Fresh Exclusive: ខណៈថៃបង្កហេតុបាញ់ប្រហារដាក់មកលើកម្ពុជាមុន៖ សម្តេចបវរធិបតី ទទួចស្នើក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកោះប្រជុំជាបន្ទាន់ ដើម្បីរកយុត្តិធម៌ដល់កម្ពុជា
24-07-2025 19:14
(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលនៃប្រទេសកម្ពុជា បានប្រញាប់ធ្វើសារលិខិតមួយទៅកាន់ប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ សម្រាប់ខែកក្កដា ឆ្នាំ២០២៥ ខណៈពេលដែល កងយោធពលខេមរភូមិន្ទ កំពុងបណ្តេញទាហានថៃឈ្លានពាននៅតាមព្រំដែនភាគខាងលិច ក្នុងហេតុការណ៍ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ដោយទាហានថៃ បានបំផ្ទុះអាវុធ ដាក់មកលើភាគីកម្ពុជា ជាមុនដោយបង្ខំឱ្យកម្ពុជា ត្រូវប្រើប្រាស់សិទ្ធិក្នុងការការពារខ្លួនតបតទៅវិញ។
Fresh Exclusive មានអត្ថបទស៊ីជម្រៅមួយជុំវិញបញ្ហានេះ៖
នៅថ្ងៃមួយដែលសន្តិភាពរបស់កម្ពុជា ត្រូវបានរងភាពយាយីដោយសត្រូវឈ្លានពានហើយ កម្ពុជាមិនបានសម្ងំនៅស្ងៀមបណ្តោយឱ្យចោរឈ្លានពានថៃប្រព្រឹត្តទង្វើស្រេចនឹងចិត្តរបស់ខ្លួនឡើយ។ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ កម្ពុជាបានប្រើប្រាស់ទាំងឥទ្ធិពលយោធាផង និងទង្វើតាមផ្លូវច្បាប់ផង ដោយអំពាវនាវដល់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បើកកិច្ចប្រជុំជាបន្ទាន់មួយ ដើម្បីថ្កោលទោសទង្វើឈ្លានពានរបស់ថៃ ដែលចូលទន្ទ្រានដែនដីខ្មែរ ក្នុងតំបន់ប្រាសាទតាមាន់ធំ តាក្របី និងតំបន់មុំបី។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា បានសរសេរសារលិខិតមួយទៅកាន់លោក អាស៊ីម ហ្វ្ទីខា អាម៉ាដ Asim Iftikhar Ahmad ដែលជាតំណាងអចិន្ត្រៃយ៍នៃប្រទេសប៉ាគីស្ថាន ប្រចាំអង្គការសហប្រជាជាតិ និងជាប្រធានក្រុមប្រឹក្សាសន្តិសុខសម្រាប់ខែកក្កដា ឆ្នាំ២០២៥ ដើម្បីបើកកិច្ចប្រជុំជាបន្ទាន់របស់អង្គការពិភពលោកក្នុងការរកយុត្តិធម៌ចំពោះកម្ពុជា។
សារលិខិតរបស់សម្តេចបវរធិបតី បានរៀបរាប់នូវទង្វើរបស់ថៃ ដែលប្រើកម្លាំងទ័ពឈ្លានពាននាព្រឹកថ្ងៃទី២៤ កក្កដា ដែលជាទង្វើគិតទុកជាមុន និងដោយចេតនា ដែលសារលិខិតបានសរសេរថា៖ «ការវាយប្រហារដោយយោធានេះ បានបំពានលើគោលការណ៍មិនឈ្លានពាន និងការដោះស្រាយវិវាទដោយសន្តិវិធី ដែលជាគោលការណ៍គ្រឹះនៃច្បាប់អន្តរជាតិ រួមទាំងគោលការណ៍ជាមូលដ្ឋាន ដែលមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន ការហាមប្រាមការគំរាមកំហែង ឬការប្រើប្រាស់កម្លាំងប្រឆាំងនឹងបូរណភាពទឹកដីនៃរដ្ឋណាមួយ ក៏ដូចជាការមិនយកចិត្តទុកដាក់ទាំងស្រុងចំពោះស្មារតីនៃអ្នកជិតខាងដ៏ល្អដែលកម្ពុជាមាននៅពេលនេះ»។
