FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

Fresh Exclusive: កម្ពុជា ប្រាប់ពិភពលោកនូវហានិភ័យសង្គ្រាមព្រំដែនជាលើកទី២

12-08-2025 20:18

(ភ្នំពេញ)៖ នៅពេលសន្តិភាពដ៏ផុយស្រួយកំពុងបង្កើតស្រមោលលើព្រំដែនកម្ពុជា-ថៃ, សំឡេងផ្ទុះមីន និងពាក្យគំរាមយោធាថ្មីៗ បានរំខានដល់សេចក្តីសង្ឃឹមដល់ពលរដ្ឋស្លូតត្រង់ទាំងពីរប្រទេស។ តើលេស «ផ្ទុះមីន» អាចក្លាយជាអាវុធយុទ្ធសាស្ត្រថ្មី ដើម្បីបំប្លែងបទឈប់បាញ់ និងបើកទ្វារទៅកាន់សង្គ្រាមជាលើកទី២?
Fresh Exclusive មានសេចក្តីរាយការណ៍ដូចតទៅ៖

នៅពេលសន្តិភាពដ៏កម្រនៅព្រំដែនកម្ពុជា-ថៃ ទើបតែចាប់ផ្តើមស្ដារឡើងវិញក្រោមបទឈប់បាញ់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥, ស្ថានភាពនៅតំបន់ព្រំដែន ហាក់ដូចជាកំពុងផ្លាស់ប្តូរទៅទិសដៅផ្សេងមួយ គួរឱ្យព្រួយបារម្ភយ៉ាងខ្លាំង។ កងទ័ពថៃ បន្តរំលោភដោយការជ្រៀតចូលដោយប្រើប្រាស់វិធីលួចបន្តិចម្តងៗ Salami Slicing Tactic និងថែមទាំងប្រើប្រាស់នូវពាក្យគំរាមវាយដណ្តើមយកប្រាសាទតាក្របី និងបិទប្រាសាទតាមាន់ធំ ដែលជាទង្វើបង្កើននូវសម្ពាធយោធា និងនយោបាយកាន់តែធ្ងន់ធ្ងរ។ ដោយឡែកកាលពីថ្ងៃទី៩ ខែសីហា ទាហានថៃបីនាក់ ដែលកំពុងរាយលួសបន្លាត្រូវបានជាន់មីនរងរបួស ហើយនៅថ្ងៃទី១២ ខែសីហា ទាហានថៃម្នាក់ទៀតត្រូវបានរាយការណ៍ថា រងរបួសដោយសារជាន់គ្រាប់មីននៅជិតប្រាសាទតាមាន់ធំ។

ករណីទាំងនេះ មិនត្រឹមតែបង្កើនសភាពតានតឹងនោះទេ ប៉ុន្តែថែមទាំងហាក់ដូចជាត្រូវបានប្រើជាលេស ដើម្បីចង់បង្វែរចេញពីកិច្ចព្រមព្រៀងឈប់បាញ់គ្នាថែមទៀត។ ស្ថានការណ៍នេះ កើតឡើងនៅពេលដែលអង្គការសហប្រជាជាតិ ទើបទទួលបានលិខិតពីឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ប្រាក់ សុខុន ដែលរៀបរាប់អំពីហានិភ័យជាក់ស្តែងនៃការផ្ទុះសង្គ្រាមឡើងវិញនៅព្រំដែនកម្ពុជា-ថៃ។

លិខិតចុះថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ របស់លោក ប្រាក់ សុខុន ទៅកាន់ប្រធានក្រុមប្រឹក្សាសន្តិសុខ និងអគ្គលេខាធិការអង្គការសហប្រជាជាតិ បានបញ្ជាក់ភស្ដុតាងថា ការបំពានជាបន្តបន្ទាប់ពីសំណាក់ថៃ ចាប់ពីការជ្រៀតចូលទឹកដី ការដាក់រាយបន្លាលួស ការសាងសង់ផ្លូវ និងលេណដ្ឋានថ្មី រហូតដល់ការប្រកាសគំរាមវាយកាន់កាប់មកលើប្រាសាទបុរាណ គឺជាកត្តាដ៏គ្រោះថ្នាក់បំផុតចំពោះបទឈប់បាញ់។ ករណីផ្ទុះមីននៅថ្ងៃទី៩ និង១២ សីហា ដែលថៃប្រើជាលេសសម្រាប់អះអាងសិទ្ធិការពារខ្លួន កំពុងធ្វើឱ្យមានក្តីបារម្ភនូវហានិភ័យផ្ទុះសង្គ្រាមជាលើកទី២។ ក្នុងបរិបទនេះ រាជរដ្ឋាភិបាលកម្ពុជា បានអំពាវនាវបីចំណុចឱ្យអង្គការសហប្រជាជាតិ និងសហគមន៍អន្តរជាតិប្រញាប់ធ្វើអន្តរាគមន៍។

