លោក ឌិត ទីណា ចុះសំណេះសំណាលជាមួយសហគមន៍កសិកម្មទំនើបបារាយណ៍តាំងគោក ក្នុងខេត្តកំពង់ធំ
21-07-2025 16:51
(កំពង់ធំ)៖ រដូវប្រមូលផលស្រូវបានចូលមកដល់ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយសហគមន៍កសិកម្មទំនើបបារាយណ៍ តាំងគោក នៅខេត្តកំពង់ធំ។
សហគមន៍កសិកម្មទំនើបបារាយណ៍តាំងគោក បានចាប់ផ្ដើមប្រមូលទិន្នផលស្រូវសែនក្រអូប និងស្រូវស្រង៉ែ លើផ្ទៃដីដាំដុះជាង ១០០០ហិកតា។
នាឱកាសនេះដែរ លោករដ្ឋមន្ត្រី បានពិភាក្សានិងស្ដាប់សំណូមពររបស់សមាជិកសហគមន៍ ដើម្បីឆ្លើយតប ដោះស្រាយបញ្ហាមួយចំនួនដែលសហគមន៍កំពុងជួបប្រទះ ជាពិសេសការបង្កើនប្រព័ន្ធធារាសាស្រ្តស្រោចស្រពដំណាំស្រូវរបស់ប្រជាកសិករ។
បើតាមប្រសាសន៍របស់ ប្រធានសហគមន៍កសិកម្មទំនើបបារាយណ៍ តាំងគោក លោកស្រី ឯក ចាន់សុផល្លី បានបញ្ជាក់ថា ដោយសារតែកំណើនរបស់សមាជិកសហគមន៍កាន់តែបន្តកើនឡើង ខណៈដែលពេលចាប់ផ្ដើមដំបូងគឺមានសមាជិកត្រឹមតែ១៧គ្រួសារ ផ្ទៃដីសរុបជាង១ពាន់ហិចតាតែប៉ុណ្ណោះ។ ប៉ុន្តែខណៈនេះ គឺសមាជិកសហគមន៍បានកើនដល់ដល់១៧០គ្រួសារ ផ្ទៃដីដាំដុះជាង៥ពាន់ហិចតា ដែលធ្វើឱ្យការផ្គត់ផ្គង់ទឹកមិនបានគ្រប់គ្រាន់នៅតំបន់មួយចំនួន។
ឆ្លើយតបនឹងសំណូមពរនេះ លោករដ្ឋមន្ត្រី ឌិត ទីណា នឹងជួបពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាមួយលោកអភិបាលខេត្តកំពង់ធំ ដើម្បីដោះស្រាយបញ្ហាប្រព័ន្ធទឹកជូនប្រជាកសិករក្នុងសហគមន៍បានទាន់ពេលវេលាសម្រាប់ការបង្កបង្កើនផលនៅរដូវក្រោយ៕