សារលិខិតរបស់នាយករដ្ឋមន្ត្រីកម្ពុជា បានធ្វើឡើងទន្ទឹមនឹងព្រឹត្តិការណ៍ប៉ះទង្គិចគ្នាដោយអាវុធបានកើតឡើងនៅថ្ងៃទី២៤ ខែកក្កដា ដោយទាហានថៃបាន ចាប់ផ្តើមបាញ់ដាក់មកលើភាគី កម្ពុជាជាមុននៅក្នុងតំបន់ប្រាសាទតាមាន់ធំ និងការប្រយុទ្ធ បានរាលដាលដល់ប្រាសាទតាក្របី, តំបន់ភ្នំខ្មោច និងបានពង្រីកភូមិសាស្រ្តនៃការវាយប្រហារទៅដល់តំបន់មុំបី ក្នុងខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ ដោយថៃ បានប្រើប្រាស់យន្តហោះចម្បាំងរបស់ខ្លួន ធ្វើការទម្លាក់គ្រាប់បែកលើទឹកដីនៃប្រទេសកម្ពុជា។
ប្រមុខដឹកនាំនៃប្រទេសកម្ពុជា បានប្រាប់ប្រធានក្រុមប្រឹក្សាសន្តិសុខសម្រាប់ខែកក្កដា ឆ្នាំ២០២៥ថា ទង្វើរបស់ថៃ គឺជាការបំពានច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ និងកម្ពុចាចាត់ទុកអំពើឈ្លានពាននេះ បានបំពានលើគោលការណ៍មិនប្រើកម្លាំង, បដិសេធស្មារតីមិត្តភាពជាអ្នកជិតខាង, មិន គោរពកិច្ចសន្យានៃកិច្ចព្រមព្រៀង MOU ឆ្នាំ២០០០។
សាររបស់សម្តេចបវរធិបតី ទៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានសរសេរថា៖ «ប្រឈមមុខនឹងការឈ្លានពានដ៏ខ្លាំងក្លានេះ កងទ័ពកម្ពុជាគ្មានជម្រើសអ្វីក្រៅពីឆ្លើយតបក្នុងការការពារខ្លួន ដើម្បីការពារអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា។ កម្ពុជាអំពាវនាវឲ្យថៃបញ្ឈប់រាល់អរិភាពជាបន្ទាន់ ដកកម្លាំងទៅខាងព្រំដែន និងចៀសវាងសកម្មភាពញុះញង់ដែលអាចធ្វើឲ្យស្ថានការណ៍កាន់តែតានតឹង»។
* ទាហានថៃចាប់ផ្តើមបាញ់ដាក់មកលើទាហានកម្ពុជាមុនឆាកប្រយុទ្ធផ្ទុះឡើង
ការប៉ះទង្គិចក្នាដោយអាវុធ បានកើតឡើងតាំងពីព្រឹកថ្ងៃទី២៤ កក្កដា ដោយទាហានថៃបានចាប់ផ្តើមបាញ់ដាក់មកលើភាគីកម្ពុជាជាមុននៅក្នុងតំបន់ប្រាសាទតាមាន់ធំ។ ឆាកប្រយុទ្ធ ដែលចាប់ផ្តើមវេលាម៉ោង០៨៖៤៦នាទីព្រឹកនោះ គឺបន្ទាប់ពីទាហានថៃ បានបាញ់ច្រើនគ្រាប់បង្ខំឱ្យភាគីកម្ពុជាតបត។
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានថ្លែងថា ចាប់តាំងពីព្រឹកម៉ោងប្រមាណ០៦៖៣០នាទី, ភាគីថៃបានចាប់ផ្តើមបង្កសកម្មភាពបំពានលើកិច្ចព្រមព្រៀង ដែលបានឯកភាពគ្នា ដោយពួកគេបានឡើងទៅលើប្រាសាទតាមាន់ធំ ហើយលបចូលរាយលួសបន្លាតាមជើងប្រាសាទ។ នៅវេលាម៉ោង០៧៖០៤នាទី ភាគីថៃបានបង្ហោះដ្រូន រយៈពេល០២នាទី ហើយនៅវេលាម៉ោង០៨៖៣០នាទី ភាគីថៃបានធ្វើការបាញ់ជាច្រើនគ្រាប់ឡើងទៅលើក្នុងពេលដែលភាគីកម្ពុជានៅរក្សាភាពអត់ធ្មត់នៅឡើយ។ ប៉ុន្តែនាវេលាម៉ោង០៨៖៤៦ នៅពេលដែលកងទ័ពឈ្លានពានថៃ បានបើកការបាញ់ប្រហារដាក់ជាមុនមកលើកងទ័ពកម្ពុជានៅតំបន់ប្រាសាទតាមាន់ធំនោះ ភាពអត់ធ្មត់របស់កម្ពុជា ក៏ទ្រាំលែងបាន។
