Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

Fresh Exclusive: ថៃព្យាយាមប្តូរមុខ ពីអ្នកឈ្លានពាន ធ្វើជាជនរងគ្រោះ៖ តើពិភពលោកជឿថៃទេ?

23-07-2025 18:39

(ភ្នំពេញ)៖ មន្ត្រីថៃ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ បានហៅអនុព័ន្ធយោធាចំនួន៤៧ប្រទេស ដើម្បីទៅស្តាប់របាយការណ៍ ដែលពួកគេបានចោទអំពីទាហានកម្ពុជាដាក់មីននៅតំបន់មុំបី។ ប៉ុន្តែមានតែអនុព័ន្ធយោធាបរទេសចំនួន១៧ប្រទេសតែប៉ុណ្ណោះ ដែលបានទៅចូលរួម នៅក្នុងនោះក៏មានការចូលរួមពីអនុព័ន្ធយោធាកម្ពុជា ប្រចាំក្រុងបាងកក គឺលោកឧត្តមសេនីយ៍ត្រី ហម ឃីម ផងដែរ។ ខណៈមន្ត្រីអនុព័ន្ធយោធាចំនួន៣០ប្រទេសផ្សេងទៀត មិនមានវត្តមានឡើយក្នុងពេលនោះ។
តើមន្ត្រីថៃ បានពន្យល់ប្រាប់អនុព័ន្ធយោធាបរទេសទាំង១៧ នោះអ្វីខ្លះក្នុងការព្យាយាមផ្លាស់ប្តូរមុខមាត់ថៃពីអ្នកឈ្លានពាន ដើម្បីក្លាយជាជនរងគ្រោះវិញនោះ?
Fresh Exclusive មានអត្ថបទស្រាវជ្រាវតាមដានលទ្ធផលដែលជាប់ពាក់ព័ន្ធជំនួបអនុព័ន្ធយោធានេះ៖

មន្ត្រីថៃ បានកោះហៅអនុព័ន្ធយោធាបរទេស ដែលមានបេសកកម្មការទូតជាមួយថៃទាំងអស់ ក្នុងការធ្វើបទបង្ហាញមួយ ដែលពួកគេបានចោទប្រកាន់ទាហានកម្ពុជា ពីបទដាក់គ្រាប់មីននៅក្នុងតំបន់ជម្លោះមុំបី តាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដែលក្នុងហេតុការណ៍នោះមានទាហានថៃ៣នាក់ បានជាន់មីននៅលើទឹកដីកម្ពុជា បណ្តាលឱ្យរងរបួសធ្ងន់ និងស្រាល។ ក្នុងចំណោមអនុព័ន្ធយោធា ដែលថៃបានអញ្ជើញចំនួន៤៧ប្រទេស មានតែមន្ត្រីយោធាចំនួន១៧ប្រទេសប៉ុណ្ណោះ ដែលបានទៅចូលរួម។ ដោយឡែកអនុព័ន្ធយោធា៣០ប្រទេសទៀត មិនមានវត្តមានឡើយ។ ហើយនៅក្នុងការចូលរួមនោះ មន្ត្រីអនុព័ន្ធយោធាកម្ពុជា ប្រចាំក្រុងបាងកក គឺលោកឧត្តមសេនីយ៍ត្រី ហម ឃីម ក៏មានវត្តមានក្នុងឱកាសនោះផងដែរ។

តើនៅក្នុងកិច្ចប្រជុំបកស្រាយពន្យល់នាពេលនោះមន្ត្រីយោធាថៃ បានលើកយកចំណុចអ្វីខ្លះ ដើម្បីការទម្លាក់កំហុសដាក់មកលើកម្ពុជា?

