FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្ពុជា ដាក់ជូនយ៉ាងជោគជ័យផែនការជាតិរួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុនៅកម្ពុជា ដំណាក់កាលទី៣ ទៅកាន់អនុសញ្ញាក្របខ័ណ្ឌ UN ស្តីពីការប្រែប្រួលអាកាសធាតុ

13-08-2025 10:27

(ភ្នំពេញ)៖ ប្រទេសកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ជូនយ៉ាងជោគជ័យនូវផែនការជាតិរួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុនៅកម្ពុជា ដំណាក់កាលទី៣ (NDC 3.0) ទៅកាន់អនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ (UNFCCC) នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥។

ការដាក់ជូននូវផែនការជាតិនេះ សបញ្ជាក់ពីការប្តេជ្ញាចិត្តឥតងាករេរបស់កម្ពុជាក្នុងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុសកល និងដើម្បីសម្រេចគោលបំណងនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីការប្រែប្រួលអាកាសធាតុ។ NDC 3.0 របស់កម្ពុជាបានគូសបញ្ជាក់អំពីការពង្រឹងគោលដៅក្នុងការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ និងការបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ យុទ្ធសាស្ត្រតាមវិស័យ និងការអនុវត្តវិធានការឆ្លើយតបដែលឆ្លុះបញ្ចាំងពីមហិច្ឆតារបស់កម្ពុជាក្នុងដំណើរឆ្ពោះទៅរកមាគ៌ានៃការអភិវឌ្ឍដែលបញ្ចេញកាបូនតិច និងធន់នឹងអាកាសធាតុ។ NDC 3.0 ត្រូវបានរៀបចំឡើងដោយផ្អែកលើ NDCs ដែលបានរៀបចំកន្លងមក ដោយមានការរួមបញ្ចូលនូវបទពិសោធន៍ គោលនយោបាយថ្មីៗ ការវិភាគវិទ្យាសាស្ត្រ និងការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធប្រកបដោយបរិយាបន្ន។

NDC 3.0 មានគោលដៅកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់រហូតដល់ ៥៥% ឬស្មើនឹងប្រមាណ ៧៣.៧ MtCO2e (លានតោននៃសមមូលឧស្ម័នកាបូនិក) នៅឆ្នាំ២០៣៥ ក្រោមសេណារីយ៉ូមានលក្ខខណ្ឌ។ កម្ពុជាត្រូវការថវិកាប្រមាណ ៣២.២២៩ ពាន់លានដុល្លារអាម៉េរិក ដើម្បីសម្រេចនូវសកម្មភាពអាកាសធាតុ ទាំងការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ និងការបន្សាំនឹងការប្រែប្រួលអាកាសធាតុ។

កម្ពុជានៅតែបន្តប្តេជ្ញាចិត្តឥតងាករេក្នុងការចូលរួមចំណែកកិច្ចខិតខំប្រឹងប្រែងជាសកល ដើម្បីកំណត់ការកើនឡើងកម្តៅផែនដីឱ្យនៅក្រោមកម្រិត ២ អាង្សារសែសស៊ុស និងបន្តកិច្ចខិតខំប្រឹងប្រែងនានាសំដៅកំណត់ការកើនឡើងសីតុណ្ហភាពក្រោម ១.៥ អាង្សារសែសស៊ុស ធៀបនឹងកម្រិតមុនបដិវត្តន៍ឧស្សាហកម្ម៕

ឯកសារ NDC 3.0 អាចធ្វើការដោនឡូតពីគេហទំព័ររបស់ UNFCCC: https://unfccc.int/NDCREG