FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មន្ដ្រីសុខាភិបាល៖ បច្ចេកវិទ្យាសុខាភិបាលកាន់តែទំនើប តម្រូវការឈាមកាន់តែច្រើន ដើម្បីជួយសង្គ្រោះជីវិតមនុស្ស

10-09-2025 12:23

(ភ្នំពេញ)៖ លោកវេជ្ជបណ្ឌិត ខៃ សុខហេង អនុប្រធានការិយាល័យបច្ចេកទេសរបស់មជ្ឈមណ្ឌលជាតិផ្តល់ឈាម នៃក្រសួងសុខាភិបាល បានថ្លែងថា បច្ចេកវិទ្យាសុខាភិបាលកាន់តែទំនើប តម្រូវការឈាមកាន់តែច្រើន សម្រាប់ជួយសង្គ្រោះជីវិតជនរងគ្រោះ។

បើតាមមន្ដ្រីខាងលើបានគូសរំលេចថា ពីមួយឆ្នាំទៅមួយឆ្នាំ ការស្ម័គ្រចិត្តបរិច្ចាគឈាម មានការកើនឡើងជាលំដាប់ ដោយសារការយល់ដឹង និងចូលរួមកាន់តែច្រើនពីប្រជាពលរដ្ឋ តបតាមការអំពាវនាវជារឿយៗរបស់ថ្នាក់ដឹកនាំ ពិសេសក្រោយមានការអំពាវនាវដ៏ខ្ពង់ខ្ពស់សម្ដេចតេជោ ហ៊ុន សែន កាលពីឆ្នាំ២០១១។ ទន្ទឹមជាមួយគ្នា តម្រូវការនៃការប្រើប្រាស់ឈាម ក៏កើនឡើងដូចគ្នា ដ្បិតឥលូវអ្នកជំងឺក៏មានច្រើន ហើយបច្ចេកវិទ្យាសុខាភិបាលក៏កាន់តែទំនើប និងរីកចម្រើន។

ការគូសបញ្ជាក់នេះ ធ្វើឡើងក្នុងកម្មវិធីបរិច្ចាគឈាមប្រចាំឆ្នាំរបស់ក្រុមហ៊ុន ខេមបូឌា ស៊ីឃ្យូរីធី ខប ដល់មជ្ឈមណ្ឌលជាតិផ្ដល់ឈាម នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥នេះ ។ លោកបានអរគុណថ្នាក់ដឹកនាំ និងបុគ្គលិកក្រុមហ៊ុន ដែលតែងចូលរួមចំណែកក្នុងការងារមនុស្សធម៌នេះយ៉ាងសកម្មជារៀងរាល់ឆ្នាំ ដែលជាការផ្ដល់នូវគុណតម្លៃដ៏មហាសាលសម្រាប់អ្នកជំងឺដែលត្រូវការឈាមជាចាំបាច់។

លោកវេជ្ជបណ្ឌិត ខៃ សុខហេង បន្ដថា «ហេតុអ្វីខ្ញុំថា បច្ចេកវិទ្យាសុខាភិបាល កាន់តែទំនើប ត្រូវការឈាមច្រើន? ឧទាហរណ៍ ដូចជាការវះកាត់បេះដូង ឬការព្យាបាលជំងឺផ្សេងៗ ដូចជាជំងឺមហារីកជាដើម ទាមទារការចាក់បញ្ចូលឈាម។ ការវះកាត់បេះដូង បើគ្មានឈាមទេ គ្រូពេទ្យពិបាកនឹងធ្វើការវះកាត់ណាស់ ព្រោះប្រើពេលយូរ។ នេះជាកត្ដាសំខាន់ ការចូលរួមរបស់សប្បុរសជន និងវិស័យជនទាំងអស់ហ្នឹងហើយ គឺជាអំពើមនុស្សធម៌មួយដ៏ប្រពៃបំផុត ដែលបានផ្តល់ក្តីសង្ឃឹមជាថ្មីដល់អ្នករងគ្រោះ ដែលត្រូវការឈាម»។

លោក Jeon Beombae បានលើកឡើងថា ដោយសារមើលពីតម្រូវការ និងគុណតម្លៃមិនអាចកាត់ថ្លៃបាននៃឈាម ទើបលោកផ្ដួចផ្ដើមរៀបចំកម្មវិធីបរិច្ចាគឈាមនេះឡើងជារៀងរាល់ឆ្នាំប្រមាណ ១០មកហើយ ជាក់ស្ដែងអ្នកចូលរួមបរិច្ចាគឆ្នាំនេះ ប្រមាណ ៩០% ជាបុគ្គលិកក្រុមហ៊ុន និង ១០% ជាមិត្ដភ័ក្ដ្រ និងជាក្រុមគ្រួសាររបស់បុគ្គលិក ។ ដូច្នេះលោកសង្ឃឹមថា ការងារមនុស្សធម៌នេះ នឹងក្លាយជាគំរូមួយដល់ប្រជាពលរដ្ឋ ក៏ដូចជាវិស័យឯកជនផ្សេងៗ ក្នុងការរួមចំណែកក្នុងការងារសង្គម តាមរយៈការបរិច្ចាគឈាមទាំងអស់គ្នា។

លោកបន្ដថា «តម្លៃនៃឈាម មិនអាចកាត់ថ្លៃបានទេ មានន័យថា មិនអាចយកលុយដើម្បីដោះដូរបានទេ ព្រោះការបរិច្ចាគឈាម គឺជាការជួយសង្គ្រោះជីវិតមនុស្ស ពេលមានគ្រោះថ្នាក់ មានជំងឺ ឬខ្វះខាតឈាមដោយប្រការណាមួយ ។ អ៊ីចឹងឈាមនេះ មានតម្លៃណាស់ សម្រាប់ជីវិតមនុស្សម្នាក់ៗ ដើម្បីជួយសង្គ្រោះជីវិតមនុស្សទូទៅ ។ ហេតុនេះយើងគួរតែចូលរួមបរិច្ចាគទាំងអស់គ្នា ហើយខ្ញុំនឹងបន្ដកម្មវិធីមនុស្សធម៌នេះជារៀងរាល់ឆ្នាំ អាច ១ឆ្នាំម្ដង ឬ ២ដង តាមដែលធ្វើបាន ព្រោះខ្ញុំគិតថា ការបរិច្ចាគឈាម គឺល្អទាំងសុខភាព និងជួយសង្គ្រោះជីវិតមនុស្សថែមទៀត»៕