នៅម៉ោង០៨៖៤៧នាទី កម្ពុជាបានបង្ខំចិត្តផ្ទុះអាវុធតបតបដើម្បីការការពារខ្លួន។ ការប្រយុទ្ធបានរាលដាលដល់ប្រាសាទតាក្របី, តំបន់ភ្នំខ្មោច និងបានពង្រីកភូមិសាស្រ្តនៃការវាយប្រហារទៅដល់តំបន់មុំបី ក្នុងខេត្តព្រះវិហារ និងឧត្តរមានជ័យ ដោយថៃ បានប្រើប្រាស់យន្តហោះចម្បាំងរបស់ខ្លួន ទម្លាក់គ្រាប់បែកលើទឹកដីកម្ពុជា។ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានថ្លែងថា «នេះគឺជាទង្វើរំលោភយ៉ាងច្បាស់ក្រឡែតចំពោះ ធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងគោលការណ៍ជាមូលដ្ឋាននៃច្បាប់អន្តរជាតិ»។
យោងតាមព័ត៌មានលើបណ្តាញសង្គម ដែលផ្តិតនូវរូបភាពវាយប្រហារនៅលើសមរភូមិនោះ បានបង្ហាញនូវសមត្ថភាពដ៏អស្ចារ្យរបស់កងកម្លាំងនៃប្រទេសកម្ពុជា ក្នុងការប្រើប្រាស់អាវុធទំនើបៗ បាញ់តបតដាក់លើទីតាំងមូលដ្ឋានយោធារបស់សត្រូវ។
សេចក្តីរាយការណ៍ក្នុងស្រុក បានបង្ហាញថា កងកម្លាំងថៃ បានទន់ដៃ និងពួកគេបានរត់ចេញពីតំបន់នៃប្រាសាទបុរាណរបស់កម្ពុជា គឺប្រាសាទតាមាន់ធំ និងប្រាសាទតាក្របី។ សេចក្តីរាយការណ៍ បានឱ្យដឹងថា ក្រោយការប្រយុទ្ធគ្នាជាច្រើនម៉ោងនោះមក គិតត្រឹមវេលាម៉ោង១រសៀល ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ កងទ័ពកម្ពុជា បានវាយបណ្តេញកងទ័ពថៃឈ្លានពាន ឱ្យដកថយចេញពីប្រាសាទតាក្របី និងប្រាសាទតាមាន់ធំទាំងស្រុង។ ឥឡូវនេះ ប្រាសាទតាក្របី ដែលស្ថិតនៅព្រំដែនខេត្តឧត្តរមានជ័យ បានស្ថិតនៅក្រោមការគ្រប់គ្រងរបស់កងទ័ពកម្ពុជាយ៉ាងពេញលេញ។
ទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរនាពេលនេះ ក៏បានធ្លាក់ចុះដល់កម្រិតទាបបំផុត ថែមទៀតនាពេលនេះ។ កាលពីយប់ថ្ងៃទី២៣ កក្កដា ឯកអគ្គរាជទូតថៃ និងឯករាជទូតកម្ពុជា បានរងការបណ្តេញ តម្រូវឱ្យចាកចេញទៅកាន់ប្រទេសដើមរបស់ខ្លួនវិញ ជាបន្ទាន់ ដែលជាសញ្ញានៃការទម្លាក់កម្រិតការទូតដ៏ទាបបំផុត នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ដោយកម្ពុជា បានដាក់មន្ត្រីត្រឹមលេខាទី២តែប៉ុណ្ណោះ ខណៈមន្ត្រីផ្សេងទៀត ត្រូវបានដក ចេញពីស្ថានទូតកម្ពុជាក្នុងក្រុងបាងកក និងតម្រូវឱ្យមន្ត្រីទូតថៃ កែសម្រួលចេញពីកម្ពុជាដូចគ្នា។
* កម្ពុជាទទួចសុំឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបើកកិច្ចប្រជុំបន្ទាន់
ភាពតានតឹងនៅតាមព្រំដែន និងអរិភាពប្រដាប់អាវុធ រវាងកម្ពុជានិងថៃ នៅតែបន្តកើតមាន បើទោះបីជាមានអនុសញ្ញាបារាំង-សៀមឆ្នាំ១៩០៤ និងសន្ធិសញ្ញាឆ្នាំ១៩០៧ ក៏ដូចជាផែនទីដែលផលិតដោយគណៈកម្មការកំណត់ព្រំដែនរវាងឥណ្ឌូ-ចិន និងសៀម ដែលត្រូវបានបង្កើតឡើងក្រោមឧបករណ៍អន្តរជាតិទាំងពីរនេះ និងការយល់ដឹងអំពីព្រំដែនសមុទ្រ។ ប៉ុន្តែថៃក្នុងការសំអាងលើផែនទីឯកតោភាគីដ៏ខុសច្បាប់ បានធ្វើការបំពានលើទឹកដីកម្ពុជា ម្តងហើយម្តងទៀតដែលមិនគោរពច្បាប់ជាអន្តរជាតិឡើយ។
សម្តេចនាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា បានថ្លែងសារលិខិតថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ទៅកាន់ ប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិប្រចាំខែកក្កដាថា៖ «ដូចករណីមុនដែរ អរិភាពតាមព្រំដែនរវាងប្រទេសទាំងពីរនាពេលបច្ចុប្បន្ននេះ កើតចេញពីការទទូចរបស់ប្រទេសថៃក្នុងការទាមទារអធិបតេយ្យភាពលើតំបន់ព្រំដែន ដោយប្រើផែនទីដែលគូសដោយឯកតោភាគីរបស់ខ្លួន ដែលខ្វះមូលដ្ឋានច្បាប់ណាមួយ និងផ្ទុយពីការប្តេជ្ញាចិត្តរបស់ខ្លួនក្រោម MOU-2000។ ជាលេសនៃការឈ្លានពានប្រដាប់អាវុធនាពេលបច្ចុប្បន្ន ប្រទេសថៃក៏បានធ្វើការចោទប្រកាន់ដោយគ្មានមូលដ្ឋាន និងគ្មានមូលដ្ឋានលើកម្ពុជាជុំវិញការផ្ទុះគ្រាប់មីន បន្ទាប់ពីបុគ្គលិកថៃបានងាកចេញពីផ្លូវល្បាតដែលបានសម្របសម្រួលពីមុនរវាងប្រទេសទាំងពីរ ហើយបានបង្កើតផ្លូវថ្មីមួយឆ្លងកាត់ទឹកដីកម្ពុជា ដែលត្រូវបានគេស្គាល់ថាជាឯកសារផ្លូវការរបស់មីន»។
សារលិខិតរបស់សម្តេចបវរធិបតីទៅកាន់ក្រុមប្រឹក្សាពិភពលោកនេះ បានបញ្ជាក់អំពីគោលជំហររបស់កម្ពុជា ក្នុងការចង់ដោះស្រាយបញ្ហាដោយសន្តិវិធី តាមរយៈការដាក់សំណុំរឿងជម្លោះរបស់ខ្លួនទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ ដើម្បីរកការដោះស្រាយជាពិសេសលើតំបន់ជម្លោះចំនួន៤ គឺប្រាសាទតាមាន់តូច, ប្រាសាទតាមាន់ធំ, ប្រាសាទតាក្របី និងតំបន់មុំបី។ សារលិខិតរបស់នាយករដ្ឋមន្ត្រីកម្ពុជា បាន អំពាវនាវឱ្យមានការបើកកិច្ចប្រជុំជាបន្ទាន់របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដោយបញ្ជាក់ថា៖ «ដោយពិចារណាលើការឈ្លានពានដ៏ធ្ងន់ធ្ងរនាពេលថ្មីៗនេះរបស់ប្រទេសថៃ ដែលបានគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ ខ្ញុំសូមស្នើឱ្យលោកកោះប្រជុំជាបន្ទាន់នៃក្រុមប្រឹក្សាសន្តិសុខ ដើម្បីបញ្ឈប់ការឈ្លានពានរបស់ប្រទេសថៃ»។
