មន្ត្រីជាន់ខ្ពស់ គណបក្សប្រជាជនកម្ពុជា បើកវគ្គបំប៉ន ការងារចាត់តាំងកសាង និងព័ត៌មានវិទ្យាជូនមន្ត្រីបក្សថ្នាក់ខេត្ត មន្ទីរអង្គភាព ស្រុក ក្រុងនៃខេត្តពោធិ៍សាត់
06-09-2025 13:07
(ពោធិ៍សាត់)៖ លោក សោម សឿន សមាជិកគណៈអចិន្ត្រៃយ៍ និងជាប្រធានគណៈចាត់តាំង នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងលោក ខូយ រីដា សមាជិកគណៈកម្មាធិការកណ្តាល ប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជាអភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៥នេះ បានអញ្ជើញជាគណៈអធិបតី ក្នុងពិធីបើកវគ្គបំប៉ន ការងារចាត់តាំងកសាងគណបក្ស និងព័ត៌មានវិទ្យា (IT) គ្រប់គ្រងទិន្នន័យសមាជិកបក្ស និងមន្ត្រីគណបក្ស ជូនមន្ត្រីបក្សថ្នាក់ខេត្ត មន្ទីរអង្គភាព ស្រុក ក្រុង នៃខេត្តពោធិ៍សាត់ ចំនួន២០០នាក់ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ខេត្តពោធិ៍សាត់។
លោក ខូយ រីដា សមាជិកគណៈកម្មាធិការកណ្តាល ប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជាអភិបាលខេត្តពោធិ៍សាត់ បានថ្លែងការស្វាគមន៍ និងរបាយការណ៍សង្ខេប អំពីសភាពការណ៍នយោបាយ និងការរៀបចំ គ្រប់គ្រងអង្គការចាត់តាំង របស់គណបក្សខេត្តពោធិ៍សាត់ គឺពង្រឹង ពង្រីកទាំងគុណភាព និងសតិអារម្មណ៍នយោបាយ ធានាឱ្យខានតែបាននូវយុទ្ធសាស្ត្រ «សមាជិកបក្សមួយរូប គឺជាសំឡេងឆ្នោតគាំទ្រមួយសន្លឹក»។
លោកបានថ្លែងបញ្ជាក់ថា លោក កែវ រតនៈ សមាជិកគណកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា ប្រធានក្រុមការងារចុះជួយមូលដ្ឋាន ខេត្តពោធិ៍សាត់ និងជារដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល សហការយ៉ាងជិតស្និតជាមួយគណបក្សខេត្ត បានរៀបចំចាត់តាំងក្រុមការងារចុះជួយមូលដ្ឋាន ស្រុកក្រុងទាំង៧ និង៤៩ឃុំសង្កាត់ ប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០២៥ ចំនួន៣០៩,៣០៧នាក់ ក្នុងនោះមានសមាជិកបក្សចំនួន២៦១,៤២២នាក់ ស្មើនឹង៨៤.៥២%។ ក្នុងនាមប្រធានគណកម្មាធិការគណបក្សខេត្ត លោកសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោក សោម សឿន និងសហការី បានអញ្ជើញជាអធិបតី និងវាគ្មិនឧទ្ទេសនាម ឯកសារវគ្គបំពាក់បំប៉នជំនាញការងារចាត់តាំង កសាងបក្ស និងព័ត៌មានវិទ្យា (IT) លើការងារគ្រប់គ្រងទិន្នន័យសមាជិកបក្ស និងមន្ត្រីបក្ស ក្នុងប្រព័ន្ធ(SERVER) ដល់មន្ត្រីគណបក្សថ្នាក់ខេត្ត មន្ទីរ អង្គភាព ស្រុក ក្រុង និងមន្ត្រីទទួលបន្ទុកព័ត៌មានវិទ្យា (IT) ដើម្បីបង្កើនចំណេះដឹងបន្ថែម។
លោក សោម សឿន សមាជិកគណៈអចិន្ត្រៃយ៍ និងជាប្រធានគណៈចាត់តាំង នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានថ្លែងថា គោលបំណងសំខាន់នៃវគ្គបំប៉ននេះ គឺលើកកម្ពស់ការយល់ដឹងអំពីតួនាទី ភារកិច្ច និងរបៀបរបបធ្វើការងារ របស់គណៈចាត់តាំង នៃគណបក្សរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អំពីគោលការណ៍ការងាររៀបចំរចនាសម្ព័ន្ធ និងអង្គការចាត់តាំង។ លើមូលដ្ឋាននេះពង្រឹងលើកកម្ពស់សមត្ថភាព និងស្មារតីទទួលខុសត្រូវក្នុងការអនុវត្តតួនាទីភារកិច្ចរបស់ខ្លួន ឱ្យបានត្រឹមត្រូវតាមកោលការណ៍កំណត់របស់បក្ស ធ្វើជាសេនាធិការជូនគណៈកម្មាធិការគណបក្ស ដើម្បីពង្រឹងប្រសិទ្ធិភាពនៃការដឹកនាំ របស់អង្គការចាត់តាំងគណបក្សគ្រប់ថ្នាក់ ព្រមទាំងពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុងនិងជំនឿគាំទ្រចំពោះគណបក្ស។
លោកបានលើកឡើងទៀតថា ឯកសារនៃវគ្គបំពាក់បំប៉ននេះមាន៤ផ្នែក គឺផ្នែកទី១-គោលការណ៍ការងារចាត់តាំងកសាងបក្ស និងតួនាទី ភារកិច្ចរបស់គណៈចាត់តាំង។ ផ្នែកទី២- គោលការណ៍ការងាររៀបចំរចនាសម្ព័ន្ធ អង្គការចាត់តាំង និងមន្ត្រីគណៈកម្មាធិការគណបក្សរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងអង្កការចាត់តាំងមូលដ្ឋានចំណុះ។ ផ្នែកទី៣-គោលការណ៍ការងារគ្រប់គ្រង កសាង និងពង្រឹង ពង្រីកសមាជិកគណបក្ស។ ផ្នែកទី៤-គោលការណ៍ការងារគ្រប់គ្រងទិន្នន័យបញ្ជីឈ្មោះសមាជិកគណបក្ស និងមន្ត្រីបក្សតាមប្រព័ន្ធព័ត៌មានវិទ្យា (IT)។ ដូច្នេះសូមឱ្យសិក្ខាកាមទាំងអស់ខិតខំត្រង់ត្រាប់ស្តាប់ការពន្យល់ណែនាំ បង្ហាត់បង្ហាញពីសំណាក់គ្រូឧទ្ទេស ដោយសង្ឃឹមថា ទទួលបានចំណេះដឹងថ្មីៗ ដើម្បីពង្រឹងពង្រីកសមត្ថភាពពិតប្រាកដ ឈានទៅដល់ការឯកភាពគ្នាជាធ្លុងមួយ ក្នុងការរៀបចំធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធអង្គការចាត់តាំងគណបក្ស ឱ្យកាន់តែរឹងមាំ និងបន្តទៅរៀបចំគ្រប់គ្រងតាមប្រព័ន្ធបច្ចេកទេសព័ត៌មានវិទ្យា នៃប្រព័ន្ធ(SERVER) របស់គណៈចាត់តាំងគណៈកម្មាធិការកណ្តាល៕