១. ការរៀបរាប់ផ្លាស់ប្តូរពីថៃឈ្លានពាន ឱ្យក្លាយជាថៃរងគ្រោះ៖ ថ្វីត្បិតតែការផ្ទុះមីនបានកើតឡើងនៅក្នុងប្រទេសកម្ពុជាក៏ដោយ ក៏ប្រទេសថៃបានបកស្រាយប្រាប់អ្នកចូលរួមថា ការដែលកម្ពុជា បាន «បង្កៃគ្រាប់មីន» នោះ វាគឺជាអំពើឈ្លានពាន។ នេះជាយុទ្ធសាស្ត្រឃោសនាមួយ ដោយបង្វែររូបភាពរបស់អ្នកបំពានក្លាយទៅជាអ្នករងគ្រោះ បើទោះបីជាភស្តុតាងតាមរយៈផែនទី បានបង្ហាញនូវភាពផ្ទុយនឹងការនិយាយរបស់ថៃនោះក៏ដោយ។ មន្ត្រីថៃបានអះអាងថា ទាហានខ្មែរបានដាក់គ្រាប់មីនដោយចេតនា នៅតំបន់មុំបី ដោយបណ្ដាលឲ្យទាហានថៃបីនាក់បានរងរបួស។ ពួកគេចាត់ទុកការផ្ទុះមីននោះ ថាជាការរំលោភលើបទដ្ឋានអន្តរជាតិ និងជាអំពើអរិយភាពលើទឹកដីកម្ពុជាដែលថៃកំពុងព្យាយាមទាមទារ។

២. ប្រើរូបភាពទាហានរងរបួស ដើម្បីទាញចំណាប់អារម្មណ៍៖ ថៃឈ្លានពាន បានព្យាយាមបង្ហាញថា គឺខ្លួនឯងទេដែលជាជនរងគ្រោះ។ សម្តីរៀបរាប់របស់មន្ត្រីយោធាថៃ ត្រូវបានរៀបចំឡើងក្នុងគោលបំណងឱ្យគេមើលឃើញថា ប្រទេសថៃ គឺជាជនរងគ្រោះនៃការឈ្លានពានឆ្លងព្រំដែន។ នយោបាយ «បង្ហូរទឹកភ្នែកក្រពើ» នេះ គឺក្នុងគោលបំណងស្វែងរកការបង្កើតក្តីអាណិតអាសូរ និងការគាំទ្រពីអន្តរជាតិ ជាពិសេសក្នុងចំណោមតំណាងយោធាមកពីស្ថានទូតបរទេសដែលមានវត្តមាននៅក្នុងពេលនោះ។ ប៉ុន្តែមន្ត្រីទូតយោធាបរទេសភាគច្រើន ដែលដឹងជាមុននូវការរៀបចំសេណារីយ៉ូ ភូតភររបស់ថៃ មិនបានមកចូលរួមក្នុងកិច្ចប្រជុំ ដែលបានកោះហៅនៅថ្ងៃទី២២ ខែកក្កដានោះទេ។

នៅជាមួយគ្នានេះផងដែរប្រព័ន្ធផ្សព្វផ្សាយ និងមន្ត្រីយោធាថៃ បានបង្កើនការផ្សព្វផ្សាយក្នុងការជួយរំលេចអំពីរឿងរងរបួសរបស់ទាហានថៃទាំង៣នាក់ ដោយប្រើភាសាលាក់ពុត ដើម្បីធ្វើឱ្យគេរំជួលចិត្ត ជាមួយនឹងការយករូបភាពរងរបួស ក្នុងការទាក់ទាញសមានចិត្តអ្នកដទៃ ដែលមិនដឹងអំពីមូលហេតុពិតប្រាកដ។ ពួកគេបានបង្ហាញរូបថត ឬរបាយការណ៍របស់ទាហាន ដែលរងរបួសនិងសម្រាក់នៅលើគ្រែក្នុងមន្ទីរពេទ្យ។ ទង្វើនេះ គឺដើម្បីដុតបញ្ឆេះរកការអាណិតអាសូរជាសាធារណៈ និងបញ្ឆេះមនោសញ្ចេតនាជាតិនិយមកាន់តែពុះកញ្ជ្រោលតែប៉ុណ្ណោះ។ គោលដៅរបស់ថៃ គឺដើម្បីឱ្យគេឃើញថា ទាហានថៃ គឺជាអ្នករក្សាសន្តិភាព ឬជាអ្នកការពារនោះ ត្រូវបានគេ «វាយឆ្មក់» ឬ «រងគ្រោះ» ក្នុងស្ថានភាពអយុត្តិធម៌ ទោះបីពួកគេនៅក្នុងទឹកដីកម្ពុជាក៏ដោយ។

