FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ភរិយាអភិបាលខេត្តពោធិ៍សាត់ ចុះសួរសុខទុក្ខស្រ្តីមានផ្ទៃពោះ ស្ត្រីសម្រាលកូនរួច ស្ត្រីត្រៀមសម្រាល នៅមណ្ឌលសុខភាពប្រម៉ោយ និងអ្នកផ្ទុកមេរោគអេដស៏ដល់ខ្នងផ្ទះ

11-09-2025 13:29

(ពោធិ៍សាត់)៖ លោកស្រី អាំង សុជាតា ខូយរីដា អនុប្រធានកិត្តិយស និងជាប្រធានក្រុមការងារឥស្សរជនឆ្នើម ថ្នាក់សាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ អមដំណើរដោយលោកស្រី មុំ ចន្ធី នាយិការងនាយកដ្ឋានសុខភាព ព្រមទាំងសហការី នាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ បានអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ មកចែកជូនដល់ស្រ្តីមានផ្ទៃពោះ ស្ត្រីសម្រាលកូនរួច ស្ត្រីត្រៀមសម្រាល ចំនួន០៨នាក់ នៅមណ្ឌលសុខភាពប្រម៉ោយ និងអ្នកមានផ្ទុកមេរោគអេដស៏ ចំនួន០៣នាក់ ដល់ខ្នងផ្ទះ ដែលរស់នៅក្នុងឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។

អំណោយមនុស្សធម៌ ដែលត្រូវចែកជូនស្រ្តីមានផ្ទៃពោះ ស្ត្រីសម្រាលកូនរួច ស្ត្រីត្រៀមសម្រាល ចំនួន០៨នាក់ នៅមណ្ឌលសុខភាពប្រម៉ោយ ក្នុងម្នាក់ៗទទួលបាន ថវិកា៥ម៉ឺនរៀល ទឹកដោះគោឆៅ១យួរ សាប៊ូដុសខ្លួន២ដុំ ស្ករស១គីឡូក្រាម សាប៊ូម្សៅ១ថង់ ម្សៅកូនង៉ា១កំប៉ុង និងខោអាវក្មេង២ឈុត។ និងដោយឡែកចំពោះអ្នកផ្ទុកមេរោគអេដស៏ នៅតាមខ្នងផ្ទះ ចំនួន០៣នាក់ ក្នុងម្នាក់ៗទទួលបាន ថវិកា៥ម៉ឺនរៀល អង្ករ៣០គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកស៊ីអ៊ីវ១យួរ និងឃីតមួយកញ្ចប់។

នៅក្នុងឱកាសសំណេះសំណាល និងសួរសុខទុក្ខនោះ លោកស្រី អាំង សុជាតា ខូយរីដា បានជម្រាបជូនថា យោងតាមអនុសាសន៍ របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជន ឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួម អគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាព ស្រ្តី ជាមាតា ទារក និងកុមារ ក៏ដូចលោក ខូយ រីដា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្ត សម្តេច និងលោក តែងតែណែនាំដល់សាខា អនុសាខា ត្រូវយកចិត្តទុកដាក់គិតគូរ ព្រោះថាស្ត្រីដែលចាប់ពីមានផ្ទៃពោះ តាំងពីខែដំបូងត្រូវទៅពិនិត្យ ផ្ទៃពោះ ជាប្រចាំ ទៅតាមការកំណត់របស់ក្រុមគ្រូពេទ្យឆ្មប នៅតាមមណ្ឌលសុខភាពនានា ដែលនៅជិតផ្ទះ។

ដូច្នេះហើយបានជាក្រុមការងារឥស្សរជនឆ្នើមថ្នាក់សាខា បានចុះមកសំណេះសំណាល និងនាំយកអំណោយមនុស្សធម៌មកចែកជូនស្ត្រីមានផ្ទៃពោះ ស្ត្រីត្រៀមសំរាល ស្ត្រីទើបសំរាលកូន និងអ្នកផ្ទុកមេរោគអេដស៏ នៅមណ្ឌលសុខភាពប្រម៉ោយ និងដល់ខ្នងផ្ទះនាពេលនេះ មិនច្រើនតែក៏អាចជួយសម្រាលបន្ទុកនូវការលំបាកក្នុងរយៈពេលខ្លី។

លោកស្រីបានថ្លែងអំណរគុណ ចំពោះអាជ្ញាធរដែនដី ព្រះសង្ឃ និងសប្បុរសជន ដែលតែងតែចូលរួមជាមួយរដ្ឋបាលខេត្ត ស្រុកក្រុងទាំងថវិកា និងកម្លាំងកាយ ដើម្បីធ្វើកិច្ចការមនុស្សធម៌។ លោកស្រីក៏បានលើកទឹកចិត្តឱ្យស្ត្រីគ្រប់ៗរូប និងលោកតា លោកយាយ និងបងប្អូនជនពិការ បន្តការប្រកបរបរ ដើម្បីចិញ្ចឹមជីវិតប្រចាំថ្ងៃ ដាំដំណាំ ចិញ្ចឹមសត្វ ក្នុងគោលបំណងកាត់បន្ថយ នៃការចំណាយថវិកា ពីការទិញមកពីខាងក្រៅ អ្វីដែលសំខាន់បន្លែទាំងនោះ គ្មានជាតិគីមី មិនប៉ះពាល់ សុខភាពថែមទៀតផង។

លោកស្រី ក៏បានក្រើនរំលឹកដល់អាជ្ញាធរភូមិឃុំ ត្រូវចុះជាប់ជាប្រចាំជាមួយបងប្អូនប្រជាពលរដ្ឋ ត្រូវធ្វើការតាមដានស្ថានភាពជីវភាពរបស់ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ពីវិបត្តិ នៃជំងឺហានិភ័យ និងបន្តពិនិត្យលទ្ធភាព ដើម្បីចូលរួមចំណែកជួយប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា នៅក្នុងមូលដ្ឋានរបស់ខ្លួន តាមអនុសាសន៍សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា មិនឱ្យអ្នកណាម្នាក់ស្លាប់ដោយសារភាពអត់ឃ្លានឡើយ។ បន្ថែមពីនេះទៀត សូមឱ្យលោកតា លោកយាយ ក៏ដូចប្រជាជនគ្រប់រូបឱ្យយកទុកដាក់ចិត្ត ចំពោះបញ្ហាសុខុមាលភាព មិនត្រូវធ្វេសប្រហែសឡើយ គឺត្រូវហូបស្អាត ផឹកស្អាត រស់នៅស្អាត ប្រកបដោយបរិស្ថានអនាម័យ៕