Fresh Exclusive: ហានិភ័យថ្មីដែលបារម្ភបំផ្លាញសន្តិភាព៖ តើការប្រើជំពាមបាញ់គ្រាប់ឃ្លី និងកូនដុំដែក ជាយុទ្ធ សាស្ត្រ «កាត់បន្តិចម្តង Salami Slicing Tactic» ដែរឬទេ?
09-08-2025 17:33
(ភ្នំពេញ)៖ នៅពេលស្នូរគ្រាប់ពិតត្រូវបានស្ងប់ស្ងាត់ក្រោមសន្ធិសញ្ញាឈប់បាញ់ គេនឹកស្រមៃថាសន្តិភាពបានដើរចូលមកមាត់ទ្វារហើយ។ ប៉ុន្តែពេលនេះ នៅព្រំដែនកម្ពុជា-ថៃ ស្នូរថ្មីមួយទៀតបានលេចឡើងមកជំនួស នោះគឺការប្រើគ្រាប់ជំពាមកៅស៊ូបាញ់ដោយគ្រាប់ឃ្លី និងកូនដុំដែកប្រព្រឹត្តដោយទាហានថៃ។ តើទង្វើនេះ ជារឿងតូចតាចត្រូវមើលរំលងចោលដែរឬទេ? តើទង្វើនេះ ជាល្បិចអ្វីឱ្យពិតប្រាកដនោះ? Fresh Exclusive មានអត្ថបទស៊ីជម្រៅ៖
នៅពេលសង្រ្គាមមួយ កំពុងស្ថិតនៅក្នុងសភាពស្ងប់ស្ងាត់បន្ទាប់ពីកិច្ចព្រមព្រៀងឈប់បាញ់ ដាក់ចេញជាធរមាន, មនុស្សទាំងអស់គ្នាអាចមើលឃើញនិងសង្ឃឹមថា សន្តិភាពនឹងវិលត្រឡប់មកវិញ។ ប៉ុន្តែ នៅព្រំដែនកម្ពុជា-ថៃ ស្នូរគ្រាប់កាំភ្លើងពិត បើទោះបីជាលែងឮទៅមែនក៏ដោយ ប៉ុន្តែគ្រាប់ថ្មី ត្រូវបានលេចឡើងមកជំនួសនោះគឺ គ្រាប់ជំពាមកៅស៊ូនៃគ្រាប់ឃ្លី និងគ្រាប់កូនដុំដែក។ ទិដ្ឋភាពនេះ បើមើល ពីសំបកក្រៅ អាចហាក់ដូចជារឿងតូច ប៉ុន្តែជាការពិតវាជារឿងធំ ដែលអាចបំផ្លាញកិច្ចព្រមព្រៀងឈប់បាញ់ដូចគ្នា។
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានព្រមានយ៉ាងច្បាស់ថា ប្រសិនបើមិនទប់ស្កាត់ការប្រើប្រាស់ជំពាមកៅស៊ូបាញ់គ្រាប់ឃ្លី និងកូនដុំដែកនេះទាន់ពេលវេលាទេ វានឹងបើកផ្លូវឱ្យសង្រ្គាមវិវត្តពីរឿងតូច ទៅជារឿងធំ និង «បំផ្លាញចោលនូវកិច្ចព្រមព្រៀងឈប់បាញ់ ដែលថ្នាក់ដឹកនាំកម្ពុជា-ថៃ ដោយមានការជួយយ៉ាងសកម្ម ពីនាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងការចូលរួមពីចិន អាមេរិក ស្វែងរកបានយ៉ាងលំបាក»។
* ហេតុអ្វីការប្រើជំពាមកៅស៊ូ អាចបំផ្លាញកិច្ចព្រមព្រៀងឈប់បាញ់?
