FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

បណ្ឌិត គី សេរីវឌ្ឍន៍ បង្ហាញលទ្ធផលអង្កេតស្តីពី ថ្លៃបារី និងផលជះនៃថ្លៃបារីទៅលើឥរិយាបថអ្នកជក់បារី (Video inside)

30-07-2025 20:10

(ភ្នំពេញ)៖ លោកបណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានវិទ្យាស្ថានចិននៃរាជបណ្ឌិត្យសភាកម្ពុជា នាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥នេះ បានអញ្ជើញជាវាគ្មិនក្នុងសន្និសីទសារព័ត៌មានស្តីពី ថ្លៃបារី និងឥរិយាបទអ្នកប្រើប្រាស់បារីចំពោះការប្រែប្រួលថ្លៃ ដែលបានរៀបចំឡើងនៅរាជបណ្ឌិតសភាកម្ពុជា និងមានការចូលរួមពីលោកវេជ្ជ. មុំ គង់ នាយកប្រតិបត្តិអង្គការចលនាដើម្បីយុវជនកម្ពុជា រួមទាំងមានអ្នកសារព័ត៍ជាច្រើនរូបទៀត។

នៅក្នុងសន្និសីទសារព័ត៌មាន លោកបណ្ឌិត គី សេរីវឌ្ឍន៍ ក៏បានឡើងឡើងធ្វើបង្ហាញស្តីពីលទ្ធផលអង្កេតស្តីពី «ថ្លៃបារី និងផលជះនៃថ្លៃបារីទៅលើឥរិយាបថអ្នកជក់បារី» ដែលការសិក្សាបានរកឃើញថា ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០២៥ ថ្លៃបារីលក់នៅលើទៅផ្សារកើន ២២.៥% ជាមធ្យម ទោះបីជាកម្ពុជាខកខានមិនបានដំឡើងអាករពិសេសលើបារីក៏ដោយក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ ខណៈដែលប្រទេសអាស៊ានភាគច្រើន បានដំឡើងអាករពិសេសជាច្រើន ដងរួចមកហើយ ជាអាទិ៍ ហ្វីលីពីន បានដំឡើងអាករពិសេស ៧ដង សិង្ហបុរី ២ដង ថៃឡង់ ២ដង វៀតណាម ២ដង ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០២៥។

ការដំឡើងអាករពិសេសលើបារីត្រូវបានបញ្ជាក់ដោយភស្តុតាងវិទ្យាសាស្ត្រថា ជាវិធានការឈ្នះ ឈ្នះ ព្រោះរដ្ឋាភិបាលទទួលបានចំណូលពន្ធបន្ថែម រីឯជំងឺពិការភាព និងមរណភាព ដោយសារជំងឺដែលបណ្តាលមកពីជក់បារី ថយចុះ។ បើធៀបនឹងបណ្តាប្រទេសអាស៊ាន កម្ពុជាស្ថិតក្នុងចំណោមប្រទេសដែលមានបន្ទុកពន្ធសរុបលើបារីទាបជាងគេ ត្រឹមតែ ២៥%នៃថ្លៃលក់រាយ បើធៀបនឹងថៃឡង់ ៨១% សិង្ហបុរី ៧១% ប្រ៊ុយណេ ៦២% ហើយកម្ពុជាក៏នៅ ឆ្ងាយពីអត្រាដែលផ្តល់អនុសាសន៍ដោយអង្គការសុខភាពពិភពលោក ឱ្យយកពន្ធយ៉ាងតិច ៧៥%នៃ ថ្លៃលក់រាយ។

ការសិក្សាលើទស្សនៈអ្នកជក់បារីជិត៥០០នាក់ ក្នុងភូមិសាស្រ្តរាជធានីខេត្តទាំងបី បានរកឃើញការគាំទ្រដ៏លើសលប់រហូតជាង៨០% ក្នុងការដំឡើងអាករពិសេសលើបារី។ ពេលបារីឡើងថ្លៃ អ្នកជក់បារី ៥២% នឹងជក់តិចជាងមុន ហើយ២៣% នឹងឈប់ជក់ ដែលទង្វើនេះធ្វើឲ្យសុខភាពអ្នកជក់បារីប្រសើរជាងមុន រីឯការចំណាយលើការព្យាបាលជំងឺដែលបង្កដោយការជក់បារីក៏ថយចុះ។ លើសពីនេះទៀត រដ្ឋាភិបាលនឹងចំណាយតិចទៅលើ ប.ស.ស បើប្រជាជន មានសុខភាពល្អជាងមុន៕