នគរបាលប្រឆាំងគ្រឿងញៀនកម្ពុជា ប្រជុំពិភាក្សាផ្លាស់ប្តូរបទពិសោធន៍ការងារភាគីឡាវ ដើម្បីពង្រឹងប្រសិទ្ធភាពលើកិច្ចការបង្ការ ទប់ស្កាត់ និងប្រឆាំងគ្រឿងញៀន
08-09-2025 14:45
(វៀងចន្ទ)៖ ដោយមានការអនុញ្ញាតពីនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការនគរបាលជាតិ ក្រសួងមហាផ្ទៃកម្ពុជា ដឹកនាំគណៈប្រតិភូ ចូលរួមប្រជុំពិភាក្សាផ្លាស់ប្តូរបទពិសោធន៍ការងារទ្វេរភាគីជាមួយភាគីសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដឹកនាំដោយលោកវរេសនីយ៍ឯក Phoxay Sayyavong ប្រធាននាយកដ្ឋានបង្ការទប់ស្កាត់ និងប្រឆាំងគ្រឿងញៀននៃអគ្គនាយកដ្ឋានតម្រួត ក្រសួងសន្តិសុខសាធារណៈឡាវ នៅសណ្ឋាគារ Loa Plaza ទីក្រុងវៀងចន្ទន៍ សារធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។
លោកវរេសនីយ៍ឯក Phoxay Sayyavong បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះការអញ្ជើញមកបំពេញបេសកកម្ម ក្នុងប្រទេសឡាវរយៈពេល៤ថ្ងៃ និងចូលរួមកិច្ចប្រជុំផ្លាស់ប្តូរបទពិសោធន៍ការងារបង្ការ ទប់ស្កាត់ និងប្រឆាំងគ្រឿងញៀន របស់ឧត្តមសេនីយ៍ឯក យឹង សារ៉ាត់ ព្រមទាំងសហការី។
លោកវរេសនីយ៍ឯក Phoxay Sayyavong បានបន្តថា នាយកដ្ឋាននគរបាលបង្ការ ទប់ស្កាត់ និងប្រឆាំងគ្រឿងញៀន ជានាយកដ្ឋានជំនាញមួយ ដែលស្ថិតនៅក្រោមអគ្គនាយកដ្ឋានតម្រួត ក្រសួងសន្តិសុខសាធារណៈ មានតួនាទីធ្វើការងារបង្ការ ទប់ស្កាត់ និងប្រឆាំងគ្រឿងញៀន នៅក្នុងក្របខណ្ឌទូទាំងប្រទេស ក្រោមការដឹកនាំបញ្ជាដោយផ្ទាល់ របស់អគ្គនាយដ្ឋានតម្រួត ក្រសួងសន្តិសុខសាធារណៈ។ ជាមួយគ្នានេះនាយកដ្ឋានមានបេសកកម្ម ជាសេនាធិការ ឱ្យបក្ស ថ្នាក់ដឹកនាំ អគ្គនាយកដ្ឋានតម្រួត ក្រសួងសន្តិសុខសាធារណៈ ពាក់ព័ន្ធនឹងការងារបង្ការ ទប់ស្កាត់ និងបង្ក្រាបគ្រឿងញៀន សារធាតុផ្សំ និងថ្នាំញៀនគ្រប់ប្រភេទ ការធ្វើសកម្មភាពអនុវត្ត បទបញ្ញារបស់បណ្តាការិយាល័យជំនាញ ដែលស្ថិតនៅក្រោមនាយកដ្ឋានបង្ការ ទប់ស្កាត់ និងប្រឆាំងគ្រឿងញៀន ឱ្យមានប្រសិទ្ធភាព និងទាន់ពេលវេលា ធានាបានដល់ការរួមចំណែកថែរក្សានូវ សន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយសង្គម។
ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកវរសេនីយ៍ឯក Phoxay Sayyavong ប្រធាននាយកដ្ឋាននគរបាលបង្ការ ទប់ស្កាត់ និងប្រឆាំងគ្រឿងញៀន នៃអគ្គនាយកដ្ឋានតម្រួត ក្រសួងសន្តិសុខសាធារណៈឡាវ និងសហការី ដែលបានធ្វើការទទួលស្វាគមន៍ដ៏កក់ក្តៅរបស់គណៈប្រតិភូកម្ពុជា។
លោកឧត្តមសេនីយ៍ឯក បានសម្តែងនូវក្តីសោមនស្សរីករាយយ៉ាងខ្លាំង ដែលប្រតិភូទាំងពីរបានផ្លាស់ប្តូរបទពិសោធន៍ល្អៗ អំពីស្ថានភាពគ្រឿងញៀន និងការងារបង្ការទប់ស្កាត់នៅតាមបណ្តាប្រទេសរៀងៗខ្លួន។ ដំណើរទស្សនកិច្ចនេះត្រូវបានចាត់ទុកជា ជំហានថ្មីមួយដ៏សំខាន់ ក្នុងការពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នប្រឆាំងគ្រឿងញៀនកម្ពុជា-ឡាវ។
ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ បានបន្ថែមថា កិច្ចប្រជុំផ្លាស់ប្តូរបទពិសោធន៍នាពេលនេះ គឺដើម្បីស្វែងយល់ពីបច្ចេកទេសទំនើបៗរបស់ឡាវ ក្នុងការតាមដានការចរាចរណ៍គ្រឿងញៀនឆ្លងដែនខុសច្បាប់ និងកម្មវិធីផ្សព្វផ្សាយអប់រំប្រកបដោយប្រសិទ្ធភាព រួមទាំងការចែករំលែកចំណេះដឹង និងបទពិសោធន៍ក្នុងការបង្ក្រាបបទល្មើសគ្រឿងញៀននាកន្លងមក ជាពិសេសការបង្កើតបណ្ដាញសហប្រតិបត្តិការក្នុងតំបន់ និងការបង្កើនសមត្ថភាពមន្រ្តីអនុវត្តច្បាប់។
លោកប្រធានគណៈប្រតិភូកម្ពុជាសង្ឃឹមថា ការផ្លាស់ប្តូរបទពិសោធន៍នេះ នឹងរួមចំណែកពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ ដើម្បីទប់ស្កាត់ការចរាចរណ៍គ្រឿងញៀនឆ្លងដែន ឱ្យកាន់តែសកម្មនិងមានប្រសិទ្ធភាព។
ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ឯក បានសង្កត់ធ្ងន់ថា កិច្ចសហការរួមគ្នា គឺជាគន្លឹះដ៏សំខាន់បំផុតក្នុងការកាត់ផ្ដាច់បណ្ដាញគ្រឿងញៀន ដែលកំពុងគំរាមកំហែងដល់សន្តិសុខ និងស្ថិរភាពសង្គមនៃប្រទេសទាំងពីរ និងក្នុងតំបន់ មិនតែប៉ុណ្ណោះ កិច្ចប្រជុំនាពេលនេះក៏ជាការបង្កើនការផ្លាស់ប្តូរព័ត៌មាន ការធ្វើប្រតិបត្តិការរួមគ្នា និងការអភិវឌ្ឍយន្តការឆ្លើយតបរហ័ស ជួយពង្រឹងទំនាក់ទំនងឱ្យកាន់តែមានប្រសិទ្ធភាព និងទាន់ពេលវេលាលើកិច្ចការបង្ការ ទប់ស្កាត់ និងប្រឆាំងគ្រឿងញៀន។
នៅក្នុងកិច្ចប្រជុំនេះក៏មានការធ្វើបទបង្ហាញ របស់លោកវរសេនីយ៍ឯក ម៉ាក់ សេរីឌ្ឍនៈ នាយករងមន្ទីរប្រឆាំងគ្រឿងញៀន ស្តីពីស្ថានភាពការងារប្រយុទ្ធប្រឆាំង និងបង្រ្កាបបទល្មើសគ្រឿងញៀនពីភាគីកម្ពុជា។ បន្ទាប់ពីកិច្ចប្រជុំពិភាក្សាផ្លាស់ប្តូរបទពិសោធន៍ការងារភាគីទាំងពីរ បានលើកជាបញ្ហាប្រឈម និងសំណូមពរមួយចំនួនផងដែរ។
សូមជម្រាបជូនថា កន្លងមកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការនគរបាលជាតិ ក្រសួងមហាផ្ទៃកម្ពុជា តែងតែរៀបចំកិច្ចប្រជុំដើម្បីផ្លាស់ប្តូរបទពិសោធន៍ ជាមួយបណ្តាប្រទេសក្នុងតំបន់ និងអន្តរជាតិ ក្នុងគោលបំណងពង្រឹងកិច្ចប្រតិបត្តិការប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀននៅតាមតំបន់ព្រំដែន សំដៅពង្រឹងការយល់ដឹង អំពីល្បិចកលថ្មីៗរបស់អឧក្រិដ្ឋជនជួញដូរគ្រឿងញៀន ចែករំលែកព័ត៌មានសំខាន់ៗ ដើម្បីទប់ស្កាត់ការរត់ពន្ធឆ្លងដែន សម្របសម្រួលកិច្ចប្រតិបត្តិការរួម ដើម្បីកាត់បន្ថយបទល្មើសគ្រឿងញៀននៅតាមព្រំដែន។ កិច្ចខិតខំប្រឹងប្រែងទាំងនេះ គឺដើម្បីធ្វើឱ្យព្រំដែនកម្ពុជាជាមួយបណ្តាប្រទេសជិតខាង ក្លាយជាតំបន់ប្រកបដោយសន្តិភាព និងគ្មានគ្រឿងញៀន៕

