កិច្ចព្រមព្រៀងឈប់បាញ់ គឺអាស្រ័យលើការជឿទុកចិត្ត និងការគោរពច្បាប់ពីភាគីទាំងពីរ។ ប៉ុន្តែបើសិនជាភាគីណាមួយ ប្រើយុទ្ធសាស្រ្តនូវ «គ្រាប់មិនសម្លាប់ភ្លាម» ដូចជាជំពាមកៅស៊ូជាដើម វាធ្វើឱ្យភាគីម្ខាងទៀតមិនទុកចិត្ត ហើយអាចប្រតិកម្មតបវិញដោយអាវុធធ្ងន់។ អ្វីទាំងនេះ គឺការចង់បំផ្លាញនូវជំនឿទុកចិត្តរវាងគ្នានិងគ្នា។
ម្យ៉ាងទៀតគ្រាប់ជំពាមកៅស៊ូបាញ់ដោយគ្រាប់ឃ្លី ឬកូនដុំដែក វាអាចបង្ករបួសធ្ងន់ដល់ទាហាន បើទោះបីមិនរងការស្លាប់ក្នុងពេលនោះក៏ដោយ។ ការប៉ះទង្គិចបែបនេះអាចក្លាយជាសកម្មភាពបង្កហេតុ ដែលអាចនាំឱ្យមានការបាញ់ប្រហារតបតវិញដោយអាវុធពិត។ ការប្រើជំពាមបាញ់គ្រាប់ឃ្លី ឬកូនដុំដែក គឺជាការបង្កើនរូបភាពនៃការញុះញង់ចង់បង្កឱ្យមានការប៉ះទង្គិចគ្នាសាជាថ្មី។ ការប្រើជំពាមកៅស៊ូ អាចត្រូវបានគេប្រើជាគំនិតមួយគិតថា «វាគ្មានអ្វីធ្ងន់ទេ» ប៉ុន្តែវាជាវិធីនៃផ្លូវមិនស្មោះត្រង់មួយក្នងការបង្ហាញថា ភាគីដែលប្រើប្រាស់នោះមិនគោរពកិច្ចព្រមព្រៀងឡើយ។ សម្តេចតេជោ ហ៊ុន សែន បានទូន្មានដល់កងទ័ពកម្ពុជាបញ្ជាក់ថា «សម្រាប់កម្ពុជាប្រសិនបើមានប្រើ ខ្ញុំសូមឲ្យរាជរដ្ឋាភិបាលចេញបទបញ្ជាទៅកងទ័ពឲ្យបញ្ឈប់ការប្រើប្រាស់ជាបន្ទាន់» និងសម្តេចតេជោ នៅបានថ្លែងទៅកាន់ភាគីថៃដោយបញ្ជាក់ថា សង្ឃឹមថាមេដឹកនាំថៃក៏នឹងចេញបញ្ជាដូចគ្នា ដើម្បីធានាថាការប្រើជំពាមកៅស៊ូ និងគ្រាប់ឃ្លី នឹងមិនក្លាយជាផ្លូវចូលទៅកាន់សង្រ្គាមពិតម្ដងទៀតឡើយ។
កិច្ចព្រមព្រៀងឈប់បាញ់គ្នានេះ មិនមែនរកបានមកដោយងាយស្រួលឡើយ។ បទឈប់បាញ់គ្នា ដែលចូលជាធរមានមកនេះ គឺជាគំនិតផ្តួចផ្តើមរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ដែលប្រើប្រាស់សម្ពាធពន្ធបង្ខំឱ្យប្រទេសទាំងពីរត្រូវបញ្ឈប់ការបាញ់គ្នា និងចរចាគ្នាដើម្បីសន្តិភាព និងការធ្វើអន្តរាគមន៍ពីប្រធានអាស៊ាន និងការជួយសម្របសម្រូលពីសាធារណរដ្ឋប្រជាមានិតចិន ទំរាំបានបង្កើតកិច្ចឈប់បាញ់គ្នាជាផ្លូវការរួចមកនេះ។ ប្រសិនបើមានសកម្មភាពរំលោភលើកិច្ចឈប់បាញ់គ្នា ទោះបីជា «តូចតាច» យ៉ាងណាក្តី វាក៏អាចធ្វើឱ្យមូលដ្ឋាននៃសន្តិភាពដួលរលំចុះ ហើយប៉ះពាល់ដល់ទំនាក់ទំនងអន្តរជាតិទាំងមូលថែមទៀត។
* តើការប្រើជំពាម ជាផ្នែកមួយនៃយុទ្ធសាស្ត្រ Salami Slicing Tactic ដែរឬទេ?
