FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

BREAKING: អ្នកនាំពាក្យក្រសួងការពារជាតិ៖ ការប្រយុទ្ធគ្នា២ថ្ងៃមកនេះ ទាហានកម្ពុជាបានពលី៥នាក់ និងរបួស២១នាក់, ពលរដ្ឋស្លូតត្រង់ស្លាប់៨នាក់ និងរបួស៥០នាក់ (Video inside)

26-07-2025 07:49

(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងការពារជាតិ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានឲ្យដឹងនៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥នេះ ការប្រយុទ្ធគ្នាពីរថ្ងៃកន្លងមកនេះ នៅពេលថៃបាញ់ប្រហារឈ្លានពានដែនអធិបតេយ្យកម្ពុជា គឺបានបណ្ដាលឲ្យទាហានកម្ពុជា ចំនួន៥នាក់បានពលីជីវិត និងរងរបួសចំនួន២១នាក់។

ក្រៅពីទាហានកម្ពុជាហើយនោះ ថៃដែលបាននិងកំពុងប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាម ប្រឆាំងមនុស្សជាតិ បានបាញ់ប្រហារអាវុធធុនធ្ងន់ចូលមូលដ្ឋានជនស៉ីវិលស្លូតត្រង់របស់កម្ពុជា ហើយបណ្ដាលឲ្យជនស៉ីវិលកម្ពុជាចំនួន៨នាក់បានស្លាប់ និងរងរបួសចំនួន៥០នាក់ នៅក្នុងខេត្តឧត្តរមានជ័យ។

ក្នុងសន្និសីទសារព័ត៌មានបង្ហាញអំពីបច្ចុប្បន្នភាព ថ្ងៃទី៣ នៃការឈ្លានពានរបស់ថៃមកលើកម្ពុជា, លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានអះអាងថា ទង្វើទាំងអស់នេះរបស់ថៃបានបង្កផលលំបាកដល់ជនភៀសខ្លួន ក្នុងខេត្តឧត្តរមានជ័យ ចំនួន៦៥៧៧គ្រួសារ ស្មើនឹង២៣៣២៨នាក់, ខេត្តព្រះវិហារ ចំនួន៣១១២គ្រួសារ ស្មើនឹង១០៤២០នាក់, ខេត្តពោធិ៍សាត់ ចំនួន៩៤គ្រួសារ ស្មើនឹង២០១នាក់, ខេត្តបន្ទាយមានជ័យ ចំនួន៥២៤គ្រួសារ ស្មើនឹង១៨៨០នាក់។ សរុបរួមចំនួន៣៥,៨២៩នាក់។

អ្នកនាំពាក្យក្រសួងការពារជាតិ បានសង្កត់ធ្ងន់ទៀតថា ភាគីថៃកាន់តែគឃ្លើន និងដាក់ពង្រាយកម្លាំងទ័ពកាន់តែខ្លាំង ដោយមិនចាត់វិធានការដើម្បីកាត់បន្ថយភាពតានតឹងជម្លោះណាមួយឡើយ។ ថៃបានដាក់ខេត្តត្រាត និងខេត្តច័ន្ទបូរី ដែលមានព្រំប្រទល់ជាប់ខេត្តកោះកុង និងខេត្តពោធិ៍សាត់របស់កម្ពុជា ក្រោមច្បាប់អាជ្ញាសឹក ហើយចាប់ផ្ដើមពង្រាយទ័ពសព្វាវុធនៅភូមិសាស្ដ្រជាប់ខេត្តបន្ទាយមានជ័យ តាមផែនការយោធាចក្រពង្សភូវនាថ។

ដោយឡែក ចំពោះស្ថានភាពនៃការឈ្លានពានរបស់ថៃនៅថ្ងៃទី៣ ពោលនៅវេលាម៉ោង៥៖០២នាទីព្រឹកព្រលឹមថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥នេះ ថៃបានបើកការវាយប្រហារដោយកាំភ្លើងធំចំនួន៥គ្រាប់ មកលើទីតាំងជាច្រើននៅក្នុងភូមិសាស្ដ្រឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ សម្រាប់នៅយោធភូមិភាគទី៤ ថៃបានបើកវាយប្រហារនៅទីតាំងចំនួន៣ គឺតំបន់តាថាវ, ជាំតែ និងវាលឥន្ទ្រី នាវេលាម៉ោង៥ព្រឹកដូចគ្នានេះ។

បើតាមអ្នកនាំពាក្យដដែលរូបនេះ, ថៃមានបំណងពង្រីកការវាយប្រហារមកលើកម្ពុជាកាន់តែកម្រោល និងរំលោភបំពានដែនអធិបតេយ្យកម្ពុជាកាន់តែខ្លាំងៗ។ ការចោទប្រកាន់ដោយគ្មានមូលដ្ឋានរបស់ភាគីថៃមកលើកម្ពុជា ដូចជាការអះអាង ការបំភ្លៃពាក់ព័ន្ធការជាន់មីនរបស់កងទ័ពថៃជាហេតុផល នៃការបង្កើតទុកជាមុនដើម្បីជាលេសសម្រាប់ពង្រីកយុទ្ធនាការឈ្លានពានលើទឹកចិត្តកម្ពុជា។

កម្ពុជានៅតែមានឆន្ទៈមុះមុតដោះស្រាយវិវាទដោយសន្ដិវិធីស្របច្បាប់អន្ដរជាតិ ខណៈពេលជាមួយគ្នានេះកម្ពុជាសូមរក្សាសិទ្ធិស្វ័យការពារ ដោយយោងមាត្រា៥១នៃធម្មនុញ្ញអង្គការសហប្រជាជាតិ និងការការពារប្រជាជន អធិបតេយ្យភាព និងបូរណភាពទឹកដីឲ្យខាងតែបាន ដើម្បីប្រឆាំងសកម្មភាពឈ្លានពាន រំលោភបំពានយ៉ាងគឃ្លើន និងកម្រោលរបស់ភាគីថៃ។ កម្ពុជា សូមធ្វើការថ្កោលទោសយ៉ាងដាច់អហង្ការចំពោះអំពីឈ្លានពានរបស់ភាគីថៃ និងការបង្កហេតុ ការត្រៀមទុកជាមុនរបស់ភាគីថៃ។

សូមជម្រាបថា ការផ្ទុះអាវុធរវាងកម្ពុជា-ថៃ បានកើតឡើងនៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ នៅចំណុចប្រាសាទតាមាន់ធំ ខេត្តឧត្តរមានជ័យ ដោយបានរាលដាលទៅកាន់តំបន់សមរភូមិផ្សេងទៀត នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ ការប្រយុទ្ធគ្នានេះ បានកើតឡើងបន្ទាប់ពីភាគីថៃ បានផ្ទុះអាវុធមុន នៅចំណុចប្រាសាទតាមាន់ធំ៕