FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

យកអាសាគ្នាក្នុងគ្រាលំបាក! ខ្មែរកម្ពុជាក្រោមរស់នៅកម្ពុជា នាំយកអំណោយជូន​ពលរដ្ឋទើបត្រឡប់ពីថៃ ជួយដោះស្រាយការខ្វះខាតក្នុងជីវភាព

13-08-2025 18:04

(បាត់ដំបង)៖ នៅព្រឹកថ្ងៃពុធ ទី១៣ ខែសីហា ឆ្នាំ២០២៥នេះ អង្គការ​សមាគម​ខែ្មរ​ក្រោម​នៅកម្ពុជា​ តំណាងឱ្យប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោម បាននាំយកអំណោយជា​ស្បៀង​​អាហារ និងថវិកាជូនដល់ពលរដ្ឋខ្មែរ ដែលទើបត្រឡប់មកពីប្រទេសថៃ ដើម្បី​ជួយដោះស្រាយការខ្វះខាតក្នុងជីវភាព។ ប្រជាពលរដ្ឋដែលអង្គការសមាគមខ្មែរ​ក្រោម​នៅ​កម្ពុជាចែកអំណោយនេះ មានលំនៅឃុំ​បឹងរាំង​ ស្រុកកំរៀង​ ខេត្ត​បាត់ដំបង។ ពិធី​ចែក​អំណោយត្រូវបានធ្វើឡើងនៅសាលាស្រុកកំរៀង។

កម្មវិធីចែកស្បៀងអាហារ និងថវិកាជូនពលករខ្មែរទើបត្រឡប់ពីប្រទេសថៃនេះ ដឹកនាំ​ដោយលោក​ សឺន​ យឿង​ ប្រធាន​លេខាធិការដ្ឋាន​អង្គការ​សមាគម​ខែ្មរ​ក្រោម​,​ លោក​ គីម​ វ៉ាន់ឆេង​ ប្រធាន​គណៈកម្មាធិការ​សម្របសម្រួល​ខ្មែរ​ក្រោម​ រួម​ជាមួយ​ព្រះ​សង្ឃ​ខ្មែរ​ក្រោម​គង់​នៅ​វត្ត​សាមគ្គី​រង្សី​ ហៅវត្ត​ខ្មែរ​ក្រោម​។ ក្នុងពិធីនោះ ក៏មាន​មាន​ការអញ្ជើញ​ចូល​រួម​ពី​លោក​ សាន​ សាង​ ទីប្រឹក្សា​សម្តេច​តេជោ​ ហ៊ុន​ សែន​ ប្រធាន​ព្រឹទ្ធសភា​ ​កម្ពុជា និងអភិបាលស្រុកកំរៀងផងដែរ។​

អំណោយដែលបានយកទៅចែកជូននាព្រឹកមិញនេះ ​រួមមាន៖​ អង្ក​បីតោន​ មុី​ ៣០០​កេស ទឹកត្រី​ ៣០០យួរ​ ទឹក​សុីអ៉ីវ​ ៣០០យួរ​ និងថវិកា​៣លានរៀល។​

ប្រជាពលរដ្ឋដែលទើបត្រឡប់ពីប្រទេសថៃ គ្រួសារខ្លះកំពុងជួបការខ្វះខាតក្នុងជីវភាព។ ដូច្នេះអំណោយនេះ បានរួមរួមចំណែកដោះស្រាយការលំបាក និងការហូបចុកប្រចាំថ្ងៃរបស់ពួកគេស។

ការជួយយកអាសាគ្នាក្នុងគ្រាលំបាក និងខ្វះខាត គឺជាវប្បធម៌ដែលបាន​ចាក់​យ៉ាង​ជ្រៅ​នៅ​ក្នុងបេះដូងខ្មែរតាំងពីដើមមក។ ការឈ្លានពានរបស់កងទ័ពថៃ បាន​ធ្វើ​ឱ្យប្រជា​ពល​រដ្ឋខ្មែរត្រូវភៀសខ្លួនចេញពីលំនៅឋាន ទន្ទឹមនឹងនោះ ពលករខ្មែរ​នៅ​ប្រទេសថៃ ក៏បានសម្រុកត្រឡប់មកប្រទេសកំណើតខ្លួនវិញផងដែរ ព្រោះបារម្ភ​ពី​សុវត្ថិ​ភាព និងការរើសអើងផ្សេងៗពីសំណាក់ពលរដ្ឋថៃ។

ការចាកចេញពីផ្ទះសម្បែង ក៏ដូចជាការត្រឡប់មកពីប្រទេសថៃ បានធ្វើឱ្យប្រជាពលរដ្ឋ​ខ្មែរប្រឈមនឹងការលំបាកនានាជាច្រើនក្នុងជីវភាពប្រចាំថ្ងៃ។ ក្នុងកំលុងពេលនេះ ស្មា​រតីនៃការជួយយកអាសាគ្នាក្នុងមហាគ្រួសារខ្មែរ បានផុសផុលឡើងយ៉ាងខ្លាំងក្លាបំផុត។

ប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោម ដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជា ត្រូវបានគេមើល​ឃើញ​ថា ចូលរួមក្នុងសកម្មភាពជួយរំលែកការលំបាករបស់ប្រជាពលរដ្ឋខ្មែរ​ក្នុងគ្រានេះ​ជា​ហូរហែផងដែរ។ តាមរយៈកាយវិការទាំងនេះ បានស្តែងឱ្យឃើញថា សហគមន៍ខ្មែរ​កម្ពុជា​ក្រោម ដែលកំពុងរស់នៅកម្ពុជា តែផ្សារភ្ជាប់ជានិច្ចជាមួយប្រជាពលរដ្ឋកម្ពុជា ជាពិសេសក្នុងគ្រាមានទុក្ខលំបាក៕