ក្នុងអំឡុងពេលដែលកិច្ចព្រមព្រៀងឈប់បាញ់គ្នារវាងកម្ពុជានិងថៃ នៅមុនលទ្ធផលនៃកិច្ចប្រជុំ GBC, សេចក្តីរាយការណ៍នៅតាមទល់ដែន បានកត់សម្គាល់អំពីសកម្មភាពរបស់ទាហានថៃមួយចំនួន ដែលធ្វើការជីកលេណដ្ឋាន, ការរាយលួសបន្លាវាតយកដី និងការបង្ហោះព័ត៌មានក្លែងក្លាយជាច្រើនពាក់ព័ន្ធនឹងការប្រយុទ្ធគ្នានៅលើសមរភូមិជាដើម។ ហើយវេលាចុងក្រោយនេះទៀត គឺការប្រើជំពាមកៅស៊ូបាញ់គ្រាប់ឃ្លី ឬកូនដុំដែក។ សកម្មភាពទាំងនេះ ត្រូវបានគេស្គាល់ជាទូទៅថាវាជាល្បិច Salami Slicing Tactic ឬ Creeping Encroachment។
Salami Slicing Tactic គឺជាវិធីសាស្ត្រ ធ្លាប់ត្រូវបានគេប្រើ ដើម្បីល្បិចកលបិទបាំងទង្វើឈ្លានពានយោធាមួយបែប ដែលផ្ទុយនឹងច្បាប់អន្តរជាតិ។ វាគឺជាវិធីសាស្ត្រ ដែលរំកិលចូល «ម្តងបន្តិចៗ» ឬ «កាត់បន្តិចម្តងៗ» ជាមួយការប្រើកលល្បិចសង្គ្រាមផ្នែកចិត្តសាស្ត្រ ក្នុងទង្វើបន្លំបញ្ចៀសការចាប់អារម្មណ៍របស់សាធារណជនទូទៅទាំងជាតិនិងសហគមន៍អន្តរជាតិ។
* អត្ថន័យពិតប្រាកដរបស់ Salami Slicing Tactic?
ពាក្យ «Salami Slicing» មានប្រភពមកពីអ៊ីតាលី ដោយពាក្យ «Salami» ជាសាច់ជ្រូកដែលត្រូវកាត់ជាចំណិតស្តើងៗ (Slicing) ដើម្បីសម្រាប់បរិភោគ។ បែបបទនៃការកាត់សាច់បន្តិចម្តងៗនេះ ត្រូវបានយកមកប្រៀបធៀប ទៅនឹងយុទ្ធសាស្ត្រនយោបាយ និងយោធា ដែលសម្គាល់ដោយការចូលលួចពង្រីកអំណាច ឬទឹកដី ដោយមិនប្រព្រឹត្តនូវអំពើហិង្សាបើកចំហរឡើយ។ Salami Slicing Tactic ក្រោយមក បានក្លាយជាវិធីសាស្ត្រ ដែលត្រូវបានប្រើយ៉ាងទូលំទូលាយក្នុងសតវត្សទី២០ និងទី២១ ដោយប្រទេសឈ្លានពាន ដើម្បីជួយធ្វើអោយទង្វើលួចដីក្នុងតំបន់មួយ ដែលជាទឹកដីរបស់ប្រទេសមួយទៀតមានរូបភាពជាក់ស្តែងជាទឹកដីរបស់ពួកឈ្លានពានវិញ ដែលស្មើនឹងស្ថានភាព «Fait Accompli»។
Salami Slicing Tactic គឺជាល្បិចតាក់ទិកយោធា ដែលប្រើប្រាស់លើកដំបូងក្នុងប្រទេសហុងគ្រីរវាងទសវត្ស១៩៤០ដល់១៩៥០។
* អ្វីជាល្បិចកល Salami Slicing?
