បណ្ឌិត សុខ ទូច ប្រកាសបោះពុម្ពសៀវភៅប្រវត្តិសាស្ត្រខ្មែរសម័យទំនើប រៀបរាប់ពីសម័យអាណានិគមនិយមបារាំង ដល់សម័យកម្ពុជាប្រជាធិបតេយ្យ កម្រាស់ ៨៥៦ទំព័រ (Video inside)
03-09-2025 10:48
(ភ្នំពេញ)៖ លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ បានប្រកាសបោះពុម្ពសៀវភៅប្រវត្តិសាស្ត្រខ្មែរសម័យទំនើប ដែលរៀបរាប់ពីសម័យអាណានិគមនិយមបារាំង រហូតដល់សម័យកម្ពុជាប្រជាធិតេយ្យ និងដែលសៀវភៅនេះ មានកម្រាស់ ៨៥៦ទំព័រ។
តាមរយៈហ្វេសប៊ុក លោកបណ្ឌិត បានបញ្ជាក់យ៉ាងដូច្នេះថា «យើងនឹងបោះពុម្ពសៀវភៅប្រវត្តិសាស្ត្រខ្មែរសម័យទំនើប នៅខែតុលា ឆ្នាំ២០២៥ខាងមុខនេះហើយ។ បើបងប្អូនត្រូវការកក់មុន តម្លៃត្រឹមតែ ៣៦ ០០០ ៛ ឬ ៩ដុល្លារ តែបើកក់ក្រោយខែតុលា តម្លៃមួយក្បាល ៦០ ០០០៛ ឬ ១៥ដុល្លារ»។
បងប្អូនអាចកក់បានតាមរយៈ លេខទូរសព្ទខាងក្រោមនេះ៖
*(+855 ) 97 272 7826
*(+855 ) 71 222 2014 ។
បើតាមលោកបណ្ឌិត សុខ ទូច កន្លងមកនេះ រាជបណ្ឌិត្យសភាកម្ពុជា បានសម្រេចនូវស្នាដៃស្រាវជ្រាវដូចខាងក្រោម៖
*១៖ «សិលាចារឹក» ដែលឯកសារនេះមានកម្រាស់ ១ ៤៨៨ទំព័រ
*២៖ កម្មវិធីលើទូរសព្ទដៃទំនើប ស្ដីអំពី «តំបន់ទេសចរណ៍នៅកម្ពុជា» ដែលផ្ទុកទិន្នន័យទីតាំងសរុបចំនួន ១ ២៩៦ទីតាំង
*៣៖ វចនានុក្រមភាសាខ្មែរថ្មី ដែលចងក្រងនិងបោះពុម្ពដោយក្រុមប្រឹក្សាជាតិភាសាខ្មែរ នៃរាជបណ្ឌិត្យសភាកម្ពុជា សរុបមានចំនួន ៤៤ ៦៩៧ពាក្យ ក្នុងនោះមានមេពាក្យចំនួន ៣១ ០៧៣ពាក្យ
*៤៖ ការចងក្រងសម្លៀកបំពាក់ខ្មែរពីសម័យបុរាណរហូតដល់សម័យទំនើប (សម័យកម្ពុជាប្រជាធិបតេយ្យ)
*៥៖ រៀបចំចងក្រងរូបមន្តធ្វើសាច់ច្រកដែលមានសរុប ១១ប្រភេទធំៗ បែងចែកជាប្រភេទតូចៗចំនួន ១២៤ប្រភេទ និងចំនួនទំព័រសរុប ៦១៥ទំព័រ
ជាមួយគ្នានេះ ក៏មានគម្រោងស្រាវជ្រាវ ស្ដីពី «ការសរសេរនិងចងក្រងសៀវភៅប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជា»៕






