FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អបអរសាទរ! ខេត្តមណ្ឌលគិរី ជាខេត្តទី២៣ ទទួលបានជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF)

18-08-2025 11:22

(មណ្ឌលគិរី)៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងពីធីប្រកាសទទួលស្គាល់ជាផ្លូវការ ខេត្តមណ្ឌលគិរី ដែលជាខេត្តទី២៤ ទទួលបានជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF)។

ពិធីនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំនៃក្រសួងអភិវឌ្ឍន៍ជនបទ, លោក ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត, លោក លន់ សុភាព អភិបាលស្ដីទីនៃគណៈអភិបាលខេត្ត, មន្ដ្រីរាជការ និង សិស្សានុសិស្ស សរុបប្រមាណ ១,២៧៣នាក់។

ជាកិច្ចចាប់ផ្តើម លោក លន់ សុភាព អភិបាលស្តីទី នៃគណៈអភិបាលខេត្តមណ្ឌលគិរី បានធ្វើរបាយការណ៍ស្វាគមន៍ ដោយជម្រាបជូនអំពីស្ថានភាពជីវភាពរស់នៅរបស់ប្រជាពលរដ្ឋមានការវិវត្ត រីកចម្រើន តាមរយៈការផ្លាស់ប្ដូរទម្លាប់ក្នុងការរស់នៅ ដោយផ្អែកលើទិន្នន័យបច្ចុប្បន្នភាពរបស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ដែលនៅតាមខ្នងផ្ទះមានបង្គន់អនាម័យចំនួន ២១,៥១២ ស្មើ១០០% ក្នុងនោះខ្នងផ្ទះមានបង្គន់ផ្ទាល់ខ្លួនមានចំនួន ១៩,២៥១ខ្នងផ្ទះ ស្មើនឹង៨៩,៥% និងខ្នងប្រើប្រាស់បង្គន់រួមមានចំនួន ២,២៦១ខ្នងផ្ទះ ស្មើនឹង១០,៥%។

នាឱកាសនោះដែរ លោក យី គឹមថាន នាយកស្ដីទីអង្គការភ្លែនអន្ដរជាតិប្រចាំកម្ពុជា បានធ្វើរបាយការណ៍ស្តីអំពីដំណើការ នៃការអនុវត្តការងារតាំងពីចាប់ផ្តើមអនុវត្តគម្រោង រហូតទទួលបានជោគជ័យននាពេលនេះ ក្រោមកិច្ចសហប្រតិបត្តិការជាមួយក្រសួងអភិវឌ្ឍន៍ជនបទ។

លោក ឆាយ ឫទ្ធិសែន បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរីកចម្រើន និងសមិទ្ធផលនានា ដែលខេត្តមណ្ឌលគិរីសម្រេចបាននាពេលកន្លងមកលើគ្រប់វិស័យ ទាំងផ្នែកសន្តិសុខ សណ្តាប់ធ្នាប់ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ជាពិសេសគឺ ការផ្លាស់ប្តូរកម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ កាន់តែមានភាពប្រសើរឡើង និងការកែលម្អលក្ខខណ្ឌនៃការរស់នៅ តាមរយៈការផ្គត់ផ្គង់សេវាទឹកស្អាត និងការប្រតិបត្តិផ្លាស់ប្តូរទម្លាប់មប្រើប្រាស់បង្គន់អនាម័យបានត្រឹមត្រូវ និងរស់នៅប្រកបដោយភាពស៊ីវិល័យ។

ជាមួយគ្នានោះ លោករដ្ឋមន្រ្ដី ក៏បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងពរសព្ទសាធុការប ពីសំណាក់ប្រមុខថ្នាក់ដឹកនាំកំពូលរបស់ព្រះរាជាណាចក្រកម្ពុជា ជូនអង្គពិធីទាំងមូល។ លោក បានបន្តជម្រាបជូនអំពីរចក្ខុវិស័យរបស់ក្រសួងអភិវឌ្ឍន៍ជនបទគឺ «កសាងសង្គមជនបទកម្ពុជាឱ្យមានវិបុលភាព ប្រកបដោយបរិយាបន្ន និងចីរភាព»។

លោក ក៏បានបញ្ជាក់បន្ថែមទៀតថា ក្រសួងបាននិងកំពុងបន្តអនុវត្តផែនការសកម្មភាពជាតិស្តីពី ការផ្គត់ផ្គង់ទឹក ការសំអាត និងអនាម័យជនបទ ដែលបច្ចុប្បន្នសម្រេចបានអត្រាគ្របដណ្តប់ទឹកស្អាត និងអនាម័យទូទាំងប្រទេសប្រមាណ ៩១,៩៨% ក្នុងនោះការផ្គត់ផ្គង់ទឹកស្អាតកម្រិតមូលដ្ឋានសម្រេចបាន ៨៩,២១% និងអនាម័យជនបទកម្រិតមូលដ្ឋានសម្រេចបាន ៩៤,៧៨% ព្រមទាំងបានកំណត់ថា នៅឆ្នាំ២០៣០ ប្រជាពលរដ្ឋនៅទូទាំងប្រទេសមានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់ និងការប្រតិបត្តិអនាម័យ ១០០% ព្រមទាំងរស់នៅក្នុងបរិស្ថានប្រកបដោយនិរន្ដរភាព។

បន្ថែមពីនេះ លោក ឆាយ ឫទ្ធិសែន បានគូសបញ្ជាក់យ៉ាងច្បាស់ថា សមិទ្ធផលដែលសម្រេចបានក្នុងខេត្តមណ្ឌលគិរី និងអង្គពិធីដ៏អធិកអធមនាពេលនេះ គឺបានមកដោយសារគុណបំណាច់នៃ «សុខសន្តិភាព» ដែលកើតចេញពីការលះបង់ដ៏ធំធេង និងការខិតខំប្រឹងប្រែងឥតឈប់ឈរដើម្បីជាតិ និងប្រជាជន ដោយយកជីវិតធ្វើជាដើមទុនរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ជាបិតាសន្តិភាព ស្ថាបនិកមគ្គុទេសក៍ឯក ប្រតិបត្តិករនយោបាយឈ្នះឈ្នះ និងអនុវត្តប្រកបដោយជោគជ័យនូវយុទ្ធសាស្រ្តត្រីកោណ និងយុទ្ធសាស្ត្រចតុកោណទាំង ៤ដំណាក់កាលជាបន្តបន្ទាប់ និងក្រោមការបន្តវេនដឹកនាំប្រកបដោយថាមវន្ដរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕⁩