អង្គការមណ្ឌលព័ត៌មានស្រ្ដីកម្ពុជា រៀបចំសិក្ខាសាលាផ្សព្វផ្សាយគម្រោងស្ដីពី ការលើកកម្ពស់ការយល់ដឹងក្នុងចំណោមជនងាយរងគ្រោះ អំពីប្រព័ន្ធគាំពារសង្គមតាមរយៈប្រព័ន្ធផ្សព្វផ្សាយ
13-08-2025 16:01
(ភ្នំពេញ)៖ អង្គការមណ្ឌលព័ត៌មានស្រ្ដីកម្ពុជា នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥នេះ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយគម្រោងស្ដីពី ការលើកកម្ពស់ការយល់ដឹងក្នុងចំណោមជនងាយរងគ្រោះ អំពីប្រព័ន្ធគាំពារសង្គមតាមរយៈប្រព័ន្ធផ្សព្វផ្សាយ ដើម្បីលើកកម្ពស់ការយល់ដឹង និងផ្សព្វផ្សាយព័ត៌មានអំពីប្រព័ន្ធគាំពារសង្គមដល់សាធារណជន ពិសេសក្រុមងាយរងគ្រោះ។
វគ្គបណ្តុះបណ្តាលនេះ មានការចូលរួមពី លោកស្រី សាវតា ច័ន្ទគ្រឹស្នា នាយិកាប្រតិបត្តិនៃអង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា លោក ស្រេង សោភ័ណរស្មី អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម តំណាងក្រសួងស្ថាប័ន ប្រព័ន្ធផ្សព្វផ្សាយឯកជន អង្គការសង្គមស៊ីវិល និងអ្នកសារព័ត៌មានឯករាជ្យជាច្រើននាក់។ ដោយការគាំទ្រថវិកាពីគម្រោងលើកកម្ពស់គាំពារសង្គម និងសុខភាព ដំណាក់កាលទី២ នៃទីភ្នាក់ងារអាល្លឺម៉ងសម្រាប់កិច្ចសហប្រតិបត្តិការបច្ចេកទេស (GIZ) និងមានកិច្ចសហការជាមួយអគ្គលេខាធិការ ក្រុមប្រឹក្សាជាតិគាំពារសង្គម (GS-NSPC)។
នាឱកាសនោះដែរ លោកស្រី សាវតា ច័ន្ទគ្រឹស្នា បានលើកឡើងថា អស់រយៈពេល៣០ឆ្នាំមកហើយ ដោយបានអនុវត្តសកម្មភាពរបស់ខ្លួន តាមរយៈការផលិត និងផ្សព្វផ្សាយកម្មវិធីអប់រំជាច្រើន ដែលផ្តោតទៅលើបញ្ហាអភិវឌ្ឍនានា ជាពិសេសបញ្ហាស្រ្តី យុវជន និងកុមារនៅកម្ពុជា សំដៅរួមចំណែក និង គាំទ្រដល់ការអនុវត្តច្បាប់ និងគោលនយោបាយនានារបស់រាជរដ្ឋាភិបាល ក្នុងគោលបំណងធ្វើឲ្យប្រសើរទ្បើងនូវសមភាពយេនឌ័រនៅកម្ពុជា ជាអាទិ៍ ការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ ការទប់ស្កាត់អំពើជួញដូរមនុស្ស ការទប់ស្កាត់ការរីករាលដាលនៃមេរោគអេដស៍ និងជំងឺអេដស៍ សិទ្ធិកម្មករនិយោជិត និងនិយោជក ការលើកកម្ពស់សិទ្ធិមនុស្ស និងការធ្វើឱ្យប្រសើរឡើងនូវអភិបាលកិច្ចល្អជាដើម។
