អគ្គនាយកគយកម្ពុជា៖ រថយន្តប្រើរួចដែលនាំពីសហរដ្ឋអាមេរិកមកកម្ពុជា ទទួលបានអត្រាពន្ធ០% លុះត្រាជាប្រភេទរថយន្តជិះបានក្រោម៥០០០គីឡូម៉ែត្រ, ប្រភេទរថយន្តមូល មិនមានការបុកប៉ះ និងរថយន្តផលិតក្នុងឆ្នាំ២០២៤ និង២០២៥ (Video inside)
08-08-2025 17:19
(ភ្នំពេញ)៖ ឆ្លើយតបនឹងចម្ងល់ជុំវិញការនាំរថយន្តមួយទឹកពីសហរដ្ឋអាមេរិកមកកម្ពុជា លោកបណ្ឌិត គុណ ញឹម រដ្ឋមន្រ្តីប្រតិអមនាយករដ្ឋមន្រ្តី និងជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា នាថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥នេះ បានបញ្ជាក់យ៉ាងដូច្នេះថា រថយន្តប្រើរួចឬរថយន្តមួយទឹកដែលនាំចេញពីសហរដ្ឋអាមេរិកទទួលបានអត្រាពន្ធ០% លុះត្រាជាប្រភេទរថយន្តជិះបានក្រោម៥០០០គីឡូម៉ែត្រ, ប្រភេទរថយន្តមូល មិនមានការបុកប៉ះ ហើយជាប្រភេទរថយន្តផលិតក្នុងឆ្នាំ២០២៤ និង២០២៥ ពោលគឺសម្រាប់រថយន្តមួយទឹកដែលនាំចេញពីសហរដ្ឋអាមេរិកមកកម្ពុជា ខុសពីលក្ខខណ្ឌនេះនឹងមិនត្រូវអនុវត្តអត្រាពន្ធ០%ឡើយ។
លោកបណ្ឌិត គុណ ញឹម គូសបញ្ជាក់បែបនេះ ធ្វើឡើងក្នុងកិច្ចប្រជុំផ្សព្វផ្សាយខ្លឹមសារនៃអនុក្រឹត្យលេខ ១៣៩ អនក្រ.បក ចុះថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ ស្តីពីការដាក់ឱ្យអនុវត្តអត្រាពន្ធគយលើទំនិញនាំចូលពីសហរដ្ឋអាមេរិក នាថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥នេះ នៅអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
លោកបានបញ្ជាក់បន្ថែមថា រថយន្តប្រើរួចបើទោះបីជាផលិតក្នុងឆ្នាំ២០២៥ក៏ដោយ ប្រសិនបើកុងទ័ររថយន្តបង្ហាញលើសពី៥០០០គីឡូម៉ែត្រ នឹងមិនអាចស្នើសុំការអត្រាពន្ធ០%បានឡើយ លើកលែងតែជាប្រភេទរថយន្តជិះបានក្រោម៥០០០គីឡូម៉ែត្រ ហើយមានឆ្នាំផលិតឆ្នាំ២០២៤ និងឆ្នាំ២០២៥ និងជាបភេទរថយន្តមូល គ្មានការបុកប៉ះ ឬខូច ហើយយកមកជួសជុល នោះទើបអាចស្នើអនុវត្តពន្ធ០%បាន។
លោកអំពាវនាវដល់អ្នកនាំចូលទាំងអស់ ត្រូវប្រកាសឱ្យស្មោះត្រង់ និងទទួលខុសត្រូវលើការប្រកាសរបស់ខ្លួន ហើយនៅពេលដែលមានការស្នើមន្រ្តីគយ នឹងធ្វើការត្រួតពិនិត្យផ្ទៀងផ្ទាត់បន្ថែម ទៅលើភាពត្រឹមត្រូវនៃការប្រកាសទំនិញជាក់ស្តែង៕

