Salami Slicing ជាយុទ្ធវិធី ដែលតែងតែប្រើប្រាស់នៅក្នុងអំឡុងពេលភាពតានតឹងធ្លាក់ចុះ ឬក្នុងកំឡុងស្ថានភាពឈប់បាញ់ ដោយអនុវត្តសកម្មភាពលួចលាក់បន្តិចម្តងៗដូចជា ការជីកលេណដ្ឋាន, ការរាយលួសបន្លា ដើម្បីពង្រីកការកាន់កាប់ទឹកដី ទោះបីក្នុងរង្វង់តូចស្ទើរមិនអាចមើលឃើញបានក៏ដោយ។ ទន្ទឹមនឹងនោះ ក៏មានការផ្សព្វផ្សាយព័ត៌មានមិនពិត ឬបំប៉ោងការពិត ដើម្បីបង្វែរមតិសាធារណៈ និងបិទភ្នែកសហគមន៍អន្តរជាតិ។ ទាំងនេះជាចំណុចសំខាន់ៗនៃយុទ្ធសាស្ត្រ Salami Slicing Tactic ដែលត្រូវបានប្រើសម្រាប់បំប្លែងអំពើបំពានជាប្រព្រឹត្តិការណ៍ធម្មតា ដោយគេមិនអាចសង្កេតឃើញភ្លាមៗបានឡើយ។
យុទ្ធវិធីក្រោមការប្រើលេសដោះសារថា ដើម្បី «ការការពារខ្លួន»នេះ ត្រូវបានប្រើប្រាស់ក្នុងល្បិចកលធ្វើការផ្លាស់ប្តូរការពិតនៅលើទីតាំង «បន្តិចម្តងៗ» និង «ជាបណ្តើរៗ» ក្នុងអំឡុងពេលដែលសន្មតថា «មានសន្តិភាព» ឬពេលវេលាដែលភាពតានតឹងកំពុងថយចុះ ខណៈពេលដែលអន្តរជាតិ មិនបានចាប់អារម្មណ៍។ វាទាញយកអត្ថប្រយោជន៍ពីលក្ខខណ្ឌបទឈប់បាញ់ ដើម្បីរកការផ្លាស់ប្តូរការគ្រប់គ្រងរបស់ខ្លួនបន្តិចម្តងៗ។ និយាយជារួមយុទ្ធវិធី Salami Slicing គឺជាល្បិចរំកិលយកទឹកដីបន្តិចម្តងៗ ខណៈបង្វែរការចាប់អារម្មណ៍ពីសាធារណមតិជាតិ និងអន្តរជាតិ។
យុទ្ធសាស្ត្រ Salami Slicing តែងតែអនុវត្តជាចលនាតូចៗ ដែលមើលទៅមិនគួរឱ្យបារម្ភ និងអាចត្រូវបានបដិសេធ ឬបកស្រាយដោយអ្នកប្រព្រឹត្តថា វាជាសកម្មភាពធម្មតា។ ទោះជាយ៉ាងណា នៅពេលសកម្មភាពតូចៗទាំងនោះ ត្រូវបានមើលក្នុងលក្ខណៈនៃសាច់រឿងទាំងមូល ឬក៏ផ្គុំចូលគ្នាជាប្រព័ន្ធ វាបង្កើតជាការបាត់បង់ដ៏ធំធេង និងជាប្រភពនៃការផ្លាស់ប្តូរផែនទីនយោបាយ ឬទឹកដី ដែលគេស្ទើរមិនអាចស្តារវិញបានឡើយ។ Salami Slicing គឺជាល្បិចបំផ្លាញម្តងបន្តិចៗ ដែលអាចនាំឲ្យយើង បាត់បង់អធិបតេយ្យភាពដោយគ្មានសំនូរណាមួយបញ្ជាក់ច្បាស់លាស់ឡើយ។
* ទប់ទល់នឹងល្បិចកល Salami Slicing តើគេត្រូវធ្វើដូចម្តេច?
