FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

Fresh Exclusive៖ កម្ពុជាប្រាប់ថៃត្រូវប្រុងប្រយ័ត្ន៖ ការឈ្លានពានលើទឹកដីកម្ពុជា អាចនាំឱ្យដើរចូលចំការមីន ដែលសេសសល់ពីអតីតកាលសង្គ្រាមស៊ីវិល (Video inside)

18-08-2025 18:32

(ភ្នំពេញ)៖ ថៃកំពុងប្រើល្បិចនយោបាយពុតត្បុត ដោយចោទកម្ពុជាថា «ដាក់មីនថ្មី»។ ប៉ុន្តែសេចក្តីក្តីពិតនោះគឺថា កម្ពុជា ជាប្រទេសរងគ្រោះជាច្រើនទសវត្សរ៍ពីសំណល់មីន ហើយកម្ពុជា មិនមែនជាភាគីបង្កបញ្ហាឡើយ។ ការខាតបង់របស់ទាហានថៃ គឺលទ្ធផលផ្ទាល់លេចចេញពីអំពើឈ្លានពាន និងការដើរចូលវង្វេងក្នុងចំការមីននៅលើទឹកដីកម្ពុជា។
ក្នុងនាមជាប្រទេសនៃសមាជិកអនុសញ្ញាអូតាវ៉ា កម្ពុជា បានប្តេជ្ញាការបំបាត់គ្រាប់មីន និងក៏ផ្ញើសារដ៏ច្បាស់លាស់ប្រាប់ទៅប្រទេសថៃវិញដែរថា «កុំឈ្លានពាន ឬលួចចូលលើទឹកដីកម្ពុជា មិនដូច្នោះទេ ការខាតបង់នឹងកើតចំពោះខ្លួនអ្នកហើយ»

Fresh Exclusive មានអត្ថបទស៊ីជម្រៅ៖

នៅពេលដែលកិច្ចព្រមព្រៀងឈប់បាញ់តាមព្រំដែនកម្ពុជា-ថៃ កំពុងប្រឈមនឹងអំពើរំលោភបំពានជាញឹកញាប់, ភាគីថៃ បានបង្កើតសាច់រឿងថ្មីមួយ ដោយនិយាយមួលបង្កាច់ថា ភាគីកម្ពុជា បានបង្កប់មីននៅតំបន់ព្រំដែន។ ក្នុងការជំរុញ ឱ្យមានការនិទានរឿងមិនពិតរបស់ខ្លួននេះ កាន់តែទទួលបានការចាប់អារម្មណ៍ ភាគីថៃបានចោទថា កម្ពុជាបានដាក់មីនថ្មី និងការស្តុកមីន និងភាគីថៃ ថែមទាំងបានបង្កើតសេណារីយ៉ូខ្មៅងងឹត បិទបាំងជាច្រើន និងប្រើប្រាស់វត្ថុតាងក្លែងក្លាយទាំងនោះ តាមរយៈការធ្វើសន្និសីទកាសែត និងកិច្ចប្រជុំជាមួយមន្ត្រីបរទេស ដើម្បីស្វែងរក សម្ពាធនយោបាយគាបសង្កត់ដាក់មកលើកម្ពុជា។

ដើម្បីបង្ហាញភាពស្អាតស្អំ និងត្រឹមត្រូវ ដោយឥតលាក់លៀម, កម្ពុជាបានបដិសេធយ៉ាងដាច់ខាតម្តងហើយម្តងទៀត ដោយបញ្ជាក់ថា កម្ពុជា មិនដែលមានការដាក់មីនបង្កប់ថ្មីឡើយ, ហើយកម្ពុជាក៏មិនមែនជាប្រទេសបង្កបញ្ហា ដាក់ប្រទេសថៃឡើយ ប៉ុន្តែជាប្រទេសដែលរងគ្រោះ និងដែលត្រូវស៊ូទ្រាំនឹងសំណល់មីនចាស់ៗជាង៣ទសវត្សរ៍រួចមកហើយ ដែលកម្ពុជានៅមិនទាន់អាចសម្អាតបានអស់ទាំងស្រុងនៅឡើយ។ ពិភពលោក បានស្គាល់យ៉ាងច្បាស់ថា កម្ពុជា ជាប្រទេសដែលមានគ្រាប់មីនសំបូរជាងគេបំផុតក្នុងសកលលោកនេះដែរ។

