លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង បន្តដឹកនាំសិល្បករ-សិល្បការិនីល្បីៗ ក្នុងវិធីតន្ត្រីសប្បុរសធម៌ ដើម្បីរួមគ្នាផ្តល់កម្លាំងចិត្តដល់វីរកងទ័ពជួរមុខ នៅផ្លូវថ្មើរជើងចតុមុខ (Walk Street)
01-09-2025 16:08
(ភ្នំពេញ)៖ នារាត្រីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥ ត្រូវជាថ្ងៃទី២ នៃកម្មវិធីតន្ត្រីសប្បុរសធម៌ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានបន្តដឹកនាំសិល្បករ-សិល្បការិនីល្បីៗ បន្តរៀបចំកម្មវិធីតន្ត្រីសប្បុរសធម៌ ដើម្បីរួមគ្នាផ្តល់កម្លាំងចិត្តដល់វីរកងទ័ពជួរមុខ និងផ្តល់ភាពសប្បាយរីករាយដល់ភ្ញៀវជាតិ និងអន្តរជាតិ នៅផ្លូវថ្មើរជើងចតុមុខ (Walk Street) រាជធានីភ្នំពេញ។ ក្នុងឱកាសនោះ មានកម្មវិធីសិល្បៈជាច្រើន ដែលសមាគមសិល្បករខ្មែរ បានរៀបចំជាទស្សនីយភាពជូនដល់សាធារណជន ដើរឆ្លងកាត់ផ្លូវ walk street បានទស្សនាកំសាន្តផង និងចូលជាមូលនិធិផង នាពេលរាត្រីដ៏ត្រជាក់ ក្រោមតំណក់ទឹកភ្លៀងរលឹមស្រិចៗ។
កម្មវិធីតន្ត្រីសប្បុរសធម៌ ដែលរៀបចំដោយសមាគមសិល្បករខ្មែរនេះ មានដូចជា ការគោរពទង់ជាតិនៃព្រះរាជាណចក្រកម្ពុជា, គោរពវិញ្ញាណក្ខន្ធវីរកងទ័ព, ច្រៀងចម្រៀងពង្សាវតារខ្មែរ, សិល្បៈចាប៉ីដងវែង, ល្ខោនខោល, ចម្រៀងសម័យដែលមានការចូលរួមពីតារាចម្រៀងល្បីៗ, ចង្វាក់រ៉េប និងកំប្លែងនាយក្រឹមជាដើម។
លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ ធ្លាប់បានមានប្រសាសន៍ថា ការរៀបចំកម្មវិធីតន្ត្រីសប្បុរសធម៌នេះ ក្នុងគោលបំណង ទី១- ជាការរ៉ៃអង្គាសថវិកាជួយទៅដល់បងៗ ជាវីរកងទ័ពជួរមុខទាំងអស់ និងជនភៀសសឹក និងទី២- ចង់បង្ហាញលើកស្ទួយ និងផ្សព្វផ្សាយវិស័យសិល្បៈ វប្បធម៌របស់ខ្មែរ ដល់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ឱ្យបានឃើញបានដឹងផ្ទាល់នៅ walk street រាជធានីភ្នំពេញ ហើយវក៏ជាការបង្កើនសេដ្ឋកិច្ចមួយផងដែរ ដែលសមាគមសិល្បករខ្មែរបានព្រាងទុក។
លោកជំទាវអ្នកឧកញ៉ាបន្ថែមថា ក្នុងនាមតំណាងឱ្យក្រុមហ៊ុនហ៊ុនរ៉ូយ៉ាល់គ្រុប និងតំណាងឱ្យសប្បុរសជនទាំងអស់ទាំងក្នុង និងក្រៅប្រទេស ដែលមានការជឿជាក់លើលោកជំទាវអ្នកឧកញ៉ា បានយកអំណោយជាសម្ភារៈ គ្រឿងឧបភោគ-បរិភោគ រួមទាំងថវិកាទាំងអស់ជូនដល់ដៃជនភៀសសឹក និងយោធិនរងរបួសដោយផ្ទាល់ សូមកុំមានការបារម្ភ។
ជាមួយគ្នានេះ លោកជំទាវអ្នកឧកញ៉ា ក៏បានថ្លែងអំណរគុណទាំងក្នុង និងក្រៅប្រទេសដែលសុទ្ធសឹងតែជាសប្បុរសជន សូមមានសុខភាពល្អ និងបួងសួងសុំឱ្យទេវតាឆ្នាំថ្មី ឃុំគ្រងព្រះរាជាណាចក្រកម្ពុជា ជាពិសេសប្រជាពលរដ្ឋខ្មែរ និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មានសុខភាពល្អទទួលបានជ័យជំនះ និងកម្ពុជាទទួលបានសុខសន្តិភាព នាពេលឆាប់ៗខាងមុខនេះ។
សូមបញ្ជាក់ថា នៅផ្លូវថ្មើរជើងចតុមុខ (Walk Street) រាជធានីភ្នំពេញ តាមរយៈកម្មវិធីតន្ត្រីសប្បុរសធម៌ របស់សមាគមសិល្បករខ្មែរ រយៈពេល២ថ្ងៃជាប់គ្នា នាថ្ងៃទី៣០-៣១ សីហា ២០២៥ គឺទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់មហាជន ទាំងជនជាតិខ្មែរ និងជនបរទេស ដែលធ្វើដំណើរឆ្លងកាត់ឆាកតន្ត្រីរបស់សមាគម និងបានចូលថវិកាផ្ទាល់ខ្លួនជាមួយមូលនិធិតន្ត្រីសប្បុរសធម៌នេះផងដែរ៕




























































