FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

គម្រោង CAPFISH-Capture ផ្ដល់នូវពន្លឺថ្មីដល់សិប្បកម្មត្រីងៀត ផ្អក អ៊ីពៅ ដើម្បីផ្គត់ផ្គត់ផលិតផលកាន់តែមានសុវត្ថិភាពដល់ទីផ្សារ និងមានតម្លៃសមរម្យ

12-09-2025 16:11

(កំពង់ចាម)៖ បង្កើតឡើងនៅក្នុងឆ្នាំ១៩៩២ សិប្បកម្មត្រីងៀត ផ្អក អ៊ីពៅ មានទីតាំងស្ថិតនៅភូមិបឹងស្នាយ សង្កាត់សំបូរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម ដែលមានលោកស្រី ទូច ពៅ ជាម្ចាស់សិប្បកម្ម។

សិប្បកម្មកែច្នៃត្រីងៀត ផ្អក អ៊ីពៅ បានចុះបញ្ជីជាមួយមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកំពង់ចាម ក្នុងឆ្នាំ២០២៣។ សហគ្រាសប្រមូល ត្រីស្រស់ពីវារីវប្បករក្នុងខេត្ត ប្រជានេសាទ ឈ្មួញ និងសមាជិក របស់សមាគមវារីវប្បករកម្ពុជា។

ដំបូងឡើយ ផលិតផលរបស់អាជីវកម្មលក្ខណៈគ្រួសារនេះ បានបម្រើដល់អតិថិជនមានប្រាក់ចំណូលទាប តែឥឡូវផលិតផលរបស់ អ៊ីពៅ បានបោះជំហានចូលទីផ្សារដែលលក់​បានតម្លៃខ្ពស់ និងមានអតិថិនជនខ្មែរ រស់នៅឯបរទេសផងដែរ ដោយសារការអនុវត្តអនាម័យការច្នៃប្រឌិតផលិតផល និងប្រើប្រាស់បច្ចេកវិទ្យា បានរួមចំណែកជំរុញកំណើននេះ។

សិប្បកម្មផលិតត្រីងៀត និងផលិតផលមានដូចជា ប្រហុកនិងម៉ាំកែច្នៃពីត្រីប្រា ត្រីរ៉ស់ ត្រីឆ្ពោះ និងត្រីកំភ្លាញ ត្រីងៀតជាដើម លក់ជាមធ្យមប្រចាំឆ្នាំគឺពី ៣៧តោនទៅ ៣៨តោនក្នុងមួយឆ្នាំ តាមគុណភាព និងតម្លៃខុសៗគ្នា អាស្រ័យតាមប្រភេទត្រីយកមកកែច្នៃ ការវេចខ្ចប់និងការបញ្ជាទិញរបស់អតិថិជន។

មុននឹងចូលរួមជាមួយគម្រោង CAPFISH-Capture, សិប្បកម្មនេះមានកង្វះខាតសម្ភារ និងបរិក្ខារសំខាន់ៗ ដូចជាឧបករណ៍សម្អាត ម៉ាស៊ីនអ៊ុតបឺតខ្យល់ ទូត្រជាក់ ម៉ាស៊ីន វេចខ្ចប់និងបិតស្លាកសញ្ញា។ សិប្បកម្មនេះ ក៏មិនទាន់មានវិញ្ញាបនបត្របញ្ជាក់សុវត្ថិភាពម្ហូបអាហារនៅឡើយ ហើយកំពុងប្រឈមនឹងបញ្ហាក្នុងការផ្សព្វផ្សាយផលិតផល ដើម្បីអាចឈានដល់ទីផ្សារដែលមានតម្លៃខ្ពស់នៅក្នុងស្រុក ក៏ដូចជានៅក្រៅប្រទេស។

ក្រោយមកក្រោមកិច្ចគាំទ្ររបស់គម្រោង CAPFISH-Capture សិប្បកម្មរបស់លោកស្រី ទូច ពៅ បានបង្កើនភាពប្រកួតប្រជែងនៅលើទីផ្សារ អមជាមួយឧបករណ៍ហាលសម្អាត ក្នុងបន្ទប់សម្អាតអនាម័យ ដែលបានបង្កើនទាំងសមត្ថភាពផលិត និងធានាអនាម័យ ឱ្យស្របតាមលក្ខខណ្ឌតម្រូវរបស់ CQS រួមទាំងការកែសម្រួលសម្ភារៈវេចខ្ចប់និងស្លាកសញ្ញា។ កិច្ចគាំទ្ររបស់គម្រោង ជួយសិប្បកម្មឱ្យអនុវត្តស្របតាម CQS ដោយជួយបង្កើនការលក់ពី ៣៦តោនទៅ ៤០តោនក្នុងមួយឆ្នាំ ហើយរំពឹងជាមួយនឹងតម្លៃកើន ២០%។ ការវិនិយោគនេះ បានជួយឱ្យសិប្បកម្មបង្កើនប្រាក់ចំណូល ផ្គត់ផ្គត់ផលិតផលកាន់តែមានសុវត្ថិភាព ដល់ទីផ្សារតម្លៃទាបនិងមធ្យម បង្កើតផលជះជាវិជ្ជមានដល់តួអង្គក្នុងខ្សែចង្វាក់តម្លៃជលផល តាមរយៈការបង្កើតការងារនិងប្រាក់ចំណូលជាដើម។

