ប្រជាពលរដ្ឋនៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលរស់នៅក្បែរសមរភូមិប្រយុទ្ធ បានជម្លៀសមកកាន់ទីមានសុវុត្ថិភាព (Video inside)
24-07-2025 17:07
(ព្រះវិហារ)៖ តាមសេចក្ដីរាយការណ៍ពីភ្នាក់ងារ Fresh News ប្រចាំខេត្ដព្រះវិហារ នៅរសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥នេះថា មានប្រជាពលរដ្ឋជាច្រើនគ្រួសារ នៅស្រុកជាំក្សាន្ត ខេត្ដព្រះវិហារ ជាពិសេសជាប់ព្រំដែន កម្ពុជា-ថៃ បានចាកចេញពីលំនៅដ្ឋានមកស្នាក់នៅបណ្តោះអាសន្ន នៅមណ្ឌលសុវត្ថិភាពវត្តពោធិ៍៥០០០ដើម។
សេចក្តីរាយការណ៍ពីកងទ័ពជួរមុខ ដែលកំពុងប្រយុទ្ធជាមួយទាហានថៃ បានបញ្ជាក់ថា នៅសមរភូមិប្រាសាទតាមាន់ធំ ប្រាសាទតាក្របី ថ្មដូន ក្នុងខេត្តឧត្តរមានជ័យ និងសមរភូមិទិសព្រះវិហារមាន តាថាវ បុស្បូវ ជាំតែ ភ្នំខ្មោច អានសេះ និងមុំបី កងទ័ពទាំង២កំពុងប្រយុទ្ធគ្នា ដោយប្រើកាំភ្លើងធន់ធ្ងន់ផ្លោងដាក់គ្នាទៅវិញទៅមក តែកងទ័ពដ៏អង់អាចក្លាហានរបស់យើងនៅគ្រប់សមរភូមិប្រយុទ្ធកំពុងគ្រប់គ្រងទីតាំងរបស់ខ្លួនយ៉ាងរឹងមាំ ហើយបាញ់ដាក់សត្រូវ ឈ្លានពានយ៉ាងសន្ធឹកសន្ធាប់។
សូមជម្រាបថា ការផ្ទុះអាវុធរវាងកម្ពុជា-ថៃ បានកើតឡើងនៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥នេះ នៅចំណុចប្រាសាទតាមាន់ធំ ខេត្តឧត្តរមានជ័យ ដោយបានរាលដាលទៅកាន់តំបន់សមរភូមិផ្សេងទៀត នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ ការប្រយុទ្ធគ្នានេះ បានកើតឡើងបន្ទាប់ពីភាគីថៃ បានផ្ទុះអាវុធមុន នៅចំណុចប្រាសាទតាមាន់ធំ៕
