ថ្ងៃទី៣! អ្នកសារព័ត៌មាន៣៧រូប មករួមជាមួយអង្គការស្ថាប័នពាក់ព័ន្ធបន្តចុះផលិតព័ត៌មាននៅសហគ្រាស សាន់នីហ្វីស ខេត្តសៀមរាប
10-09-2025 13:17
(ភ្នំពេញ)៖ ដំណើរទស្សនកិច្ចលើកទី៣ បិទបញ្ចប់គម្រោង CAPFISH-Capture របស់អ្នកសារព័ត៌មានប្រមាណ ២១អង្គភាព បានបន្តផលិតព័ត៌មានពីសក្តានុពល សហគ្រាស សាន់នីហ្វីស ដែលមានទីតាំងស្ថិតនៅភូមិបុស្សក្រឡាញ់ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប។
ដំណើរទស្សនកិច្ចអ្នកសារព័ត៌មាន លើកទី៣នេះ ដឹកនាំដោយ កញ្ញា អ៊ឹម រចនា អនុរដ្ឋលេខាធិការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកបណ្ឌិត Seetharama Shetty THOMBATHU ប្រធាន ទីប្រឹក្សាបច្ចេកទេស នៃអង្គការអភិវឌ្ឍន៍ឧស្សាហកម្មសហប្រជាជាតិ ហៅ កាត់ ថា (UNIDO) និងសហការី រួមជាមួយតំណាងពីសហភាពអឺរ៉ុប EU និងតំណាងរដ្ឋបាល ជលផល FiA ផងដែរ។
កម្មវិធីនេះគឺជាឱកាសសម្រាប់ អ្នកសារព័ត៌មានបានចុះជួបផ្ទាល់ ផ្តិតរូបភាពពីខ្សែច្រវាក់ផលិតកម្មកែច្នៃម្សៅប្រហុក បង្កើនការផ្សព្វផ្សាយដល់សាធារណជន អំពីផលិតផលរបស់ខ្មែរ ដែលមានគុណភាព សុវត្ថិភាព និងប្រកបដោយស្តង់ដារខ្ពស់។
សូមបញ្ជាក់ថា កម្មវិធីទស្សនកិច្ចសិក្សា និងផ្សព្វផ្សាយលើកទី៣នេះ ជាពេលវេលា និងឱកាសចុងក្រោយ ដើម្បីបង្ហាញអំពីសមិទិ្ធផល របស់ គម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល (CAPFISH-Capture) ទទួលហិរញ្ញប្បទានពីសហភាពអឺរុប នឹងបិទបញ្ចប់នាខែធ្នូ ឆ្នាំ២០២៥។
នេះគឺជាលើកទី៣ហើយ ដែលក្រសួង និងអង្គការ UNIDO សហការរៀបចំដំណើរទស្សនកិច្ចអ្នកសារព័ត៌មាន ដោយដំណើរទស្សនកិច្ចលើកទី១ រៀបចំធ្វើកាលពី ខែកញ្ញា ឆ្នាំ២០២៣ និងដំណើរទស្សនកិច្ចលើកទី២ រៀបចំធ្វើកាលពីខែកក្កដា ឆ្នាំ២០២៤ បានទទួលជោគជ័យគួរជាទីមោទនៈ។
សូមជម្រាបថា ដំណើរទស្សនកិច្ចសិក្សា សម្រាប់អ្នកសារព័ត៌មានជា លើកទី៣ ទៅកាន់សហគ្រាសកែច្នៃផលិតផល ជលផល (ប្រហុក និងម៉្សៅប្រហុក) ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥នៅរាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តកំពង់ធំ និងខេត្តកំពង់ចាម ដើម្បីដឹកនាំចុះទៅ រោងចក្រផលិត និងកែច្នៃប្រហុកម៉្សៅ និងសហគ្រាសផ្គត់ផ្គង់ប្រហុកGI (ម៉ាកសម្គាល់ភូមិសាស្រ្ត) ដែលមានវិញ្ញាបនបត្រ CQS៕



























