«ភូមិសន្តិភាព» ក្លាយជាគំរូអភិវឌ្ឍសហគមន៍ជនបទ ក្នុងខេត្តជាប់ព្រំដែនថៃ ក្រោមជំនួយរដ្ឋាភិបាលកូរ៉េខាងត្បូងចំនួន២០លានដុល្លារអាមេរិក
12-09-2025 15:55
(ភ្នំពេញ)៖ រដ្ឋាភិបាលកូរ៉េខាងត្បូង បានផ្តល់ជំនួយឥតសំណង២០លានដុល្លារ ចូលរួមអភិវឌ្ឍសហគមន៍ជនបទក្នុងខេត្តចំនួន៣ជាប់ព្រំដែនប្រទេសថៃរួមមាន ប៉ៃលិន បាត់ដំបង និងបន្ទាយមានជ័យ។
សហគមន៍ជនបទបានក្លាយជាគំរូនៃភាពធន់ និងការកែប្រែថ្មី ដោយសារកិច្ចសហការ និងការយល់ដឹងរបស់គម្រោង «ភូមិសន្តិភាព» គាំទ្រជំនួយឥតសំណងប្រមាណ ២០លានដុល្លារពីសាធារណៈរដ្ឋកូរ៉េ គ្រប់គ្រងដោយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) បានអនុវត្តន៍កម្មវិធីដូចខាងក្រោម៖
+ គំនិតផ្តួចផ្តើមគម្រោងភូមិសន្តិភាព៖
ក្រោមកម្មវិធីឧបត្ថម្ភរបស់រដ្ឋាភិបាលកូរ៉េ គំនិតផ្តួចផ្តើមភូមិសន្តិភាព មានគម្រោងពីរដែលផ្តោតលើខេត្តបាត់ដំបង បន្ទាយមានជ័យ និងប៉ៃលិន ដែលជាខេត្តគោលដៅសំខាន់ៗនៅភាគពាយ័ព្យនៃប្រទេសកម្ពុជា។
គម្រោងទីមួយបានចាប់ផ្តើមនៅឆ្នាំ២០២១ ផ្តោតលើការបោសសម្អាតមីន និងជំនួយដល់ជនរងគ្រោះ ដោយសហការជាមួយអាជ្ញាធរកម្ពុជា គ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន (CMAA) ដើម្បីធ្វើឱ្យដីមានសុវត្ថិភាពសម្រាប់ការរស់នៅ និងការដាំដុះ។ គម្រោងទីពីរបានចាប់ផ្តើមនៅឆ្នាំ២០២២ ដោយមានកិច្ចសហការជាមួយក្រសួងអភិវឌ្ឍន៍ជនបទ (MRD) ដើម្បីអនុវត្តការកែលម្អហេដ្ឋារចនាសម្ព័ន្ធជនបទឱ្យបានទូលំទូលាយ ការបង្កើនប្រាក់ចំណូលតាមរយៈកសិកម្ម និងការកសាងសមត្ថភាពសហគមន៍។
+ កិច្ចសហការរវាងសន្តិភាព និងការអភិវឌ្ឍន៍៖ វិធីសាស្រ្តដ៏មានប្រសិទ្ធភាព
គំនិតផ្តួចផ្តើមរបស់រដ្ឋាភិបាលកូរ៉េនេះ អនុវត្តវិធីសាស្ត្រ «ការផ្សារភ្ជាប់រវាងសន្តិភាព និងការអភិវឌ្ឍន៍» ដែលទទួលស្គាល់ថាសន្តិភាពយូរអង្វែង មិនអាចកាត់ផ្តាច់ពីវិបុល ភាព ការលើកកម្ពស់សមត្ថភាពសហគមន៍ និងការគ្រប់គ្រងដែនដីប្រកបដោយប្រសិទ្ធភាពនោះទេ។
ខាងក្រោមនេះ គឺជាសសរស្តម្ភសំខាន់ៗទាំងបីនៃទស្សនៈវិជ្ជារបស់គំនិតផ្តួចផ្តើមនេះ៖