ការពិតដ៏មិនអាចបដិសេធបាន គឺកម្ពុជា មិនមែនជាភាគីបង្កបញ្ហាមីនឡើយ តែជាប្រទេសដែលរងគ្រោះ និងដែលត្រូវស៊ូទ្រាំជាង៣ទសវត្សរ៍ ពីសំណល់មីនចាស់ៗ។ ក្នុងកាតព្វកិច្ចការពារជីវិតមនុស្ស កម្ពុជានៅតែដាក់ស្លាកព្រមាន និងរំលឹកជាបន្តបន្ទាប់ទាំងសម្រាប់ប្រជាពលរដ្ឋខ្មែរនិងថៃ សូមកុំចូលទៅជិតតំបន់ដែលនៅមានគ្រោះថ្នាក់គ្រាប់មីនទាំងនោះ។ ទោះជាយ៉ាងណាភាពអន្ទះសារ និងមហិច្ឆតារបស់ថៃ ក្នុងការឈ្លានពានលើទឹកដីកម្ពុជា បានក្លាយជាហានិភ័យសម្រាប់ទាហានរបស់ខ្លួនដោយផ្ទាល់ ពេលពួកគេដើរចូលលើចំការមីនដែលសេសសល់ដោះមិនទាន់អស់នៅតាមបណ្តោយព្រំដែន។ ទាំងនេះបង្ហាញយ៉ាងច្បាស់ថា អំពើឈ្លានពានរបស់ថៃ មិនត្រឹមតែបំពានអធិបតេយ្យភាពកម្ពុជាទេ ប៉ុន្តែថែមទាំងបង្ហាញពីភាពមិនទទួលខុសត្រូវចំពោះជីវិតប្រជាពលរដ្ឋ និងទាហានថៃរបស់ខ្លួនផ្ទាល់ផងទៀត។

អនុប្រធានទី១អាជ្ញាធរមីនកម្ពុជា ទេសរដ្ឋមន្ត្រី លី ធុជ នៅក្នុងសន្និសីទកាសែតថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ បានប្រកាសទាត់ចោលទាំងស្រុងនូវការចោទប្រកាន់របស់ថៃ ដែលថាកម្ពុជាបានដាក់មីនថ្មី និងស្តុកទុកមីន ដែលការចោទប្រកាន់របស់ថៃនេះ គឺជាការលើកឡើងដោយគ្មានមូលដ្ឋាន និងមានចរិកជាលក្ខណៈនយោបាយ៖ «ក្នុងនាមជាប្រជាជាតិមួយ ដែលរងគ្រោះដោយសារមីន ហើយបានចាត់ទុកមីនជាសត្រូវរបស់ជាតិ និងប្រជាជនរបស់ខ្លួន យើងខ្ញុំសូមទាត់ចោល ការលើកឡើងរបស់ភាគីថៃដោយគ្មានមូលដ្ឋាន ហើយមានហេតុផលជាលក្ខណៈនយោបាយមកលើកម្ពុជា។ ភាគីថៃបានយកវិស័យមីន បង្កឲ្យមានការឈ្លានពានជាប្រដាប់អាវុធមកលើកម្ពុជា យើងមានការសោកស្តាយដែលជាប្រទេសជិតខាង ជាប់របងជាមួយគ្នា កាន់ព្រះពុទ្ធសាសនាភាគច្រើនដូចគ្នា រកស៊ីជាមួយគ្នា រាប់អានគ្នា ប៉ុន្តែបានបង្កបំពានមកលើអាធិបតេយ្យរបស់កម្ពុជាយើងដែលបង្កឲ្យមានការគ្រោះថ្នាក់ដល់ប្រជាជនស៊ីវិល ដល់វត្តអារាម។ យើងកាន់ព្រះពុទ្ធសាសនាដូចគ្នាមិនគួរឡើយបាញ់ទម្លាក់គ្រាប់ទៅលើវត្តអារាម បំផ្លិចបំផ្លាញទៅដល់ សាលារៀន បណ្ឌលសុខភាព និងលំនៅដ្ឋានរបស់ប្រជាជនស្លូតត្រង់»