ចំណុចអំពាវនាវទាំងបីរួមមាន៖
1. បញ្ឈប់ជាបន្ទាន់នូវការឈ្លានពាន និងការកាន់កាប់ខុសច្បាប់របស់កងទ័ពថៃ។
2. ដកកងទ័ព និងឧបករណ៍យោធារបស់ថៃចេញពីទឹកដីកម្ពុជា តាមព្រំដែនស្របច្បាប់។
3. អនុវត្តពេញលេញ និងគ្មានលក្ខខណ្ឌលើកិច្ចព្រមព្រៀងទាំងអស់ ទាំងទ្វេភាគី និងអន្តរជាតិ រួមមានបទឈប់បាញ់ និងកំណត់ហេតុព្រមព្រៀង។

គួរបញ្ជាក់ថាទីតាំងដែលភាគីកម្ពុជា បានស្នើឱ្យអង្គការសហប្រជាជាតិជួយចាត់វិធានការ ដើម្បីបញ្ចៀសការបំពានលើកិច្ចឈប់បាញ់គ្នា និងការពារអធិបតេយ្យភាពកម្ពុជា គឺជាទីតាំងដែលស្ថិតក្នុងដែនដីកម្ពុជាស្របតាមផែនទី១/២០០,០០០ ដែលទទួលស្គាល់ដោយកម្ពុជានិងថៃ និងត្រូវបានប្រើប្រាស់ដោយតុលាការយុត្តិធម៌អន្តរជាតិ ICJ ពាក់ព័ន្ធសេចក្តីសម្រេចលើយុត្តាធិការឆ្នាំ១៩៦២ និងឆ្នាំ២០១៣។

* ការចោទប្រកាន់អំពីមីន និងការប្រើពាក្យសំអាងការពារខ្លួន
រាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ម្តងហើយម្តងទៀតថា ទឹកដីកម្ពុជា មានតំបន់ជាច្រើននៅតាមព្រំដែនភាគខាងលិច និងភាគខាងជើង ដែលនៅតែមានគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះសេសសល់ពីសង្គ្រាមស៊ីវិល។ តំបន់ទាំងនេះគឺជាបរិវេណ ដែលធ្លាប់ជាកន្លែងសំបុករស់នៅរបស់កងទ័ពតស៊ូ និងក្រុមទ័ពព្រៃខ្មែរក្រហម។ ទោះបីសង្គ្រាមបានបញ្ចប់ និងប្រទេសទទួលសុខសន្តិភាពពិតប្រាកដតាមរយៈនយោបាយឈ្នះ-ឈ្នះ ចុងឆ្នាំ១៩៩៨ ក៏ដោយ កម្ពុជាបានបន្តប្តេជ្ញាដោយខ្ជាប់ខ្ជួនក្នុងការមិនប្រើប្រាស់មីនប្រឆាំងមនុស្ស និងបានចូលជារដ្ឋភាគីនៃអនុសញ្ញាហាមប្រាមការប្រើប្រាស់មីនប្រឆាំងមនុស្ស តាំងពីឆ្នាំ១៩៩៩។ ការបោសសម្អាតគ្រាប់មីន និងសំណល់ជាតិផ្ទុះ បានទទួលការទទួលស្គាល់អន្តរជាតិ ដោយកម្ពុជាបានបោសសម្អាតមីនប្រឆាំងមនុស្សជាង ១លានគ្រាប់ និងសំណល់ជាតិផ្ទុះជាង ៣លានគ្រាប់ ជួយសង្គ្រោះជីវិតមនុស្សរាប់សែននាក់ និងផ្តល់ដីសុវត្ថិភាពដល់សហគមន៍ជាតិ។