៣. ចោទកម្ពុជា ថាបំពានច្បាប់អន្តរជាតិ៖ មន្ត្រីថៃបានចោទកម្ពុជាពីការដាក់គ្រាប់មីនថ្មី បើទោះបីជាមានការផ្ទុះនោះកើតនៅក្នុងប្រទេសកម្ពុជាក៏ដោយ។ ពួកគេបានប្រាប់អ្នកចូលរួមថា កម្ពុជាបានរំលោភលើអនុសញ្ញាអូតាវ៉ា ដែលជាសន្ធិសញ្ញាហាមឃាត់គ្រាប់មីន បើទោះបីជាថៃខ្លួនឯង បានជាន់មីនលើទឹកដីកម្ពុជាក៏ដោយ។ រាជរដ្ឋាភិបាលកម្ពុជា ក្នុងនាមជារដ្ឋភាគីមួយ ដែលមានការប្តេជ្ញាចិត្តយ៉ាងពេញទំហឹងចំពោះខ្លឹមសារ និងស្មារតីនៃអនុសញ្ញាទីក្រុងអូតាវ៉ា បានបដិសេធយ៉ាងដាច់អហង្ការនូវការលើកឡើងថាកម្ពុជា បានរំលោភចំពោះកាតព្វកិច្ចរបស់ខ្លួនក្រោមអនុសញ្ញាអូតាវ៉ានេះ។

ការផ្ទុះមីននោះត្រូវបានកម្ពុជា បញ្ជាក់ការសង្ស័យដែរថា វាជាអតីតមីនដែលសេសសល់ពីសម័យសង្គ្រាមដែលស្ថិតនៅលើទឹកដីកម្ពុជា។ កម្ពុជាដែលធ្លាប់ឆ្លងកាត់សង្គ្រាមស៊ីវិលជិត៣០ឆ្នាំ ដោយអាវុធយុទ្ធភណ្ឌមិនទាន់ផ្ទុះ រួមទាំងគ្រាប់មីន សេសសល់បង្កប់នៅក្នុងដី នៅមិនទាន់ដោះអស់ទាំងស្រុងនៅឡើយទេ ហើយជាពិសេសនៅតំបន់ព្រំដែនភាគខាងលិច និងឧត្តរប្រទេស ដែលអតីតក្រុមទ័ពព្រៃខ្មែរក្រហម និងក្រុមតស៊ូដទៃ ធ្លាប់យកធ្វើជាទីតាំងរស់នៅក្នុងការធ្វើសង្គ្រាមប្រឆាំងអតីតរដ្ឋាភិបាលក្នុងស្រុកនាជំនាន់នោះ។ ហើយភាគីថៃ មិនអាចមិនដឹងថានៅលើទឹកដីកម្ពុជាក្នុងតំបន់ជាយដែនភាគខាងលិចនិងឧត្តរ ជាតំបន់ដែលរាយប៉ាយនូវគ្រាប់យុទ្ធភណ្ឌសេសសល់បង្កប់ក្នុងដីដែលមិនទាន់បានដោះសព្វគ្រប់ឡើយ។

៤. ប្រើលេសឧប្បត្តិហេតុ បង្កើតការគំរាមកំហែងសន្តិសុខ៖ មន្ត្រីថៃកំពុងតែព្យាយាមបង្ហាញពីឧប្បត្តិហេតុផ្ទុះគ្រាប់មីននោះថា វាជាផ្នែកមួយនៃការគំរាមកំហែងផ្នែកសន្តិសុខកាន់តែទូលំទូលាយ ឬការញុះញង់ ដែលអាចបង្កើនភាពតានតឹង និងជាលេសមួយសម្រាប់ថៃ ក្នុងការធ្វើសកម្មភាពត្រៀមលក្ខណៈយោធារបស់ពួកគេ ឬរៀបចំបង្កើតទីតាំងនៅតាមបណ្តោយព្រំដែន និងក្នុងតំបន់ដែលកំពុងមានជម្លោះ។ វេលាថ្មីៗចុងក្រោយនេះ ថៃបានដាក់ចេញបទបញ្ជាខុសច្បាប់លើភ្ញៀវទេសចរ និងអ្នកធ្វើធម្មយាត្រាចូលទៅក្នុងប្រាសាទតាមាន់ធំ ក្នុងទង្វើគិតថា ថៃមានអំណាចលើការគ្រប់គ្រងក្នុងតំបន់ប្រាសាទតាមាន់ធំ។ កម្ពុជា បានព្រមានថៃវិញថា មិនត្រូវឆ្លងហួសបន្ទាត់ក្រហមឡើយ។