ហេតុការណ៍ផ្ទុះមីន រវាងពីខែកក្កដានិងខែសីហាឆ្នាំ២០២៥ ត្រូវបានគេកត់សម្គាល់ថា បានកើតឡើងចំនួនបួនលើក ក្នុងនោះមានការផ្ទុះដ៏ធ្ងន់ធ្ងរ២លើក នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ និងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥។ ក្នុងព្រឹត្តិការណ៍ផ្ទុះទាំងពីរនោះ ទាហានថៃមួយរូប បានដាច់ជើង និងមួយរូបទៀតបានរងរបួសធ្ងន់។ ហេតុការណ៍ផ្ទុះគ្រាប់មីនទាំងពីរលើកនោះ បានក្លាយជាលេសសំខាន់មួយ ដើម្បីឱ្យថៃប្រើប្រាស់ធ្វើសង្គ្រាមឈ្លានពានដាក់មកលើកម្ពុជា នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥។

ហេតុការណ៍ផ្ទុះមីនពីរផ្សេងទៀត បានកើតឡើង ក្រោយពេលដែលមានកិច្ចព្រមព្រៀងឈប់បាញ់គ្នា។ ការផ្ទុះនៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៥ បានបណ្តាលឱ្យទាហានថៃ ៣រូបរងរបួស ខណៈការផ្ទុះនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ បានធ្វើឱ្យទាហានថៃម្នាក់រងរបួសធ្ងន់ នៅជិតប្រាសាទតាមាន់ធំ។ ព្រឹត្តិការណ៍ទាំងនេះត្រូវបានភាគីថៃ បម្រុងយកមកប្រើជាលេស ដើម្បីចោទប្រកាន់ថា កម្ពុជាបានបំផ្ទុះមីនថ្មី និងបានបំពានលើកិច្ចព្រមព្រៀងឈប់បាញ់គ្នា។ តាមពិតគោលបំណង នៃការចោទប្រកាន់របស់ថៃ គឺដើម្បីបង្កើតស្ថានភាពឱ្យទាហានថៃអាចយកជាលេសស្របច្បាប់មួយ ដើម្បីធ្វើការវាយប្រហារដាក់លើកម្ពុជាសាជាថ្មីវិញតែប៉ុណ្ណោះ។

ទោះជាយ៉ាងណា ការចោទប្រកាន់ទាំងនេះ គ្មានមូលដ្ឋាន និងភស្ថុតាងដ៏ត្រឹមត្រូវឡើយ។ កម្ពុជាបានបដិសេធយ៉ាងដាច់ខាត និងបញ្ជាក់ថា មីនដែលនៅតាមតំបន់ព្រំដែនគឺសំណល់សង្គ្រាមពីអតីតកាល ដែលនៅមិនទាន់អាចដោះបានអស់ទាំងស្រុង។ ព្រមជាមួយនេះ កម្ពុជាក៏បានអំពាវនាវឱ្យប្រទេសមហាអំណាច និងប្រទេសធំៗ ដែលមានសមត្ថភាពប្រើប្រាស់បច្ចេកវិទ្យាផ្កាយរណប ពិនិត្យស្រាវជ្រាវដោយយុត្តិធម៌ និងផ្តល់ភស្តុតាងច្បាស់លាស់ថា តើភាគីណាជាអ្នកដាក់មីនពិតប្រាកដ។ ការអះអាងរបស់កម្ពុជា គឺប្រាកដណាស់ថា កម្ពុជាមិនដែលមានការដាក់មីនថ្មីឡើយនៅលើតំបន់ជម្លោះព្រំដែននោះ។

អនុប្រធានទី១នៃអាជ្ញាធរមីនកម្ពុជា ទេសរដ្ឋមន្ត្រី លី ធុជ បានថ្លែងក្នុងសន្និសីទសារព័ត៌មានថា កម្ពុជាមានបំណងឆ្ពោះទៅរកការសម្អាតគ្រាប់មីនឱ្យអស់ចេញពីទឹកដីជាតិ ជាពិសេសតាមបណ្តោយព្រំដែនភាគខាងលិច និងឧត្តរប្រទេស បន្ទាប់ពីប្រទេសទាំងពីរ អាចកំណត់ព្រំដែនឲ្យបានច្បាស់លាស់រៀងៗខ្លួន តាមច្បាប់អនុញ្ញា និងសន្ធិសញ្ញាអន្តរជាតិ ដែលសហគមន៍អន្តរជាតិទទួលស្គាល់។