ដើម្បីប្រយុទ្ធប្រឆាំងនឹងវិធីសាស្ត្រ Salami Slicing ឱ្យមានប្រសិទ្ធភាព គេគប្បីឈ្លាសវៃប្រើ ប្រាស់វិធីទាំងឡាយដូចតទៅនេះ ដើម្បីទប់ទល់ដូចជា៖
១.កត់ត្រារាល់ការបំពាន៖ ការដាក់ពង្រាយដ្រូនក្នុងការឃ្លាំមើល, ប្រើប្រាស់ផ្កាយរណបនិងការត្រួតពិនិត្យមើលការធ្វើសកម្មភាពរបស់បច្ចាមិត្រនៅតាមបណ្តោយព្រំដែន ដើម្បីកត់ត្រាជាភស្តុតាងនៃភាពជាក់ស្តែងនៃការជីកលេណដ្ឋាន ការដំឡើងរបង ឬចលនារបស់កងទ័ពជាដើម។
ត្រូវរក្សាទុករាល់កូអរដោនេ GPS កត់ត្រាពេលវេលានិងរូបភាព សម្រាប់បង្ហាញដល់ស្ថាប័នអន្តរជាតិ, អញ្ជើញអ្នកសង្កេតការណ៍អព្យាក្រឹត (ដូចជាអាស៊ាន អង្គការសហប្រជាជាតិ ឬ អង្គការ កាកបាទក្រហមអន្តរជាតិជាដើម ដើម្បីបញ្ជាក់និងបង្ហាញការពិត ដែលរកឃើញជាមួយភស្ថុតាងជាក់ស្តែងមិនអាចប្រកែកបាន។ រាល់អំពើរំលោភ ត្រូវកសាងជាសំណុំរឿង ការទូតនិងផ្លូវច្បាប់ ដើម្បីឱ្យភាគីរំលោភមិនអាចដោះសារបានឡើយ។
២. ផ្សព្វផ្សាយជាសាធារណៈ ដោយបង្ហាញការបំពានរបស់បច្ចាមិត្រ៖ ប្រើប្រាស់សន្និសីទសារព័ត៌មានផ្លូវការ, ប្រើប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ និងវេទិកាសង្គមដើម្បីបង្ហាញពិភពលោកថា ប្រទេសមួយនោះ កំពុងបំពានបទឈប់បាញ់គ្នា, លាតត្រដាងពីរបៀបដែលកលល្បិចទាំងនេះ កំពុងបំពានលើស្មារតី និងបំពានលិខិតកិច្ចព្រមព្រៀងសន្តិភាព និងត្រូវប្រាប់ឱ្យគេមើលឃើញវែងឆ្ងាយ អំពីអស្ថិរភាពរយៈពេលយូរនៃសកម្មភាពឈ្លានពានរបស់សត្រូវ។ គេត្រូវកត់ចំណាំថា វិធីសាស្ត្រ «Salami Slicing» អាចជាយុទ្ធសាស្ត្រ ដែលមានប្រសិទ្ធភាព បើប្រទេសជាគោលដៅរងការរំលោភបំពាននោះ ចេះតែបន្តរងទម្ងន់ដោយរក្សាភាពស្ងៀមស្ងាត់។
