តំណាងលោកអ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព អញ្ជើញសំណេះសំណាល និងប្រកាសទទួលស្គាល់សមាជិកថ្មីរបស់គណបក្សប្រជាជនកម្ពុជាឃុំត្បែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល
27-07-2025 11:59
(កណ្តាល)៖ លោក ហាន់ ស៊ីណាត អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំត្បែង តំណាងលោកអ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព ទីប្រឹក្សាសម្ដេចតេជោ ប្រធានគណបក្សប្រជាជនកម្ពុជា និងប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំត្បែង នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងប្រកាសទទួលស្គាល់សមាជិកថ្មីរបស់គណបក្សប្រជាជនកម្ពុជាឃុំត្បែងចំនួន ៩០នាក់។
ក្នុងពិធីនេះដែរ ក៏មានការអញ្ជើញចូលរួមពីសំណាក់លោក អ៊ូច សាវឿន ប្រធានគណបក្សស្រុកកណ្ដាលស្ទឹង មន្ត្រីគណបក្សស្រុក គណបក្សឃុំ និងសមាជិក-សមាជិកាបក្សប្រមាណជាង ៣០០រូប។
ថ្លែងក្នុងពិធីនេះ លោក ហាន់ ស៊ីណាត បានពាំនាំនូវការសាកសួរសុខទុក្ខពីសំណាក់លោកអ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព និងលោកស្រីអ្នកឧកញ៉ា គៀន ស្រីនាង ជូនចំពោះ លោកពូ អ្នកមីង បងប្អូន ក្មួយៗសមាជិក-សមាជិកាទាំងអស់ផងដែរ។
លោក ហាន់ ស៊ីណាត បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះវត្តមានរបស់សមាជិក-សមាជិកាគណបក្សថ្មីទាំង ៩០រូប និងបញ្ជាក់ថា ក្នុងនាមជាសមាជិក-សមាជិការបស់បក្ស យើងត្រូវខិតខំប្រឹងប្រែងឱ្យអស់ពីចិត្តពីថ្លើមក្នុងការបម្រើបក្ស និងអនុវត្តឱ្យបានត្រឹមត្រូវតាមលក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុងរបស់គណបក្ស ក៏ដូចជាគោលការណ៍ណែនាំនិងការចាត់តាំងរបស់គណបក្ស។
បន្ថែមលើនេះ លោកក៏បានលើកទឹកចិត្តទាំងសមាជិកចាស់និងទាំងសមាជិកថ្មីទាំងអស់ថាប្អូនៗ និងក្មួយៗទាំងអស់គ្នាគឺយុវជន ដូច្នេះត្រូវខិតខំប្រឹងប្រែងអភិវឌ្ឍសមត្ថភាព និងចំណេះដឹងរបស់ខ្លួន ដើម្បីបម្រើបក្ស និងប្រទេសជាតិដោយភាពស្មោះត្រង់ឥតងាករេ។
ទាក់ទងនឹងស្ថានភាពរវាងប្រទេសកម្ពុជា និងប្រទេសថៃលោក ហាន់ ស៊ីណាត ក៏បានលើកឡើងថា ទោះបីជាស្ថានភាពប៉ុន្មានថ្ងៃនេះមានភាពតានតឹងខ្លាំងយ៉ាងណាក៏ដោយ ក៏រាជរដ្ឋាភិបាលយើងនៅតែបន្តគ្រប់គ្រងបានយ៉ាងល្អដែរ ដូច្នេះ សូមសមាជិក-សមាជិកា និងក្មួយៗទាំងអស់ ជឿជាក់លើរាជរដ្ឋាភិបាលយើង ម្យ៉ាងវិញទៀត សូមពិនិត្យ និងពិចារណាឱ្យបានច្បាស់លាស់មុននឹងជឿជាក់លើព័ត៌មានណាមួយ ហើយមិនត្រូវផ្សព្វផ្សាយ ឬចែករំលែកព័ត៌ទាំងឡាយដែលមិនមានប្រភពច្បាស់លាស់ និងនាំឱ្យប៉ះពាល់ដល់ស្មារតីកងទ័ពយើងដែលបាននឹងកំពុងឈរជើងនៅសមរភូមិមុខក្នុងការការពារបូរណភាពទឹកដីខ្មែរយើង។
ក្នុងឱកាសនេះដែរ លោក ហាន់ ស៊ីណាត ក៏បាននាំយកនូវទេយ្យទាន/អំណោយដ៏ថ្លៃថ្លាមួយចំនួនរបស់លោកអ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព និងលោកស្រីអ្នកឧកញ៉ា គៀន ស្រីនាង មកប្រគេន/ចែកជូនដល់អង្គពិធីផងដែរ ដែលទេយ្យទាន/អំណោយទាំងនោះរួមមាន៖ អង្ករ សាដក និងបច្ច័យ/ថវិកា ដែលសរុបទាំងការចំណាយផ្សេងៗអស់ទឹកប្រាក់ប្រមាណ ៤៥.០០០.០០០រៀល៕