ទន្ទឹមនឹងនេះលោកលី ធុជ ក៏បានអំពាវនាវដល់ភាគីថៃ សូមឱ្យបញ្ឈប់ភ្លាមៗនូវអំពើជ្រៀតជ្រែកនានា ទៅលើទឹកដីកម្ពុជា ជាពិសេសការដើរចូលក្នុងចំការមីន ដែលអាចបង្កគ្រោះថ្នាក់ដល់ជីវិតមនុស្សជាថ្មី។ អំពើទន្ទ្រានឈ្លានពានលើទឹកដីកម្ពុជាក្នុង «ល្បិចកលលួចបន្តិចម្តងៗ Salami Slicing Tactic» របស់ថៃ មិនត្រឹមតែជាការបំពានដល់អធិបតេយ្យភាពទឹកដីកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការច្រានចោលច្បាប់អន្តរជាតិ និងភាពអាសន្នសម្រាប់ជីវិតមនុស្សរបស់ភាគីថៃដោយផ្ទាល់ថែមទៀត៖

«ចំពោះភាគីថៃ ខ្ញុំសុំសំណូមពរ ឱ្យភាគីថៃកុំចល័ត កុំដើរពាសវាលពាសកាល ចូលតំបន់ទាំងនោះដែលជាតំបន់ទឹកដីរបស់កម្ពុជា ហើយជាតំបន់ដែលមានមីនច្រើនណាស់។ បើមានការដើរចូល គឹមានគ្រោះថ្នាក់ហើយ ព្រោះមានមីនច្រើនណាស់នៅទីនោះ ហើយដែលយើងមានផែនការនឹងបោះសម្អាតនៅពេលអនាគត នៅពេលណាដែលប្រទេសយើងទាំងពីរកម្ពុជា-ថៃបានឯកភាពគ្នា លើបន្ទាត់ព្រំដែនច្បាស់លាស់។ យើងនឹងពង្រាយកម្លាំងបោសសម្អាតមីនរបស់យើង ដែលយើងមានបច្ចុប្បន្នប្រមាណជាង៤ពាន់នាក់ ដែលជាឆ្អឹងខ្នងនៃវិស័យមីនរបស់យើង កំពុងធ្វើការបោសសម្អាត។ យើងនឹងធ្វើការបោសសម្អាតតាមការណែនាំរបស់រាជរដ្ឋាភិបាលរបស់យើង នៅពេលដែរបន្ទាត់ព្រំដែនត្រូវបានជជែកគ្នា ឯកភាពគ្នាជាផ្លូវការ។ ហើយតំបន់ដែលភាគីថៃ និងភាគីកម្ពុជាបានវិលមកវិញនូវភាពប្រក្រតី មិនសង្រ្គាម ក៏ដូចជាមុនជម្លោះនេះ ការបំពាននេះ ឬក៏តំបន់ណាដែល ភាគីទាំងពីរឯកភាពគ្នាលើកិច្ចការព្រំដែននេះ សកម្មភាពបោសសម្អាតគ្រាប់មីនរបស់យើង នឹងដំណើរការចាំបាច់តាមការចង្អុលបង្ហាញរបស់រាជរដ្ឋាភិបាលរបស់យើង»

* ប្រវត្តិសាស្ត្រនៃមីននៅកម្ពុជា

កម្ពុជា គឺជាប្រទេសដែលត្រូវបានគេស្គាល់ថា មានមីនច្រើនបំផុតក្នុងពិភពលោក បន្ទាប់ពីសង្គ្រាម និងជម្លោះក្នុងទសវត្សរ៍១៩៧០ និង១៩៨០។ ស្ថិតិបានបង្ហាញថា ចាប់តាំងពីឆ្នាំ១៩៧៩មក កម្ពុជាមានជនរងគ្រោះជាង ៦៤,០០០នាក់ ពីគ្រាប់មីន និងសម្ភារៈមិនទាន់ផ្ទុះ (UXOs) ដែលក្នុងនោះប្រមាណ ២០% ជាអ្នកស្លាប់ភ្លាមៗ ខណៈអ្នករស់រានមានជីវិតដទៃទៀតត្រូវបានក្លាយជាជនពិការបណ្តើរ។

