វត្តពោធិ៍មាស ក្នុងក្រុងអរិយក្សត្រ រៀបចំពិធីបុណ្យឧទ្ទិសកុសល ជូនវីរកងទ័ពពលីជីវិត ដើម្បីបូរណភាពដែនដី
03-08-2025 14:29
(កណ្តាល)៖ នៅព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥ នៅវត្តពោធិ៍មាស ក្នុងក្រុងអរិយក្សត្រ ខេត្តកណ្តាល បានរៀបចំពិធីបុណ្យសង្ឃទានទក្ខិណានុប្បទាន យ៉ាងអធិកអធម ដើម្បីឧទ្ទិសកុសលផលបុណ្យ ជូនដល់វិញ្ញាណក្ខន្ធវីរកងទ័ពខ្មែរ ដែលបានលះបង់ជីវិតក្នុងសមរភូមិការពារបូរណភាពទឹកដី។
ពិធីបុណ្យនេះធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចព្រះឧត្តមមុនី ជា សំអាង ព្រះមេគុណខេត្តកណ្តាល និងមានការនិមន្តនិងអញ្ជើញចូលរួមពីលោក ឈួរ សុបញ្ញា រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា ព្រះពោធិវង្សា ពៅ រតនា ព្រះសមុហ៍គណខេត្តកណ្តាល ព្រះសុធម្មមុនី ភោគ រស់ ព្រះគ្រូចៅអធិការវត្តពោធិ៍មាស ព្រះពលកោសល ហួនសេងហាក់ ព្រមទាំងមន្ត្រីរាជការ កងកម្លាំង ប្រជាការពារ ព្រះសង្ឃ លោកតា លោកយាយ និងពុទ្ធបរិស័ទយ៉ាងច្រើនកុះករ។
ក្នុងពិធីដ៏មានអត្ថន័យនេះ សម្តេចព្រះឧត្តមមុនី ជា សំអាង និងព្រះសង្ឃក្នុងវត្តពោធិ៍មាសបានសូត្រធម៌ បង្សុកូល ៧ចប់ ដើម្បីឧទ្ទិសកុសលដល់វីរកងទ័ពដែលបានពលីជីវិតដើម្បីជាតិមាតុភូមិ។
ប្រជាពលរដ្ឋដែលបានចូលរួមក្នុងពិធីនេះ បានសម្តែងនូវការសោកស្តាយយ៉ាងក្រៀមក្រំ ចំពោះការបាត់បង់ជីវិតរបស់វីរកងទ័ពកម្ពុជាដ៏អង់អាចក្លាហាន ក្នុងអំឡុងពេលនៃការប៉ះទង្គិចគ្នា រវាងកងកម្លាំងការពារព្រំដែនកម្ពុជា-ថៃ។
ជាមួយគ្នានេះដែរលោក ឈួរ សុបញ្ញា រដ្ឋលេខាធិការក្រសួងធម្មការនិងសាសនា រួមជាមួយប្រជាពលរដ្ឋ ក៏បានបង្ហាញការគាំទ្រពេញទំហឹងចំពោះជំហររបស់រាជរដ្ឋាភិបាលកម្ពុជា ដែលថា កម្ពុជាតែងតែប្រាថ្នានូវសន្តិភាព មិនចង់ឈ្លានពានប្រទេសណាមួយឡើយ តែនឹងមិនអនុញ្ញាតឲ្យបរទេសណាមកឈ្លានពានលើទឹកដីរបស់ខ្លួនសូម្បីតែមួយមីលីម៉ែត្រណាដែរ។
ការរៀបចំពិធីបុណ្យនេះ គឺជាការបង្ហាញនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះវីរភាព និងគុណូបការៈដ៏ធំធេងរបស់កងទ័ព ដែលបានលះបង់សេចក្តីសុខផ្ទាល់ខ្លួន ដើម្បីការពារជាតិ និងប្រជាជនកម្ពុជាឱ្យមានសុខសន្តិភាព៕