FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

បណ្ឌិត គី សេរីវឌ្ឍន៍៖ ការដំឡើងពន្ធបារីឱ្យបានខ្ពស់ និងលឿនភ្លាមៗ ធ្វើឱ្យអ្នកជក់បារីកាត់បន្ថយជក់, អ្នកជក់បារីជាង ៨០% គាំទ្ររដ្ឋាភិបាលក្នុងការដំឡើងពន្ធលើបារី (Video inside)

30-07-2025 21:26

(ភ្នំពេញ)៖ លោកបណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានវិទ្យាស្ថានចិននៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា តាមទ្រឹស្តីសេដ្ឋកិច្ច និងតាមការសិក្សាស្រាវជ្រាវ ប្រសិនបើថ្លៃទំនិញបារី បានឡើងជាសន្សឹមៗមិនអាចកាត់បន្ថយអត្រានៃការជក់បារីបាននោះទេ លុះត្រាតែមានការដំឡើងពន្ធឱ្យបានខ្ពស់ និងឡើងលឿនភ្លាមៗជាគំហុកទើបអាចកាត់បន្ថយអត្រានៃការជក់បារីបាន ខណៈតាមការស្រាវជ្រាវបានឱ្យដឹងថា អ្នកជក់បារី ជាង៨០% គាំទ្រឱ្យមានការដំឡើងពន្ធអាករលើបារី នេះ។

លោកបណ្ឌិត គី សេរីវឌ្ឍន៍ បានបញ្ជាក់ដូចនេះ នាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥នេះ នាឱកាសដែលលោក និងលោកវេជ្ជ. មុំ គង់ នាយកប្រតិបត្តិអង្គការចលនាដើម្បីយុវជនកម្ពុជា អញ្ជើញជាវាគ្មិនក្នុងសន្និសីទសារព័ត៌មានស្តីពី ថ្លៃបារី និងឥរិយាបទអ្នកប្រើប្រាស់បារីចំពោះការប្រែប្រួលថ្លៃ ដែលបានរៀបចំឡើងនៅរាជបណ្ឌិតសភាកម្ពុជា។

លោកបណ្ឌិត គី សេរីវឌ្ឍន៍ បានឱ្យដឹងថា តាមទ្រឹស្តីសេដ្ឋកិច្ច ប្រសិនបើថ្លៃទំនិញបារី ឡើងជាសន្សឹមៗ អ្នកជក់បារីនឹងមិនបន្ថយការជក់បារីនោះទេ ព្រោះវាបានបង្កើតភាពស៉ាំ ដូចនេះបើគេធ្វើយុទ្ធសាស្ត្រឱ្យអ្នកទិញឈប់ទិញភ្លាមៗ គឺត្រូវឡើងថ្លៃបារីឱ្យខ្ពស់ [..] អ្វីក៏ដោយបើឡើងថ្លៃខ្ពស់ពេកគឺយើងផ្អាកមួយរយៈសិន ហើយពេលដែលឆាប់ផ្តើមផ្អាកនេះឯងជាយន្តការមួយអាចធ្វើឱ្យកាត់បន្ថយការជក់បារីបាន។

លោកបណ្ឌិត គី សេរីវឌ្ឍន៍ បានបន្ថែមទៀតថា ជាការស្នើសុំរបស់អ្នកស្រាវជ្រាវគឺធ្វើឱ្យថ្លៃបារីនេះ ឡើងឱ្យលឿន ឡើងជាគំហុកភ្លាមៗ ដើម្បីធ្វើឱ្យអ្នកប្រើប្រាស់ ទប់អារម្មណ៍ និងរារាំងខ្លួនឯងក្នុងការជក់បារីនេះផងដែរ។ តាមការសិក្សាស្រាវជ្រាវដើម្បីឱ្យពលរដ្ឋឈប់បារី ចុះត្រាតែថ្លៃបារីត្រូវឡើងឱ្យបាន ១ម៉ឺនរៀលបន្ថែមទៀត លើតម្លៃបារីបច្ចុប្បន្ននេះ ទើបអាចទាញអ្នកជក់បារីឱ្យឈប់ជក់បាន។

លោកបណ្ឌិត គី សេរីវឌ្ឍន៍ បានបន្ថែមថា តាមការចុះស្រាវជ្រាវជាមួយអ្នកជក់បារីផ្ទាល់ មានចំនួន ៨២.៦ភាគរយ បានគាំទ្រជាមួយនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការដំឡើងអាករពិសេសលើបារី ដូចនេះអ្នកជក់បារី ក៏គាំទ្រឱ្យដំឡើងអាករលើពន្ធបារី ហើយអ្នកមិនជក់បារី ក៏បានាគាំទ្រឱ្យដំឡើងពន្ធលើបារី ដូចនេះរដ្ឋាភិបាល គួដំឡើងអាករពិសេសលើបារីនេះ ឱ្យបានខ្ពស់ ដើម្បីជួយកាត់បន្ថយការជក់បារីនេះ។

គួរបញ្ជាក់ផងដែរថា នៅកម្ពុជាប្រជាពលរដ្ឋ ១៥ ០០០នាក់ បានស្លាប់ជារៀងរាល់ឆ្នាំបណ្តាលមកពីជំងឺដែលបង្ក ដោយការប្រើប្រាស់ថ្នាំជក់ រួមមាន ជំងឺដាច់សរសៃឈាមខួរក្បាល ជំងឺស្ទះសរសៃឈាមបេះដូង ជំងឺ ឆ្លងផ្លូវដង្ហើមផ្នែកខាងក្រោម ជំងឺត្បៀតទងសួតរ៉ាំរ៉ៃ និងជំងឺមហារីកសួត ទងសួតនិងបំពង់ខ្យល់ ហើយ ៣៣%នៃអ្នកស្លាប់ទាំងអស់ កើតឡើងចំពោះប្រជាពលរដ្ឋដែលមានប្រាក់ចំណូលទាបបំផុត។ លើស ពីនេះទៀត ការប្រើប្រាស់ថ្នាំជក់បណ្តាលអោយខាតបង់ ៦៤៩លានដុល្លារសហរដ្ឋ ដែលស្មើនឹង៣% នៃGDPរបស់កម្ពុជា៕