ក្នុងបទបង្ហាញតាមសេណារីយ៉ូរៀបចំនោះ ទោះជាយ៉ាងណាក៏ដោយ គេសង្កេតឃើញមានតែអនុព័ន្ធយោធារបស់ប្រទេសចំនួន១៧ ប៉ុណ្ណោះដែលបានចូលរួមសម័យប្រជុំ ខណៈ៣០ប្រទេសដទៃទៀតមិនបានចូលរួមឡើយ នេះជាសញ្ញាបញ្ជាក់ថា ប្រទេសជាច្រើនបានដឹងជាមុនទៅហើយអំពីល្បិចកលរបស់ថៃ ដែលចង់ប្តូរមុខពីអ្នកឈ្លានពាន ធ្វើជាអ្នករងគ្រោះ។ ការចូលរួមតិចតួចពីមន្ត្រីអនុព័ន្ធយោធាបរទេសនោះ បានធ្វើឲ្យប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសថៃ ក្នុងការចង់ស្វែងរកនូវការទទួលបានការគាំទ្រផ្នែកការទូតកាន់តែទូលំទូលាយ ឬការចង់ធ្វើឲ្យប្រទេសកម្ពុជា រងនូវភាពឯកោនោះ។

៥. ថៃចង់ឲ្យអន្តរជាតិ ដាក់សម្ពាធមកលើកម្ពុជា៖ តាមរយៈការកោះហៅអនុព័ន្ធយោធាបរទេសមកស្តាប់នោះ គឺភាគីថៃ មានគោលបំណងធ្វើអន្តរកម្មលើបញ្ហានេះរួចទៅហើយ ដោយរំពឹងថា នឹងអាចស្វែងរកមិត្តភក្តិបរទេសក្នុងការចង់ដាក់សម្ពាធការទូតមកលើកម្ពុជា។ សម្តីរបស់មន្ត្រីយោធាថៃបានបង្ហាញនូវការសង្កត់ធ្ងន់ថា ឧប្បត្តិហេតុបែបនេះអាចបំផ្លាញសន្តិភាពតាមបណ្តោយព្រំដែន និងក្នុងតំបន់អាស៊ាន។ ម្យ៉ាងទៀត ការកោះហៅអនុព័ន្ធយោធាបរទេសដើម្បីទម្លាក់កំហុសមកលើកម្ពុជានោះទៀត គឺទង្វើមួយដែលព្យាយាមពង្រីកភាពរងគ្រោះរបស់ខ្លួន ធ្វើឲ្យការទាក់ទាញជាអន្តរជាតិ។ នេះជាទង្វើសម្ដែងការទូតមួយដើម្បីរកការគ្រប់គ្រងឥទ្ធិពលរបស់ខ្លួននៅលើឆាកអន្តរជាតិ។ ថៃចង់លាបពណ៌ឱ្យគេមើលឃើញកម្ពុជាថា ជាប្រទេសប្រកបដោយគ្រោះថ្នាក់ ឬភាពគ្មានការទទួលខុសត្រូវ ប៉ុន្តែសំណួរមួយបានដាក់មកវិញថា តើរបាយការណ៍របស់ថៃដែលព្យាយាមលាបពណ៌មកលើកម្ពុជានោះ មានឥទ្ធិពលដែរ ឬទេ?

* តើពិភពលោក ជឿលើរបាយការណ៍ថៃ ដែរឬទេ?

ផ្អែកលើបរិបទភូមិសាស្ត្រនយោបាយ ប្រវត្តិសាស្រ្ត និងករណីដែលថៃចង់ឈ្លានពានលេបទឹកដីកម្ពជា ហេតុផលជាច្រើន ដែលពិភពលោកអាចមើលឃើញនូវល្បិចកលរបស់ថៃដូចតទៅនេះ៖

- កលល្បិចបិទបាំងរបស់ថៃ ដោយការប្រើសកម្មភាពល្បាតយោធា ឬបេសកកម្មធ្វើផែនទីរួមមាន

១. ទាហានថៃទាំងនោះ ត្រូវគេសង្ស័យថាអាចជាកម្លាំងបំពេញបេសកកម្មឈ្លបយកការណ៍ ឬល្បាតដើម្បីប្រមូលព័ត៌មានកំណត់ទឹកដី ឬសាកល្បងចង់ដឹងអំពីការឆ្លើយតបរបស់ភាពអត់ធ្មត់របស់យោធាកម្ពុជាផងទៀត។