* ការអភិវឌ្ឍគ្រប់ជ្រុងជ្រោយតាមខ្សែស្រប៖ ការបោសសម្អាតមីន និងការស្តារដីគ្រោះថ្នាក់ គឺត្រូវបានរួមបញ្ចូលគ្នាយ៉ាងរលូនជាមួយការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ។ ប្រព័ន្ធធារាសាស្ត្រ និងផ្លូវថ្នល់ត្រូវបានបង្កើតឡើងយ៉ាងឆាប់រហ័ស បន្ទាប់ពីប្រតិបត្តិការបោសសម្អាតមីន ដើម្បីធ្វើឱ្យដីមានសុវត្ថិភាព ហើយអាចប្រើប្រាស់សម្រាប់ផលិតកម្មបានភ្លាមៗ។ ដូចគ្នានេះដែរ ការរៀបចំប្រព័ន្ធបន្សុទ្ធទឹកស្អាតក្នុងសហគមន៍ សាលាមត្តេយ្យសិក្សា និងមណ្ឌលសុខភាព អាចដោះស្រាយបញ្ហាចាំបាច់និងតម្រូវការយូរអង្វែង ព្រមទាំងធានាថា សុវត្ថិភាពជាកាតាលីករចំពោះភាពលូតលាស់ដែលឈានទៅដល់ភាពមានស្ថេរភាពដ៏រឹងមាំ។
* ការអភិវឌ្ឍគ្រប់ជ្រុងជ្រោយតាមខ្សែបញ្ឈ៖ វឌ្ឍនភាព ត្រូវតែធ្វើឡើងស្របគ្នាជាមួយនឹងការវិនិយោគលើធនធានមនុស្ស និងស្ថាប័ន។ វិធីសាស្រ្តរបស់ទីភ្នាក់ងារកយកា គឺពង្រឹងសមត្ថភាពមូលដ្ឋានតាមរយៈការបណ្តុះបណ្តាលជាក់លាក់ស្តីពីអភិបាលកិច្ចភូមិដ្ឋានការគ្រប់គ្រងគម្រោងដែលជំរុញដោយភូមិ និងផ្ថល់ចំណេះដឹងផ្នែកហិរញ្ញវត្ថុរបស់សហគមន៍។ ការបង្កើតគណៈកម្មាធិការគ្រប់គ្រងទឹក ក្រុមប្រឹក្សាសហគមន៍ និងពង្រឹងសមត្តិភាពគណៈកម្មាធិការអភិវឌ្ឍន៍ភូមិ (VDCs) ធ្វើឱ្យប្រជាពលរដ្ឋក្លាយជាម្ចាស់នៃការអភិវឌ្ឍន៍សហគមន៍របស់ពួកគេ។ រចនាសម្ព័ន្ធទាំងនេះ គឺជាឆ្អឹងខ្នងនៃគណនេយ្យភាព និងនិរន្តរភាព ដែលអាចឱ្យសហគមន៍កំណត់ទិសដៅផ្ទាល់ខ្លួន លើសពីការគាំទ្រពីខាងក្រៅ។
* វិធីសាស្ត្រដែលដឹកនាំដោយសហគមន៍៖ ភាពជោគជ័យនៃគម្រោងនេះ គឺអាស្រ័យ លើការចូលរួមយ៉ាងសកម្មរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ ទីភ្នាក់ងារកយកា ផ្ដល់ការសម្របសម្រួលលើតម្រូវការ កិច្ចសហការ និងការវាយតម្លៃសមត្ថភាពជាមួយនឹងប្រជាពលរដ្ឋ ដែលជួយជំរុញអន្តរាគមន៍ក្នុងការអភិវឌ្ឍភូមិ។ សម្រាប់វិធីសាស្រ្តនេះ ចាប់តាំងពីការកំណត់តម្រូវការរបស់សហគមន៍ រហូតដល់ការអនុវត្ត ភូមិអាចស្វែងរកតម្រូវការរបស់ពួកគេ ហើយអនុវត្តគម្រោងដោយខ្លួនឯង ដូច្នេះវាជួយជំរុញភាពជាម្ចាស់ ការទទួលខុសត្រូវរួម និងសាមគ្គីភាពសង្គមដ៏រឹងមាំនៅក្នុងសហគមន៍។
