អភិបាលខេត្តត្បូងឃ្មុំ សម្ពោធដាក់ឲ្យប្រើប្រាស់អគារវះកាត់ ១ខ្នង ក្នុងក្រុងសួង ដើម្បីជួយបង្កើនលទ្ធភាពក្នុងការពិនិត្យព្យាបាលជូនពលរដ្ឋ
11-09-2025 22:14
(ត្បូងឃ្មុំ)៖ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥នេះ អគារវះកាត់ សម្ភព និងរោគស្ត្រី ក្នុងមន្ទីរពេទ្យបង្អែកព្រះនរោត្តម សីហនុត្បូងឃ្មុំ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីលោក ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ និងលោក រ័ត្ន ច័ន្ទសុភា ប្រធានសមាគមនិកាយសាសនាចក្រ នៃព្រះយេស៊ូវគ្រីស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយប្រចាំប្រទេសកម្ពុជា។ អគារ១ខ្នងនេះ ស្ថិតនៅក្រុងសួង ខេត្តត្បូងឃ្មុំ ក្រោមជំនួយឧបត្ថម្ភពីសមាគមនិកាយសាសនាចក្រ នៃព្រះយេស៊ូវគ្រីស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ។
បើតាមការឲ្យដឹងពីលោកវេជ្ជបណ្ឌិត កែវ វណ្ណៈ ប្រធានមន្ទីរសុខាភិបាលខេត្ត អគារមន្ទីរពេទ្យថ្មី ១ខ្នងនេះ មានទំហំ ១៧,៥ម៉ែត្រ x ២៦ម៉ែត្រ មាន៩បន្ទប់ នឹងប្រើប្រាស់ជាមធ្យោបាយសម្រាប់ផ្តល់សេវាបង្គ្រប់កម្រិត២ ដែលមានផ្នែកសម្ភព, រោគស្ត្រី, វះកាត់តូច-ធំ, ជំងឺទូទៅមនុស្សចាស់-កុមារ, និងសេវាផ្សេងទៀត។
អគារ១ខ្នងថ្មីនេះ ត្រូវបានជួសជុលកែលម្អ ដោយសមាគមនិកាយសាសនាចក្រ នៃព្រះយេស៊ូវគ្រីស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយប្រចាំប្រទេសកម្ពុជា ចំណាយពេលសាងសង់អស់រយៈពេល ៦ខែ ចាប់ពីខែមិនា ដល់ខែសីហា ឆ្នាំ២០២៥នេះ មានជាសំណង់អគារ ព្រមទាំងបំពាក់គ្រឿងបរិក្ខារវេជ្ជសាស្ត្រ និងគ្រឿងសង្ហារឹម ជាច្រើនមុខ។
ក្នុងឱកាសនោះ លោក ប៉ែន កុសល្យ បានលើកឡើងថា អគារ១នេះ គឺជាសមិទ្ធិផលថ្មីមួយបន្ថែមទៀត សម្រាប់ខេត្តត្បូងឃ្មុំ ក៏ដូចជាក្រុងសួង ក្នុងឆ្នាំ២០២៥ ហើយក៏ជាសក្ខីភាពរួម ក្នុងការអនុវត្តកម្មវិធីគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា«ការពង្រីកការផ្តល់សេវាសុខាភិបាលឆ្ពោះទៅកាន់ការគ្របដណ្តប់សុខភាពជាសកល» ដែលនេះជាការចូលរួមលើកស្ទួយវិស័យសុខាភិបាល សម្រាប់ការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
លោក ប៉ែន កុសល្យ ក៏បានថ្លែងអំណរយ៉ាងជ្រាលជ្រៅ ចំពោះសមាគមនិកាយសាសនាចក្រ ដែលបានជួសជុលកែលម្អអគារវះកាត់នេះ ដែលនេះជាគម្រោងមនុស្សធម៌ដ៏ថ្លៃថ្លា ពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការចូលរួមលើក កម្ពស់វិស័យសុខាភិបាលនៅកម្ពុជា និយាយជារួម និងនិយាយដោយឡែក ក្នុងខេត្តត្បូងឃ្មុំនេះផ្ទាល់តែម្តង។
ឆ្លៀតក្នុងឱកាសនោះ លោកអភិបាលខេត្ត ក៏បានផ្តល់ជាទស្សនទានមួយចំនួនផងដែរ ដល់ថ្នាក់ដឹកនាំ និងមន្ត្រីសុខាភិបាល នៅទូទាំងខេត្តត្បូងឃ្មុំទាំងមូល ដើម្បីចូលរួមចំណែកលើកស្ទួយសមត្ថភាព និងឆន្ទៈ ក្នុងការអនុវត្តភារកិច្ច របស់មន្ត្រីសុខាភិបាលប្រកបដោយ គុណភាព សុវត្ថិភាព និងមានប្រសិទ្ធភាព និងកាន់តែមានជំនឿទុកចិត្ត មកលើប្រព័ន្ធសុខាភិបាល៕












