FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សិស្សសាលាអនុវិទ្យាល័យ ហ៊ុនសែន កំពង់ត្រឡាច ចុះឈ្វេងយល់ច្រវាក់ផលិតកម្មផលិតនំស្រួលលីលី (Video inside)

28-09-2023 14:05

(ភ្នំពេញ)៖ សិស្សសាលាអនុវិទ្យាល័យ ហ៊ុន សែន កំពង់ត្រឡាច ដឹកនាំដោយលោក នី ម៉ៅ ជានាយកសាលា បានចុះទស្សនកិច្ច ដើម្បីឈ្វេងយល់ពីច្រវាក់ផលិតកម្មផលិតនំស្រួលលីលី ដែលជាសហគ្រាសបង្កើតដោយកូនខ្មែរមួយរូប គឺឧកញ៉ា កែវ មុំ។

ក្នុងឱកាសទស្សនកិច្ចនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ លោក នី ម៉ៅ តំណាងឲ្យលោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សទាំងអស់ បានអរគុណដល់លោកស្រីឧកញ៉ា កែវ មុំ អភិបាល នៃក្រុមហ៊ុន លីលី ហ្វ៊ូដ អ៉ិនដាសទ្រី ខូលអិលធីឌី និងក្រុមការងាររបស់លោកស្រី ដែលបានអនុញ្ញាតឲ្យសាលារបស់លោកនាយក ចុះឈ្វេងយល់ពីច្រវាក់ផលិតកម្មផលិតនំ ដែលនេះជាចំណេះដឹងថ្មី និងជាការជំរុញឲ្យកូនខ្មែរស្រលាញ់ផលិតផលខ្មែរ។

ជាមួយគ្នានេះដែរ កញ្ញា អ៉ឹង ឈីវលី ហៅ លីលី អគ្គនាយិកាក្រុមហ៊ុនផលិតនំស្រួយលីលី បានថ្លែងបង្ហាញមោទនភាពជាកូនខ្មែរ ដល់សាលាអនុវិទ្យាល័យ ហ៊ុន សែន កំពង់ត្រឡាច ថា ពេលតាំងពិព័រណ៍នៅប្រទេសចិនថ្មីៗនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានកោតសរសើរដល់ផលិតផលនំស្រួលលីលី ដែលមានគុណភាពខ្ពស់ ខណៈសម្តេចក៏បានអញ្ជើញចូលពិនិត្យស្តង់នោះដែរ។ កញ្ញា ក៏មានក្តីសប្បាយរីករាយ ដែលឃើញសាលាអនុវិទ្យាល័យ ហ៊ុនសែន កំពង់ត្រឡាច ចុះទៅដល់កន្លែងផលិតកម្មផ្ទាល់បែបនេះ។

លោកស្រី កែវ មុំ ធ្លាប់បានឲ្យដឹងថា នៅក្នុងក្រុមហ៊ុន លីលី ខាមេដា និងក្រុមហ៊ុន លីលី ហ្វ៊ូដ អ៉ិនដាសទ្រី មានកម្មករនិយោជិត ៥០០នាក់ ហើយស្ត្រីមានចំនួន ៤០ភាគរយ។ លោកស្រីឧកញ៉ា បន្តថា ការងារសម្រាប់ស្ត្រី គឺជាការងារស្រាលៗ ដូចជាការងារវេចខ្ចប់។

មកដល់ពេលនេះ ក្រុមហ៊ុន លីលី បាននាំចេញផលិតផលរបស់ខ្លួន បានជាង ១០ប្រទេសហើយ រួមមាន អូស្ត្រាលី និងញូវហ្ស៊ាលែនដ៍ កូរ៉េ អាមេរិក កាណាដា អ៉ីតាលី ថៃ វៀតណាម ឥណ្ឌូនេស៉ី ជាដើម។ ក្រុមហ៊ុនមានទស្សនវិស័យវែងឆ្ងាយ ហើយគ្រោងពង្រីកទីផ្សារឲ្យកាន់តែធំ ទាំងនៅក្នុងស្រុកនិងនៅក្រៅស្រុក។

សិស្សម្នាក់ឈ្មោះ ហេង សុវណ្ណារាជ បានថ្លែងថា កន្លងមកគាត់ធ្លាប់យល់ថា នំស្រួយលីលីត្រូវបានផលិតពីជ័រ ប៉ុន្តែជាក់ស្តែងនំនេះត្រូវបានផលិតពីអង្ករខ្មែរ ជាពិសេគឺអង្ករផ្កាម្ល៉េះ៕