ក្រុមហ៊ុនដ៏ធំ និងឈានមុខគេពីខេត្ត Guilin នៃប្រទេសចិនគ្រោងបោះទុនវិនិយោគ ក្នុងគម្រោងអភិវឌ្ឍទេសចរណ៍ដ៏ទំនើប និងប្រើប្រាស់បញ្ញាសប្បនិមិត្ត
11-09-2025 11:59
(ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ បានអនុញ្ញាតជូនលោក MA Tieqiao អគ្គនាយកក្រុមហ៊ុន Guilin Junda Transportation និងសហការី ចូលជួបសំដែងការគួរសម ពិភាក្សាការងារ និងស្នេីសុំអនុសាសន៍ដ៏ខ្ពង់ខ្ពស់ ព្រមទាំងកិច្ចសហការគាំទ្រលើគម្រោងវិនិយោគក្នុងវិស័យទេសចរណ៍ នាទីស្តីការក្រសួង។
រដ្ឋមន្រ្តី ហួត ហាក់ បានថ្លែងអំណរគុណ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើម បោះទុនវិនិយោគរបស់ក្រុមហ៊ុនដែលបានចាប់អារម្មណ៍លើ សក្តានុពលទេសចរណ៍ប្រកបដោយថាមពលរបស់កម្ពុជា ដែលជាទីផ្សារទើបនឹងរះ ព្រមទាំងការជឿជាក់ដ៏មុតមាំ លើការដឹកនាំប្រកបដោយគតិបណ្ឌិត ត្រឹមត្រូវ និងចក្ខុវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបន្តធានានូវកត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ សេដ្ឋកិច្ច និងសង្គម ជួយឱ្យមានការអភិវឌ្ឍឥតឈប់ឈរលើគ្រប់វិស័យ ជាពិសេសហេដ្ឋារចនាសម្ព័ន្ធគាំទ្រដល់វិស័យទេសចរណ៍ និងការធានាសុខសុវត្ថិភាពដល់អ្នកទេសចរជាតិ និងអន្តរជាតិ។
រដ្ឋមន្ត្រី ហួត ហាក់ បានគូសបញ្ជាក់ថា ជំនួបនាពេលនេះជាជំហានមួយឈានទៅដល់ការអនុវត្តជាក់ស្តែងនៃគម្រោងវិនិយោគដ៏ធំ និងមានសារៈសំខាន់ ដល់វិស័យវិនិយោគ ព្រមទាំងជូនពរដល់លោកអគ្គនាយកក្រុមហ៊ុន និងសហការី ឱ្យទទួលបានជោគជ័យ ប្រកបដោយផ្លែផ្កាក្នុងដំណេីរទស្សនកិច្ចសិក្សាសមិទ្ធិភាពនៃគម្រោងវិនិយោគ នៅកម្ពុជានាពេលនេះ។
ជាការឆ្លើយតប លោកអគ្គនាយកក្រុមហ៊ុន បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនរដ្ឋមន្ត្រី ហួត ហាក់ និងថ្នាក់ដឹកនាំក្រសួងទេសចរណ៍ ដែលបានអនុញ្ញាតផ្ដល់ឱកាសចូលជួបសំដែងការគួរសម ពិភាក្សាការងារ និងផ្ដល់នូវអនុសាសន៍ណែនាំល្អៗ លើគម្រោងរបស់ក្រុមហ៊ុន៕









