សមរភូមិក្រោយ ជួយសមរភូមិជួរមុខ! ហាងលក់ម៉ូតូ «មួយគា» នាំអំណោយម៉ូតូចំនួន២១គឿង ជូនវីរកងទ័ពជួរមុខ ឈរជើងទិសប្រាសាទតាមាន់ ខេត្តឧត្តរមានជ័យ
04-09-2025 17:24
(ឧត្តរមានជ័យ)៖ ម៉ូតូចំនួន២១គ្រឿង និងកូនចង្ក្រានហ្គាសជាច្រើនទៀតត្រូវបានលោក កាំង សៀកឡេង ម្ចាស់ហាងលក់ម៉ូតូ «មួយគា» នាំយកមកចែកជូនវីរកងទ័ពជួរមុខ ដែលកំពុងឈរជើងការពារព្រំដែន នៅសមរភូមិទិសប្រាសាទតាមាន់ ក្នុងស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ នៅរសៀលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥។
លោក កាំង សៀកឡេង ម្ចាស់ហាងលក់ម៉ូតូ «មួយគា» បានថ្លែងឱ្យដឹងថា នេះជាលើកទី៤ហើយ ដែលហាងលក់ម៉ូតូ «មួយគា» បាននាំម៉ូតូមកចែកជូនវីរកងទ័ពជួរមុខដោយផ្ទាល់ មានដូចជា៖ តំបន់អានសេះ បុស្សូវ ភ្នំខ្មោច សមរភូមិទិសប្រាសាទព្រះវិហារ នៅក្នុងខេត្តព្រះវិហារ ក៏ដូចជានៅទិសប្រាសាទតាមាន់ ក្នុងខេត្តឧត្តរមានជ័យ នាពេលនេះ។
លោកថ្លែងបញ្ជាក់ទៀតថា ចំពោះអំណោយម៉ូតូ ដែលនាំមកប្រគល់ជូនវីរកងទ័ពជួរមុខនាពេលនេះ គឺកើតឡើងតាមរយៈយុទ្ធនាការលក់ម៉ូតូ១គ្រឿងជូនប្រជាពលរដ្ឋ ដកប្រាក់១០ដុល្លារ សម្រាប់ទិញម៉ូតូឧបត្ថម្ភជូនកងទ័ព ដូច្នេះបងប្អូនប្រជាពលរដ្ឋដែលបានទិញម៉ូតូគ្រប់ប្រភេទពីហាងលក់ម៉ូតូ «មួយគា» ដូចបានចូលរួមឧបត្ថម្ភគាំទ្រកងទ័ពជួរមុខជាមួយហាងលក់ម៉ូតូ «មួយគា» ផងដែរ។
សូមបញ្ជាក់ថា ចំពោះម៉ូតូចំនួន២១គ្រឿង ដែលហាងលក់ម៉ូតូ «មួយគា» នាំមកប្រគល់ជូនវីរកងទ័ពនាពេលនេះ គឺម៉ូតូចំនួន៦គ្រឿង ជូនអង្គភាពរថក្រោះ នៃអគ្គបញ្ជាការកងយោធពលខេមរភូមិន្ទចំនួន៦គ្រឿង និង១៥គ្រឿងទៀត ប្រគល់ជូនអង្គភាពកងពលតូចថ្មើរជើងលេខ៤២។
ក្រៅពីឧបត្ថម្ភម៉ូតូ លោកក៏បានប្រគល់កូនចង្ក្រានហ្គាស កំប៉ុងហ្គាស ដែលជាអំណោយរបស់លោកប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ស្ពឺ និងមន្ត្រីរាជការក្រោមឱវាទ ប្រគល់ជូនវីរកងទ័ពយើងផងដែរ៕

