រាជរដ្ឋាភិបាលកម្ពុជា បានស្នើឲ្យពិភពលោក ធ្វើការថ្កោលទោសដល់សកម្មភាពរបស់ទាហានឈ្លានពានថៃ ត្រូវបញ្ឈប់សកម្មភាពរំលោភបំពាន និងស្នើសុំឱ្យមានការចូលរួមជាក់លាក់ពីសហគមន៍អន្តរជាតិដើម្បីការដោះស្រាយជម្លោះរវាងកម្ពុជានិងថៃប្រកបដោយភាពយុត្តិធម៌។ ករណីប្រយុទ្ធព្រំដែនកម្ពុជាថៃថ្ងៃទី២៤ កក្កដា មិនត្រឹមតែបង្ហាញពីភាពអស្ចារ្យនៃសមត្ថភាពយោធារបស់កងទ័ពខ្មែរ ប៉ុន្តែក៏ជាការបង្ហាញថា កម្ពុជាមានទាំងសមត្ថភាពរបស់ខ្លួនក្នុងការការពារជាតិ និងសមត្ថភាពលើទំនាក់ទំនងការទូតជាអន្តរជាតិដើម្បីជម្រុញឱ្យប្រទេសដែលមានកាតព្វកិច្ចលើកិច្ចការសន្តិសុខពិភពលោកជួយរកដំណោះស្រាយដោយយុត្តិធម៌។
ការបញ្ចេញសារលិខិតជាផ្លូវការទៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ គឺជាសកម្មភាពដ៏ទាន់ពេល និងសមស្រប និងជួយធ្វើឱ្យពិភពលោកមើលឃើញកាន់តែច្បាស់នូវទង្វើ អសីលធម៌របស់ប្រទេសថៃដែលជាប្រទេសធំ ចង់ឈ្លានពានប្រទេសតូចក្បែរខាងដូចជាកម្ពុជានេះជាដើម។ ពេលនេះ ការមានប្រៀបនៅលើសមរភូមិផង និងការប្រើសម្លេងនៅលើវេទិកា អង្គការសហប្រជាជាតិផង គឺជាភស្តុតាងនៃការផ្តល់ជំនឿកាន់តែរឹងមាំដល់ប្រជាជាតិកម្ពុជា ដូចប្រសាសន៍តាមសារក្នុងបណ្តាញសង្គមរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃប្រទេសកម្ពុជា និងសាររបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥។
សាររបស់សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវ «ជនរួមជាតិកម្ពុជា កុំភ័យស្លន់ស្លោរហូតទិញអង្ករទំនិញស្តុកទុក ឬការលក់ទំនិញដំឡើងថ្លៃ។ល។ និងសូមប្រកបកិច្ចការធម្មតាលើគ្រប់វិស័យ និងគ្រប់ទីកន្លែង លើកលែងតែតំបន់ជាប់ព្រំដែននៃខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ ដែលរងការបាញ់ផ្លោងពីកងទ័ពឈ្លានពានថៃ»។ សាររបស់សម្តេចតេជោ បានបញ្ចប់ថា «សូមជនរួមជាតិទុកចិត្តលើរាជរដ្ឋាភិបាល និងកម្លាំងប្រដាប់អាវុធរបស់យើង»។
រីឯសារតាមបណ្តាញសង្គមរបស់សម្តេចបវរធិបតីបានបញ្ជាក់ថា៖ «សូមឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរយើងទាំងអស់ ជឿជាក់លើរាជរដ្ឋាភិបាល និងកងកម្លាំងប្រដាប់អាវុធរបស់យើងដែលកំពុងឈរជើងការពារបូរណភាពទឹកដីនៅជួរមុខ។ សូមរក្សាភាពស្ងាត់ស្ងៀមនិងមានលំនឹងក្នុងចិត្ត និងសូមបន្តការងារប្រចាំថ្ងៃជាប្រក្រតី»៕