FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ថ្នាក់ដឹកនាំខេត្តត្បូងឃ្មុំ អញ្ជើញចូលរួមដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធសពលោកអនុសេនីយ៍ឯក អ៊ុត វណ្ណា ដែលបានពលី ក្នុងការវាយបកប្រឆាំងទាហានថៃឈ្លានពាន

28-07-2025 11:56

(ត្បូងឃ្មុំ)៖ លោក ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥នេះ អញ្ជើញចូលរួមគោរព វិញ្ញាណក្ខន្ធសព លោកអនុសេនីយ៍ឯក អ៊ុត វណ្ណា ដែលបានពលីក្នុងបុព្វហេតុការពារជាតិមាតុភូមិ វាយបកប្រឆាំងទប់ទល់នឹងកងកម្លាំងថៃឈ្លានពាន ដែលឈរជើងនៅចំណុចតំបន់ប្រាសាទតាក្របី។

បើតាមការបញ្ជាក់របស់គ្រួសារសព នៅវេលាម៉ោង១២ថ្ងៃត្រង់ នាថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ សពត្រូវបានបញ្ជូនតាមរថយន្តពេទ្យមកដល់គេហដ្ឋាន នៅវេលាម៉ោង៤៖៤៥នាទី ព្រឹកស្ថិតនៅភូមិបុរីតេជោសែនកើត ឃុំដា ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

សូមបញ្ជាក់ជូនថា សពវីរកងទ័ព អនុសេនីយ៍ឯក អ៊ុត វណ្ណា អាយុ៥៥ឆ្នាំ បម្រើការងារនៅកងពលតូចថ្មើជើងលេខ២១ ចំណុះយោធភូមិភាគ២ មានភរិយាឈ្មោះ ប៉ិច គន្ធា អាយុ ៣៨ឆ្នាំ ប្រកបរបរជាមេផ្ទះ មានកូនចំនួន ៨នាក់ (ស្រី៥នាក់)។

នាឱកាសនោះ លោក ប៉ែន កុសល្យ បានចាត់ទុកថា ការបាត់បង់ អនុសេនីយ៍ឯក អ៊ុត វណ្ណា គឺជាការបាត់បង់នូវស្វាមី និងឪពុកជាទីស្រឡាញ់ ប្រកបដោយព្រហ្មវិហារធម៌ ចំពោះក្រុមគ្រួសារ ហើយក៏ជាការបាត់បង់នូវយុទ្ធជនស្នេហាជាតិដ៏បរិសុទ្ធ អង់អាចក្លាហាន ដែលបានលះបង់អស់ពីកម្លាំងកាយចិត្តបញ្ញាស្មារតី និងធ្វើពលិកម្មគ្រប់បែបយ៉ាងដើម្បីបុព្វហេតុ ជាតិ សាសនា ព្រះមហាក្សត្រ ជាពិសេសលោកបាន រួមចំណែកយ៉ាងសកម្ម នៅក្នុងកិច្ចការការពារអធិបតេយ្យភាព បូរណភាពទឹកដី ដើម្បីសេចក្តីសុខក្សេមក្សាន្តរបស់ប្រជាជនកម្ពុជា។

ក្នុងការចូលរួមសមានទុក្ខដ៏ក្រៀមក្រំនេះ លោកក៏បានចូលរួមរំលែកទុក្ខជាមួយ លោកស្រី ប៉ិច គន្ធា ព្រមទាំងក្រុមគ្រួសារ និងសូមបួងសួង ដល់តេជៈបារមី នៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ តាមជួយថែរក្សាដួងវិញ្ញាណក្ខន្ធរបស់ យុទ្ធជន អនុសេនីយ៍ឯក អ៊ុត វណ្ណា បានទៅសោយសុខក្នុងឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

សូមបញ្ជាក់ដែរថា ក្នុងប្រតិបត្តិការណ៍នៃការច្បាំងក្នុងសមរភូមិតំបន់ប្រាសាទតាក្របីនេះ កងទ័ពកម្ពុជាយើង បានតស៊ូធ្វើការតទល់ជាមួយពួកចោរសៀម រហូតយើងអាចគ្រប់គ្រងតំបន់នេះ បានទាំងស្រុង កាលពីយប់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ ប៉ុន្តែក្នុងនោះលោកអនុសេនីយ៍ឯក អ៊ុត វណ្ណា បានពលី នឹង ៥នាក់ទៀត រងរបួសបញ្ជូនទៅមន្ទីរពេទ្យ៕