FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សប្បុរសជននៅស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ រួបរួមគ្នា រៀបចំកញ្ចប់សម្ភារៈ និងគ្រឿងបរិភោគ ប្រគល់ជូនដល់កងកម្លាំងជួរមុខ និងជនភៀសសឹក ប្រមាណ១,៣០០គ្រួសារ

30-07-2025 17:26

(កំពង់ស្ពឺ)៖ សប្បុរសជន រស់នៅមូលដ្ឋានភូមិក្រញ៉ូង ឃុំពោធិ៍អង្ក្រង ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ក្រោមគំនិតផ្តួចផ្តើមដោយឧកញ៉ា ឈិង សុង និងលោកស្រី កាំង ហ្កេចសៀម បានបង្កើតមូលនិធិជួយស្បៀង ជួយកងទ័ព និងជនភៀសសឹក នៅសមរភូមិមុខ ដោយមានការរៀបចំជាកញ្ចប់សម្ភារៈប្រើប្រាស់ និងគ្រឿងបរិភោគ ដើម្បីនាំទៅប្រគល់ជូន ដល់កងកម្លាំងជួរមុខ និងជនភៀសសឹក សរុបប្រមាណ១,៣០០គ្រួសារ នៅខេត្តសៀមរាប និងខេត្តឧត្តរមានជ័យ។

លោកស្រី កាំង ហ្កេចសៀម បានប្រាប់ថា ការជំរុញទឹកចិត្តឱ្យលោកស្រី បង្កើតមូលនិធិនេះឡើង ដោយសារមើលឃើញពីភាពលំបាក របស់ប្រជាពលរដ្ឋជាជនភៀសសឹក ដែលកំពុងមានភាពខ្វះខាត នូវសម្ភារៈប្រើប្រាស់ និងគ្រឿងបរិភោគ ដែលសរុបជាថវិកាប្រមាណ៤ម៉ឺនដុល្លារអាមេរិក។ លោកស្រីបន្ថែមថា កញ្ចប់ជំនួយនេះ នឹងចាប់ផ្តើមនាំយកទៅប្រគល់ជូនដល់ជនភៀសសឹក និងកងកម្លាំងជួរមុខ នៅថ្ងៃសុក្រសប្តាហ៍នេះ។

លោកស្រី កាំង ហ្កេចសៀម បានថ្លែងថា «ក្នុងនាមជាពលរដ្ឋខ្មែរ ដែលស្រឡាញ់សន្តិភាព, លោកស្រី និងពលរដ្ឋដទៃទៀត ពិតជាមានភាពរីករាយយ៉ាងខ្លាំង ខណៈប្រទេសកម្ពុជា ជាប្រទេសដែលត្រូវការសន្តិភាព និងមិនមានចិត្តក្នុងការឈ្លានពានប្រទេសណាមួយឡើយ។

លោកស្រីអ្នកផ្តួចផ្តើមគំនិតមូលនិធិ បានបញ្ជាក់ថា នេះមិនមែនជាលើកទី១ទេ ដែលបានរៀបចំសកម្មភាពបែបនេះឡើង ខណៈមុនពេលមានជម្លោះប្រដាប់អាវុធផ្ទុះឡើង លោកស្រី ក៏ធ្លាប់បានរៀបចំជួយដល់កងកម្លាំងជួរមុខ នៅតំបន់ប្រាសាទព្រះវិហារ នៅខេត្តឧត្តរមានជ័យ សរុបជាទឹកប្រាក់ជិត២ម៉ឺនដុល្លារអាមេរិករួចម្តងហើយ។

លោកស្រី អំពាវនាវឱ្យពលរដ្ឋដទៃទៀត ជាពិសេសអ្នកមានលទ្ធភាព សូមចូលរួមចំណែក ក្នុងការជួយដល់ជនភៀសសឹក និងកងកម្លាំងជួរមុខ តាមលទ្ធភាព ដែលអាចធ្វើទៅបាន។

សូមជម្រាបថា កញ្ចប់ជំនួយនាពេលនេះ សម្រាប់គ្រួសារជនភៀសសឹក ក្នុងមួយកញ្ចប់មាន ភួយ កន្ទេល​ មុង ក្រមា ខោអាវ ទឹកស៊ីអ៊ីវ ទឹកត្រី មី ថ្នាំពេទ្យ ប្រេងឆា ស្ករស អង្ករ និងទឹកដោះគោ។ ដោយឡែក កញ្ចប់សម្រាប់កងទ័ពជួរមុខ រួមមាន ភួយ កន្ទេល មុង ក្រមា អាវភ្លៀង មី ស្ករស នំ ទឹកដោះគោ ភេសជ្ជៈ ឆៃប៉ូវ ខ្ទឹមស ដំណាប់គ្រាប់ឈូង ដំណាប់ត្រឡាច ប្រេងក្រឡា ថ្នាំពេទ្យ និងអង្ករ៕