២. កម្ពុជាបានសង្ស័យ និងចោទប្រកាន់ថៃ ជាយូរមកហើយថា ថៃបានធ្វើការលុកលុយដោយគ្មានការអនុញ្ញាតចូលក្នុងទឹកដីកម្ពុជាក្នុងតំបន់ដែលមានជម្លោះ ឬទឹកដីដែលគ្មានជំលោះ ក្នុងគោលបំណងចង់ពង្រីកទឹកដីកាន់កាប់របស់ថៃ ក្នុងនាមថៃជាប្រទេសធំ ដែលតែងមើលងាយប្រទេសតូចជិតខាងដូចជាកម្ពុជានេះជាដើម។

៣. ទាហានថៃក្នុងរួបភាពជាក្រុមល្បាត ប្រហែលជាកំពុងកិច្ចការព្យាយាមដាំបង្គោល ដោយទង់ជាតិ ឬបង្កើតប៉ុស្តិ៍យោធា ដើម្បីអះអាងថា មានវត្តមានថៃនៅក្នុងតំបន់នោះជាយូរមកហើយ។ នេះជាយុទ្ធសាស្ត្រ ដែលថៃធ្លាប់ប្រើក្នុងប្រវត្តិសាស្ត្រ ដើម្បីការប្រកួតប្រជែងយកទឹកដីក្នុងតំបន់ប្រផេះ។ ទង្វើនេះទៀត គឺស្របនឹងឥរិយាបទពីមុនរបស់ថៃ នៅក្បែរប្រាសាទតាមាន់ធំ និងតាក្របី ដែលកងកម្លាំងថៃ បានបង្កើតទីតាំងស្ងាត់ៗមុនការប្រឈមមុខដាក់គ្នាជាផ្លូវការបានផ្ទុះឡើង។ តំបន់មុំបី ទោះបីស្ថិតនៅក្នុងដីកម្ពុជា តាមសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៧ និងសេចក្តីសម្រេចរបស់តុលាការ ICJ ឆ្នាំ១៩៦២ ប៉ុន្តែនៅតែជាចំណុចក្តៅ ដោយសារតែការទាមទារជាតិនិយមរបស់ថៃចង់បានទឹកដីខ្មែរនៅតាមបណ្តោយព្រំដែន។

៤. ការធ្វើតេស្តលើបន្ទាត់ក្រហម មុនសវនាការរបស់តុលាការ ICJ។ ទង្វើបង្កហេតុរបស់ថៃនេះ បានកើតឡើងចំពេលមានភាពតានតឹងកើនឡើង និងការរៀបចំផ្លូវច្បាប់សម្រាប់សំណុំរឿង ICJ លើជម្លោះទឹកដីនៅតំបន់ប្រាសាទតាមាន់ តាក្របី និងតំបន់មុំបី។ ប្រទេសថៃប្រហែលជាបានប្រើប្រាស់ទាហានរបស់ខ្លួន ដើម្បីសាកល្បងការប្រុងប្រយ័ត្នខាងយោធារបស់កម្ពុជា ដោយការគិតថា ពួកគេនឹងអាចរកឃើញចន្លោះប្រហោង ឬចំណុចខ្សោយនៅក្នុងសន្តិសុខព្រំដែនរបស់កម្ពុជា ក្នុងការរំពឹងថាចំណុចខ្សោយនោះ នឹងអាចមានឥទ្ធិពលលើការពិតជាមូលដ្ឋានមួយមុនការសម្រេចរបស់តុលាការ ICJ ។

៥. ថៃប្រើប្រាស់យុទ្ធសាស្រ្តបំភិតបំភ័យឬការបង្កហេតុ។ ក្នុងលទ្ធភាពមួយទៀតដែលទាហានថៃ ត្រូវបានបញ្ជូនមកប៉ុន្តែបែរជារងគ្រោះដោយសារការជាន់គ្រាប់មីននោះ អាជាយុទ្ធវិធីមួយ ដើម្បីបង្ករកប្រតិកម្មពីកម្ពុជា ដោយសង្ឃឹមថា ទង្វើប្រតិកម្មពីកម្ពុជានោះពួកគេអាចនឹងប្រើប្រាស់ដើម្បីជាហេតុផលសម្រាប់ការសងសឹកខាងផ្នែកយោធា ឬការទូតនៅពេលណាមួយជាបន្ទាប់។