គម្រោង CAPFISH-Capture ក្រោមកញ្ចប់មូលនិធិពីសហភាពអ៊ឺរ៉ុប សហការអនុវត្តដោយរដ្ឋបាលជល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការអភិវឌ្ឍន៍ឧស្សាហកម្មសហប្រជាជាតិ​ UNIDO បានផ្ដល់នូវសម្ភារបរិក្ខារសំខាន់ៗដល់សិប្បកម្មនេះដូចជា៖

*ឧបករណ៍ហាលសម្អាតតម្លើងក្នុងបន្ទប់អនាម័យ៖ ១ ឈុត
*ម៉ាស៊ីនកិបគម្របដប៖ ១ គ្រឿង
*ម៉ាស៊ីនវេចខ្ចប់អ៊ុតបឺតខ្យល់៖ ១ គ្រឿង
*តុអ្វីណុកវេចខ្ចប់ផលិតផល៖ ៥ ឈុត
*ទូបង្កក៖ ៤ គ្រឿង
*ទូដាក់សម្លៀកបំពាក់៖ ២ ឈុត
*ទូត្រជាក់ទ្វារ៣៖ ៣ គ្រឿង
*ជ្រុញកាត់សាច់អនាម័យ៖ ៥ ឈុត
*ផ្ទាំងថាមពលសូឡា៖ ១ ឈុត
*កញ្ច្រែងប្លាស្ទិច៖ ២០
*ម៉ាស៊ីនបោះពុម្ពលេខកូដកាលបរិច្ឆេទ៖ ១ គ្រឿង
*សម្ភារបរិធានអនាម័យ (រួមទាំង PPEs)។

សិប្បកម្មកែច្នៃត្រីងៀត ផ្អក អ្វីពៅ បានចូលរួមទុនវិនិយោគជាមួយគម្រោង CAPFISH-Capture ប្រមាណ ៧៦% នៃចំនួនវិនិយោគសរុប ដើម្បីកែលម្អហេដ្ឋារចនាសម្ព័ន្ធរោងចក្រកែច្នៃឲ្យស្របតាមលក្ខខណ្ឌតម្រូវស្តង់ដារសុវត្ថិភាពអាហារ CQS ដោយផ្តោតលើការទទួលបានទីផ្សារថ្មីៗបន្ថែម។

សមិទ្ធិផលនេះ នឹងមិនអាចសម្រេចបានទេ ប្រសិនបើគ្មានការគាំទ្រយ៉ាងមោះមុតពីរដ្ឋបាលជលផល និងដៃគូក្នុងខ្សែចង្វាក់តម្លៃ ជលផល ជួយឱ្យសិប្បកម្មទទួលបានផលិតផលជលផលដែលមានគុណភាព និងសុវត្ថិភាពស្របតាមវិញ្ញាបនបត្រ CQS។ សិប្បកម្មបានផ្តល់ អាទិភាពលើការអនុវត្តស្តង់ដារសុវត្ថិភាពម្ហូបអាហារ បង្កើនប្រសិទ្ធិភាពផលិតកម្ម ដោយប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ នវានុវត្តន៍បៃតង ប្រព័ន្ធហាលសម្អាត និងម៉ាស៊ីនលេខកូដ។

មកទល់ពេលនេះ សិប្បកម្មលោកស្រីមានផលិតបានគ្រប់គ្រាន់ស្របតាមតម្រូវការ ដោយធ្វើការចែកចាយផលិតផលប្រមាណ ៣៨តោន ក្នុង១ឆ្នាំ ទៅកាន់ទីផ្សារក្នុងតំបន់ និងទីផ្សារតម្លៃថ្លៃ រួមទាំងអនិកជនក្រៅប្រទេស។ លោកស្រី ទូច ពៅ មានការលក់រំពឹងថាតម្លៃអាចនឹងកើនឡើង ១០% នាចុងឆ្នាំ២០២៥ ដោយសារមានកំណើននៃការបញ្ជាទិញតាមអនឡាញ។

ជារួម កិច្ចអន្តរាគមន៍របស់គម្រោង មិនត្រឹមតែបានបង្កើតផលជះជាវិជ្ជមានលើការបង្កើតប្រាក់ចំណូល ការកាត់បន្ថយភាពក្រីក្រ និងបង្កើត ការងារប៉ុណ្ណោះទេ តែបានដើរតួនាទីគន្លឹះដោះស្រាយបញ្ហាសុវត្ថិភាពម្ហូបអាហារ ការពារសុខភាពសាធារណៈ និងរួមចំណែលដល់ផលទុនក្នុងស្រុកផងដែរ៕