FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ព្រះសង្ឃ និងពុទ្ធបរិស័ទជាង ៥០០អង្គ/នាក់ នៅខេត្តកំពង់ធំ ប្រារព្ធពិធីបង្សុកូល ឧទ្ទិសមហាកុសល ជូនដល់វីរកងទ័ពខ្មែរដែលបានពលីជីវិត ក្នុងបុព្វហេតុការពារជាតិ

09-08-2025 15:52

(កំពង់ធំ)៖ ព្រះទេពសត្ថា សៀង សុខ ព្រះរាជាគណៈថ្នាក់ចត្វា និងជាព្រះសត្ថាបារមី ព្រះមេគណខេត្តកំពង់ធំ នាថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៥ បានដឹកនាំព្រះសង្ឃ គណៈកម្មការអាចារ្យវត្ត និងពុទ្ធបរិស័ទ ប្រមាណជាង ៥០០អង្គ/នាក់ ប្រារព្ធពិធីបង្សុកូល សមាធិ ឧទ្ទិសមហាកុសល ជូនដល់វិញ្ញាណក្ខន្ធវីរយុទ្ធជនពលីនៅសមរភូមិការពារបូរណភាពទឹកដីនៅទិសព្រំដែនកម្ពុជា-ថៃ ដែលពិធីនេះប្រព្រឹត្តទៅនៅបរិវេណវត្តឥន្រ្តីយ៍សំវរៈ(ហៅវត្តកំពង់ធំ) ក្នុងភូមិក្តី សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។

ព្រះទេពសត្ថា សៀង សុខ មានសង្ឃដីការពីការសោកស្ដាយអាឡោះអាល័យជាពន់ពេកចំពោះការបាត់បង់វីរយុទ្ធជនដែលបានលះបង់អាយុជីវិតដ៏អង់អាចខ្លាហាននៅក្នុងសមរភូមិ ដើម្បីបុព្វហេតុការពារបូរណភាពទឹកដី និងការពារប្រជាជនកម្ពុជា ពីការបំពានទឹកដីពីសំណាក់ពួកចោរសៀមឈ្លានពាន។ ការលះបង់ដ៏ធំធេងនេះក្នុងនាមជាព្រះសង្ឃទាំងអស់ ជាប្រជាជនកម្ពុជាចងចាំជានិច្ចមិនអាចបំភ្លេចបានឡើយ។

ក្រោមការដឹកនាំដ៏ឆ្លាតវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រមុខ នៃរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាចងចាំជានិច្ចនូវគុណូបការៈដ៏ថ្លៃថ្លានេះ ចារឹកទុកជាប្រវត្តិសាស្រ្ត និងរៀបចំដោះស្រាយគោលនយោបាយ ឧបត្ថម្ភជូនក្រុមគ្រួសារសពឱ្យបានសរម្យ និងពិនិត្យមើលអំពីស្ថានភាពផ្ទះរបស់វីរយុទ្ធជនពលីក្នុងករណីមិនសមរម្យ ដើម្បីរៀបចំសាងសង់ផ្ទះថ្មីជូនគាត់ ឱ្យមានជម្រកស្នាក់នៅបានសមរម្យ ដោយឡែកចំពោះគ្រួសារយោធិនពលី ឬពិការ សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានសម្រេចលុបចោលនូវបំណុលដើម្បីឱ្យពួកគាត់មានជីវភាពធូរធារ។

ព្រះទេពសត្ថា សៀង សុខ ព្រះរាជាគណៈថ្នាក់ចត្វា និងជាព្រះសត្ថាបារមី ព្រះមេគណខេត្តកំពង់ធំ មានសង្ឃការបន្ថែមទៀតថាការគោរពដឹងគុណមិនអាចបំភ្លេចបាន នូវវីរភាពអង់អាចក្លាហានក្នុងការការពារបូរណភាពទឹកដីនេះ ដោយបានលំអោនកាយគោរពវិញ្ញាណក្ខន្ធ ដោយក្តីក្តុកក្តួលរំជួលចិត្ត ជាទីបំផុត និងបានសូមបួងសួងដល់វិញ្ញាណក្ខន្ធវីរយុទ្ធជនទាំងអស់ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