ក្រុមហ៊ុន Vietravel ប្តេជ្ញាបន្ត និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍កម្ពុជា តាមរយៈការនាំភ្ញៀវទេសចរពីវៀតណាមមកកម្ពុជាបន្ថែម
04-09-2025 10:30
(វៀតណាម)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោក Pham Hoang Hung តំណាងក្រុមហ៊ុន Vietravel និងទទួលបន្ទុកផ្នែកអភិវឌ្ឍអាជីវកម្ម និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ នាទីក្រុងហូជីមិញ។
កិច្ចពិភាក្សានេះ ដើម្បីជ្រាបពី សំណូមពរ និងបញ្ហាប្រឈមរបស់ក្រុមហ៊ុន ក្នុងប្រតិបត្តិការនាំភ្ញៀវទេសចរវៀតណាម និងអន្តរជាតិមកកម្ពុជា ព្រមទាំងគំនិតផ្តួចផ្តើមថ្មីៗ ក្នុងការជំរុញវិស័យទេសចរណ៍រវាងប្រទេសទាំងពីរ នៅសណ្ឋាគារ Rex Hotel។
រដ្ឋមន្រ្តី ហួត ហាក់ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការផ្តល់នូវយុទ្ធសាស្រ្តល្អៗ ដើម្បីអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ជាមួយរាជរដ្ឋាភិបាលកម្ពុជា តួយ៉ាង លោករដ្ឋមន្ត្រី បានស្នើឱ្យជួយផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជា ឱ្យបានកាន់តែទូលំទូលាយ ដើម្បីទាក់ទាញភ្ញៀវវៀតណាម និងភ្ញៀវអន្តរជាតិ ឱ្យចូលមកទស្សនាកម្ពុជាកាន់តែច្រើនបន្ថែមទៀត។
ជាមួយគ្នានេះ រដ្ឋមន្ត្រី ហួត ហាក់ បានយកឱកាសនេះបញ្ជាក់ជូនអំពី ប្រទេសកម្ពុជា គឺជាគោលដៅទេសចរណ៍អន្តរជាតិប្រកបដោយសុវត្ថិភាព មិត្តភាព ផ្តល់ភាពកក់ក្តៅ និងទាក់ទាញ។ ក្នុងន័យនេះ កម្ពុជានៅតែប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ឥតប្រែប្រួល គឺថែរក្សាសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការល្អជាមួយគ្រប់ប្រទេសជាមិត្ត ទោះក្នុងកាលៈទេសៈណាក៏ដោយ ដើម្បីធានាដល់ការអភិវឌ្ឍលើគ្រប់វិស័យ ទាំងសេដ្ឋកិច្ច និងសង្គម ជាពិសេសគឺសុខសុវត្ថិភាព និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋកម្ពុជា បូករួមទាំងមិត្តវៀតណាម ភ្ញៀវទេសចរវៀតណាម និងភ្ញៀវទេសចរអន្តរជាតិទាំងអស់នៅកម្ពុជា។
ទន្ទឹមនេះ លោក Pham Hoang Hung តំណាងក្រុមហ៊ុន Vietravel បានឯកភាពសហការរៀបចំ ដំណើរទស្សនកិច្ចស្វែងយល់សក្តានុពលទេសចរណ៍ (Famtrip) នាពេលខាងមុខ ដើម្បីវិស័យឯកជនកម្ពុជា និងក្រុមហ៊ុន បានជួបពិភាក្សាឈានដល់ការសម្រេចរៀបចំកញ្ចប់ទស្សនកិច្ចរួមគ្នា៕