+ ការផ្លាស់ប្តូរនៅក្នុងសហគមន៍៖ ហេដ្ឋារចនាសម្ព័ន្ធជនបទ ជីវភាពរស់នៅ សុខុមាលភាពសង្គម និងបរិយាកាសធុរកិច្ច
ផលជះនៃគម្រោងអភិវឌ្ឍន៍ចម្រុះនេះ បានធ្វើឱ្យមានការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់ ដែលប្រជាពលរដ្ឋក្នុងតំបន់បានទទួលស្គាល់យ៉ាងពិតប្រកដ។ ខាងក្រោមនេះគឺជាសមិទ្ធផលនានាដែលគម្រោងបានបង្កើតឡើង៖
* សុវត្ថិភាពក្នុងការរស់នៅ និងទទួលយកសេវានានា៖ ការបោសសម្អាតមីនលើផ្ទៃដីជាច្រើនហិកតា បានបើកច្រកសម្រាប់ការដាំដុះ និងការតាំងទីលំនៅ។ ការលើកកម្ពស់គុណភាពផ្លូវថ្នល់ និងប្រព័ន្ធធារាសាស្រ្ត បានតភ្ជាប់ភូមិដាច់ស្រយាលនានា ជាមួយមណ្ឌលស្រុក និងទីផ្សារ ដែលកាត់បន្ថយពេលវេលាធ្វើដំណើរ និងលើកកម្ពស់ជីវិតប្រចាំថ្ងៃរបស់គ្រួសាររាប់ពាន់ខ្នងផ្ទះ។
* សុខភាព និងអនាម័យកាន់តែប្រសើរឡើង៖ ការសាងសង់មណ្ឌលសុខភាពថ្មី ដូចជានៅក្នុងស្រុកម៉ាឡៃ នឹងនាំឱ្យសេវាសុខាភិបាលមូលដ្ឋានខិតទៅជិតលំនៅដ្ឋានប្រជាពលរដ្ឋដែលជាអ្នកត្រូវការសេវា និងធានាបាននូវការផ្គត់ផ្គង់ទឹកស្អាតដែលមានស្ថិរភាពសម្រាប់ការទទួលទាន ព្រមទាំងធ្វើឱ្យសុខុមាលភាពកាន់តែប្រសើរ និងកាត់បន្ថយភាពងាយរងគ្រោះ។
* ពង្រឹងសេវាផ្សព្វផ្សាយកសិកម្ម៖ កិច្ចសហការរបស់ទីភ្នាក់ងារកយការជាមួយដៃគូ បច្ចេកទេស ដូចជាអង្គការភ្នាក់ងារអភិេវឌ្ឍន៍សេដ្ឋកិច្ច និងកសិកម្មជនបទ (READA) ដែលជាអង្គការក្រៅរដ្ឋាភិបាលក្នុងស្រុកមានមូលដ្ឋាននៅខេត្តសៀមរាប បាននាំមកនូវវិធីសាស្រ្តកសិកម្មទំនើបដល់កសិករគ្រប់រូប សូម្បីតែអ្នកផលិតខ្នាតតូចបំផុត។ ការបណ្តុះបណ្តាលគ្របដណ្តប់លើការដាំដុះដំណាំ ការគ្រប់គ្រងសត្វល្អិតចង្រៃ ការគ្រប់គ្រងផលដំណាំ និងការទទួលបានទីផ្សារ។ សហគមន៍កសិករត្រូវបានពង្រឹងដោយការរៀបចំកិច្ចសន្យាកសិកម្ម និងការបង្កើតមជ្ឈមណ្ឌលប្រមូលផ្តុំថ្មី ដែលពេលនេះអនុញ្ញាតឱ្យកសិករខ្នាតតូចអាចជ្រៀតចូលទៅកាន់ទីផ្សារបានយ៉ាងទូលំទូលាយ បង្កើនប្រាក់ចំណូលគ្រួសារ និងអភិវឌ្ឍសេដ្ឋកិច្ចកសិកម្មប្រកបដោយភាពធន់។ កសិករម្នាក់បានចែករំលែកថា «នៅទីនេះ យើងមានដី ឧបករណ៍ថ្មីៗ និងសហគមន៍ដ៏រួបរួមមួយ។ ការបណ្តុះបណ្តាលផ្នែកកសិកម្មអនុញ្ញាតឱ្យយើងរកប្រាក់ចំណូល និងរៀនសូត្របន្ថែម ហើយពួកយើងកាន់តែរឹងមាំជាមួយគ្នាជាងពេលណាៗទាំងអស់»។
