FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

វត្តស្វាយរមៀត ក្នុងក្រុងសៀមរាប រៀបចំបុណ្យទេសនាមហាវេស្សន្តរជាតក តាមលំអានប្រពៃណី ទំនៀមទម្លាប់ព្រះពុទ្ឋសាសនា

16-02-2025 21:06

(សៀមរាប)៖ វត្តបារាយមហានទីរតនារាម ហៅ (វត្តស្វាយរមៀត) ស្ថិតក្នុងសង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប បានមូលមតិគ្នារៀបចំបុណ្យទេសនាមហាវេស្សន្តជាតក និងរាប់បាត្រឆ្លង ទៅតាមលំអានប្រពៃណីទំនៀមទម្លាប់ព្រះពុទ្ឋសាសនា តាមការកំណត់សន្មត និងឯកភាពគ្នារវាងគណៈកម្មការវត្តព្រះគ្រូចៅអធិការ និងប្រជាពុទ្ឋបរិស័ទក្នុងមូលដ្ឋាន ដើម្បីជ្រើសរើសពេលវេលាសមគួរ ដែលអាចនាំគ្នាប្រារព្ឋទៅបាន។

ព្រះសច្ចានុបាល នឿម វុទ្ធីភទ្ទកោ ព្រះរាជាគណៈកិត្តិយស និងជាព្រះចៅអធិការវត្តស្វាយរមៀត មានថេរដីកាថា តាមបណ្តាវត្តអារាមក្នុងខេត្តសៀមរាប គេតែងជ្រើសរើសពេលសម្រាប់ធ្វើពិធីទេសន៍មហាជាតិនេះក្នុងពេលណាមួយក៏បានអាស្រ័យតាមការរើសរកពេលវេលា។

វត្តនីមួយៗបានរៀបចំជាបន្តបន្ទាប់មិនស្របពេលគ្នាទេអាស្រ័យទៅតាមការឯកភាពពីគណៈកម្មការវត្តប្រជាពុទ្ឋបរិស័ទចំណុះជើងវត្ត និងអាជ្ញាធរមូលដ្ឋានកំណត់ពេលវេលាមិនប៉ះពាល់ដល់ការងារប្រមូលផលរបស់បងប្អូនប្រជាកសិករក្នុងមូលដ្ឋាន។

ដោយឡែក វត្តស្វាយរមៀតឆ្នាំនេះ បានរៀបចំកម្មវិធីទេសនាមហាវេស្សន្តរជាតក រយៈពេលពីរយប់បីថ្ងៃដូចឆ្នាំមុនៗដែរ ខុសតែថ្ងៃខែឆ្នាំប៉ុណ្ណោះ។ ឆ្នាំនេះ រៀបចំពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥។ នៅខេត្តសៀមរាប គេនិយមប្រារព្ធពិធីនេះ គឺពីរយប់បីថ្ងៃ។

ជាតក» សំដៅលើរឿងរ៉ាវ «ជាតិ» ទាំងឡាយរបស់ព្រះសម្មាសម្ពុទ្ធ មុនជាតិដែលព្រះអង្គបានតា្រស់ដឹង ពោលគឺនៅពេលដែលព្រះអង្គនៅជាព្រះពោធិសត្វ ហើយចាប់កំណើតផ្សេងៗគ្នា ជាមនុស្សឬជាសត្វជាដើម។ ជាតក១០ចុងក្រោយគេបង្អស់ហៅថា «ទសជាតក»។

នៅក្នុងជាតកទាំង១០នេះ ជាតកចុងក្រោយបង្អស់មានឈ្មោះថា «វេស្សន្តរជាតក» ដ្បិតព្រះពោធិសត្វនៅក្នុងជាតិនោះមានព្រះនាមថា «ព្រះវេស្សន្តរ»។ ក្នុងជាតិ (ជាតក) នីមួយៗក្នុងចំណោម១០ជាតិនេះ ព្រះពោធិសត្វតែងបំពេញបានបារមីអ្វីមួយ មានន័យថាបំពេញអ្វីមួយបានពេញលេញឥតខ្ចោះដល់ទីបញ្ចប់។ ជាតិជាព្រះវេស្សន្តរនេះ គេច្រើននិយមហៅថា«មហាជាតក»(មហាជាតិ)ដោយគេយល់ថាជាជាតិដែលធំបង្អស់។

បើសង្ខេបឲ្យខ្លីបំផុតមក គឺគេចាប់ផ្តើមពីប្រុងពលី កិច្ចបួងសួង រួចហើយក៏ចាប់ផ្តើមទេសន៍កាន់មហាល័យ លុះស្អែកឡើងទើបចាប់ទេសនាពីកណ្ឌទី១ដល់កណ្ឌទី១៥ ដែលចប់នៅយប់ថ្ងៃទីពីរ។ នៅថ្ងៃទី៣ គេនិមន្តព្រះសង្ឃទេសន៍ «អានិសង្សបក រៀបរាប់ពីការស្តាប់ទេសនាមហាជាតក» រួចហើយ ក៏រៀបពិធីដាក់បាត្រឆ្លងជាកិច្ចបញ្ចប់កម្មវិធីទេសនា៕