសន្ន និងសម្រាប់ការធ្វើដំណើរបានតែថ្មើជើង និងកង់ម៉ូតូ ឬរថយន្តធុនតូចៗ ដោយឡែករថយន្តធំៗ អាចដឹកឆ្លងកាត់ផ្លូវវាងខាងក្រោមបាន។
ព្រះគ្រូ វុទ្ធី ព្រះគ្រូចៅអធិកា វត្តមុនីវណ្ណារាម មានសង្ឃដីកាថា ការជួសជុលធ្វើស្ពាននេះ ដើម្បីសម្រួលការធ្វើដំណើរបស់ពុទ្ធបរិស័ទជិតឆ្ងាយមកបំពេញបុណ្យកុសល ដាក់បិណ្ឌនៅវត្ត។ ម្យ៉ាងទៀត ដើម្បីសម្រួលដល់ការ ដែលធ្វើដំណើររបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននៅពេលយប់ ដែលមានបញ្ហាឈឺថ្កាត់ជាដើមពិបាក នៅក្នុងការដំណើរដោយសារខែនេះ ជារដូវភ្លៀងធ្លាក់ច្រើន ហើយទឹកហូរកាត់នៅក្រោមស្ពាន ហើយផ្លូវវាងនៅផ្នែកខាងក្រោម ជន់លិចមិនអាចឆ្លងកាត់បាន មិនមានជម្រើសនៅក្នុងការធ្វើដំណើរ។
ដូច្នេះបានជាព្រះអង្គ កៀរគរប្រជាពុទ្ធបរិស័ទចំណុះជើងវត្ត ប្រជាការពារភូមិ ចូលរួមជាកម្លាំងសាមគ្គី ដើម្បីធ្វើការជួសជុលស្ពាននេះអាចប្រើប្រាស់បណ្ដោះអាសន្នបាន ក្នុងរយៈការបុណ្យភ្ជុំបិណ្ឌនេះ ដើម្បីសម្រួលការធ្វើដំណើរ មានភាពងាយស្រួលសម្រាប់ប្រជាពលរដ្ឋ ដែលធ្វើដំណើរឆ្លងកាត់មកវត្ត ហើយចំពោះការចំណាយ គឺវត្តជាអ្នករ៉ាប់រងនៅក្នុងការចំណាយ ក្រៅពីនោះក៏មានសប្បុរសជនមួយចំនួនផងដែរ។
លោក លឹម ជាហាវ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តក្រចេះ បានឲ្យដឹងថា ផ្លូវមួយខ្សែនេះតាមផែនការ គ្រោងនឹងធ្វើការសាងសង់ថ្មីដោយចាក់កៅស៊ូ ដោយឡែកស្ពានឈើនៅទីតាំងខាងលើនេះ នឹងធ្វើជំនួសដោយស្ពានបេតុង នៅឆ្នាំនេះក្រោយពេលដាច់ទឹកភ្លៀង៕