* ការពង្រឹងភាពជាដៃគូនៅក្នុងវិស័យឧស្សាហកម្មនិងក្រុមអ្នកស្រាវជ្រាវ៖ ការគាំទ្រ របស់ទីភ្នាក់ងារកយកា សម្រាប់សាកលវិទ្យាល័យក្នុងស្រុក ដូចជាសាកលវិទ្យាល័យ ជាតិបាត់ដំបង (NUBB) និងសាកលវិទ្យាល័យជាតិមានជ័យ តាមរយៈការពង្រឹង សមត្ថភាពស្រាវជ្រាវ បានជំរុញកិច្ចសហការយ៉ាងសកម្មរវាងឧស្សាហកម្មកសិកម្ម និងក្រុមអ្នកស្រាវជ្រាវ។ ឧទាហរណ៍ជាក់ស្តែងមួយ គឺការស្រាវជ្រាវស៊ីជម្រៅរបស់សាកលវិទ្យាល័យទៅលើប្រសិទ្ធភាពលើការអនុវត្តកសិកម្មល្អ (CamGAP) ដែលជាប្រព័ន្ធធានាសុវត្ថិភាពម្ហូបអាហារជាតិរបស់កម្ពុជាសម្រាប់វិស័យកសិកម្ម ដែលមានប្រសិទ្ធភាពចំពោះកសិករខ្នាតតូច។
* ការលើកទឹកចិត្តដល់អាជីវកម្មបង្កើតថ្មី (Startup) ក្នុងស្រុក៖ តាមរយៈការចូលរួម ក្នុងមូលនិធិរួមសម្រាប់មជ្ឈមណ្ឌលបណ្តុះអាជីវកម្មបង្កើតថ្មីក្នុងវិស័យកសិកម្មជាមួយសាកលវិទ្យាល័យជាតិបាត់ដំបង (NUBB) និង Khmer Enterprise ក្រុមនិស្សិតមួយចំនួនបានទទួលឱកាសដើម្បីបង្ហាញគំនិតអាជីវកម្មរបស់ពួកគេ។ លើសពីនេះ ដំណើរទស្សនកិច្ចសិក្សាទៅកាន់ទីតាំងគម្រោងកសិកម្មដែលគាំទ្រដោយ ទីភ្នាក់ងារកយការ ត្រូវបានរៀបចំឡើងសម្រាប់អ្នកទទួលបានពានរង្វាន់ ដើម្បីផ្តល់ឱ្យពួកគេនូវឱកាសដ៏ពិសេសមួយដើម្បីសង្កេតមើលដោយផ្ទាល់ពីដំណើរការរីកចម្រើន និងការអភិវឌ្ឍន៍របស់អាជីវកម្មបង្កើតថ្មីពិតប្រាកដ។
+ ការពង្រឹងសមត្ថភាព និងសាមគ្គីភាពសង្គម
គន្លឹះនៃប្រសិទ្ធភាពរបស់គម្រោងភូមិសន្តិភាព គឺផ្តោតលើមូលធនសង្គម និងភាពជាអ្នកដឹកនាំក្នុងមូលដ្ឋាន។ អ្នកតំណាងសហគមន៍ដែលត្រូវបានជ្រើសរើស ត្រួតពិនិត្យការបែងចែកដីធ្លី ការថែទាំហេដ្ឋារចនាសម្ព័ន្ធ និងការដោះស្រាយវិវាទក្នុងសហគមន៍។ សិក្ខាសាលាកសាងសមត្ថភាពជាទៀងទាត់បានផ្តល់ឱ្យគណៈកម្មាធិការទាំងនេះនូវឧបករណ៍ ដើម្បីគ្រប់គ្រងបញ្ហាប្រឈមដ៏ស្មុគស្មាញ ធានាការដាក់បញ្ចូល និងរៀបចំផែនការសម្រាប់ការរីកចម្រើននាពេលអនាគត។ អ្វីដែលសំខាន់នោះ គំរូទាំងនេះជួយរក្សាគ្រួសារឱ្យនៅជាមួយគ្នា និងពង្រឹងសមត្ថភាពយុវជន និងស្ត្រី ដែលជួយដល់ការពង្រឹងរចនាសម្ព័ន្ធសង្គមបន្ថែមទៀត។
