FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលខេត្តព្រះសីហនុ ដាក់ឱ្យដំណើរការសាកល្បង នៃខ្សែចង្វាក់ផលិតកម្មជ្រលក់ថ្នាំពណ៌ស័ង្កសីរបស់ក្រុមហ៊ុនមួយ ដែលផ្តល់ការងារជូនប្រជាជនកម្ពុជា ២០០កន្លែង

22-08-2025 15:40

(ព្រះសីហនុ)៖ នៅថ្ងៃសុក្រ ទី២២ ខែសីហា ឆ្នាំ២០២៥ លោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ អញ្ជើញជាអធិបតីដាក់ឱ្យដំណើរការសាកល្បង នៃខ្សែចង្វាក់ផលិតកម្មជ្រលក់ថ្នាំពណ៌ស័ង្កសីរបស់ក្រុមហ៊ុនហូលិ ស្ទៀល ខេមបូឌា (HUALE STEEL CAMBODIA) មានទីតាំអស្ថិតនៅភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ដោយមានការចូលរួមពីប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធក្នុងខេត្តព្រះសីហនុ និងភ្ញៀវបរទេស។

លោក ស៊ុន លាំង (SUN LIANG) អគ្គនាយកក្រុមហ៊ុន ហូលិ ស្ទៀល ខេមបូឌា(HUALE STEEL CAMBODIA) ក្នុងនាមក្រុមហ៊ុន ជួបប្រទះភាពលំបាក និងបញ្ហាប្រឈមជាច្រើន ចាប់ពីការជ្រើសរើសទីតាំង និងការវិភាគអង្កេត រហូតដល់ការការបញ្ចប់ការសាងសង់ ការជ្រើសរើសបុគ្គលិករហូតដល់ការបណ្តុះបណ្តាល និងការសម្របសម្រួលរាល់ជំហានបង្ហាញពីការយកចិត្តទុកដាក់ និងការខិតខំរបស់យើង។ ខ្សែសង្វាក់ផលិតកម្មស្រោបពណ៌សង្ក័សីនេះ ប្រើប្រាស់បច្ចេកវិជ្ជា និងឧបករណ៍ឈានមុខគេលំដាប់អន្តរជាតិ មានដំណើរការផលិតដោយស្វ័យប្រវត្តិយ៉ាងពេញលេញ និងមានសិប្បកម្មដែលមានភាពជាក់លាក់ខ្ពស់។

លោកបន្តថា នៅពេលអនាគត វានឹងបន្តផលិតផលដែកដែលមានគុណភាពខ្ពស់ និងជាមួយ នឹងពណ៌ចម្រុះជាច្រើន មិនត្រឹមតែបំពេញតម្រូវការទីផ្សារក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនាំយកផលិតផលដែលផលិតនៅកម្ពុជា យើងនេះនាំចេញ ទៅកាន់តំបន់អាស៊ាន អូស្ត្រាលី អឺរ៉ុប សហរដ្ឋអាមេរិក រួមចំណែកដល់គម្រោងសាងសង់ជាច្រើនទៀត ការបើកសម្ពោធខ្សែសង្វាក់ផលិតកម្មនេះ ផ្តល់ឱកាសការងារ២០០កន្លែងបន្ថែមសំរាប់ប្រជាជនកម្ពុជា។

បើតាមអភិបាលខេត្តព្រះសីហនុ, ពិធីដាក់ឱ្យដំណើរការសាកល្បង នៃខ្សែចង្វាក់ផលិតកម្មជ្រលក់ថ្នាំពណ៌ស័ង្កសីរបស់ក្រុមហ៊ុនហូលិ ស្ទៀល ខេមបូឌា (HUALE STEEL CAMBODIA) គឺជាសក្ខីភាពថ្មីមួយទៀតបង្ហាញឱ្យឃើញ ពីការជឿជាក់ របស់អ្នកវិនិយោគមកលើរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំ។

លោកសូមជូនពរឱ្យក្រុមហ៊ុន ហូលិ ស្ទៀល ខេមបូឌា (HUALE STEEL CAMBODIA) ទទួលបានជោគជ័យក្នុងមុខជំនួញរបស់ខ្លួន និងមានការគាំទ្រកាន់តែច្រើនឡើងពីអតិថិជន។ ស្របពេលដែលប្រជាជនកម្ពុជាទាំងក្នុង និងក្រៅប្រទេសកំពុងរួមសាមគ្គីគ្នាជាធ្លុងមួយក្នុងស្មារតីជាតិនិយម ដើម្បីការពារបូរណភាពទឹកដីមាតុភូមិអង្គរដ៏បវរនៃយើងឱ្យបាននៅគង់វង្សស្ថិត ស្ថេរជាអមតៈដោយមិនអនុញ្ញាតឱ្យជាតិសាសន៍ណា មួយមករំលោភបំពាន បានឡើយ។

អភិបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា ការអាជីវកម្មរបស់ក្រុមហ៊ុន ហូលិ ស្ទៀល ខេមបូឌា ពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជួយជំរុញ និងលើកកម្ពស់សេដ្ឋកិច្ចនៅក្នុងខេត្តឱ្យកាន់តែទទួលបានភាពទាក់ទាញ និងរីកចម្រើនទៅមុខជាលំដាប់ ព្រមទាំងបានផ្តល់ការងារជូនប្រជាពលរដ្ឋទាំងក្នុងខេត្ត និងមកពីបណ្ដាខេត្តផ្សេងៗ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់កម្រិតជីវភាព និងកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋស្របតាមគោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា គឺដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដែលជាមូលដ្ឋានគ្រឹះឆ្តោះទៅសម្រេច បានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។

ដើម្បីពន្លឿនការអភិវឌ្ឍខេត្តព្រះសីហនុ ឱ្យក្លាយទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ដែលជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់សម្រាប់វិស័យពាណិជ្ជកម្ម វិស័យឧស្សាហកម្ម វិស័យភស្តុភារកម្ម វិស័យទេសចរណ៍ និងមជ្ឈមណ្ឌល សេវាហិរញ្ញវត្ថុអន្តរជាតិ។ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសដាក់ចេញនូវ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុឆ្នាំ២០២៤» និងការសម្រេចបន្តផ្តល់ «អត្ថប្រយោជន៍ពិសេស» ក្រោមវិសាលភាព នៃកម្មវិធីពិសេសនេះរហូតដល់ដំណាច់ឆ្នាំ២០២៥។ គោលដៅរបស់យើងខ្ញុំគឺ «ភាពជោគជ័យរបស់អ្នកវិនិយោគ គឺជាភាពជោគជ័យរបស់យើងខ្ញុំ»។ នេះជាការគូសបញ្ជាក់បន្ថែមរបស់លោកអភិបាលខេត្ត៕