ចំពោះករណីផ្ទុះមីននៅថ្ងៃទី៩ និង១២ ខែសីហា ឆ្នាំ២០២៥ រាជរដ្ឋាភិបាលកម្ពុជា បានបដិសេធយ៉ាងច្បាស់លាស់មកហើយថា វាមិនមែនជាមីនថ្មីដែលបានដាក់ឡើយ ប៉ុន្តែអាចជាសំណល់មីនសេសសល់ពីសម័យសង្គ្រាមស៊ីវិល។ កម្ពុជា ទាមទារការស៊ើបអង្កេតរកការពិតជុំវិញបញ្ហានេះ ដោយគេមិនអាចប្រើលេសនេះ មកចោទប្រកាន់ដាក់កម្ពុជាដែលជារដ្ឋភាគីអនុសញ្ញាអូតាវ៉ាឡើយ។

ប៉ុន្តែភាគីថៃ បែរជាចោទប្រកាន់ដោយគ្មានភស្តុតាង និងគ្មានការស៊ើបអង្កេតស្របតាមស្តង់ដារអន្តរជាតិឡើយ។ ភាគីថៃថែមទាំងគំរាមថា «នឹងប្រើសិទ្ធិការពារខ្លួនក្រោមច្បាប់អន្តរជាតិ» ដែលអាចធ្វើជាលេស ចង់បង្កសង្គ្រាមឡើងវិញ។ លើសពីនេះ សម្តីគំរាមរបស់មេបញ្ជាការភូមិភាគទី២របស់ថៃ ដែលប្រកាសថា នឹងវាយដណ្តើមប្រាសាទតាក្របី និងតាមាន់ធំ ដែលជាប្រាសាទនៃកេរ្តិ៍ដំណែលបុព្វបុរសខ្មែរបន្សល់ទុកនៅលើទឹកីដីកម្ពុជាដែលអ្វីទាំងនេះ មានកំណត់ត្រាទុកលើផែនទីផែនទីខ្នាត ១/២០០,០០០ រក្សាតម្កល់នៅអង្គការសហប្រជាជាតិថែមទៀត។

* តើប្រទេសថៃ អាចប្រើលេសផ្ទុះមីន បង្កើតសង្គ្រាមជាលើកទី២មកលើកម្ពុជា បានដែរឬទេ?
ក្រោមច្បាប់អន្តរជាតិ ប្រទេសថៃ មិនអាចប្រើកម្លាំងវាយប្រហារលើកម្ពុជា ដោយសារតែការអះអាង ឬប្រើលេសពីឧប្បត្តិហេតុផ្ទុះមីន ដែលមិនទាន់មានការស្រាវជ្រាវស៊ើបអង្កេត និងបញ្ជាក់ជាក់លាក់ទេ។ មាត្រា ២(៤) នៃធម្មនុញ្ញអង្គការសហប្រជាជាតិ កំណត់ច្បាស់ថា ការគំរាមប្រើកម្លាំង ឬ ការប្រើកម្លាំងប្រឆាំងនឹងបូរណភាពទឹកដី ឬ ឯករាជ្យភាពនយោបាយរបស់រដ្ឋផ្សេងគឺជាអំពើហាមឃាត់ដាច់ខាត។ ការការពារខ្លួន (self-defense) ត្រូវបានទទួលស្គាល់ថា ជាករណីលើកលែងតែប៉ុណ្ណោះ តាមមាត្រា ៥១ នៃធម្មនុញ្ញអ.ស.ប. ប៉ុន្តែការអនុវត្តសិទ្ធិនេះត្រូវមានលក្ខខណ្ឌច្បាស់លាស់៖

១. ត្រូវបញ្ជាក់អំពើវាយប្រហារជាក់ស្តែង និងពិតប្រាកដ៖ ប្រទេសថៃត្រូវមានភស្តុតាងអះអាងថា មានអំពើវាយប្រហារពិតៗ មិនមែនគ្រាន់តែប្រកាសចោទប្រកាន់ដោយគ្មានការផ្ទៀងផ្ទាត់ ឬការស៊ើបអង្កេតរកការពិតឡើយ។