ក្នុងរយៈពេល៣៣ឆ្នាំកន្លងមកនេះ, មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) បានរកឃើញ និងបំផ្លាញចោលមីនប្រឆាំងមនុស្សចំនួន ១,២០៣,៦២៣គ្រាប់ មីនប្រឆាំងរថក្រោះចំនួន ២៦,៦៩២គ្រាប់ និងសំណល់ជាតិផ្ទុះ ពីសង្គ្រាមចំនួន ៣,២២២,៥៤៩គ្រាប់។ ដោយឡែកនៅក្នុងឆ្នាំ២០២៥ គិតត្រឹមខែកក្កដា ផ្ទៃដីចំនួន១៤១គីឡូម៉ែត្រការ៉េ ត្រូវបានបោសសម្អាតរួច ក្នុងនោះបានរកឃើញ និងបំផ្លាញចោលមីនប្រឆាំងមនុស្សចំនួន ៦,៤០៥គ្រាប់, មីនប្រឆាំងរថក្រោះចំនួន១២៥គ្រាប់ និងសំណល់ជាតិផ្ទុះពីសង្គ្រាមចំនួន ២៥,៨៤៥គ្រាប់។ ចំនួនជនរងគ្រោះបានថយចុះពី ៤,៣២០នាក់ ក្នុងឆ្នាំ១៩៩៦ មកត្រឹម៤៩នាក់ ក្នុងឆ្នាំ២០២៤។ ទោះបីជាការដោះមីន កំពុងតែមានការរីកចម្រើនទៅមុខយ៉ាងណាក្តី ក៏ការប៉ះពាល់ដល់ជីវិតមនុស្សដោយសារគ្រាប់មីន នៅតាមតំបន់ជនបទ និងតាមបណ្តោយព្រំដែន ក៏នៅតែមិនចប់អស់សព្វគ្រប់ឡើយ។

ការចោទប្រកាន់របស់ថៃដែលនិយាយថា កម្ពុជាបានដាក់មីនថ្មី គឺជាការបង្កើតរឿងគ្មានមូលដ្ឋាន និងមានចរិកនយោបាយយ៉ាងពេញលេញដើម្បីតែការចង់បិទបាំងអំពើឈ្លានពានរបស់ខ្លួន។ ជាក់ស្តែង កម្ពុជាមិនមែនជាប្រទេសបង្កបញ្ហាមីនឡើយ តែជាប្រទេសរងគ្រោះដែលបានស៊ូទ្រាំអស់រយៈពេលជាង៣ ទសវត្សរ៍រួចមកហើយ និងពេលនេះបានខិតខំបន្តការដោះមីន ដោយទទួលបានការគាំទ្រពីអង្គការអន្តរជាតិ និងប្រទេសដៃគូថែមទៀត។

ក្នុងនាមជាសមាជិកអនុសញ្ញាអូតាវ៉ា, កម្ពុជា បានប្តេជ្ញាឡើងវិញចំពោះការប្រឆាំងនឹងការប្រើប្រាស់មីនសម្លាប់មនុស្ស និងការប្តេជ្ញាចិត្តសម្អាតដីសម្បទា ដើម្បីការពារអាយុជីវិតប្រជាពលរដ្ឋ។ ការឈ្លានពាន ដោយមហិច្ឆតារបស់ថៃ មិនត្រឹមតែបំពានលើអធិបតេយ្យភាពកម្ពុជាទេ ប៉ុន្តែថែមទាំងជាភាពមិនទទួលខុសត្រូវចំពោះជីវិតទាហានរបស់ខ្លួនផងដែរ។ ដូច្នេះសារច្បាស់លាស់ពីកម្ពុជាគឺ «កុំឈ្លានពានលើទឹកដីកម្ពុជា បើមិនដូច្នោះទេ ភាគីថៃ អាចនឹងបញ្ចូលជីវិតរបស់ខ្លួនទៅក្នុងចំការមីន ដែលជាសំណល់ពីអតីតសង្គ្រាមស៊ីវិលរបស់កម្ពុជាបន្ថែមទៀត ដោយគ្មាននរណាអាចទទួលខុសត្រូវជំនួសការដាច់ដៃ ឬដាច់ជើង ឬ បាត់បង់ជីវិតទៀតបានឡើយ។»