ទោះបីជាយ៉ាងណាក៏ដោយ ទាហានដែលលួចឆ្លងដែនចូលមកក្នុងទឹកដីកម្ពុជានោះ បានរងគ្រោះដោយការជាន់គ្រាប់មីនទៅហើយ ដូច្នេះថៃមានតែរៀបចំធ្វើសេណារីយ៉ូបង្វែរពីមុខមាត់ ឈ្លានពានរបស់ខ្លួន ក្លាយទៅជាជនរងគ្រោះវិញតែប៉ុណ្ណោះ តាមរយៈការចេះតែនិយាយថា ទាហានថៃដែលរងគ្រោះ ជាទាហានបានបោសសំអាត នៅតំបន់ដែលពួកគេបានរងរបួស ដោយសារគ្រាប់មីននោះ។ ក្រសួងការបរទេសកម្ពុជា បានចេញសេចក្តីថ្លែងការណ៍បញ្ជាក់រួចមកហើយថា «តាមការពិតទាហានកម្ពុជា នៅតែឈរជើងក្នុងតំបន់នោះដដែល ហើយក៏មិនដែលមានសកម្មភាពដោះមីន កើតឡើងដូចការអះអាងរបស់ថៃនោះទេ ព្រោះថាតំបន់នេះស្ថិតក្នុងទឹកដីកម្ពុជា។

បើយោងតាមអនុសញ្ញាអូតាវ៉ា ក្នុងមាត្រាទី៥ បានចែងថាបូរណភាពទឹកដីអ្នកណា គឺអ្នកនោះទទួលខុសត្រូវ។ ដូច្នេះមីន ដែលស្ថិតក្នុងទឹកដីនៃប្រទេសកម្ពុជា មិនមែនជាកាតព្វកិច្ចរបស់ ថៃដែលចេះតែនិយាយនោះឡើយ។ ខ្លឹមសារសង្ខេបនៃមាត្រាទី៥ នៃអនុសញ្ញាមីនអន្តរជាតិអូតាវ៉ា បានសរសេរថា « រដ្ឋភាគីនីមួយៗ ត្រូវខិតខំប្រឹងប្រែងគ្រប់លទ្ធភាព ដើម្បីកំណត់ទីតាំងទាំងអស់ក្រោមយុត្ថាធិការ ឬការគ្រប់គ្រងរបស់ខ្លួន ដែលបានដឹង ឬសង្ស័យថាមានដាក់គ្រាប់មីនគ្រប់ប្រភេទប្រឆាំងមនុស្ស ដោយត្រូវដាក់ផ្លាកសញ្ញាសម្គាល់ព្រំប្រទល់ ពិនិត្យតាមដាន និងការពារដោយព័ទ្ធរបង ឬដោយមធ្យោបាយផ្សេងទៀត នៅគ្រប់ទីតាំងដែលមានគ្រាប់មីនគ្រប់ប្រភេទប្រឆាំងមនុស្ស ដែលស្ថិតនៅក្រោមយុត្ថាធិការ ឬការគ្រប់គ្រងរបស់ខ្លួននោះ ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីធានាការពារជនស៊ីវិលពីការគ្រោះថ្នាក់ដោយសារគ្រាប់មីនគ្រប់ប្រភេទប្រឆាំងមនុស្ស រហូតដល់គ្រាប់មីនគ្រប់ប្រភេទប្រឆាំងមនុស្សទាំងអស់នោះត្រូវបានកម្ទេចចោល...។ ដូច្នេះទង្វើរបស់ថៃជាឯកតោភាគី ដែលចូលមកក្នុងទឹកដីកម្ពុជា ហើយជាន់មីននៅក្នុងតំបន់ មុំបីនៃខេត្តព្រះវិហារនោះ មិនមែនជាទង្វើមនុស្សធម៌ដែលថៃចេះតែនិយាយនោះទេ។

- ភាពរឹងមាំរបស់កម្ពុជា ដែលការបកស្រាយរបស់ថៃមិនអាចធ្វើឱ្យគេជឿបាន

មានចំណុចសំខាន់យ៉ាងហោចចំនួន៣ ដែលពិភពលោក បានមើលឃើញជុំវិញហេតុការណ៍ផ្ទុះគ្រាប់មីនបណ្តាលឲ្យទាហានថៃ៣នាក់បានរងរបួសធ្ងន់និងស្រាលនេះ៖