លោកស្រី សាវតា ច័ន្ទគ្រឹស្នា បានបន្ដថា គិតត្រឹមឆ្នាំ២០២៤ កម្ពុជាមានប្រជាជនប្រមាណ១៧,២លាននាក់ ចំនួននេះនឹងកើនដល់ ២២លាននាក់ នៅក្នុងឆ្នាំ២០៥០ (របាយការណ៍អង្កេតចន្លោះជំរឿនប្រជាជនឆ្នាំ២០២៤)។ បើយើងនិយាយពីក្របខណ្ឌជាតិគាំពារសង្គមនៅកម្ពុជា គឺចាប់តាំងពីការចាប់ផ្ដើមអនុវត្ដក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គមសង្គមឆ្នាំ២០១៦-២០២៥, ប្រព័ន្ធគាំពារសង្គមត្រូវបានពង្រឹកវិសាលភាព លើសមុន២ដង ខណៈការគ្របដណ្ដប់ពលរដ្ឋបានកើនឡើងចំនួន ៧,៥លាននាក់កាលពីឆ្នាំ២០២៤ ដែលចំនួននេះមានការកើនឡើងគួរឱ្យកត់សម្គាល់ បើធៀបទៅឆ្នាំ២០១៧ គឺមានតែ ៣,៣លាននាក់ប៉ុណ្ណោះ (កម្រងឯកសារនិងព័ត៌មានអំពីប្រព័ន្ធគាំពារសង្គមកម្ពុជាឆ្នាំ២០២៥)។ ខណៈដែលវិសាលភាពនៃប្រព័ន្ធគាំពារសង្គមកាន់តែរីកធំធាត់ជាបន្ដបន្ទាប់រដ្ឋាភិបាលកម្ពុជា បានប្រកាសដាក់ឱ្យអនុវត្ដក្របខណ្ឌ គោលនយោបាយជាតិគាំពារសង្គមសង្គមឆ្នាំ២០២៤-២០៣៥។
ជាមួយគ្នានេះ លោក ស្រេង សោភ័ណរស្មី បានបន្ថែមថា ក្រោមការដឹកនាំ និងជំរុញការអភិវឌ្ឍប្រទេសដោយភាពហ្មត់ចត់ ជវភាព និងចក្ខុវិស័យ វែងឆ្ងាយរបស់ប្រមុខរាជរដ្ឋាភិបាលនៅគ្រប់អាណត្តិ ជាពិសេសនៅក្នុងរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី, ប្រព័ន្ធគាំពារសង្គមកម្ពុជាដែលចាប់ផ្តើមពីវត្តមានក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម២០១៦-២០២៥ និងបន្តដល់ ក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គមឆ្នាំ២០២៤-២០៣៥ ត្រូវបានកំណត់ជាគោលនយោបាយអាទិភាពមួយក្នុងចំណោមគោលនយោបាយអាទិភាពដទៃទៀត និងត្រូវបានអភិវឌ្ឍជាបន្តបន្ទាប់ក្នុងគោលដៅ ផ្តល់កិច្ចគាំពារសង្គមដល់ពលរដ្ឋគ្រប់រូបទល់នឹងអសន្តិសុខប្រាក់ចំណូល សំដៅលើកកម្ពស់ កម្ពស់សុខភាព និងសុខុមាលភាព កាត់បន្ថយភាពក្រីក្រ កាត់បន្ថយវិសមភាពយេនឌ័រ និងវិសមភាពសង្គម ដែលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិទាំងមូល។
បន្ថែមពីនេះ លោក ស្រេង សោភ័ណរស្មី បានបញ្ជាក់ថា ការដាក់ចេញ និងការអនុវត្តគោលនយោបាយ និងយន្តការពាក់ព័ន្ធនឹងការទំនាក់ទំនង និងផ្សព្វផ្សាយអំពីប្រព័ន្ធគាំពារសង្គម បង្ហាញយ៉ាងច្បាស់ពីសារៈសំខាន់ និងការកំណត់ជាអាទិភាពនៃសកម្មភាពផ្សព្វផ្សាយព័ត៌មាន អំពីប្រព័ន្ធគាំពារសង្គម ប្រកបដោយសុក្រឹត្យភាព ប្រសិទ្ធភាព និងសង្គតិភាព ដែលជាកត្តាចម្បងក្នុងការសម្រេចបាន នូវគោលនយោបាយគាំពារសង្គមនានារបស់រាជរដ្ឋាភិបាល។ ការណ៍នេះបញ្ជាក់យ៉ាងច្បាស់នូវ ការលើកឡើងមួយថា៖ កម្មវិបាកពិតប្រាកដ នៃការអនុវត្តគោលនយោបាយគាំពារសង្គម ឆ្លុះ បញ្ចាំងនៅពេលដែលប្រជាពលរដ្ឋ ជាក្រុមគោលដៅ បានយល់ដឹងជ្រួតជ្រាប ផ្តល់ទំនុកចិត្ត និងប្រើប្រាស់នូវអត្ថប្រយោជន៍ដែលផ្តល់ដោយប្រព័ន្ធគាំពារសង្គមទាំងមូលបានពេញលេញ៕