នៅពេលដែលពិភពលោក បានឃើញនូវបែបបទនីមួយៗ នៃការបំពានលើដីធ្លី នៃរដ្ឋអធិបតេយ្យរបស់ជាតិខ្មែរ តាមរយៈការបញ្ចេញនូវភស្តុតាង ដែលកត់ត្រានៃភាពបំពានជាក់ស្តែង, តួនាទីរបស់អ្នកដែលប្រព្រឹត្តល្បិចកល Salami Slicing នឹងប្រែក្លាយទៅជាប្រទេស ដែលជាប់ឈ្មោះជាប្រទេសខូច, ប្រព្រឹត្តបទល្មើស ដែលតាមរយៈភាពអាស្រូវនោះ នឹងធ្វើឱ្យពិភពលោកថ្កោលទោសជាមិនខាន។ ការប្រើយុទ្ធសាស្ត្រ Salami Slicing Tactic បែបនោះ គឺជាសកម្មភាពជីករណ្តៅផ្លូវអន្តរជាតិរបស់ខ្លួនឯង ដើម្បីការលាក់មុខកុំឱ្យខ្មាស់ពិភពលោកវិញតែប៉ុណ្ណោះ។
កម្ពុជាមិនមែនជាប្រទេសឯកោទេ ពោលគឺអ្នកសង្កេតការណ៍អន្តរជាតិ ជាពិសេសសកលលោក បាននិងកំពុងឃើញថា កម្ពុជានៃប្រទេសដ៏តូច និងមានសេដ្ឋកិច្ចតូចទាប មិនមែនជាប្រទេសដែលទៅឈ្លានពានប្រទេសជិតខាងធំជាងខ្លួន, មានសេដ្ឋកិច្ចខ្ពស់ជាង និងមានអាវុធទំនើបជាងកម្ពុជានោះឡើយ។
ពេលនេះទោះបីលទ្ធផលនៃកិច្ចប្រជុំ GBC កំពុងក្លាយជាដំណឹងដ៏ល្អមានប្រយោជន៍ចំពោះកិច្ចឈប់បាញ់គ្នារវាងកម្ពុជានិងថៃក៏ដោយ គេមិនត្រូវមើលរំលងនូវល្បិចកល Salami Slicing Tactic ឡើយ។ វិធីសាស្ត្រនៃការការពារដ៏ល្អបំផុតរបស់កម្ពុជា គឺកត់ត្រារាល់ការបំពាន, ផ្សព្វផ្សាយអំពើបំពានខុសច្បាប់នោះជាសាធារណៈ លាតត្រដាងការពិត តម្លាភាព និងការសម្របសម្រួលសកម្មភាពជាតិ និងអន្តរជាតិ និងបើចាំបាច់ ត្រូវកសាងជាសំណុំរឿងបំពាននូវតាមរយៈការទូត និងផ្លូវច្បាប់ ដើម្បីប្តឹងតុលាការយុត្តិធម៌អន្តរជាតិ ICJ។
សង្គ្រាមព្រំដែន មិនមែនត្រូវបានវាស់ តាមទំហំអាវុធដែលប្រើប្រាស់នោះទេ ប៉ុន្តែតាមផលប៉ះពាល់លើសន្តិភាព និងជំនឿទុកចិត្តរវាងភាគី។ ការប្រើជំពាមកៅស៊ូបាញ់គ្រាប់ឃ្លី និងកូនដុំដែក គឺជាការបំពានលើចេតនាសន្តិភាព និងអាចជំរុញឱ្យសង្រ្គាមវិលត្រឡប់មកវិញ។ ប្រសិនបើភាគីទាំងពីរមិនទប់ស្កាត់សកម្មភាពនេះទាន់ពេលវេលា អ្វីដែលទទួលបានដោយការខិតខំសហការពីកម្ពុជា-ថៃ និងអ្នកជួយអន្តរាគមន៍អន្តរជាតិ នឹងរលាយបាត់ទៅដោយទុកឱ្យសន្តិភាព ក្លាយជាសុបិន្តគ្មានស្រមោលតែប៉ុណ្ណោះ៕











