អភិបាលខេត្តរតនគិរី៖ ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ បានផ្តល់នូវសារសំខាន់សម្រាប់បងប្អូនប្រជាពលរដ្ឋដែលជាម្ចាស់ដី ក្នុងគោលដៅធានានូវភាពស្របច្បាប់នៃការកាន់កាប់
04-09-2025 14:45
(រតនគិរី)៖ ថ្លែងនៅក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនៅភូមិល្អិនកាំងមីស, ភូមិតងកាម៉ាល់ និងភូមិតងប្លេង ឃុំអូរជុំ ស្រុកអូរជុំ ខេត្តរតនគិរីនៅព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥នេះ លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានសម្តែងនូវការអបអរសាទរ ចំពោះពុកម៉ែបងប្អូន ជាម្ចាស់ដីក្នុងភូមិទាំង៣ខាងលើ ដែលកន្លងមក បានចូលរួមគ្រប់នីតិវិធី នៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជាមួយក្រុមការងារ បច្ចេកទេសរបស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត រហូតឈានដល់ដំណាក់កាលនៃការចែកប័ណ្ណនាពេលនេះ។
លោកបន្តថា ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ គឺជាការចុះបញ្ជីដំបូង ហើយពិតជាផ្តល់នូវសារសំខាន់ណាស់សម្រាប់បងប្អូន ប្រជាពលរដ្ឋដែលជាម្ចាស់ដី ក្នុងគោលដៅធានានូវភាពស្របច្បាប់នៃការកាន់កាប់ ភាពច្បាស់លាស់នៃការកាន់កាប់ កាត់បន្ថយទំនាស់ដីធ្លី កាត់បន្ថយភាពក្រីក្រ ការប្រើប្រាស់ និងចាត់ចែងផ្សេងទៀតតាមដែលអាចធ្វើបាន។
ជាមួយគ្នានេះលោកអភិបាលខេត្ត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំ ប្រឹងប្រែងអនុវត្តការងាររបស់ក្រុមការងារ យុវជនស្ម័គ្រចិត្ត ទោះបីមានស្ថានភាពលំបាក ភ្លៀងធ្លាក់ច្រើន ផ្លូវ រអិល និងស្ថានភាពផ្សេងៗ ក្នុងគោលដៅជំរុញការចុះបញ្ជីដីធ្លីជូនបងប្អូនប្រជាពលរដ្ឋ និងសូមថ្លែងអំណរគុណ ដល់អាជ្ញាធរស្រុកអូរជុំ អាជ្ញាធរឃុំ លោកមេភូមិ និងបងប្អូនប្រជាពលរដ្ឋ ដែលបានចូលរួម និងបង្កលក្ខណៈ ងាយស្រួលដល់ ក្រុមការងារនាពេលកន្លងមក។
លោក ញ៉ែម សំអឿន បានលើកឡើងពីការដឹកនាំរបស់រាជរដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានយកចិត្តទុកដាក់ ខ្ពស់លើការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនបងប្អូនប្រជាពលរដ្ឋដោយ ផ្អែកតាមផែនការរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រោមការដឹកនាំរបស់លោក សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី បានដាក់ចេញជំរុញការងារចុះបញ្ជីដីធ្លីឱ្យបានចប់ត្រឹមឆ្នាំ២០២៥ ក្រោមពាក្យស្លោកចុះបញ្ជីបញ្ចប់ ចែកប័ណ្ណ បរិយាកាសគ្មានវិវាទ។
លោកបានផ្តាំផ្ញើចំពោះប្រជាពលរដ្ឋ ទទួលយកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុឱ្យបានគ្រប់ៗគ្នា ចំពោះភូមិដែលបានចុះបញ្ជី និងក្បាលដីដែលបានចេញប័ណ្ណនាពេលនេះក្រោយពីទទួលបានវិញ្ញាបនបត្រ សម្គាល់ម្ចាស់ អចលនវត្ថុរួច ត្រូវទុកដាក់ និងរក្សាវិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុ ឱ្យបានគង់វង់ កុំឱ្យបាត់បង់ ឬខូច ត្រូវទុកកន្លែងដែលស្ងួត គ្មានសំណើម និងត្រូវធានាថាមានសុវត្ថិភាពក្នុងករណីត្រូវលក់ទិញ ឬធ្វើអំណោយបន្ត ត្រូវអនុវត្តតាមនីតិវិធីសុរិយោដី និងសៀវភៅគោលបញ្ជី ដីធ្លី ដោយត្រូវឆ្លងកាត់ការផ្ទេរកម្មសិទ្ធិ(កាត់ឈ្មោះ) តាមរយៈរដ្ឋបាលសុរិយោដី ដែលមានមន្ទីរ រៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត តាមរយៈអាជ្ញាធរឃុំ ការិយាល័យ រៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលស្រុក។
លោក លី ឧសភា ប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ខេត្តរតនគិរី បានឲ្យដឹងថា វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋ នៃការចុះបញ្ជីដីធ្លីមានលក្ខណៈជា ប្រព័ន្ធនៅភូមិកាម៉ាល់ ភូមិតងប្លេង និងភូមិល្អឺនកាំមីស ឃុំអូរជុំ ស្រុកអូរជុំនាពេលនេះ មានចំនួន១,៤៦៥វិញ្ញាបនបត្រ ក្នុងនោះ ភូមិកាម៉ាល់មានចំនួន៥៩៤វិញ្ញាបនបត្រ ស្មើ ៣៨៣គ្រួសារ,ភូមិតងប្លេង ៩៨ គ្រួសារមានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៣៩៦ វិញ្ញាបនបត្រ និងភូមិល្អឺនកាំងមីស១៦៦គ្រួសារ មានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៤៧៥វិញ្ញាបនបត្រ៕
