២. លក្ខខណ្ឌភាពចាំបាច់ និងសមមូល៖ ការប្រើកម្លាំងក្នុងការការពារខ្លួន គឺត្រូវធ្វើនៅពេលគ្មានជម្រើសសន្តិវិធីផ្សេងទៀត។ នៅក្នុងស្ថានភាពនេះ កិច្ចព្រមព្រៀងឈប់បាញ់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ កំពុងត្រូវបានអនុវត្តហើយៗថែមទាំងមានយន្តការអ្នកសង្កេតការណ៍អន្តរជាតិ និងយន្តការអាស៊ាន ដែលអាចប្រើសម្រាប់ដោះស្រាយវិវាទថែមទៀត។ ដូច្នេះលក្ខខណ្ឌ «ភាពចាំបាច់» ដើម្បីវាយប្រហារមិនអាចកើតឡើងបានឡើយក្នុងកាលៈទេសៈនេះ។

៣. ការបង្ហាញការគោរពដល់យន្តការអន្តរជាតិ៖ មុននឹងប្រើកម្លាំងប្រទេសថៃ ត្រូវធ្វើការជូនដំណឹង និងសហការជាមួយក្រុមប្រឹក្សាសន្តិសុខអ.ស.ប. ឬ ប្រើវិធានការសន្តិភាពតាមមាត្រា៣៣ នៃធម្មនុញ្ញអ.ស.ប. ដូចជា ការចរចា ការសម្រុះសម្រួល និងការបញ្ជូនទៅអាជ្ញាកណ្តាល។

ដោយយោងតាមស្តង់ដារនេះ ការវាយប្រហារលើកម្ពុជា ដោយផ្អែកលើការចោទប្រកាន់អំពីការជាន់មីន ដែលមិនទាន់បានផ្ទៀងផ្ទាត់ និងស៊ើបអង្កេតតាមបែបផ្លូវការទេនឹងក្លាយជាអំពើរំលោភធម្មនុញ្ញអ.ស.ប. និងច្បាប់អន្តរជាតិក្នុងសម័យបច្ចុប្បន្ននេះ។

ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ បច្ចុប្បន្នបានបង្ហាញថា ការចោទប្រកាន់អំពីការជាន់មីន និងការគំរាមប្រើសិទ្ធិការពារខ្លួនរបស់ភាគីថៃ គឺគ្រាន់ជា «លេសយុទ្ធសាស្ត្រ» ដើម្បីបំផ្លាញកិច្ចព្រមព្រៀងឈប់បាញ់គ្នា និងបង្កើនភាពតានតឹងយោធាតែប៉ុណ្ណោះ។ យោងតាមច្បាប់អន្តរជាតិ ការវាយប្រហារមិនអាចស្របច្បាប់បានទេ ប្រសិនបើគ្មានភស្តុតាងពិតប្រាកដនូវអំពើវាយប្រហារជាក់ស្តែង និងការមិនបានបំពេញលក្ខខណ្ឌ ភាពចាំបាច់ និង សមមូល ដែលកំណត់ក្នុងមាត្រា៥១ នៃធម្មនុញ្ញអ.ស.ប.។

ក្នុងបរិបទដែលកិច្ចព្រមព្រៀងឈប់បាញ់កំពុងអនុវត្តមកនេះទាំងកម្ពុជានិងថៃ មានយន្តការអ្នកសង្កេតការណ៍អន្តរជាតិ និងអាស៊ាន កំពុងនៅលើតារាងហើយ។ អំពើប្រើកម្លាំងដោយគ្មានមូលដ្ឋានច្បាស់លាស់នឹងត្រូវចាត់ទុកថា ជាការរំលោភធម្មនុញ្ញ អ.ស.ប. និងគោលការណ៍មូលដ្ឋាននៃច្បាប់អន្តរជាតិ។ វានឹងធ្វើឱ្យប្រទេសថៃដែលប្រើកម្លាំងបាយទៅវិញនោះទេ នឹងត្រូវក្លាយជាអ្នកបង្កសង្គ្រាម និងត្រូវទទួលទណ្ឌកម្ម និងការរិះគន់យ៉ាងខ្លាំង ពីសហគមន៍អន្តរជាតិ។ ដូច្នេះសហគមន៍អន្តរជាតិ ត្រូវប្រញាប់ធ្វើអន្តរាគមន៍ ដើម្បីបញ្ឈប់ទង្វើរំលោភរបស់ថៃ ការពារអធិបតេយ្យភាពទឹកដីកម្ពុជា និងរក្សាបទឈប់បាញ់ឱ្យបានប្រសើរ ដើម្បីទប់ស្កាត់ហានិភ័យផ្ទុះសង្គ្រាមកុំឱ្យមានជាលើកទី២៕