១. គ្រាប់មីនពិតជាបានផ្ទុះនៅលើទឹកដីកម្ពុជានៅក្នុងភូមិមរតកតេជោមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលដែនដីនេះ ត្រូវបានកំណត់ដោយផែនទីខ្នាត ១/២០០ ០០០ ដែលផលិតដោយគណៈកម្ម ការចម្រុះបារាំង-សៀម អនុលោមតាមអនុសញ្ញាឆ្នាំ១៩០៤ និងសន្ធិសញ្ញា១៩០៧។ ផែនទីនេះ ត្រូវបានរដ្ឋាភិបាលកម្ពុជា និងទទួលស្គាល់ជាយូរមកហើយថាជាមូលដ្ឋានសម្រាប់ការវាស់វែងខណ្ឌសីមាព្រំដែននៃប្រទេសទាំងពីរ។

២. ទាហានថៃ បានឆ្លងដែនខុសច្បាប់ដោយគ្មានការសម្របសម្រួលទំនាក់ទំនងក្នុងពេលធ្វើល្បាតតាមព្រំដែនឡើយ។ ក្រសួងការបរទេសកម្ពុជា បានថ្លែងថា ទោះបីកម្ពុជាបានព្រមាន អំពីគ្រោះថ្នាក់ ដែលអាចបង្កឡើង ដោយគ្រាប់មីនមិនទាន់ផ្ទុះបន្សល់ពីជម្លោះប្រដាប់អាវុធ រាប់ទសវត្សក៏ដោយ ក៏ទាហានថៃ បានងាកចេញពីផ្លូវល្បាតដែលប្រទេសទាំង២ បានសម្របសម្រួលគ្នាកន្លងមក ហើយបានបង្កើតផ្លូវថ្មីមួយឆ្លងកាត់មកលើទឹកដីកម្ពុជា។ សកម្មភាពមិនទទួលខុសត្រូវនេះ បានរំលោភបំពានលើការយោគយល់គ្នាជាទ្វេភាគី, ការរំលោភលើទឹកដី ក្រោមអធិបតេយ្យរបស់កម្ពុជា, បង្កហានិយភ័យដល់អាយុជីវិតមនុស្ស និងបំផ្លាញការទុកចិត្តគ្នាទៅវិញទៅមក។

៣. កម្ពុជា តែងបានដំឡើងផ្លាកសញ្ញាព្រមាន និងបង្គោលព្រំដែនរបស់ខ្លួន ដូច្នេះទង្វើលុកលុយរបស់ថៃ ដែលគ្មានកិច្ចសហការសម្របសម្រួលពីភាគីកម្ពុជា មិនអាចត្រូវបានគេច្រានចោលថា វាជាកំហុសបានឡើយ។ ក្រសួងការបរទេសកម្ពុជា បានថ្លែងថា៖ «វាជាការសោកស្ដាយយ៉ាងខ្លាំង ដែលកម្លាំងយោធាថៃ បានចូលទៅក្នុងតំបន់នេះដោយរំលោភលើអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០០ ដែលមានចែងយ៉ាងច្បាស់អំពីការងារខណ្ឌសីមាព្រំដែនរួមគ្នា និងការហាមឃាត់មិនឲ្យមានសកម្មភាពឯកតោភាគីនៅក្នុងតំបន់ដែលមិនទាន់បានកំណត់ខ្សែព្រំដែនរួច»។

ការផ្ទុះមីនបណ្តាលឲ្យទាហានថៃ៣នាក់រងរបួសនេះ បានលាតត្រដាងយ៉ាងច្បាស់លាស់នូវអំពើរំលោភបំពានរបស់ថៃយ៉ាងច្បាស់ក្រឡែតមកលើដែនអធិបតេយ្យភាពរបស់ព្រះរាជាណាចក្រកម្ពុជា។ ទោះបីជាថៃ ព្យាយាមលាងកំហុសរបស់ខ្លួនដោយកែសាច់រឿងធ្វើខ្លួនជាជនរងគ្រោះក៏ដោយ ក៏ពិភពលោកនឹងមិនជឿការបកស្រាយរបស់ថៃឡើយ។ ដូច្នេះទោះបីមានការបំភ្លឺជាច្រើន ឬការសម្តែងបែបណាពីប្រទេសថៃ តែការពិតនៅតែជាការពិត នោះគឺទាហានថៃទេ ដែលបានឈ្លានពានទៅលើដីកម្ពុជា និងបានរងគ្រោះដោយសារតែកំហុសរបស់ខ្លួនឯង។ ការបន្លំធ្វើជាជនរងគ្រោះរបស់ថៃ មិនអាចបោកប្រាស់ពិភពលោកបានទេ៕