FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋមន្ដ្រី ម៉ៅ ហាវណ្ណាល់៖ អាកាសយានដ្ឋានអន្ដរជាតិតេជោ ត្រៀមលក្ខណៈស្ទើររួចរាល់ទាំងស្រុង ដើម្បីទទួលភ្ញៀវជាតិ និងអន្ដរជាតិ នៅពេលឆាប់ៗខាងមុខ

12-08-2025 10:59

(កណ្ដាល)៖ លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ បានគូសបញ្ជាក់ថា អាកាសយានដ្ឋានអន្ដរជាតិតេជោ (ព្រលានថ្មី) បានត្រៀមលក្ខណៈស្ទើរួចរាល់ទាំងស្រុង ដើម្បីទទួលភ្ញៀវជាតិ និងអន្ដរជាតិ នៅពេលឆាប់ៗយ៉ាងខ្លី។

លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ បញ្ជាក់បែបនេះ ក្នុងឱកាសអញ្ជើញដឹកនាំក្រុមការងារចុះត្រួតពិនិត្យ លើវឌ្ឍនភាពរបស់អាកាសយានដ្ឋានអន្តរជាតិតេជោ និងត្រៀមលក្ខណៈនៃការហោះហើរសាកល្បង នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥។

បើតាមការបញ្ជាក់របស់ លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់, ការធ្វើតេស្តសាកល្បងចំពោះយន្តហោះពាណិជ្ចកម្ម ទំហំមធ្យម AirBus-320 នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ ខាងមុខនេះ គឺតេស្តសាកល្បងប្រៀបធៀបទៅលើ ព្រលានចាស់ និងព្រលានថ្មី ចំពោះប្រព័ន្ធនាំផ្លូវអាកាស, វិទ្យុទាក់ទង, ប្រព័ន្ធបញ្ជាហោះហើរ, ការចល័ត និងសម្ភារចេញចូលសម្រាប់អ្នកដំណើរ។

ថ្លែងប្រាប់អ្នកសារព័ត៌មាន លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ បានឲ្យដឹងថា ការចុះត្រួតពិនិត្យវឌ្ឍនភាពក្នុងរសៀលនេះ គឺគ្រាន់តែពិនិត្យទៅលើ កង្វះខាត ការសម្អាត អនាម័យ ដែលនៅសល់បន្តិចបន្តួចតែប៉ុណ្ណោះ។ ពោលគឺ អាកាសយានដ្ឋានថ្មីនេះ បានត្រៀមលក្ខណៈរួចរាល់ស្ទើទាំងស្រុងក្នុងការទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិហើយ។

លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ បញ្ជាក់ថា ជុំវិញប្រព័ន្ធបច្ចេកទេស អាកាសយានដ្ឋានភ្នំពេញ (4D) និងអាកាសយានដ្ឋានតេជោ (4F) មានបច្ចេកទេសដូចគ្នាស្ទើទាំងស្រុង ពោលគឺ ខុសតែទំហំប៉ុណ្ណោះ។ លោកបន្តថា កាលណាអាកាសយានដ្ឋានធំជាងមុន នឹងនាំឲ្យមានបុគ្គលិកច្រើន មន្ត្រីរាជការច្រើន ជាពិសេសអាចទទួលភ្ញៀវជាតិ និងអន្តរជាតិបានច្រើនជាងមុនផងដែរ។

តាមផែនការអាកាសយានដ្ឋានអន្តរជាតិតេជោ នឹង បើកឲ្យប្រតិបត្តិការ នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ខាងមុខនេះ។ ចំណែកពិធីសម្ពោធជាផ្លូវការព្រលានយន្តហោះអន្តរជាតិតេជោ នឹងធ្វើឡើង នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ក្រោមអធិបតីភាព សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា។

សូមបញ្ជាក់ថា ចំពោះចម្ងាយ បើគិតពីវត្តភ្នំ ទៅកាន់ អាកាសយានដ្ឋានអន្តរជាតិតេជោ (ព្រលានថ្មី) មានចម្ងាយ ២៤គីឡូម៉ែត្រ ប៉ុន្តែមិនមានការកកស្ទះនោះទេ ដោយមានផ្លូវHighway (៦០ម៉ែត្រ) ធំងាយស្រួលធ្វើដំណើរ និងចំណេញពេលវេលា។

មិនតែប៉ុណ្ណោះ ខុសប្លែកពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ព្រលានចាស់) អ្នកជូនដំណេីរ អាចចូលក្នុងបរិវេណ អាកាសយានដ្ឋាន អន្តជាតិតេជោ រហូតដល់កន្លែង Check In ត្រង់ចំណុចនោះអ្នកមកចាំទទួលក៏អាចទស្សនាពេលអ្នកដំណេីរ ចុះពីយន្តហោះផងដែរ។ ការរៀបចំយ៉ាងដូច្នេះ បានបង្កើតទំនាក់ទំនងយ៉ាងជិតស្និតទៅកាន់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលអាកាសយានដ្ឋានផ្សេងៗមិនងាយមាននោះទេ៕