ព្រះសង្ឃខេត្តស្វាយរៀង នាំអំណោយ និងថវិកា ជូនដល់វីរកងទ័ពជួរមុខ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ
11-08-2025 14:35
(ស្វាយរៀង)៖ ព្រះសង្ឃខេត្តស្វាយរៀង ដឹកនាំដោយព្រះវិសុទ្ធិញាណ មុំ សយ ព្រះរាជាគណកិត្តិយស នៃគណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះវង្សបតីធម្មធារ ព្រះមេគណខេត្តស្វាយរៀង បាននាំអំណោយជាស្បៀងអាហារ និងថវិកាជូនដល់វីរៈកងទ័ព និងប្រជាពលរដ្ឋដែលជាជនភៀសសឹកទិស ខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ។
បើតាមព្រះវិសុទ្ធិញាណ មុំ ព្រះមេគណខេត្តស្វាយរៀង បានមានសង្ឃដីកាថា កាលពីថ្ងៃទី៦.៧.៨ ខែសីហា ឆ្នាំ២០២៥ ព្រះអង្គបានចាត់តាំងព្រះអង្គ អ៊ំ សុវណ្ណារិទ្ធឹ ជាព្រះតំណាង ដឹកនាំនិមន្តទៅខេត្តឧត្តរមានជ័យ ដើម្បីជួយដល់ប្រជាពលរដ្ឋ និងវីរៈកងទ័ព មានសម្ភារៈអង្ករ១៧តោន មី១៥០០កេស នំអន្សម២០០០ សរុបជាថវិកាជាង៣៥,០០០ដុល្លារ។
ព្រះវិសុទ្ធិញាណ មុំ សយ បានមានសង្ឃដីកាបន្តថា ថ្ងៃទី៨.៩ ខែសីហា ឆ្នាំ២០២៥ ព្រះអង្គផ្ទាល់បាននិមន្តដឹកនាំព្រះមន្ត្រីសង្ឃខេត្ត ព្រះអនុគណ ទាំង៨ក្រុង ស្រុក ជំនួយការសាលាគណខេត្ត ជំនួយការព្រះបាឡាត់គណខេត្ត ជំនួយកាយព្រះវិន័យធរគណខេត្ត ជំនួយការសាលាអនុគណគ្រប់ព្រះអង្គ ព្រះគ្រូចៅអធិការ និងពុទ្ធបរិស័ទ បានផ្ដល់ជូនវីរៈកងទ័ព នៅខេត្តព្រះវិហារ មានម៉ូតូចំនួន៧គ្រឿង មីចំនួន១៧កេស ទឹកសុទ្ធ១០០០យួរ អង្ករ១៥តោន គ្រឿងឧបភោគបរិភោគ នំ២៧០០នំ បាយក្ដាំងចំនួន១ម៉ឺនកញ្ចប់ នំជាល១០០០នំ អំបុក៤៥០០កំប៉ុង និងគ្រឿងឧបភោគបរិភោគផ្សេងទៀត សរុបទឹកប្រាក់២២០លានរៀល ទីកន្លែងប្រគល់នៅវត្តប្រាសាទគោកបេង ក្រុងព្រះវិហារ។
ជាមួយគ្នានេះ មានអន្សមជំនួន១២០០ នំ ផ្ដល់ជូនមេបញ្ជាការយោធភូមិភាគទី៤ និងគ្រួសាររបស់កងទ័ព រួមមាន៖ ជីវពលទាហាន ប៉ូលីស សរុប៤១៦ គ្រួសារ ថវិកាក្នុងម្នាក់ចំនួន ៥ ម៉ឺនរៀល និងមានផ្ដល់ទឹកដោះគោដល់កុមារ អង្ករ១០គីឡូក្រាម សម្ភារៈទឹកសុទ្ធមួយគ្រួសារមួយយួរ បរិក្ខារមួយកញ្ចប់ និងគ្រឿងសម្ភារៈឧបភោគបរិភោគផ្សេងទៀតផងដែរ។
ក្នុងឱកាសនោះ ព្រះវិសុទ្ធិញាណ មុំ សយ ព្រះមេគណខេត្តស្វាយរៀង សូមថ្លែងអំណរអរគុណយ៉ាងជ្រោលជ្រៅចំពោះសប្បុរជននានា ដែលបានចូលរួមឧបត្ថម្ភ កន្លងមកនេះ ដើម្បីជាការរួមចំណែកជួយគាំទ្រលើកទឹកចិត្ត ដល់វីរៈកងទ័ពជួរមុខកម្ពុជា ដែលកំពុងឈរជើងការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិ រួមទាំងការចូលរួមដល់ជនភៀសសឹក ដែលកំពុងជម្លៀសខ្លួនដែលត្រូវការជំនួយសម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃ។
បន្ថែមលើសពីនេះ ព្រះវិសុទ្ធិញាណ មុំ សយ សូមថ្លែងអំណរគុណ និងគោរពដឹងគុណ ដល់វីរកងទ័ពជួរមុខកម្ពុជា ក្នុងការការពារបូរណភាពទឹកដី តាមខ្សែរបន្ទាត់ព្រំដែន ប្រកបដោយភាពអង់អាចក្លាហាន និងឈរជើងយ៉ាងរឹងមាំ ប្រឆាំងនឹងសត្រូវឈ្លានពាន។ សូមឲ្យប្រជាពលរដ្ឋ មានជំនឿចិត្តលើចំណាត់ការបស់រាជរដ្ឋាភិបាល ដែលតែងតែ នៅជាមួយបងប្អូនប្រជាពលរដ្ឋគ្រប់កាលៈទេសៈ និងបញ្ចប់ជម្លោះ តាមរយៈកិច្ចចចារសម្របសម្រួលឱ្យមានបទឈប់បាញ់ រវាងកម្ពុជា-ថៃ ចាប់ពីថ្ងៃទី២៨ ឆ្លងចូលថ្ងៃទី២៩ ខែកក្កដា តទៅផងដែរ៕






