លោកស្រី Choi Moon Jung នាយិកាការិយាល័យ ទីភ្នាក់ងារកយកាប្រចាំប្រទេសកម្ពុជា បានបរិយាយអំពីគំនិតផ្តួចផ្តើមនេះថា «ជាមូលដ្ឋានគ្រឹះសម្រាប់ភាពធន់របស់សហគមន៍ និងវឌ្ឍនភាពយូរអង្វែង។ តាមរយៈការតភ្ជាប់សន្តិភាព ការអភិវឌ្ឍន៍ និងអភិបាលកិច្ចមូលដ្ឋានដែលមានសមត្ថភាព យើងជួួយជំរុញឱ្យភូមិឆ្ពោះទៅរកអនាគតដ៏ភ្លឺស្វាងប្រកបដោយទំនុកចិត្ត»។
+ ផលជះជាតួលេខ
* ផ្ទៃដីចម្ការមីន ៦៣គីឡូម៉ែត្រក្រឡា ស្ថិតនៅភាគពាយ័ព្យនៃប្រទេសកម្ពុជា ត្រូវបានបោសសម្អាត និងផ្លាស់ប្តូរទៅជាដីកសិកម្មប្រកបដោយផលិតភាពសម្រាប់ប្រជាពលរដ្ឋជាង ២០០,០០០នាក់។
* ជនរងគ្រោះដោយសារមីន ៥១៥ នាក់ បានទទួលការបណ្តុះបណ្តាលវិជ្ជាជីវៈ
* គ្រួសារជាង ២,៤០០ នៅទូទាំងភូមិគោលដៅចំនួន៣០ បានទទួលការគាំទ្រ ដោយផ្ទាល់សម្រាប់ការបង្កើតប្រាក់ចំណូល និងការកែលម្អហេដ្ឋារចនាសម្ព័ន្ធ។
* រៀបចំកិច្ចប្រជុំជុំវិញវិស័យកសិកម្មជាមួយអ្នកពាក់ព័ន្ធចំនួន ១០០លើក ដែលមានដូចជា កសិករ ឈ្មួញកណ្តាល អ្នកចែកចាយ និងអ្នកលក់រាយ។
* គាំទ្រការត្រួតពិនិត្យគុណភាពទឹកចំនួន ៦០០ដង ដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត។
+ សេចក្តីសន្និដ្ឋាន៖ គំរូអភិវឌ្ឍន៍ជនបទថ្មី
ការគាំទ្រដ៏ទូលំទូលាយរបស់រដ្ឋាភិបាលកូរ៉េនៅភាគពាយ័ព្យនៃប្រទេសកម្ពុជា បានត្រួសត្រាយផ្លូវសម្រាប់ការរៀបចំគំរូនៃការអភិវឌ្ឍន៍សហគមន៍ជនបទប្រកបដោយប្រសិទ្ធិភាព។ សេចក្តីប្រកាសរបស់ក្រសួងអភិវឌ្ឍន៍ជនបទ (MRD) កាលពីពេលថ្មីៗនេះ ស្តីពីគោលនយោបាយ «ភូមិគំរូ» នៅទូទាំងប្រទេស គឺបានមកពីសមិទ្ធផលនៃគំនិតផ្តួចផ្តើមនេះ។ នៅពេលគម្រោងនេះនឹងត្រូវបញ្ចប់នៅឆ្នាំ២០២៦ ការគាំទ្រកម្រិតគោលនយោបាយទាន់ពេលវេលាពីសំណាក់រដ្ឋាភិបាលកម្ពុជា អាចជាកត្តាជំរុញឱ្យមានការអភិវឌ្ឍន៍ជនបទនៅទូទាំងប្រទេសកម្ពុជា៕












